ជន​ជាតិ​ដើម​រង​ពាក្យ​បណ្តឹង​ឱ្យ​តុលាការ​ខេត្ត​រតន​គិរី​ចាត់​​វិធាន​​ការ​ពារ​ដី​ព្រៃ​អារក្ស​របស់​សហគមន៍

ជន​ជាតិ​ដើម​ភាគ​តិច​កាចក់​​ខេត្ត​រតន​គិរី ដែល​រង​​ពាក្យ​បណ្តឹង​ពី​ក្រុម​ហ៊ុន ជំរុញ​​​ឱ្យ​​តុលាការ​ពន្លឿន​​​ចាត់វិ​​ធា​​ន​​​​​​ការ​​លើ​ក្រុម​ហ៊ុន​វិញ​ឱ្យ​បាន​ឆាប់ ដើម្បី​ការ​ពារ​ដី​ព្រៃ​អារក្ស​របស់​សហគមន៍ ដោយ​សំអាង​ថា តុលាការ​ខេត្ត​នេះ បាន​កោះ​​​ហៅ​ពួក​គេ​ម​ក​សាក​សួ​​រតាម​បណ្តឹ​ង​ក្រុ​​ម​​ហ៊ុ​ន តែ​ផ្អឹ​ប​​បណ្តឹង​ពួក​គេ​ចោល។

ប្រជា​​ពលរដ្ឋ​ជន​ជាតិ​ដើម​ភាគ​តិច​កាចក់ ចំនួន ៧នាក់ រ​ស់​នៅ​ឃុំ​តាឡាវ ស្រុក​អណ្តូង​មាស បាន​លើក​ឡើង​ថា ពាក្យ​​​បណ្តឹង​របស់​ពួក​គាត់ ដែល​ដាក់​ប្តឹង​មនុស្ស​​ចំនួន ១០នាក់ ដែល​ជាប់​ពាក់​ព័ន្ធ​នឹង​ការ​ទិញ​លក់ និង​កាប់​ទន្ទ្រាន​​​ដី​ព្រៃ​អារក្ស ក្នុង​នោះមា​ន​ទាំង​មេ​ការ​របស់​អ្នក​ស្រី​​ ហង្ស សាវីន អ្នក​កាន់​កាប់​ដី គឺ​លោក សៀត សីហា ហៅ ពៅ ផង​ដែរ ដែល​បាន​ប្តឹង​ពួក​គេ​ទៅ​តុលាការ​ខេត្ត​នេះ។

បើតាម​ជនជាតិដើមកាចក់ ដីព្រៃអារក្សនេះ នៅឃុំតាឡាវ ស្រុកអណ្តូង​មាស ខេត្តរតនគិរី ដែល​ពួក​គេ​ថា​ បាន​ប្តឹង​​ករណី​​នេះ​ទៅ​កាន់​សាលា​ដំបូង​ខេត្ត​រតន​គិរី កាល​ពី​ថ្ងៃ​ទី​២៤ ខែ​មេសា ឆ្នាំ​២០២៦ ប៉ុន្តែ​ថា​តុលាការ​មិន​បាន​កោះ​ហៅ​ភាគី​ក្រុម​ហ៊ុន មក​សាក​សួរ​តាម​បណ្តឹង​របស់​ពួក​គេ​ទេ តែ​បែរ​ជា​កោះ​ហៅ​ពួក​គេ​មក​សាក​សួរ​តាម​បណ្តឹង​ក្រុម​ហ៊ុន​ទៅ​វិញ។

ផ្តើមពីបញ្ហានេះ លោក សល់ ថែន ពល​រដ្ឋម្នាក់ក្នុងចំណោម ៥នាក់ ដែល​បាន​ដាក់​ពាក្យ​ប្តឹង​ទៅ​កាន់​តុលាការ​ខេត្ត​រតន​គិរី ស្នើ​ឲ្យ​តុលាការ​ជួយ​ពន្លឿន​លើក​យក​សំណុំ​រឿង​ពួក​គាត់ មក​ចាត់​ការ​ឲ្យ​បាន​ឆាប់​ ដើម្បី​ការ​ពារ​ធន​ធាន​ព្រៃ​ឈើ​ជាតិ កុំ​ឲ្យ​បាត់​បង់ និង​ផ្តល់​យុត្តិ​ធម៌​ដល់​ពលរដ្ឋ​ជន​ជាតិ​ដើម​ភាគ​តិច ដែល​រង​នូវ​ការ​ប្រមាថ។

លោកថ្លែងហួសចិត្ត​ថា អ្នក​ឈឺ​ឆ្អាល​ការពារដីព្រៃឈើ ដែល​ជាស​ម្បត្តិ​ធម្មជាតិ កុំ​ឲ្យ​បាត់​បង់ ឬ​មាន​ការ​រំលោភ​បំពាន បែរ​ជា​ត្រូវ​មាន​ការ​ប្តឹង​ផ្តល់ ឬ​មាន​ទោស។ ចំណែក អ្នក​គប់​គិត​ទិញ​​លក់ ទន្ទ្រាន​កាន់​កាប់​ និង​បំផ្លាញ​ព្រៃ​ឈើ​រដ្ឋ បែរ​ជាច្បា​ប់​ការ​ពារ​ទៅវិ​ញ។

លោក​បន្ថែមថា៖ «សុំឲ្យ​តុលាការ​ជួយ​ដោះ​ស្រាយ​ឲ្យ​បាន​លឿន​ផង។ អត់​ដឹង​ម៉េច​គេ​អត់​​ដោះ​ស្រាយ​ឲ្យ​យើង ខ្ញុំ​អត់​យល់​ដែរ​រឿង​នេះ?។ ដូច​ថា​វា​យឺត​យ៉ាវ​ពេក យូរ​មក​ហើយ​រឿង​នេះ។ ​ឲ្យ​គេ​ដោះ​ស្រាយ គេ​អត់​ដោះ​ស្រាយ ខ្ញុំ​ដាក់​ពាក្យ​បណ្តឹង​ទៅ​តុលាការ​ខេត្ត​រតន​គិរី តាំង​ពី​ថ្ងៃ​ទី​២៤ ខែ​មេសា ឆ្នាំ​២០២៦ គេ​អត់​ទាន់​ដោះ​ស្រាយ។ ហើយ​ប្រជា​ពលរដ្ឋ ក្តៅ​ក្រហាយ​ពេក​ទ្រាំអ​ត់​បាន ក៏​ធ្វើ​សកម្ម​ភាព​អញ្ចឹង​ទៅ»។

ស្រដៀងគ្នាដែរ លោក សល់ តួ ក៏ជាពលរដ្ឋជនជាតិដើមម្នាក់ដែរ ដែលបានដាក់ពាក្យបណ្តឹង ទៅ​កាន់តុលាការខេត្ត​រតនគិរី ប្តឹងអ្នកជាប់ពាក់ព័ន្ធ​នឹង​ការ​ទិញ​លក់​ដី​ព្រៃ​ឈើ ដែល​ជាស​ម្បត្តិ​សាធារណៈ​របស់​រដ្ឋ ដោយ​ខុស​ច្បាប់​ នៅ​​មូល​ដ្ឋាន​ភូមិ​កាណាត ឃុំ​តាឡាវ ស្រុក​អណ្តូង​មាស​ ។ លោក​ជំរុញ​ឲ្យ​តុលាការ​ខេត្ត​រតន​គិរី ត្រូវ​មាន​ចំណាត់​ការ​រឿង​នេះ​ឲ្យ​បាន​ឆាប់ ដ្បិ​ត​កុំ​ឲ្យ​វិវាទ​នេះ​អូស​បន្លាយ​ពេល​យូរ និង​ទប់​ស្កាត់​ការ​កាប់​ទន្ទ្រាន​ដី​រដ្ឋ​ខុស​ច្បាប់ ពិសេស​ដី​ព្រៃ​អារក្ស​  ដែល​ជា​ព្រៃជំ​នឿ​របស់​ពួក​គាត់។

លោកថា៖ «ខ្ញុំ​ចង់​ឲ្យ​តុលាការ​ដោះស្រា​យ​បណ្តឹង​ខ្ញុំ ខ្ញុំ​ឆ្ងល់​ថា ខ្ញុំ​បាន​ដាក់​ពាក្យ​បណ្តឹង​ឲ្យ​តុលាការ​ជួយ​ដោះ​ស្រាយ​ហើយ។ តែ​តុលាការ​នៅ​តែ​ចេញ​ដីកា​កោះ​ហៅ​​ពួក​ខ្ញុំ​ទៅ​សួរ​ទៀត។ ហើយ​​ចុះ​​អ្នក​ដែល​ខ្ញុំ​ប្តឹង គប់​គិត​គ្នា​លួច​លក់​ដី​​​ព្រៃ​​​អារក្ស ហេតុ​ម៉េច​អត់​ឃើញ​តុលាការ​ដោះស្រាយ​ផង។ ប្រជា​ជន​កំពុ​ង​តែ​ឆ្ងល់​រាល់​ថ្ងៃ​នេះ»។

ជាងនេះទៀត លោកក៏ស្នើឲ្យ​អភិបាល​ខេត្ត​រតនគិរី ពិសេស​អង្គ​ភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ ជួយ​បញ្ជូន​មន្ត្រី​ស្អាត​ស្អំ ចុះ​ស៊ើប​អង្កេត​ដល់​ទីតាំង មាន​សកម្ម​ភាព​ទិញ​លក់ និង​កាប់​ទន្ទ្រាន​ដី​ព្រៃ​រដ្ឋ ដោយ​ខុស​ច្បាប់ នៅ​ឃុំ​តាឡាវ ស្រុក​អណ្តូង​មាស ឲ្យ​បាន​ឆាប់ ដើម្បី​ជួយ​ទប់​ស្កាត់​ព្រៃ​ឈើ ឬ​ព្រៃ​អារក្ស របស់​ជន​ជាតិ​ដើម​ភាគ​តិច ឲ្យ​បាន​គង់​វង្ស ត្បិត​​បច្ចុប្បន្ន​នេះ ត្រូវ​រង​ការ​កាប់​បំផ្លាញ​ធ្វើ​កម្ម​សិទ្ធិ​ឯកជន ស្ទើរ​វិនាស​ហិន​ហោច​អស់​ទៅ​ហើយ។

ពលរដ្ឋ​ជន​ជាតិ​ដើម​ភាគ​តិច​ទាំង ៧នាក់ ដែល​បាន​ដាក់​ពាក្យ​ប្តឹង អ្នក​ជាប់​ពាក់​ព័ន្ធ​នឹង​ការ​ទិញ​លក់ និង​កាប់​ទន្ទ្រាន​​ដី​ព្រៃ​សាធារណៈ​របស់​រដ្ឋ នៅ​ខេត្ត​រតន​គិរី​មាន​ឈ្មោះ លោក សល់ ថែន, លោក រម៉ាម ហែត, លោក សល់ ជាង, លោក រចំ លីន, លោក សយ ឆោម, លោក រម៉ាម មាត និង លោក សល់ តួ ។

ទាក់ទិនបញ្ហានេះដែរ លោក ឌិន ខន្នី អ្នក​​សម្រប​​សម្រួលសមាគមអាដហុក​​ប្រចាំខេត្តរតនគិរី ក៏ជំរុញ​ឲ្យតុលាការ​ជួយ​ពន្លឿន លើក​យក​សំណុំ​រឿង​របស់​ប្រជា​ពលរដ្ឋ​ប្តឹង​អ្នក​ជាប់​ពាក់​ព័ន្ធ​ នឹង​​សកម្ម​ភាព ទិញ​លក់​ដី​ព្រៃ​សាធារណៈ​របស់​​រដ្ឋ នៅ​ឃុំ​តាឡាវ ស្រុក​អណ្តូង​មាស ឲ្យ​បាន​ឆាប់ ព្រោះ​បទ​ល្មើស​នេះ បាន​នាំឲ្យ​វិ​នាស​ព្រៃ​ឈើ​នៅ​តំបន់​នេះ​ធ្ងន់​ធ្ងរ។ ជាពិសេស​បាន​បំផ្លាញ​ដល់​ដី​ព្រៃ​អារក្ស ដែល​ជា​ព្រៃជំ​នឿ​របស់​ពលរដ្ឋ​ជន​ជាតិ​ដើម​ភាគ​តិច​ថែម​ទៀត។

លោក​ថា៖ «អញ្ចឹង​ហើយ គឺមា​ន​តែ​បើក​ការ​ស៊ើប​អង្កេត​ដោយ​យុត្តិ​ធម៌ គឺ​មាន​ន័យ​ថា ទាំង​បណ្តឹង​របស់​ប្រជា​ពលរដ្ឋ ទាំង​បណ្តឹង​របស់​មេការ​លោក​ស្រី ហង្ស សាវីន ឈ្មោះ សៀត សីហា ប្តឹង​ពលរដ្ឋ គឺត្រូវបើកការស៊ើបអង្កេតដូចគ្នា។ យើងដឹងហើយថា ការកាប់ទន្ទ្រានដីព្រៃ ការឆ្ការ ការ​ដុតដីព្រៃ ការរំលំព្រៃឈើ​ដែល​ជាស​ម្បត្តិ​របស់​រដ្ឋ ជា​បទ​ល្មើស​ដែល​មាន​ចែង​នៅ​ក្នុង​ច្បាប់​ ដែល​ត្រូវ​បើក​ការ​ស៊ើប​អង្កេត និង​ផ្តន្ទា​ទោស។ ដូច្នេះ​ខ្ញុំ​សូម​ស្នើ​សុំ​តំណាង​អយ្យការ​មេត្តា​ពន្លឿន​បើក​ការ​ស៊ើប​អង្កេត​លើ​អំពើ​កាប់​ទន្ទ្រាន​ដី​ព្រៃ ដែល​ជា​សម្បត្តិ​របស់​រដ្ឋ ខណៈ​ដែល​ប្រជា​ពលរដ្ឋ បាន​ដាក់​ពាក្យ​បណ្តឹង​បរិហារ​ចូល​ទៅ​តំណាង​អយ្យ​ការ​យូរ​ដែរ​ហើយ ដើម្បី​ឈាន​ដល់​បញ្ចប់​វិវាទ និង​ផ្តន្ទា​ទោស​​ជន​ល្មើស និង​អ្នក​ពាក់​ព័ន្ធ​ដទៃទៀ​ត»។

កាលពីថ្ងៃសៅរ៍ ទី២៥ ខែមិថុនា ម្សិលមិញ តុលាការខេត្តរតនគិរី បាន​ចេញដីកាកោះ​ហៅ​ពលរដ្ឋ​ជន​ជាតិ​ដើម​ភាគ​តិច​កាចក់​ចំនួន ៤នាក់ ឲ្យ​ទៅ​បំភ្លឺ​នៅ​តុលាការ ជុំវិញ​បណ្តឹង​របស់​ឈ្មោះ សៀត សីហា មេការ​តំណាង​ក្រុម​ហ៊ុន ប្តឹង​ពី​បទ «ធ្វើ​ឲ្យខូ​ច​ខាត​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស» ប្រព្រឹត្តនៅថកងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ នៅភូមិកាណាត ឃុំតាឡាវ ស្រុកអណ្តូង​មាស។ ប៉ុនែ្ត​ក្រោយបញ្ចប់ការសាកសួរ តុលាការ​ក៏បានអនុញ្ញាតឲ្យពលរដ្ឋទាំងនោះ វិលត្រឡប់​ទៅលំនៅដ្ឋានរឿងៗខ្លួនវិញ។

ក្នុងបរិបទសាធារណៈ លោកស្រី ហង្ស សាវីន គឺជា​ឈ្មោះរបស់បុគ្គលម្នាក់ ដែលត្រូវបានផ្សារភ្ជាប់​ជាមួយទំនាស់​ដីធ្លីដ៏រសើប​មួយ​នៅខេត្តរតនគិរី ។

យោងតាមសេចក្តីរាយការណ៍នានា លោកស្រី ហង្ស សាវីន និងតំណាងមេការ​គឺ លោក សៀត សីហា ត្រូវ​បាន​សហគមន៍​​ជន​ជាតិ​​ដើម​​ភាគ​តិច​កាចក់ នៅ​ភូមិ​កាណាត ឃុំ​តាឡាវ ស្រុក​អណ្ដូង​មាស ចោទ​ប្រកាន់​ពីបទ​បញ្ជា​កង​កម្លាំង​ និង​គ្រឿង​ចក្រ​ចូល​ឈូស​ឆាយ​ទន្ទ្រាន​យក​ដី​ព្រៃ​អារក្ស​របស់​សហគមន៍។

ដីព្រៃនេះ គឺជាទីតាំងសក្ការៈបូជាប្រពៃណីរបស់ជនជាតិដើមភាគតិច ដែល​ពួក​គេ​កាន់​កាប់​តាំង​ពី​មុន​ឆ្នាំ​១៩៧៩។ ជម្លោះ​នេះ​បាន​ឈាន​ដល់​ការ​ផ្ទុះ​ហិង្សា និង​ការ​ដាក់​ពាក្យ​បណ្ដឹង​នៅ​សាលា​ដំបូង​ខេត្ត​រតន​គិរី ដោយ​សហគមន៍​ប្រជា​​ពលរដ្ឋ​​ជាង ៦០​នាក់ បាន​តវ៉ា​ប្រឆាំង​នឹង​សកម្ម​ភាព​របស់​ភាគី​លោក​​ស្រី ហង្ស សាវីន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ