ពលរដ្ឋខ្មែរដែលបាត់បង់ដីធ្លីផ្ទះសំបែងទាំងស្រុងទៅថៃ ចាប់តាំងពីក្រោយបទឈប់បាញ់លើកទី២ និងអ្នកឃ្លាំមើលមួយចំនួន គ្មានសង្ឃឹមថា រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត អាចនឹងទាមទារទឹកដីជិត ៧០ទីតាំង ពីថៃមកវិញបាននោះទេ បើនៅបន្តធ្វើត្រឹមការចេញកំណត់ទូតថ្កោលទោសថៃ ដោយមិនព្រមប្តឹងថៃទៅកាន់យន្តការច្បាប់អន្តរជាតិ បើទោះបីថៃហាក់មិនអើពើចំពោះកំណត់ទូតរបស់កម្ពុជា និងនៅតែបន្តសម្រុកឈ្លានពាន និងសាងសង់សំណង់រឹងនៅលើទឹកដីកម្ពុជាជារៀងរាល់ថ្ងៃ។
ខណៈព័ត៌មានពីថៃនៅតែបន្តឈ្លានពានទឹកដីខ្មែរជារៀងរាល់ថ្ងៃ ត្រូវបានអាជ្ញាធរមូលដ្ឋាន និងរដ្ឋាភិបាលបិទជិតមិនឱ្យផ្សព្វផ្សាយ រហូតដល់មានការចាប់ឃុំខ្លួនពលរដ្ឋដែលនិយាយពីរឿងបាត់បង់ទឹកដី ដាក់ពន្ធនាគារជាបន្តបន្ទាប់ ពលរដ្ឋម្នាក់នៅឃុំអូរបីជាន់ ដែលដីនិងផ្ទះរបស់របស់ខ្លួនត្រូវបានថៃរំលោភយក និងឈូសកម្ទេចចោល ក្រោយពីបទឈប់បាញ់លើកទី២ បាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា អ្នកស្រីមានសង្ឃឹមតិចតួចណាស់ដែលថា រដ្ឋាភិបាលលោកហ៊ុន ម៉ាណែត អាចទាមទារទឹកដីពីថៃមកវិញបាន។
ស្ត្រីវ័យជិត៤០ឆ្នាំរូបនេះ និយាយថា ចាប់តាំងពីក្រោយបទឈប់បាញ់កាលពីចុងឆ្នាំ២០២៥ រហូតមកដល់ចុងខែមិថុនាឆ្នាំ២០២៦នេះ ទាហានថៃបានចូលមករាយបន្លាលួសឈូសឆាយវាទយកដីខ្មែរតាមអំពើចិត្ត ប៉ុន្តែខាងកម្ពុជាមិនសូវហ៊ានទប់ស្កាត់ឱ្យបានខ្លាំងក្លានោះទេ។ អ្នកស្រីអាណិតទាហានកម្ពុជាដែលឈរជើងនៅជួរមុខ ត្រូវបានទាហានថៃបាញ់គំរាមនិងជេរប្រមាថជាញឹកញាប់ ប៉ុន្តែពួកគាត់មិនសូវហ៊ានតបតជាមួយទាហានថៃវិញទេ ដោយសារមិនមានបញ្ជាពីថ្នាក់លើ។
ពលរដ្ឋរូបនោះ និយាយថា៖ «ខ្ញុំដូចថាអត់សង្ឃឹមទេ បើមើលសព្វថ្ងៃវាលូកដៃមកបាញ់ទាហានខ្មែររាល់ថ្ងៃយើងអត់ហ៊ានធ្វើអីគេផង។ ខ្ញុំកន្លែងហ្នឹង ខ្ញុំនិយាយត្រង់ ខ្ញុំអត់សូវសង្ឃឹមទេ១០០ ខ្ញុំសង្ឃឹមតិចណាស់សង្ឃឹមមិនបាន១០ភាគរយ ពីព្រោះភាគច្រើនខ្ញុំតាមមើលតាមព័ត៌មាន ហើយតាមបងខ្ញុំនៅស្មាច់ ដូចយើងអត់ហ៊ានធ្វើអី! យើងមើលទៅយើងស្រណោះបងយោធាដែលនៅជួរមុខ យើងចាំតែបទបញ្ជាអ៊ីចឹង យើងដូចអត់ទំនងបានមកវិញ។ ដូចពួកខ្ញុំអស់អីរលីងចឹងគឺអន់ចិត្ត អន់ចិត្តថាយើងធ្វើអីគេអត់បានចឹងវាពិបាកពេកវា ដូចជាយើងចាញ់ច្រាបគេពេក ចឹងគេហ៊ានជេរហ៊ានដៀលយើងគ្រប់សព្វ។ ខ្ញុំគិតមើលទៅ ដូចយើងចុះចាញ់គេយ៉ាងម៉េចមិនដឹងទេបង ហើយខ្ញុំអត់ដឹងរឿងផ្ទៃក្នុងប៉ុន្មានចឹងអត់យល់ដែរ?»។
លោក ម៉ែន ណាត ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា បានប្រាប់វីអូឌីនៅថ្ងៃទី២៦មិថុនានេះថា បើតាមព័ត៌មានពីកងទ័ពកម្ពុជាជួរមុខ ដែលលោកទទួលបានជារៀងរាល់ថ្ងៃ គឺស្ថានភាពព្រំដែននៅតែធ្ងន់ធ្ងរ ខណៈព័ត៌មានទាំងឡាយទាក់ទងនឹងថៃនៅតែបន្តរំលោភឈ្លានពានទឹកដីកម្ពុជាឥតឈប់ឈរ ត្រូវបានរដ្ឋាភិបាលកម្ពុជាបិទមិនឱ្យធ្វើការផ្សព្វផ្សាយ។
លោកថា៖ «ស្តាប់បងប្អូនទាហានជួរមុខគាត់រអ៊ូរទាំអារឿងរដ្ឋាភិបាលកម្ពុជាហ្នឹង រឹតបន្តឹងបណ្តាញព័ត៌មានមិនឱ្យផ្សព្វផ្សាយមិនឱ្យថតផ្សព្វផ្សាយ អំពីសៀមរាយបន្លាលួស សៀមធ្វើលេណដ្ឋាន សៀមចល័តទ័ពរាល់ថ្ងៃ។ ក្រៅពីដើរល្បាតជួបគ្នាតឹងមាត់តឹងកដាក់គ្នា កន្លែងខ្លះសៀមរាយបន្លាលួស ឧទាហរណ៍ដូចតំបន់មុំបី ដែលមានការប្រទាញប្រទង់គ្នាហ្នឹង ឥឡូវកន្លែងមានការប្រទាញប្រទង់គ្នាហ្នឹង សៀមដាក់បន្លាលួសបានសម្រេចហើយ ហើយខាងកម្ពុជាយើងអត់ដឹងធ្វើអីគេទេ ពីព្រោះទាហានខ្មែរនៅតាមព្រំដែនលោកប្រើមនោសច្ចេតនា ប្រើឧត្តមគតិយកទៅតវ៉ាជាមួយសៀម ដោយអត់មានបញ្ជាថ្នាក់លើណាមួយថាឱ្យពួកគាត់ ត្រូវតែទប់ទល់ស្ថានការណ៍ កុំឱ្យសៀមរុលចូលមករាយបន្លាលួស ឬក៏ជីកប្រឡាយធ្វើលេណដ្ឋានអីទេ»។
ក្រៅពីរាយបន្លាលួស ក្រៅពីជីកលេណដ្ឋាននៅលើដីខ្មែរ ដែលពួកវាដណ្តើមកាន់កាប់ ទាហានសៀមក៏តែងតែបាញ់ផ្លោងគំរាមកងទ័ពកម្ពុជាផងដែរ ហើយគ្មានព័ត៌មានកម្ពុជាណាមួយហ៊ានចុះផ្សាយពីបញ្ហានេះទេ មានតែខាងថៃប៉ុណ្ណោះ ដែលម្តងម្កាលមានចុះផ្សាយ។ សរុបជាទូទៅ លោក ម៉ែន ណាត ថា គឺខាងភាគីថៃមិនដែលឈប់សម្រាកក្នុងការបន្តឈ្លានពានទឹកដីកម្ពុជានោះទេ ថែមទាំងគំរាមប្រមាថនិងចំអកឡកឡឺយដាក់កងទ័ពកម្ពុជាជារៀងរាល់ថ្ងៃ ចាប់តាំងពីក្រោយបទឈប់បាញ់លើកទី២ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥មក គឺភាគីថៃដាក់សម្ពាធឱ្យកងទ័ពកម្ពុជាតដៃ ធ្វើយ៉ាងណាឱ្យមានការផ្ទុះសង្គ្រាមលើកទី៣។
វីអូឌី មិនទាន់អាចទាក់ទង អ្នកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ និងលោក ប៉ែន បូណាអ្នកនាំពាក្យរដ្ឋាភិបាល ដើម្បីស្នើសុំធ្វើអត្ថាធិប្បាយលើបញ្ហានេះបានទេ នៅថ្ងៃទី២៦ខែមិថុនានេះ។
ប៉ុន្តែលោក ប៉ែន បូណា បានថ្លែងនៅក្នុងកម្មវិធីផ្សាយបន្តផ្ទាល់ស្តីពីការវិវឌ្ឍស្ថានការណ៍ព្រំដែនកម្ពុជា-ថៃនៅថ្ងៃនេះថា គិតចាប់តាំងពីបទឈប់បាញ់លើកទី២ ចូលជាធរមានរហូតមកដល់ពេលនេះ មានរយៈពេល៦ខែហើយ ហើយលោកបានរំឭកឡើងវិញនូវខ្លឹមសារចំនួន ១៦ចំណុច ក្នុងសេចក្តីប្រកាសរួម នៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅGBCកម្ពុជា-ថៃ ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដើម្បីជាការចងចាំ។ ប៉ុន្តែអ្នកនាំពាក្យរូបនេះ ពុំបានផ្តល់ព័ត៌មានអ្វីថ្មីពីស្ថានការណ៍នៅតាមព្រំដែននោះឡើយ។
យ៉ាងណាក្តី ក្រសួងការបរទេសកម្ពុជា កាលពីថ្ងៃទី២៤ខែមិថុនា បានចេញសេចក្តីប្រកាសព័ត៌មានជាថ្មីទៀត ដោយបានតវ៉ាជំទាស់យ៉ាងខ្លាំង ចំពោះសកម្មភាពរំលោភបំពានរបស់ថៃ ក្រោយពីក្រុមការងារវាស់វែងដីធ្លីរបស់ថៃបានចុះវាស់វែងដីធ្លី និងដាក់បង្គោលព្រំដីនៅចន្លោះថ្ងៃទី១៨ ដល់ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ នៅភូមិជោគជ័យ ឃុំអូរបីជាន់ ដែលជាទឹកដីកម្ពុជា។
បើតាមក្រសួងការបរទេសកម្ពុជា ក្រុមការងារវាស់វែងដីធ្លីថៃមួយក្រុម រួមជាមួយពលរដ្ឋថៃចំនួន២៥នាក់ និងមានរថយន្តចំនួន ៩គ្រឿង បានបោះបង្គោលព្រំដីនៅចន្លោះបង្គោលព្រំដែនលេខ៤៦ និងលេខ៤៧ ក្នុងឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
ក្រសួងការបរទេសកម្ពុជា បញ្ជាក់ថា សកម្មភាពរបស់ភាគីថៃពេលនេះ បានរំលោភបំពានយ៉ាងច្បាស់លើកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលកម្ពុជា និងថៃ ដែលរួមមាន អនុស្សរណៈយោគយល់គ្នាឆ្នាំ២០០០ (MOU2000) ឯកសារបែបបទបច្ចេកទេសឆ្នាំ២០០៣ និងកំណត់ហេតុនៃកិច្ចប្រជុំពិសេសរបស់គណៈកម្មការព្រំដែនរួម (JBC) កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥។ បើតាមក្រសួងការបរទេសកម្ពុជា សកម្មភាពរបស់ភាគីថៃនេះ ក៏ផ្ទុយពីការព្រមព្រៀងក្នុងសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដែលប្រទេសទាំងពីរបានព្រមព្រៀងឱ្យបញ្ហាព្រំដែន ត្រូវដោះស្រាយតាមរយៈ JBC និងតាមកិច្ចព្រមព្រៀងដែលមានស្រាប់។
សម្រាប់ លោក ម៉ែន ណាត ដែលជាអ្នកជំនាញកិច្ចការព្រំដែន ថ្លែងថា ក្រៅពីការរាយបន្លាលួសធ្វើរបងព្រំដែនពីបេតុងជាឯកតោភាគីខុសច្បាប់ សាងសង់សំណង់រឹង ធ្វើផ្លូវ អាជ្ញាធរថៃក៏បានវាស់វែងដីស្រែចម្ការរបស់ខ្មែរចែកជូនពលរដ្ឋថៃ ហើយខាងក្រសួងការបរទេសកម្ពុជា បានត្រឹមតែចេញសេចក្តីថ្លែងការណ៍ ចេញកំណត់ទូតជិត ១ពាន់មកហើយ ថ្កោលទោសថៃ ប៉ុន្តែថៃមិនដែលអើពើនោះទេ គឺគេនៅតែបន្តអនុវត្តការឈ្លានពានទៅតាមផែនការរបស់គេ។
អ្នកឃ្លាំមើលរូបនេះ ថ្លែងថា ការដែលសៀមនៅតែបន្តប្រមាថ និងឈ្លានពានទឹកដីកម្ពុជាឥតឈប់ឈរ ដូចពេលបច្ចុប្បន្ន ដោយគ្មានខ្លាចញញើត គឺដោយសាររដ្ឋាភិបាលកម្ពុជាទន់ខ្សោយខ្លាំងពេក គ្មានគោលជំហរច្បាស់លាស់ ទាំងនយោបាយការទូត ក្នុងការជំរុញទាមទារឱ្យអង្គការសហប្រជាជាតិ និងសហគមន៍អន្តរជាតិ ដាក់សម្ពាធលើថៃ ឱ្យដកកងទ័ពចេញពីទឹកដីកម្ពុជា និងការមិនបានប្រើកម្លាំងឱ្យបានខ្លាំងក្លា ដើម្បីការពារនៅលើដីជាក់ស្តែង។
លោកថា៖ «នយោបាយការទូតកម្ពុជា ហាក់ដូចជាស្ទាក់ស្ទើក្នុងការនិយាយពីរឿងថៃឈ្លានពានកម្ពុជា ម្តងហ៊ាននិយាយ ម្តងក៏ស្ងាត់ទៅវិញ ពេលដែលថៃគេគំរាមកំហែងតាមព្រំដែន គេតម្លើងសព្វាវុធចង់បាញ់ប្រហារខ្មែរ ខាងរដ្ឋាភិបាលខ្មែរ ក៏ស្ងាត់ទៅវិញ។ ប៉ុន្តែយើងដឹងថា រឿងសំខាន់ជាងគេនៅក្នុងនៅក្នុងសំណុំរឿងព្រំដែននេះ យើងក៏មិនចង់ឱ្យមានការប្រឈមមុខសង្គ្រាមជាថ្មីដែរ ក៏ប៉ុន្តែមិនមែនធ្វើដោយបែបហ្នឹង មិនមែនធ្វើដោយទន់ខ្សោយ ដោយសុំអង្វកថៃចូលតុចរចាទ្វេភាគីទេ គឺធ្វើយ៉ាងណាឱ្យថៃហ្នឹង ត្រូវតែឆ្លើយបំភ្លឺនៅចំពោះមុខតុលាការអន្តរជាតិ ត្រូវតែឆ្លើយបំភ្លឺនៅចំពោះមុខវេទិកាអង្គការអន្តរជាតិ ដូចជាកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ កិច្ចប្រជុំអាស៊ាន និងកិច្ចប្រជុំកំពូលអង្គការសហប្រជាជាតិដទៃទៀត រួមទាំងស្នើសុំកោះប្រជុំកិច្ចព្រមព្រៀងក្រុងប៉ារីសផង»។
លោកបញ្ជាក់ទៀតថា បើសិនជាកម្ពុជានៅតែបន្តនិយាយពីសន្តិភាព និងនៅតែបន្តធ្វើខ្សោយៗទន់ៗដូចបច្ចុប្បន្ន និងនៅតែប្រកាន់ជំហ៊រដូច លោកហ៊ុន សែន និងលោកហ៊ុន ម៉ាណែត ថា ទោះបីមានសង្ឃឹមត្រឹម១ភាគរយ ក៏កម្ពុជានៅតែរង់ចាំចរចាទ្វេភាគីជាមួយថៃ នោះនឹងនៅតែធ្វើឱ្យថៃប្រមាថមើលងាយ និងនៅតែបន្តរុលចូលពង្រីកវាទយកទឹកដីខ្មែរ តាមអំពើចិត្តជាបន្តទៅទៀត។
លោក អ៊ុំ សំអាន អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ បានយល់ស្របទៅនឹងការលើកឡើងរបស់លោក ម៉ែន ណាត ដោយលោកនៅតែចាត់ទុកថៃថា ជាភាគីចោរ ដែលប្លន់ឈ្លានពានទឹកដីកម្ពុជាហើយការដែលរដ្ឋាភិបាល លោកហ៊ុន ម៉ាណែត នៅតែបន្តចេញលិខិតថ្កោលទោសតវ៉ា ឬក៏ហៅថាកំណត់ទូតរាប់រយដូចរាល់ថ្ងៃ នោះថៃដែលឈ្លានពានទឹកដីកម្ពុជាបានយ៉ាងច្រើនហើយនោះ គឺគេនឹងមិនខ្លាចនោះទេ ពីព្រោះបើថៃខ្លាច ថៃនឹងមិនឈ្លានពាន ហើយក៏មិនមែនចាប់ផ្តើមធ្វើរបងព្រំដែនបេតុង សាងសង់សំណង់រឹងផ្សេងៗ ថែមទាំងវាស់វែងដីខ្មែរ ចេញបណ្ណកម្មសិទ្ធិឱ្យពលរដ្ឋថៃកាន់កាប់នោះដែរ។
មន្ត្រីបក្សប្រឆាំងដែលជាអ្នកជំនាញកិច្ចការព្រំដែនរូបនេះ លើកឡើងថា ការនៅតែបន្តទទូចរង់ចាំចរចាទ្វេភាគីជាមួយថៃ ដើម្បីទាមទារទឹកដីចំនួន ៦៧ទីតាំងមកវិញ គឺមិនខុសអ្វីពីការរង់ចាំចរចាជាមួយភាគីចោរនោះឡើយ ខណៈជាទូទៅភាគីចោរមិនដែលប្រគល់របស់ទ្រព្យ ដែលខ្លួនលួចប្លន់បានមកឱ្យម្ចាស់ដើមវិញដោយស្រួលៗនោះទេ បើម្ចាស់ទ្រព្យមិនប្តឹងចោរនោះទៅសមត្ថកិច្ចឬក៏តុលាការ។
លោកថា៖ «ទឹកដីខ្មែរយើងដែលថៃកំពុងគ្រប់គ្រង៦៧ទីតាំងហ្នឹង នៅពេលដែលសុំចរចាទ្វេភាគីជាមួយថៃហើយថៃគេមិនអើពើ អ៊ីចឹងប្រាកដជាគេមិនឱ្យទឹកដីនោះមកវិញទេ ទោះបីជាចរចាទ្វេភាគីជាមួយកម្ពុជាក៏គេមិនឱ្យមកវិញដែរ ទាល់តែកម្ពុជាប្តឹងថៃទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ ICJ ប្តឹងថៃទៅកាន់សហប្រធានសន្តិភាពទីក្រុងប៉ារីស ទើបបានមកវិញ បើមិនអ៊ីចឹងទេ ទឹកដីនឹងប្រាកដជាមិនបានមកវិញនោះទេ។ ធ្វើដូចលោកហ៊ុន សែន លោកហ៊ុន ម៉ាណែត សព្វថ្ងៃនេះ១០០ឆ្នាំទៀត ក៏មិនបានទឹកដីមកវិញដែរ ថៃនឹងកាន់កាប់ជារៀងរហូត ហើយដូច្នេះខ្ញុំយល់ថា ជម្រើសមានតែមួយទេ គឺត្រូវប្តូរត្រកូលហ៊ុនចេញ»។
សម្រាប់ លោកអ៊ុំ សំអាន មេដឹកនាំត្រកូលហ៊ុន គ្មានឆន្ទៈពិតប្រាកដក្នុងការការពារទឹកដីនោះទេ ហេតុដូច្នេះហើយទើបគិតតែពីប្រព្រឹត្តអំពើពុករលួយ កើបប្រមូលលុយកឹបកេងទ្រព្យសម្បត្តិជាតិ ដើម្បីតែធ្វើមានធ្វើបានសម្រាប់តែក្រុមគ្រួសារ និងបក្សពួកខ្លួន ដោយមិនបានធ្វើទំនើបកម្មវិស័យយោធា ដើម្បីការពារទឹកដី។ លោកបញ្ជាក់ថា មានតែការដាក់មេដឹកនាំថ្មីទេ ទើបអាចទប់ស្កាត់កុំឱ្យថៃឈ្លានពានទឹកដីកម្ពុជាបន្ថែមទៀត ហើយអាចទាមទារទឹកដីបានមកវិញ ហើយបើសិនជាត្រកូលហ៊ុននៅតែបន្តកាន់អំណាចតទៅទៀតរហូតដល់ចៅ នោះទឹកដីខ្មែរមិនត្រឹមតែមិនអាចទាមទារបានមកវិញនោះទេ គឺនឹងបាត់បង់បន្ថែមទៀតរហូតដល់ជាង ១០០ទីតាំង ទៅ៥០០ទីតាំងមិនខាន។
សម្រាប់ លោកម៉ែន ណាត គ្មានជំនឿថា ភាពទន់ខ្សោយយ៉ាងខ្លាំងរបស់រដ្ឋាភិបាលលោកហ៊ុន ម៉ាណែត បច្ចុប្បន្ន អាចនឹងទាមទារទឹកដីពីថៃបានមកវិញនោះទេ មានតែបាត់បង់កាន់តែច្រើនថែមទៀត បើសិនជាកម្ពុជានៅតែមិនប្តឹងថៃទៅកាន់តុលាការអន្តរជាតិ និងមិនដាក់សម្ពាធការទូតឱ្យបានខ្លាំងក្លានៅលើឆាកអន្តរជាតិ និងបើសិនជាកម្ពុជានៅតែមិនប្រើសិទ្ធិការពារខ្លួន នៅលើទីតាំងដីជាក់ស្តែងទេនោះ។
គិតត្រឹមថ្ងៃទី២៤ខែមិថុនា អាជ្ញាធរ និងយោធាថៃ បានបន្តចុះវាស់វែងដីខ្មែរ ចែកនិងផ្តល់បណ្ណកម្មសិទ្ធិដល់ពលរដ្ឋថៃចំនួនបីកន្លែង នៅភូមិជោគជ័យ ឃុំអូរបីជាន់ លើដី ១៣ហិកតា។ បន្ថែមពីនេះ កាលពីថ្ងៃទី២១ខែមិថុនា ទាហានថៃបានឈរយាម និងការពារឱ្យកសិករថៃភ្ជួរស្រែលើដីកសិករខ្មែរ នៅភូមិជោគជ័យ ខណៈកាលពីខែឧសភាឆ្នាំ២០២៦ ទាហានថៃបានចូលមកហាមឃាត់ពលរដ្ឋខ្មែរដែលភ្ជួរស្រែលើដីខ្មែរនៅភូមិសិលាខ្មែរ ហើយក្រោយមកទាហានខ្មែរបានយល់ព្រមឱ្យពលរដ្ឋខ្មែរដកថយ៤០០ម៉ែត្រពីទីនោះ។ ប៉ុន្តែពេលនេះ កសិករថៃបែរជាអាចចូលមកភ្ជួរស្រែលើដីខ្មែរបាន ដោយគ្មានទាហានខ្មែរណាហ៊ានទៅហាមឃាត់ឡើយ។ នេះបើយោងតាមទាហានកម្ពុជានៅជួរមុខ និងពលរដ្ឋខ្មែរនៅតាមព្រំដែនរួមទាំងការចុះផ្សាយរបស់សារព័ត៌មានថៃនានា ដែលប្រមូលចងក្រងដោយលោកអ៊ុំ សំអាន៕









