ឧក្រិដ្ឋកម្មអនឡាញ បានក្លាយជាប្រធានបទកក្រើកលំដាប់ទីពីរ បន្ទាប់ពីជម្លោះព្រំដែនកម្ពុជា-ថៃ។ សម្ពាធអន្តរជាតិ បានធ្វើឱ្យរដ្ឋាភិបាលកម្ពុជាដាច់ចិត្តបង្ក្រាបបទល្មើសនេះពេញផ្ទៃប្រទេស ឈានទៅដល់ការចាប់ជនបរទេសជាច្រើនពាន់នាក់ និងជាច្រើនសែននាក់ផ្សេងទៀតសម្រុកចេញពីកម្ពុជា។
គោលដៅនៃការបង្ក្រាបឧក្រិដ្ឋកម្មអនឡាញ បានទៅហួសពីមេខ្លោង និងប្រតិបត្តិករជាជនបរទេស នោះ គឺការចាត់វិធានការលើមន្ត្រីរាជការ និងកងកម្លាំងដែលពាក់ព័ន្ធក្នុងជួររដ្ឋាភិបាលកម្ពុជា។
នេះបើយោងតាមការអះអាងរបស់ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន នៅខែឧសភា ឆ្នាំ២០២៦ ដែលបានប្រកាសជាសាធារណៈថា ទន្ទឹមនឹងការបោសសម្អាតក្រុមឆបោក រដ្ឋាភិបាលក៏ត្រូវចាត់ការមន្ត្រីដែលពាក់ព័ន្ធផងដែរ។
ថ្លែងក្នុងវេទិកាមួយនៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ លោក ហ៊ុន សែន បានចែកវិធានការចំពោះមន្ត្រីពាក់ព័ន្ធបទល្មើសឆបោកតាមបច្ចេកវិទ្យានេះជា ២កម្រិត ដោយកម្រិតទី១ គឺដកតំណែង និងចោទប្រកាន់ដោយតុលាការ ព្រមទាំងត្រូវបង្កកទ្រព្យសម្បត្តិរបស់ពួកគេសម្រាប់អ្នកពាក់ព័ន្ធ និងកម្រិតទី២ គឺត្រូវដកចេញពីតំណែង សម្រាប់អ្នកមិនព្រមអនុវត្តការងារបោសសម្អាត Online Scam។
ការប្រកាសរបស់ប្រធានព្រឹទ្ធសភារូបនេះ បានធ្វើឱ្យមន្ត្រីខេត្តមួយចំនួន រួមមាន បាត់ដំបង បន្ទាយមានជ័យ រតនគិរី ក្រចេះ បង្កើនការបង្ក្រាបយ៉ាងតក់ត្រហល់ ខណៈដែលប៉ុន្មានខែមុននោះ ពួកគេរក្សាភាពស្ងប់ស្ងាត់ ឬបង្ក្រាបលំៗគ្រាន់បានរូបថតធ្វើរបាយការណ៍ និងបង្ហោះលើបណ្ដាញសង្គម។
ក្នុងនោះអាជ្ញាធរខេត្តកំពត បានបើកការបង្ក្រាបធំមួយឈានដល់ការចាប់ខ្លួន និងបញ្ជូនទៅតុលាការនូវមន្ត្រីនគរបាល និងកងរាជអាវុធហត្ថខេត្តជាង៥០នាក់ ប៉ុន្តែករណីនោះស្ថិតក្នុងបទលួចសម្ភារៈ និងវត្ថុតាងដែលដកហូតបានពីទីតាំងបង្ក្រាបបទល្មើសស្កេមអនឡាញ។
ទោះយ៉ាងណា ចំណាត់ការលើមន្ត្រីពាក់ព័ន្ធហាក់ក្លាយជាយុទ្ធនាការប្រជាភិថុត ក្រោយមានការផ្លាស់ប្ដូរតំណែងមន្ត្រីមួយចំនួន ទោះបីពួកគេបរាជ័យ និងព្រងើយកន្តើយក្នុងការបង្ក្រាបឧក្រិដ្ឋកម្មអនឡាញ។
ជាក់ស្ដែងថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី ចំនួន៣រូប ត្រូវបានដកចេញពីមុខតំណែង គឺអភិបាលខេត្តលោក ថង សាវុន ស្នងការខេត្ត លោក ឡោ សុខា និងមេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោក ហែម បូណារ៉ែល។ ទោះបីការដកដំណែងមិនបានបញ្ជាក់ពីមូលហេតុច្បាស់លាស់ ប៉ុន្តែមតិសាធារណជនសាទរ និងបានសង្ស័យថាអ្នកទាំងបី ជាប់ពាក់ព័ន្ធករណីមិនបង្ក្រាបស្កេមអនឡាញ ខណៈលោក ហ៊ុន សែន បាននិយាយបញ្ឆៀងទៅអភិបាលខេត្តរតនគិរីថា បើមិនបង្ក្រាបអនឡាញស្កេមទេ នោះលោកនឹងអាចក្លាយជាមនុស្សបន្ទាប់ដែលត្រូវអស់តំណែង។
ទោះយ៉ាងណា កន្លងទៅ មិនទាន់បានមួយសប្ដាហ៍ផង អភិបាលខេត្តមណ្ឌលគិរី លោក ថង សាវុន ត្រូវបានតែងតាំងជារដ្ឋលេខាធិការក្រសួងមហាផ្ទៃវិញម្ដង។
ករណីថ្មីមួយទៀតទើបចេញផ្សាយ នៅថ្ងៃទី២៦ ខែមិថុនានេះ បានបង្ហាញពីការបន្ថយស័ក្តិនាយនគរបាលពីរនាក់ គឺលោក អ៊ុក ណារិន និងលោក ហេង សារឿន ពីផ្កាយពីរ មកផ្កាយមួយ វិញ តាមរយៈព្រះរាជក្រឹត្យចុះដោយប្រមុខរដ្ឋស្ដីទី លោក ហ៊ុន សែន តាំងពីថ្ងៃទី២ ខែមិថុនា មកម្ល៉េះ។ យោងតាមសារព័ត៌មាន ហ្វ្រេសញ៉ូ បានឱ្យដឹងថា បើទោះបីមិនមានព័ត៌មានពីមូលដ្ឋានបន្ថយស័ក្តិនាយនគរបាលទាំង ២រូបនេះ តែតាមសេចក្តីរាយការណ៍ខ្លះលួចបង្ហើបថា អាចជាប់ពាក់ព័ន្ធភាពមិនប្រក្រតីនៅក្នុងពេលប្រតិបត្តិការចុះបង្ក្រាបបទល្មើសអនឡាញស្កេម នាពេលកន្លងទៅ។
ការផ្ទេរ ឬទម្លាក់តំណែងមន្ត្រីក្នុងពេលបង្ក្រាបឧក្រិដ្ឋកម្មអនឡាញបែបនេះ បានធ្វើឱ្យអ្នកឃ្លាំមើល និងមហាជន កត់សម្គាល់ពីភាពមិនប្រក្រតី។ ជាក់ស្ដែងករណីមួយទៀត កាលពីខែមីនា ឆ្នាំ២០២៦ គឺការផ្ទេរ លោក សិទ្ធិ ឡោះ ស្នងការខេត្តបន្ទាយមានជ័យ ទៅជាអនុប្រធាននាយកដ្ឋានកណ្ដាលនគរបាលយុត្តិធម៌។ លោក សិទ្ធិ ឡោះ ត្រូវបានអ្នករស់នៅតំបន់ប៉ោយប៉ែត ប្រសិទ្ធនាមថាជាមនុស្សគន្លឹះមួយ ក្នុងចំណោមបួននាក់ ដែលជាស្ដេចត្រាញ់ពុករលួយនៅតំបន់ប៉ោយប៉ែត។
ស្របពេលមន្ត្រីមួយចំនួន កំពុងត្រូវបានដោះដូរទីតាំងឈរជើង ដើម្បីគេចវេសពីអ្វីមួយ ងាកមកមន្ត្រីមួយចំនួនក៏កំពុងលេចឈ្មោះជាប់ពាក់ព័ន្ទឧក្រិដ្ឋកម្មអនឡាញ ដោយមិនអាចរើខ្លួនបាន។
កាលពីថ្ងៃទី២២ ខែឧសភា សាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាបង្គាប់បង្កកទ្រព្យសម្បត្តិ ៩ទីតាំង និងចាប់ខ្លួនអតីតមេបញ្ជាការរងអាវុធហត្ថក្រុងប៉ោយប៉ែត និងបច្ចុប្បន្នជានាយរងសេនាធិការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ លោក នួន នីណារ៉ូ។
ដីកានេះធ្វើឡើង បន្ទាប់ពីមានការបង្ក្រាបទីតាំងមួយរកឃើញជនបរទេស ៦០០នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ ដោយទីតាំងនោះត្រូវគេស្គាល់ថាជាកម្មសិទ្ធិរបស់លោកមេអាវុធហត្ដរូបនេះ។ មកទល់ពេលនេះ លោក នួន នីណារ៉ូ ត្រូវបានសារព័ត៌មានក្នុងស្រុក ចុះផ្សាយថា កំពុងរត់គេចខ្លួន ហើយក៏ពុំមានការវិវត្តណាមួយ ទាក់ទងនឹងការតាមចាប់ខ្លួនលោកឡើយ។
វីអូឌី បានព្យាយាមទាក់ទងទៅអភិបាលបន្ទាយមានជ័យ លោក អ៊ុំ រាត្រី នៅថ្ងៃទី២៦ ខែមិថុនា ដើម្បីសុំព័ត៌មានបន្ថែមលើករណីនេះ តែលោកចុចបិទទូរស័ព្ទនៅពេលខលចូល។
ត្រង់ករណីនេះ ប្រធានក្រុមប្រឹក្សាអ្នកឃ្លាំមើល លោក ម៉ែនណាត លើកឡើងថា ការរត់គេចខ្លួនបានបែបនេះ ទំនងជាមានការគប់គិតបង្អើលឱ្យជនសង្ស័យដឹងខ្លួនមុន។ លោកសង្កេតឃើញដែរថា ការតាមចាប់ខ្លួនមន្ត្រីទុច្ចរិត គឺមានភាពយឺតយ៉ាវ ឬបណ្ដោយឱ្យមានពេលរត់គេចខ្លួន ខុសពីការចាប់ខ្លួនសកម្មជន និងអ្នកនយោបាយ ដែលចំណាយពេលមិនដល់២៤ម៉ោងផងនោះ។
លោក ម៉ែន ណាត ថ្លែងថា៖ «វាខុសគ្នានៅត្រង់ថា សម្រាប់អ្នកប្រជាធិបតេយ្យដែលមានទស្សនៈមិនស្របជាមួយនឹងបក្សកាន់អំណាចរបស់ លោក ហ៊ុន សែន គឺក្នុងរយៈពេល ២៤ ម៉ោង ត្រូវចាប់មនុស្សឱ្យបាន ឱ្យតែមានវត្តមាននៅក្នុងប្រទេសកម្ពុជា គឺមែន លោក ហ៊ុន សែន អ្នកខ្លះតែ ២ ៣ ម៉ោង ក៏ឱ្យអាជ្ញាធរទៅតាមចាប់បាន»។
មុនពេលចេញដីកាចាប់ខ្លួន២ថ្ងៃ គណនីហ្វេសប៊ុករបស់លោក នួន នីណារ៉ូ នៅសកម្មនៅឡើយ ដោយលោកបានចែករំលែកពីដំណើរកម្សាន្តគ្រួសាររបស់លោក ទៅកាន់ប្រទេសវៀតណាម។ តាមរយៈការបង្ហោះរូបភាពផ្សេងៗទៀត បានបង្ហាញថា លោក នួន នីណារ៉ូ រស់នៅក្នុងភាពស្ដុកស្ដម្ភ មានផ្ទះធំស្កឹមស្កៃនៅក្រុងប៉ោយប៉ែត អមដោយទីធ្លាធំទូលាយ លម្អដោយរុក្ខជាតិប៊ុនសៃតម្លៃរាប់ពាន់ដុល្លារ តុបតែងតាមលំនាំសួនច្បារចិន ខណៈដែលប្រាក់ខែមន្ត្រីកងកម្លាំងមានចំនួនមិនដល់ ១ពាន់ដុល្លារក្នុងមួយខែផងនោះ។
មុនតុលាការចេញដីកាតាមចាប់ខ្លួន កាលពីខែមករា លោក នួន នីណារ៉ូ និងមេបញ្ជាការរងអាវុធហត្ថខេត្តបន្ទាយមានជ័យ លោក បោន ប៊ិន ធ្លាប់ប្ដឹងអ្នកសារព័ត៌មានម្នាក់ដាក់ពន្ធនាគារ ដោយសារការផ្សាយពីទីតាំងស្កេមអនឡាញ ដែលមានចម្ងាយប្រមាណ ៣០០ម៉ែត្រ ក្រោយទីបញ្ជាការប៉េអឹមក្រុងប៉ោយប៉ែត។
ករណីមួយទៀត នៅខេត្តបាត់ដំបង គឺការបង្ក្រាបវីឡាបង្កប់ស្កេមអនឡាញ នៅដើមខែមិថុនានេះ ដែលវីឡានោះត្រូវបានគេដឹងថាជាកម្មសិទ្ធិរបស់លោកផ្កាយ១ អូន សុខសិលា មានតួនាទីជានាយសេនាធិការរងយោធភូមិភាគទី៥ ទទួលបន្ទុកការងារព្រំដែន។
រំលងបានមួយថ្ងៃក្រោយការបង្ក្រាប លោក អូន សុខសិលា បានទទួលស្គាល់ថាវីឡានោះជាកម្មសិទ្ធិរបស់លោក តែលោកបានចុះកិច្ចសន្យាជួលឱ្យជនជាតិខ្មែរពីរនាក់ ក្នុងតម្លៃ ១ពាន់ ៥រយដុល្លារក្នុងមួយខែ។ លោកអះអាងថា លោកក៏ជាជនរងគ្រោះ ដោយមិនបានដឹងថា ការជួលវីឡាបានបម្រើឱ្យប្រតិបត្តិការឆបោកតាមអនឡាញនោះទេ។
ក្រោយចេញមុខបកស្រាយតាមប្រព័ន្ធផ្សព្វផ្សាយ គេពុំបានឃើញ លោក អូន សុខសិលា ចូលទៅបំភ្លឺជូនសមត្ថកិច្ចជាសាធារណៈ ឬមានការស៊ើបអង្កេតទៅលើមន្ត្រីរូបនេះនៅឡើយទេ។
ជុំវិញករណីនេះ វីអូឌី បានទាក់ទងទៅអភិបាលខេត្តបាត់ដំបង លោក សុខ លូ តែលោកចុចបិទទូរស័ព្ទនៅពេលខលចូល។
យ៉ាងណា ការប្រកាសតាមចាប់ខ្លួន និងការបង្ក្រាបទីតាំងនានា ប៉ះតែទៅលើមន្ត្រីដែលពលរដ្ឋមិនសូវស្គាល់ ឬមិនដែលឮឈ្មោះ ខណៈមន្ត្រីដែលមានភាពពាក់ព័ន្ធអំពើពុករលួយល្បីៗ នៅតែបន្តមានសេរីភាព និងគ្មានតម្រុយណាមួយបង្ហាញពីការស៊ើបអង្កេតលើអ្នកទាំងនោះឡើយ។
ក្នុងនោះ អតីតអភិបាលរងខេត្តបន្ទាយមានជ័យ លោក ង៉ោ ម៉េងជ្រួន ត្រូវបានអ្នកសារព័ត៌មានស្និទ្ធរដ្ឋាភិបាលចោទចំៗថា អគាររបស់លោកត្រូវបានជួលឱ្យឧក្រិដ្ឋជន បម្រើសកម្មភាពបោកប្រាស់តាមប្រព័ន្ធអនឡាញ។
ចំណែកមេបណ្ដាញធំៗ ដែលរងទណ្ឌកម្មពីសហរដ្ឋអាមេរិក ដូចជា សមាជិកព្រឹទ្ធសភា លោក កុក អាន លោក លី យ៉ុងផាត់ លោក ឌី វិជ្ជា លោក ស សុខា លោក ឆាយ គឹមខឿន និងសាច់ញាតិថ្នាក់ដឹកនាំ គឺលោក ហ៊ុន តូ បែរជាគ្មាននរណាហ៊ានបើកការស៊ើបអង្កេត ឬចាត់វិធានការច្បាប់លើបុគ្គលទាំងនេះឡើយ។
វីអូឌី បានទាក់ទងទៅប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ប៉ែន បូណា ដើម្បីសុំការអត្ថាធិប្បាយជុំវិញរឿងនេះ តែគ្មានការឆ្លើយតប គិតត្រឹមម៉ោងផ្សាយ។
ជុំវិញរឿងនេះ ប្រធានក្រុមប្រឹក្សាអ្នកឃ្លាំមើល លោក ម៉ែន ណាត ជឿជាក់ថា ឧស្សាហកម្មឆបោកតាមប្រព័ន្ធអនឡាញ ដែលមានជនបរទេសហូរចូលមករាប់សែននាក់បែបនេះ មិនមែនមន្ត្រីតូចតាចអាចធ្វើបានឡើយ លុះត្រាមានការបើកដៃ សហការ និងទទួលសំណូកពីថ្នាក់ដឹកនាំធំៗ។ លោកបន្តថា យុទ្ធនាការបង្ក្រាបការឆបោកអនឡាញនៅកម្ពុជានាពេលនេះ ពិបាកស្រោចស្រង់កម្ពុជាចេញពីភាពអសោច ព្រោះថ្នាក់ដឹកនាំគ្មានភាពសុចរិត។
លោក ម៉ែន ណាត ថ្លែងថា៖ «វាអាស្រ័យលើមាត់មន្ត្រីថ្នាក់ដឹកនាំហ្នឹងថាទេ បើថាចង់ឱ្យអ្នកណាមានទោស គឺមានទោសចង់ឱ្យអ្នកណារួចខ្លួន ក៏ឱ្យរួចខ្លួនទៅ ព្រោះច្បាប់ស្រុកខ្មែរ ច្បាប់លើបបូរមាត់របស់មេដឹកនាំ របស់ពួកអ្នកធំ។ អ៊ីចឹងហើយបានជារឿងអកុសលសម្រាប់ជាតិយើង ចង់ស្តារមុខមាត់លើឆាកអន្តរជាតិ ចេញអំពីបទឧក្រិដ្ឋ ភាពអាសោចនៃបទឧក្រិដ្ឋឆបោកអនឡាញហ្នឹង វាពិបាកចេញរួច ដោយសារអី? ដោយសារអាស្រ័យរឿងមេដឹកនាំយើងមិនសុចរិតដែរ»។
ការបង្ក្រាបឧក្រិដ្ឋកម្មអនឡាញនៅកម្ពុជាក្នុងឆ្នាំ២០២៦ នេះបានបង្ហាញពីទំហំឧក្រិដ្ឋកម្មដ៏ធំសម្បើម លើសពីការប៉ាន់ស្មានរបស់អង្គការសហប្រជាជាតិដល់ទៅ ២ដង។
ជាក់ស្ដែង គិតត្រឹមខែមេសា ជនបរទេសចម្រុះជាតិសាសន៍សម្រុកចេញពីកម្ពុជាជាង២១ម៉ឺននាក់ និងជាង ៣ម៉ឺននាក់ ត្រូវបានចាប់ខ្លួន ខណៈ UN ប៉ាន់ស្មានកាលពីឆ្នាំ២០២៣ ថាហោចណាស់មានមនុស្ស ១០ម៉ឺននាក់ ត្រូវបានជួញដូរឱ្យមកប្រតិបត្តិការឆបោកនៅកម្ពុជា។
ជំនន់ជនបរទេសសន្ធឹកសន្ធាប់ចូលមកប្រព្រឹត្តអំពើខុសច្បាប់កម្ពុជា បានធ្វើឱ្យពលរដ្ឋខ្មែរ និងឆាកអន្តរជាតិឆ្ងល់ ក៏ដូចជាហួសចិត្ត ពីច្រកដែលពួកគេអាចចូលមកបានទាំងតាមផ្លូវគោក និងផ្លូវអាកាស ហើយអាចសាងសង់អាណាចក្រស្កេមអនឡាញស្ទើរពាសពេញប្រទេស៕








