សាលាដំបូងរាជធានីភ្នំពេញ ផ្តន្ទាទោសនិស្សិតផ្នែកច្បាប់ឆ្នាំទី២ម្នាក់ ឱ្យជាប់ពន្ធនាគារ ២២ខែ ពាក់ព័ន្ធនឹងបទ ញុះញង់ ក្រោយនិស្សិតរូបនោះ បានចែករំលែកមតិរិះគន់នៅលើបណ្តាញសង្គម ជុំវិញគម្រោងកិច្ចព្រមព្រៀងសហប្រតិបត្តិការនៃតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា វៀតណាម និងឡាវ (CLV-DTA)។
អង្គការសិទ្ធិមនុស្សលីកាដូ បានឱ្យដឹងនៅល្ងាចថ្ងៃទី២៥ខែមិថុនាថា សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៤ ខែមិថុនា បានប្រកាសសាលក្រមផ្តន្ទាទោស កញ្ញា យន់ សេងឡាត់ ដែលជានិស្សិតសិក្សាផ្នែកច្បាប់ ឆ្នាំទី២ និងជាអ្នកប្រើប្រាស់បណ្តាញសង្គម ឱ្យជាប់ពន្ធនាគារកំណត់រយៈពេល ២២ ខែ និងពិន័យជាប្រាក់ចំនួន ២លានរៀល (ស្មើប្រមាណជា ៥០០ ដុល្លារអាមេរិក) ពីបទ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» តាមបញ្ញត្តិមាត្រា ៤៩៤ និងមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ។
ប្រភពដដែល បន្តថា កញ្ញា សេងឡាត់ អាយុ ២២ឆ្នាំ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៤ នៅក្នុងខេត្តមណ្ឌលគិរី អំឡុងពេលដែលកញ្ញាទៅលេងបងប្អូនក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ រួចត្រូវបានបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរ ពាក់ព័ន្ធនឹងការចែករំលែកមតិរិះគន់នៅលើបណ្តាញសង្គម ជុំវិញគម្រោង CLV-DTA។ ពីរសប្តាហ៍ក្រោយមក ទើបក្រុមគ្រួសាររបស់កញ្ញាបានទទួលដំណឹងពីការចាប់ខ្លួន ខណៈពេលដែលកញ្ញាបាននិងកំពុងឃុំខ្លួននៅមណ្ឌលអប់រំកែប្រែទី២ រាជធានីភ្នំពេញ ។
កញ្ញា យន់ សេងឡាត់ សិ្ថតនៅក្នុងចំណោមមនុស្ស ១១៧ នាក់ កំពុងជាប់ឃុំដោយប្រើប្រាស់សិទ្ធិ ដែលចងក្រងដោយអង្គការលីកាដូ ។
កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចផ្តន្ទាទោសមនុស្សចំនួន ៣៣ នាក់ ដែលក្នុងនោះមានមនុស្សចំនួន ១៤ នាក់ កំពុងជាប់ឃុំ ក្នុងនោះក៏មានសកម្មជនកិច្ចព្រមព្រៀងទីក្រុងប៉ារីស២៣តុលា លោក ស៊្រុន ស៊្រន ក្រោមបទចោទ ញុះញង់ ពាក់ព័ន្ធនឹងការបញ្ចេញមតិរបស់ពួកគេទៅលើបញ្ហាកិច្ចព្រមព្រៀងសហប្រតិបត្តិការនៃតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា វៀតណាម និងឡាវ (CLV-DTA) ដែលក្រោយមករដ្ឋាភិបាលសម្រេចដកខ្លួនចេញវិញក្នុងឆ្នាំ២០២៤ដដែល។
វិធានចាប់ខ្លួនអ្នករិះគន់បញ្ហាព្រំដែន រងការរិះគន់ថា រដ្ឋាភិបាលបានអនុវត្ត ផ្ទុយទៅនឹងស្មារតីរដ្ឋធម្មនុញ្ញ ដើម្បីបិទបាំងកំហុសកាត់ទឹកដីឱ្យទៅប្រទេសវៀតណាម តាមរយៈសន្ធិសញ្ញាព្រំដែនខុសច្បាប់ឆ្នាំ១៩៨២ ឆ្នាំ១៩៨៣ និងឆ្នាំ១៩៨៥ ក្រោមការត្រួតត្រារបស់វៀតណាម។
នៅក្នុងរដ្ឋធម្មនុញ្ញកម្ពុជា បានចងកាតព្វកិច្ចការពារទឹកដី និងមាតុភូមិត្រូវបានចែងយ៉ាងច្បាស់នៅក្នុង មាត្រា៤៩ (ថ្មី)។ ពិសេសមាត្រា៥២ ចែងថា រាជរដ្ឋាភិបាលកម្ពុជា ត្រូវការពារឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។
ជាការកត់សម្គាល់ រដ្ឋាភិបាលជារឿយៗបានសំអាងថា ការចាប់ខ្លួន និងចោទប្រកាន់លើពលរដ្ឋ សកម្មជន ឬអ្នកនយោបាយដែលនិយាយពីបញ្ហាព្រំដែនកម្ពុជា-វៀតណាម គឺដើម្បីទប់ស្កាត់ការបង្កឱ្យមានចលាចលសង្គម និងប៉ះពាល់ដល់សន្តិសុខជាតិ។
ប៉ុន្តែផ្ទុយពីនេះ សម្រាប់ទស្សនៈរបស់អង្គការសិទ្ធិមនុស្ស និងអ្នករិះគន់ យល់ថា រដ្ឋាភិបាលបច្ចុប្បន្ន «ទន់ជ្រាយ» ឬ «ស្ថិតក្រោមឥទ្ធិពល»របស់ប្រទេសជិតខាង។
បញ្ហានេះ ធ្វើឱ្យរដ្ឋាភិបាលឈានទៅប្រើប្រាស់ប្រព័ន្ធតុលាការ ដើម្បីបិទបាំងកំហុសធ្វើឱ្យបាត់បង់ទឹកដី ខណៈពលរដ្ឋមួយចំនួនរស់នៅតាមបន្ទាត់ព្រំដែនបាននិយាយថា ដីស្រែចម្ការរបស់ពួកគេត្រូវបានបាត់បង់ទៅប្រទេសវៀតណាម ដោយសារការបោះបង្គោលព្រំដែន នាសម័យ លោក ហ៊ុន សែន ដឹកនំាប្រទេស៕









