អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ Human Rights Watch រិះគន់យ៉ាងខ្លាំងទៅលើសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ ហៅកាត់ IFC ដែលជាស្ថាប័នឯកជនមួយរបស់ធនាគារពិភពលោក បន្ទាប់ពី IFC បដិសេធការរកឃើញរបស់ស្ថាប័នឃ្លាំមើលផ្ទៃក្នុងរបស់ខ្លួន ដែលរកឃើញថា ការវិនិយោគរបស់សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ ក្នុងវិស័យមីក្រូហិរញ្ញវត្ថុកម្ពុជា បានរួមចំណែកបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់អ្នកខ្ចីប្រាក់ក្រីក្ររាប់លាននាក់។
អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ ចាត់ទុកការសម្រេចចិត្តរបស់ក្រុមប្រឹក្សាភិបាល IFC ថា ជា«ការបរាជ័យដ៏ធំមួយដែលខកខានក្នុងការទទួលខុសត្រូវ និងខ្វះគណនេយ្យភាពចំពោះពលរដ្ឋខ្មែររាប់លាននាក់ ដែលជំពាក់បំណុលមីក្រូហិរញ្ញវត្ថុ។
នាយិកាទទួលបន្ទុកតំបន់អាស៊ីរបស់អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ Human Rights Watch អ្នកស្រី អេឡាន់ ភាសិន (Elaine Pearson) និយាយក្នុងសេចក្ដីប្រកាសព័ត៌មាននៅថ្ងៃទី២៥ ខែមិថុនា ដោយអំពាវនាវដល់សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ គួរបញ្ឈប់ការបដិសេធការទទួលខុសត្រូវ ហើយត្រូវផ្តល់ដំណោះស្រាយជាក់ស្តែងដល់ជនរងគ្រោះវិញ។
ការរិះគន់នេះ កើតឡើងបន្ទាប់ពីរបាយការណ៍ស៊ើបអង្កេតរបស់ការិយាល័យភាពអនុលោមទីប្រឹក្សាដោះស្រាយវិវាទ ហៅកាត់ថា ចៅ (CAO) រកឃើញថា សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ មិនបានអនុវត្តតាមគោលនយោបាយការពារសង្គម និងបរិស្ថានរបស់ខ្លួន ក្នុងការការពារពលរដ្ឋក្រីក្រ និងជនជាតិដើមភាគតិច ពីផលប៉ះពាល់នៃការផ្តល់កម្ចី និងការប្រមូលបំណុលរបស់គ្រឹះស្ថានឯកជនទាំងនោះ។ ក្រៅពីការរិះគន់របស់អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ ក៏មានអង្គការសិទ្ធិមនុស្ស និងសង្គមស៊ីវិលមួយចំនួន ក៏ធ្លាប់បានលើកឡើងថា វិបត្តិបំណុលមីក្រូហិរញ្ញវត្ថុនៅកម្ពុជា បាននាំឱ្យពលរដ្ឋខ្មែរមួយចំនួនបង្ខំចិត្តលក់ដី ជីវភាពកាន់តែលំបាក និងកាត់បន្ថយការហូបចុក ព្រមទាំងបង្ខំចិត្តឱ្យកូនបោះបង់ចោលការសិក្សាជាដើម ដើម្បីរកប្រាក់ដោះបំណុល។
វីអូឌី ពុំអាចសុំការឆ្លើយជុំវិញការរិះគន់នេះពីអគ្គទេសាភិបាលធនាគារជាតិ លោកស្រី ជា សិរី បានទេនៅថ្ងៃទី២៦ ខែមិថុនា។
សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ ឬ IFC ជាស្ថាប័នធំមួយនៅលើពិភពលោក។ ស្ថាប័ននេះ បានវិនិយោគជាង ៤០០លានដុល្លារអាមេរិកក្នុងវិស័យផ្តល់សេវាមីក្រូហិរញ្ញវត្ថុកម្ពុជាក្នុងរយៈពេល ១០ ឆ្នាំ និងកំពុងបន្តវិនិយោគ បើទោះបីជាមានការព្រួយបារម្ភអំពីកម្រិតបំណុល និងការអនុវត្តការផ្តល់ប្រាក់កម្ចីបែបកេងប្រវ័ញ្ចតាំងពីឆ្នាំ២០១៦ ក៏ដោយ។
កាលពីថ្ងៃទី២៤ ខែមិថុនា ក្រុមប្រឹក្សាភិបាលរបស់ IFC បានចេញសេចក្តីថ្លែងការណ៍ច្រានចោលការរកឃើញរបស់ការិយាល័យភាពអនុលោមទីប្រឹក្សាដោះស្រាយវិវាទ បន្ទាប់ពីមានពាក្យបណ្តឹងរបស់អ្នកខ្ចីប្រាក់មីក្រូហិរញ្ញវត្ថុកម្ពុជាចំនួន ១៨ នាក់ កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២ ដែលមានអង្គការលីកាដូ និងអង្គការសមធម៌កម្ពុជាជាតំណាងដើមបណ្ដឹង។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការលីកាដូ លោក អំ សំអាត ថ្លែងប្រាប់វីអូឌីនៅថ្ងៃទី២៦ ខែមិថុនា ថា ការសម្រេចបដិសេធរបស់សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិនេះ បង្ហាញពីភាពមិនយកចិត្តទុកដាក់ក្នុងតួនាទី ដើម្បីដោះស្រាយបញ្ហាដែលត្រូវបានរកឃើញដោយយន្តការឯករាជ្យរបស់ខ្លួន។ លោកបន្តថា ការសម្រេចបដិសេធបែបនេះ ប្រៀបបាននឹងស្ថាប័នគ្មានឆន្ទៈកែទម្រង់ ឬដោះស្រាយចំពោះជនរងគ្រោះផង។ ទន្ទឹមនឹងលោកថា វាបានផ្ទុយនឹងគោលនយោបាយដោះស្រាយផលប៉ះពាល់ចំពោះកូនបំណុលថែមទៀត។
លោក អំ សំអាត ថ្លែងថា៖ «អ៊ីចឹង អាផលប៉ះពាល់លើអ្នកខ្ចី ព្រោះអ្នកដែលទទួលឥណទានពី IFC ហ្នឹង មាននៅលើពិភពលោក មិនមែនតែកម្ពុជាមួយទេ អ៊ីចឹងវាមើលទៅថា បរាជ័យសម្រាប់កម្ពុជា ក៏ដូចជាបរាជ័យទៅលើប្រទេសផ្សេងៗ ដែលបានអនុវត្តលើវិស័យមីក្រូហិរញ្ញវត្ថុហ្នឹងណា៎បាទ។ អ៊ីចឹងវាធ្វើឱ្យប៉ះពាល់សម្រាប់ជនរងគ្រោះ ពីព្រោះដោយមិនមានដំណោះស្រាយ ឬក៏កំណែទម្រង់គោលនយោបាយណាមួយ ដើម្បីស្វែងរកដំណោះស្រាយ និងសំណងសម្រាប់ជនរងគ្រោះ»។
របាយការណ៍ស៊ើបអង្កេតកម្រាស់ ១៤២ ទំព័រ របស់ការិយាល័យភាពអនុលោមទីប្រឹក្សាដោះស្រាយវិវាទ បានរៀបរាប់លម្អិតអំពីគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរ ដែលទាក់ទងដោយផ្ទាល់នឹងវិស័យមួយចំនួន ដែលសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ មិនបានអនុវត្តតាម និងបានរកឃើញជាពិសេសថា ស្ថាប័នអន្តរជាតិនេះមិនបានបំពេញកាតព្វកិច្ចដើម្បីការពារ «ប្រជាជនក្រីក្រ និងងាយរងគ្រោះ» ដោយសារគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលបានបង្កផលប៉ះពាល់ជាអវិជ្ជមានលើជនជាតិដើមភាគតិច និងដីធ្លីរបស់ពួកគេទេ។
បើតាមរបាយការណ៍ស្រាវជ្រាវនេះដដែល បានបង្ហាញថា កម្ពុជាគឺជាប្រទេសដែលមានបំណុលមីក្រូឥណទានច្រើនជាងគេបំផុតក្នុងមនុស្សម្នាក់ៗ ពីព្រោះការផ្តល់ប្រាក់កម្ចី និងការអនុវត្តការទារបំណុល បានធ្វើឡើងក្នុងរូបភាពបែបកេងប្រវ័ញ្ចដែលនាំឱ្យមានគ្រោះថ្នាក់ដល់ស្ថានភាពសិទ្ធិមនុស្ស ពិសេសប៉ះពាល់ខ្លាំងដល់សហគមន៍ជនជាតិដើមភាគតិច៕








