មេធាវី​លោក កើត សារ៉ាយ ស្នើ​​តុលាការ​​កំពូល​​ទម្លាក់​​​​​បទ​​ចោទ​ និង​​ដោះ​លែង​​​​កូន​ក្តី​

សហមេធាវី និង​​អ្នក​​ឃ្លាំមើ​ល​​សិទ្ធិ​​មនុស្ស​​ ស្នើ​​​​តុលាការ​​កំពូល ពិចារណា​ឱ្យ ​លោក កើត សារ៉ាយ ប្រធាន​​សមាគម​​​សម្ពន្ធ​​​និសិ្សត​​បញ្ញវន្ត​​ខ្មែរ (KSILA)​ រួច​ផុត​ពីបទចោទ​ ញុះញង់ និង​ដោះលែង​​លោក​​ឱ្យ​មាន​សេរីភាព ដោយសារតែ​សកម្មភាព​របស់លោក នា​ពេល​កន្លង​មក ធ្វើឡើង​ក្នុងនាម​អង្គការ​សង្គមស៊ីវិល​​ដែលជួយ​​ដល់​ប្រជាពលរដ្ឋដែលមានបញ្ហា​ដីធ្លី​ប៉ុណ្ណោះ។

ការស្នើ​នេះ ស្របដែល​​តុលាការ​កំពូល នៅព្រឹកថ្ងៃ​ទី​២៦ ខែ​មិថុនា ឆ្នាំ​២០២៦​នេះ បានបើក​សវនាការ​លើ​​បណ្តឹង​​សារ​ទុក្ខ​​របស់លោក កើត សារ៉ាយ ប្រឆាំង​នឹង​សេច​ក្តីសម្រេច​របស់តុលាការ​ជាន់​ទាប ដែល​ផ្តន្ទាទោស​​រូប​លោក​ដាក់ពន្ធនាគារ ៤ឆ្នាំ និង​បង្គាប់​ឱ្យ​សង​សំណង​ចំនួន ២លាន​​រៀល ឬស្មើ​ប្រមាណ ៥០០​ដុល្លារ ​ពី​បទ «ញុះ​ញង់» និង​បទ​ «ការ​មិន​រាង​ចាល​ក្នុង​បទ​មជ្ឈិម​បន្ទាប់​ពី​ការ​ផ្ដន្ទា​ទោស​បទ​មជ្ឈិម»។

ចំណាត់ការច្បាប់លើ លោក កើត សារ៉ាយ ធ្វើ​ឡើង​ក្រោយ​លោក​ចុះ​ទៅ​តាម​ដាន​បញ្ហា​ដីធ្លី​ពលរដ្ឋ​នៅ​ខេត្ត​ព្រះ​វិហារ និង​បាន​ផ្ដល់​ការ​អត្ថាធិប្បាយ​បញ្ហា​នោះ​ ជាមួយ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ ​ដែល​គណៈ​​វិនិច្ឆ័យ​​យល់​​ថា ទង្វើ​នេះ​​​គឺ​​ជា​​ការ​​បញ្ឆេះ​​​កំហឹង ញុះ​ញង់​ ឱ្យ​​ប្រជា​​ពល​រដ្ឋ​មាន​ការ​​យល់​​ច្រឡំ​​​លើ​អាជ្ញាធរ ​​និ​ង​​រដ្ឋា​​ភិបាល ​និង​​នាំ​ឱ្យ​មាន​​ការ​បែកបាក់​សង្គម​ជាតិ។

មេធាវី​ការ​ពារ​សិទ្ធិ​ឱ្យ​លោក កើត សារ៉ាយ គឺលោក អែម ចន្ថា មានប្រសាសន៍​​ប្រាប់អ្នកសារព័ត៌មាន​នៅមុខ​តុលាការ​​​កំពូល​​ថា ក្នុង​សវនាការ​ រូប​លោក និង​សហមេធាវី​មួយ​រូប​ទៀត បានលើក​ឡើង​នូវ​អង្គ​ច្បាប់ និង​ចំណុច​មួយចំនួន ដែល​បង្ហាញ​ថា​កូន​ក្តីរបស់​លោក មិនគួរត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ ញុះញង់ និង​មិន​រាង​ចាល​នោះទេ។

លោក​បន្តអះអាង​ប្រាប់​សភាព្រហ្ម​ទណ្ឌ​នៃ​តុលាការកំពូល​​​ថា សកម្មភាពលោក កើត​ សារ៉ាយ ធ្វើឡើង​ក្នុងនាម​អង្គ​ការ​​សង្គម​ស៊ីវិល ដែល​ចុះទៅជួប​ប្រជាពលរដ្ឋ​​ដែលមាន​បញ្ហា​ប៉ុណ្ណោះ ដោយ​មិន​បាន​ទៅញុះញង់​ ឬ​រុញ​នណារ​ម្នាក់​​ឱ្យ​ទៅ​ធ្វើ​សកម្ម​ភាព​​ប៉ះ​ពាល់​​ដល់​នណារ​ម្នាក់ផ្សេង​​ទៀត​ឡើយ។​ ការណ៍​នេះ លោក​ស្នើ​ដល់​សភាព្រហ្មទណ្ឌ​នៃ​តុលាការ​កំពូល ពិចារណា​ទម្លាក់​បទចោទ និង​ដោះលែង​កូនក្តី​របស់​លោកឱ្យមាន​សេរីភាព​វិញ។​

លោកថា៖ «អ្វីដែល​កូន​ក្តី​ធ្វើ​ក្នុងនាម​ជា​ការ​ផ្សាយ អំពីសកម្មភាព​របស់​គាត់​ ក្នុ​ងនាម​ជា​អង្គការ​ដែល​​​ទៅជួប​ប្រជាពលរដ្ឋ ដែលមាន​បញ្ហាតែ​ប៉ុណ្ណោះ ចឹង​នៅក្នុង​អាទិភាព​​​មាត្រា​៤៩៤ និយាយ​​អំពី​មធ្យោ​បាយ អ្វីដែលគាត់​ប្រើ​ជា​មធ្យោ​បាយ​ត្រឹម​ត្រូវ​ហើយ យើង​ទាំង​អស់​កំពុង​ប្រើ​ប្រាស់​មធ្យោ​បាយ​ដូច​គ្នា ប៉ុន្តែ​យើង​មិន​ទទួល​រង​នូវ​ការ​ចោទ​ប្រកាន់​ ដោយសារ​វាអត់​ចូល​ទៅ​ក្នុងមាត្រា​៤៩៥​ យើង​អត់បានញុះញង់ យើង​បាន​ទៅចុច​អ្នក​ណា​ឱ្យ​ធ្វើ​អី អត់បានទៅ​រុញអ្នកណា​ឱ្យ​​ធ្វើសកម្មភាព ឬក៏ទៅបញ្ជាក់ថា​ត្រូវ​បំផ្លាញ​អ្នក​ណា​មួយ​[…]​ យើងគ្រាន់តែ​និយាយ​តែបញ្ហា​ទូទៅ ចំណេះដឹង ហើយ​ខ្ញុំគិតថាកូន​ក្តីយើង​ខ្ញុំ លោក កើត​ សារ៉ាយ​ ក៏​ឋិត​នៅ​ក្នុងហ្នឹង​ដែរ[…] ហើយ​ក្នុង​កា​រសន្និដ្ឋាន​មេធាវី​​​ទាំង​ពីរ ស្នើ​សុំ​ឱ្យ​តុលាការ​កំពូល​ មេត្តា​បដិសេធ​ចោល​​នូវ​សាល​ដីកា​របស់​សាលា​ឧទ្ធរណ៍ភ្នំពេញ ហើយ​ឱ្យ​កូន​ក្តី​​រួច​​ផុត​​បទ​​ចោទ និង​ដោះលែង​ឱ្យមាន​សេរីភាព​ចាប់​ពីពេល​នេះ​តទៅ»។

យ៉ាងណា បើ​តាមលោក​មេធាវី អែម ចន្ថា សភាព្រហ្មទណ្ឌ​នៃតុលាការ​កំពូល មិនទាន់​ប្រកាសសាលដីកាភ្លាមៗនោះទេ ដោយលើក​ពេលទៅប្រកាស​នៅថ្ងៃទី០៣ ខែ​កក្កដា ឆ្នាំ​២០២៦។

សមត្ថកិច្ច​​​បាន​ចាប់​ខ្លួន លោក កើត សារ៉ាយ កាល​​ពី​ខែ​មេសា ឆ្នាំ​២០២៤ ក្រោយ​ពេល​ដែល​លោក​វិល​ត្រឡប់​ពី​ជួបជុំ​ក្រុម​​ពលរដ្ឋ​មាន​ទំនាស់​ដី​ធ្លី​ ដែល​សម្ងំ​ពួន​ក្នុង​ព្រៃ ​គេច​ពី​ការ​តាម​ចាប់​របស់​អាជ្ញាធរ​ខេត្ត​ព្រះវិហារ​ កាល​ពី​អំឡុង​ខែ​​មីនា​ ឆ្នាំ​២០២៤។ អំឡុងពេលនោះ លោក កើត សារ៉ាយ បាន​លើក​ឡើង​ពី​ទុក្ខវេទនា​​របស់​ពលរដ្ឋ​រត់​គេច​​ខ្លួន​ពួន​​ក្នុង​​ព្រៃ​ ហើយ​​លោក​​​ទទូចឱ្យ​​​​រដ្ឋាភិ​បាល​​បញ្ឈប់​​ចាប់​ខ្លួន​ពលរដ្ឋ​ទាំង​នោះ ​ហើយ​​ត្រូវ​ស្វែង​រក​ដំណោះ​​ស្រាយ​ជូន​ពួកគាត់​​ដោយ​​សន្តិវិធី។

នៅ​មុន​ការ​ស្នើសុំ​របស់​​លោក កើត សារ៉ាយ អាជ្ញាធរ​ខេត្ត​ព្រះវិហារ​​ បាន​ចាប់​ខ្លួន​ពលរដ្ឋ​ជាង ២០នាក់ និង​ដុះ​ផ្ទះ​ពលរដ្ឋ​​ជា​​ច្រើន​​ខ្នង ក្រោម​ហេតុ​ផល​ថា ពួកគាត់​រស់​នៅ​លើ​ដី​ក្រុមហ៊ុន​ឯកជន​របស់​ក្រុម​អ្នក​មាន​អំណាច។

នាយក​ទទួល​បន្ទុកកិច្ចការ​ទូទៅនៃ​អង្គការ​សិទ្ធិមនុស្ស​លីកាដូ លោក អំ សំអាត ដែល​បាន​តាម​ដាន​សវនាការ​ក្នុង​សំណុំរឿង​លោក កើត សារ៉ាយ នៅព្រឹក​ថ្ងៃ​ទី​២៦ ខែ​មិថុនា​នេះ បានលើក​ឡើង​ដែរថា សមាគម​​សម្ពន្ធ​​និសិ្សត​​បញ្ញវន្ត​​ខ្មែរ (KSILA)​ ដែលមានលោក កើត​ សារ៉ាយ​ ជា​ប្រធាន បានចុះ​បញ្ជី​ត្រឹម​ត្រូវ​ ហើយបាន​​ធ្វើសកម្មភាព​​ទៅតាម​លក្ខន្តិកៈ និង​​បេសក​កម្ម​​របស់​​​ខ្លួន​ដែលមានតម្កល់នៅ​ក្រសួង​មហាផ្ទៃ។

លោក​បន្តថា លោក កើត សារ៉ាយ បាន​ចុះ​ទៅ​​ជួប​ប្រជាពលរដ្ឋ​ដែលមានបញ្ហាដីធ្លី យកព័ត៌​មាន និង​​បង្ហោះ​​នៅលើ​បណ្តាញ​សង្គម ជាផ្នែក​មួយ​នៃ​បេសកកម្មការ​ងារ​របស់គាត់ ដែល​មិនគួរណាមានការ​ចោទប្រកាន់​​តាម​ផ្លូវ​តុលាការ​នោះទេ។ ការណ៍នេះ លោក​ចាត់​ទុក​ការ​ឃុំ​ខ្លួន និ​ងការ​ចោទប្រកាន់​ទៅលើ​លោក កើត សារ៉ាយ ថា​ជា​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព​ជា​មូល​ដ្ឋាន​របស់​អង្គការ​សង្គមស៊ីវិល និង​សេរីភាពនៃ​ការ​បញ្ចេញមតិ។

លោក អំ សំអាត គូសបញ្ជាក់​​ថា៖ «បើយើង​ពិនិត្យទៅលើ​សកម្មភាព ទៅលើ​​ការ​ងារ​​​របស់​លោក កើត​ សារ៉ាយ វាមិន​មែន​​ជា​​បទ​ល្មើស​នៃ​​ការ​​ញុះ​ញង់​​ឱ្យ​មានភាព​វឹក​វរ​​ ឬបទ​មិន​រាល​ចាលទេ ចឹង​លោក កើត សារ៉ាយ គួរតែត្រូវ​បាន​​ដោះ​លែង​​ឱ្យ​មាន​​សេរីភាព​​វិញ»។​

របាយ​ការណ៍​អង្គការ​លីកាដូ រក​ឃើញ​ថា លោក កើត សារ៉ាយ ស្ថិត​ក្នុង​ចំណោម​អ្នក​ជាប់​ឃុំ ១១៧នាក់ ដែល​​ប្រើប្រាស់​សិទ្ធិ​របស់​ខ្លួន។

កាលពីអំឡុងខែកុម្ភៈ ឆ្នាំ​២០២៦នេះ ​អ្នក​​រាយ​ការណ៍​​ពិសេស​អង្គការ​​សហ​ប្រជាជាតិ​​ប្រចាំ​កម្ពុជា អ្នក​ស្រី ម៉ារី ឡូល័រ (Mary Lowlor) ក៏បាន​​បង្ហាញ​​​​​​​ក្តី​​​កង្វល់​​​នៅ​លើ​បណ្តាញសង្គម​របស់​អ្នក​ស្រី ហើយថា​អ្នកស្រី​​បាន​សរសេរ​លិខិតទៅ​​កាន់​រដ្ឋាភិបាល​កម្ពុជា​​រួច​ហើយ ​កាល​​ពី​​ឆ្នាំ​២០២៤ ដោយ​​​លើក​​​ឡើង​​ពី​​​ក្តី​​បារម្ភ​ចំពោះ​​ការ​ផ្ដន្ទាទោស​លើ​​លោក កើត សារ៉ាយ ទាក់​ទង​នឹង​ការងារ​​ការពារ​សិទ្ធិ​មនុស្ស​ស្រប​​ច្បាប់​របស់​គាត់។

ចំណែក ម្តាយ​បង្កើត​លោក​ កើត សារ៉ាយ រស់​នៅ​ខេត្ត​សៀមរាប គឺ​​អ្នក​ស្រី ចាប យ៉ែម វ័យ ៨០ ឆ្នាំ​​ផ្លាយ ក៏ធ្លាប់បាន​​ស្នើ​ឱ្យ​តុលាការ​កំពូល ​និង​​រដ្ឋាភិបាល ​ដោះលែង​កូន​ឱ្យ​មាន​សេរីភាព​ ព្រោះ​​អ្នក​ស្រី​​ចង់​​ឃើញ​​កូន​​មាន​សេរីភាព​នៅ​ជីវិត​ចុង​​ក្រោយ​ ខណៈ​សព្វ​ថ្ងៃ​ អ្នកស្រី​​​មាន​ជំងឺ​​ប្រចាំ​កាយ និង​មាន​​វិបត្តិ​​ផ្លូវចិត្ត​ ដោយសារ​ព្រួយ​បារម្ភ​ពី​សុខ​ទុក្ខ​របស់​​កូន​ដែល​កំពុង​​​ជាប់​ឃុំ​ក្នុង​​ពន្ធនាគារ។

​អ្នកស្រី​ថា៖ «ចិត្ត​ម្តាយ​​ចង់​ឱ្យ​គេ​ដោះលែង​កូន​នៅ​ក្រៅ​ឃុំ ចង់​ចួប​កូន​ដើម្បី​កក់​ក្តៅ​ ព្រោះ​ខ្លួន​កាន់​តែ​ចាស់ ហើយ​ណា​មួយ​ជីវិត​អត់​ទៀង មិន​ដឹង​ថ្ងៃ​ណា ខែ​ណា ឆ្នាំ​នេះ ឬ​ឆ្នាំ​ក្រោយ»។

យ៉ាងណា វីអូឌី មិនអាចសុំការ​អត្ថាធិប្បាយ​ជុំវិញ​ករណីនេះ ពីអ្នកនាំពាក្យ​តុលាការ​កំពូល​ អ្នកស្រី ម៉ៅ ធីតា បាន​ទេ​​នៅ​រសៀល​ថ្ងៃទី​២៦ ខែ​មិថុនានេះ។

គួរបញ្ជាក់ថា នេះ​ជា​លើក​ទី២ ហើយ​ដែល​លោក កើត សារ៉ាយ ជាប់​​ពន្ធនា​គារ​​។ ​កាលពីឆ្នាំ២០២១ លោក កើត សារ៉ាយ ធ្លាប់​ត្រូវ​បាន​តុលាការ​ភ្នំពេញ​កាត់​ទោស​ឱ្យ​ជាប់​ពន្ធនា​គារ ២០​ខែ​ម្ដង​រួច​មក​ហើយ ពី​បទ​ញុះ​ញង់​ ចំពោះ​ការ​ចូល​រួម​ក្នុង​បាតុកម្ម​ដោយ​សន្តិវិធី​របស់​លោក ទាម​​ទារ​ឱ្យ​ដោះ​លែង លោក រ៉ុង ឈុន អតីត​មេដឹកនាំ​សហជីព។ ការ​ចោទ​ប្រកាន់​​លោក​ជា​ថ្មី​នៅ​ឆ្នាំ​២០២៤ លើប​ទ​ចោទ «ញុះ​ញង់» និង «ការ​មិន​រាង​ចាល​ក្នុង​បទ​មជ្ឈិម​បន្ទាប់​ពី​ការ​ផ្ដន្ទា​ទោស​​បទ​មជ្ឈិម» បាន​ធ្វើ​ឱ្យ​លោកត្រូ​វ​ជាប់​ទោស​ទ្វេ​ដង តាម​មាត្រា​៨៨ នៃ​ក្រម​ព្រហ្ម​ទណ្ឌ។

នៅ​​​ចុង​ឆ្នាំ​២០២៥ អង្គការ​សារព័ត៌មាន​គ្មាន​​ព្រំដែន  (Freedom House) បាន​​ចាត់​​ថ្នាក់​​កម្ពុជា​​ថា «មិន​​​មាន​​សេរី​​ភាព» ដោយ​​​សារ​​​កា​រ​​ចាប់​​ខ្លួន និង​​ការ​​យាយី​ បង្ក​ជា​បរិយាកាស​ភ័យ​ខ្លាច។

អង្គការ​​នេះ ​ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​កែ​ទម្រង់​រដ្ឋ ដោយ​​ត្រូវ​​បង្ហាញ​​ពី​​ភាព​​ស្មោះ​ត្រង់​​​តាម​​របៀប​​វារៈ​​នីតិ​រដ្ឋ ​រួមមាន​ ការ​​​​កែ​​​​សម្រួល​​ច្បាប់​​ព្រហ្ម​ទណ្ឌ​​​ពាក់​ព័ន្ធ​​នឹង​​ការ​​និយាយ ឬ​បញ្ចេញមតិ និង​បញ្ឈប់​ការ​ប្រើ​​បទ​​ញុះ​ញង់​​ជា​​​​អាវុធ បង្កើត​​ឯករាជ្យ​​ភាព​​នៃ​​ប្រព័ន្ធ​​តុលាការ​ ដើម្បី​​កុំ​​​ឱ្យ​​​តុលាការ​​ក្លាយ​​ជា​ឧបករណ៍​​របស់​អ្នក​​នយោ​បាយ​​​ជា​ដើម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ