មន្ត្រីបក្សប្រឆាំង អ្នកឃ្លាំមើល និងពលរដ្ឋជាច្រើន លើកឡើងថា កម្ពុជានឹងបាត់បង់ទឹកដីជិត៧០ទីតាំងទៅថៃជារៀងរហូត ហើយពលរដ្ឋភៀសសឹករាប់ម៉ឺនគ្រួសារ ក៏នឹងបាត់បង់ដីធ្លីផ្ទះសម្បែងជារៀងរហូតផងដែរ បើរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត នៅតែមិនព្រមប្តឹងថៃ រង់ចាំចរចាទ្វេភាគី ទាំងដែលថៃកំពុងសម្រុកធ្វើរបងពង្រីកព្រំដែនរំលោភយកដីខ្មែរ ឥតឈប់នោះ ។
ប្រតិកម្មទាំងនេះ កើតមានឡើងបន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានថ្លែងជាថ្មីទៀតនៅថ្ងៃទី២៧ខែមិថុនានេះ នៅក្នុងពិធីសំណេះសំណាលជាមួយមហាគ្រួសារសហគ្រាសធុនតូច និងមធ្យម និងសិប្បកម្មកម្ពុជា ដោយសំអាងថា ក្នុងអាណត្តិដឹកនាំរបស់លោក កំពុងឆ្លងកាត់វិញ្ញាសារធំៗចំនួន៣ គឺសង្គ្រាមឈ្លានពាន បញ្ហាឧក្រិដ្ឋកម្មឆ្លងដែន និងការរក្សាលំនឹងម៉ាក្រូសេដ្ឋកិច្ច។
លោកបញ្ជាក់ថា គោលដៅអាទិភាពធំបំផុតក្នុងការដោះស្រាយបញ្ហាទាំងនេះ គឺដើម្បីជាតិនិងប្រជាជន ទឹកដី និងឯករាជ្យភាព ព្រមទាំងស្ថិរភាពជីវភាព និងអាយុជីវិតរបស់ប្រជាពលរដ្ឋ។
លោកថា៖ «អ៊ីចឹងសម្រាប់យើងបើមានជម្រើសត្រូវដោះស្រាយដោយសន្តិវិធី! ការពារទឹកដីត្រូវតែការពារ តែត្រូវតែដោះស្រាយដោយវិធី អត់ធ្មត់បន្តិច ប្រើច្បាប់អន្តរជាតិឱ្យអស់លទ្ធភាព។ ការចរចានៅបន្តទៅមុខកន្លែងណាទ្វេភាគី យើងចរចាទ្វេភាគី នៅព្រំដែនទឹក ព្រំដែនគោក កន្លែងណាដែលទ្វេភាគីបិទទ្វារនៅពេលដែលថៃគាត់លប់កិច្ចព្រមព្រៀងMOU២០០១ យើងទៅតុលាការអន្តរជាតិ។ UNCLOS គឺជាតុលាការនៅក្រោមឆត្ររបស់UN ដែលខ្ញុំថា ដែលយើងចរចារឿងតុលាការរឿងអីទេដើម្បីអី? រក្សាលំនឹងប្រជាពលរដ្ឋតាមព្រំដែន មានទុក្ខលំបាកហើយ ទុកមួយដុំកន្លែងនឹងកុំឱ្យវារីក។ ប្រជាពលរដ្ឋដែលជនភៀសសឹកដែលបានហើយជួយកសាងលំនៅដ្ឋាន ពួកគាត់ហើយឱ្យគាត់មានពេលដកដង្ហើម រកវិធីដោះបញ្ចប់ទៅឱ្យវាមានស្ថិរភាព ពីព្រោះវ៉ៃគ្នាវាអត់ចេះចប់ទេ៣០ឆ្នាំក៏មិនទាន់ចប់ដែរពីព្រោះវ៉ៃទៅ វ៉ៃម៉ោ»។
លោកគូសបញ្ជាក់ថា នេះមិនមែនបានន័យថា កម្ពុជាបោះបង់ការទាមទារទឹកដីស្របច្បាប់របស់ខ្លួននោះទេ ខណៈដែលថៃក៏ទាមទារទឹកដីស្របច្បាប់ហើយ កម្ពុជាក៏ទាមទារទឹកដីស្របច្បាប់ ហេតុដូច្នេះប្រទេសទាំងពីរមានឯកសារស្របច្បាប់ជាមួយគ្នា គួររកពេលធ្វើការជាមួយគ្នាទៅ ដើម្បីកុំឱ្យប្រជាជនវេចបង្វិចរត់។
ប៉ុន្តែសម្រាប់ លោកអ៊ុំ សំអាន តំណាងរាស្ត្រពីបក្សប្រឆាំង ហៅការបន្តប្រើយន្តការទ្វេភាគីជាមួយថៃដែលោកថាជាភាគីចោរឈ្លានពានទឹកដី គ្មានថ្ងៃដែលកម្ពុជាបានដីជិត៧០ទីតាំង ដែលថៃបានដណ្តើមគ្រប់នោះបានមកវិញទេ ខណៈថ្ងៃសម្រុកធ្វើរបងបេតុងយ៉ាងរឹងមាំ ពង្រីកព្រំដែនថ្មីរំលោភយកដីខ្មែរទាំងគ្មានការទប់ស្កាត់ពីកម្ពុជានោះ។
សម្រាប់ លោក អ៊ុំ សំអាន បើទោះបីជាទៅមុខទៀត ថៃព្រមចរចាជាមួយកម្ពុជាក៏ដោយ ក៏ថៃដែលជាភាគីចោរប្លន់ទឹកដីកម្ពុជា ក៏មិនប្រគល់ទឹកដីទាំងនោះឱ្យកម្ពុជាវិញដែរ គឺថៃដូចចោរ បើម្ចាស់ទៅចរចា ដោយមិនប្តឹងទៅប៉ូលិស ឬមិនប្តឹងទៅតុលាការ ប្រាកដណាស់ចោរនឹងមិនប្រគល់ម៉ូតូឡាន ឬរបស់ទ្រព្យដែលវាប្លន់ ឬលួចបានឱ្យម្ចាស់វិញទេ។
លោកថា៖ «ដូចគ្នាអ៊ីចឹងដែរ នៅពេលដែលថៃកំពុងគ្រប់គ្រងទឹកដីខ្មែរយើង រឿងអីថៃគេឱ្យដីមកយើងវិញតាមរយៈការចរចាទ្វេភាគី គេស្លាប់ទាហានគេរាប់រយនាក់ហើយ គេអស់លុយច្រើនដោយសារច្បាំងគ្នាជាមួយកម្ពុជា រឿងអីគេឱ្យទឹកដីមកកម្ពុជា! បើសិនជាមេដឹកនាំថៃណាហ៊ានឱ្យទឹកដីហ្នឹងមកកម្ពុជា ប្រាកដជាពលរដ្ឋថៃគេមិនព្រម ប្រាកដជាធ្លាក់ពីតំណែងគេធ្វើបាតុកម្មទម្លាក់ពីតំណែង ហើយមិនមែនដូចស្រុកខ្មែរយើងកាន់អំណាចផ្តាច់ការ ពលរដ្ឋធ្វើបាតុកម្មអត់បានឯណា! ដូច្នេះបើសិនជាគាត់នៅតែចង់ចរចាទ្វេភាគី មិនព្រមប្តឹងថៃទៅកាន់តុលាការយុត្តិធម៌អន្តរជាតិICJ មិនព្រមប្តឹងថៃទៅកាន់សហប្រធាននៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ៩១នោះទេ ប្រាកដជាមិនអាចទាមទារទឹកដីនឹងមកវិញបាននោះទេ»។
លោក អ៊ិត សុថា រដ្ឋលេខាធិការប្រចាំការនៃរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បានថ្លែងកាលពីថ្ងៃទី២៧ខែមិថុនា ដោយបានបង្ហាញផែនទីដែលបញ្ជាក់ថា ថៃបានរំលោភកាន់កាប់ទឹកដីកម្ពុជាយ៉ាងច្រើន រួមទាំងប្រាសាទបុរាណផងដែរ។ លោកបញ្ជាក់ថា ព្រំដែនកម្ពុជា-ថៃ ជាព្រំដែនអន្តរជាតិដែលត្រូវបានកំណត់រួចមកហើយកាលពីដើមសតវត្សរ៍ទី២០ តាមរយៈការខណ្ឌសីមា និងបោះបង្គោលព្រំដែនចំនួន ៧៤បង្គោលទាំងនៅលើឯកសាររួមទាំងអនុសញ្ញា សន្ធិសញ្ញាផែនទី កំណត់ហេតុបោះបង្គោល និងឯកសារពាក់ព័ន្ធនានា ក៏ដូចជានៅលើដីដោយភាគីបារាំងដែលតំណាងឱ្យកម្ពុជានៅពេលនោះ និងភាគីសៀមដែលជាថៃបច្ចុប្បន្ននេះ។ នេះបើយោងតាមហ្វេសប៊ុករបស់លោកហ៊ុន សែន ប្រធានព្រឹទ្ធសភា។
បើតាមអ្នកជំនាញកិច្ចការព្រំដែនរបស់រដ្ឋាភិបាលរូបនេះ មិនត្រឹមតែផែនទីបារាំងសៀមខ្នាត១លើ២០០ពាន់ ដែលបញ្ជាក់ថា ប្រាសាទខ្នា ប្រាសាទតាមាន់ធំ និងប្រាសាទមួយចំនួនទៀត ស្ថិតនៅក្នុងបូរណៈភាពនៃទឹកដីកម្ពុជាប៉ុណ្ណោះទេ សូម្បីតែផែនទីខ្នាត១លើ៥០ពាន់ ដែលថៃគូសដោយឯកត្តោភាគីក៏ប្រាសាទទាំងនេះ នៅក្នុងទឹកដីកម្ពុជាផងដែរ ខណៈបច្ចុប្បន្នយោធាថៃកំពុងកាន់កាប់ប្រាសាទទាំងនេះដោយខុសច្បាប់។
លោកថា៖ «ខ្ញុំក៏ចង់បញ្ជាក់ជូនបន្ថែមផងដែរថា ផែនទី L70 17 ដែលថៃបានគូសដោយឯកត្តោភាគី ហើយបានប្រើប្រាស់កន្លងមកដោយខុសច្បាប់ហ្នុង គឺបង្ហាញថា ប្រាសាទខ្នាប្រាសាទតាមាន់ធំ និងប្រាសាទមួយចំនួនទៀតនៅតាមបណ្តោយព្រំដែន គឺស្ថិតនៅក្នុងទឹកដីខ្មែរ។ ហើយបច្ចុប្បន្ននេះ បើតាមខ្ញុំដឹងយោធាថៃកំពុងព្យាយាមគូសខ្សែព្រំដែនថ្មី ដើម្បីបញ្ចូលតំបន់ដែលថៃឈ្លានពាន និងកំពុងកាន់កាប់ដោយខុសច្បាប់ដាក់បញ្ចូលទៅក្នុងទឹកដីរបស់ថៃ។ ដូច្នេះកុំថាឡើយផែនទី L70 17 ដែលថៃបានប្រើទោះបីជាមានផែនទីផ្សេងទៀត ដែលថៃផលិតឬគូសជាឯកតោភាគីក៏ដោយ ក៏ផែនទីទាំងនោះគ្មានតម្លៃឬមានអានុភាពតាមផ្លូវច្បាប់នោះឡើយ»។
លោក ម៉ែន ណាត ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ក៏បានប្រាប់វីអូឌីនៅថ្ងៃទី២៩ខែមិថុនានេះផងដែរថា លោក ហ៊ុន ម៉ាណែត មិនគួរនៅប្រកាន់ជំហរដដែល ធ្វើការងារដដែលៗជាងកន្លះឆ្នាំមកហើយ ទាំងដែលថៃហាក់មិនអើពើ មិនព្រមចូលតុចរចា ធ្វើមិនឱ្យទទួលបានលទ្ធផលអ្វីបែបនេះនោះទេ។ បន្ទាប់ពីរដ្ឋាភិបាល លោកហ៊ុន ម៉ាណែត បានចេញកំណត់ទូត និងលិខិតផ្សេៗប្រហែល ៨០០លើកមកហើយ ប៉ុន្តែមិនត្រឹមតែមិនទទួលបានលទ្ធផលអ្វី ថែមទាំងថៃនៅតែបន្តសម្រុកវាទយកទឹកដីខ្មែរ និងសង់របងព្រំដែនបេតុង រួមទាំងសាងសង់សំណង់រឹងផ្សេងៗទៀតនោះ វាគួរតែលោកហ៊ុន ម៉ាណែត ត្រូវរកវិធីផ្សេង ដើម្បីធ្វើការឱ្យមានប្រសិទ្ធភាពជាងនេះ មិនអាចនៅបន្តធ្វើការងារដដែលៗ ហើយចង់បានលទ្ធផលផ្សេងនោះទេ។
លោកថា៖ «រឿងដែលកំពុងធ្វើសព្វថ្ងៃហ្នឹង មិនអាចដាស់ចិត្តថៃឱ្យឈប់ឈ្លានពានកម្ពុជា មិនអាចដាស់ចិត្តថៃហ្នឹង ឱ្យដកកងទ័ពចេញពីទឹកដីកម្ពុជាបានទេ។ ម្ល៉ោះហើយរដ្ឋាភិបាលកម្ពុជា ត្រូវរិះរកមធ្យោបាយដែលល្អជាង ដែលមានប្រសិទ្ធភាពជាង ដើម្បីដាក់សម្ពាធថៃ។ សម្ពាធដែលមានប្រសិទ្ធភាពជាងហ្នឹង គឺតាមរយៈអង្គការអន្តរជាតិ តាមរយៈអង្គការសហប្រជាជាតិ តាមរយៈយន្តការកិច្ចព្រមព្រៀងក្រុងប៉ារីសតាមរយៈយន្តការមហាអំណាចអីជាដើម អាចដាក់សម្ពាធថៃបាន។ អាហ្នឹងទី១ ទី២ ត្រូវតែប្តឹងថៃទៅតុលាការអន្តរជាតិ ដោយមិនអាចបង្អង់យូរបន្ថែមទៀតទេ នឹងក៏ជាយន្តការដាក់សម្ពាធដែរ។ ហើយបើមិនប្រើយន្តការអស់ហ្នឹងដាក់សម្ពាធទេ គឺថៃមិនអាចដកកងទ័ពចេញពីទឹកដីកម្ពុជា ហើយថៃក៏មិនអាចផ្តល់យុត្តិធម៌ឱ្យកម្ពុជាបានដែរ»។
សូមបញ្ជាក់ថា ក្រសួងការបរទេសកម្ពុជា កាលពីថ្ងៃទី២៧ខែមិថុនា បានចេញសេចក្តីប្រកាសជាថ្មីទៀតតវ៉ាយ៉ាងខ្លាំង ចំពោះការបន្តរំលោភបំពានរបស់ថៃលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា នៅតំបន់ស្ថិតក្នុងឃុំអំពិល ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។ ចាប់តាំងពីដើមខែមិថុនា ដល់ថ្ងៃទី២៣ខែមិថុនា កងកម្លាំងប្រដាប់អាវុធថៃបានធ្វើសកម្មភាពកាប់ឆ្ការព្រៃ និងរាយបន្លាលួសនៅតំបន់បង្គោលព្រំដែនលេខ២៦ ដោយបានបន្តចូលមកក្នុងទឹកដីកម្ពុជាបន្ថែមទៀត។
ក្រសួងការបរទេសកម្ពុជា ចាត់ទុកសកម្មភាពនេះថា រំលោភបំពានលើមាត្រា៥នៃអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០០ រវាងប្រទេសទាំងពីរ ស្តីពី ការវាស់វែង និងខណ្ឌសីមាព្រំដែនគោក។ កម្ពុជាសូមបញ្ជាក់ជាថ្មីថា កម្ពុជាមិនទទួលស្គាល់ជាដាច់ខាតនូវខ្សែព្រំដែន ឬការទាមទារទឹកដីជាឯកតោភាគីរបស់ថៃឡើយ ហើយសកម្មភាពដែលបានរៀបរាប់ខាងលើ នឹងមិនប៉ះពាល់ដល់សិទ្ធិស្របច្បាប់របស់ជំហរកម្ពុជាទាក់ទងនឹងខ្សែបន្ទាត់ព្រំដែនរបស់ខ្លួនឡើយ ហើយកម្ពុជាទាមទារឱ្យថៃបញ្ឈប់ការរំលោភបំពានមកលើដែនអធិបតេយ្យភាពកម្ពុជាជាបន្ទាន់។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេសកម្ពុជា។
យ៉ាងណាក្តី យោធាថៃ បានអះអាងថា របងព្រំដែនបេតុងកម្ពុជា-ថៃ ក្នុងភូមិសាស្ត្រខេត្តចាន់ថាបុរី ជាប់ខេត្តបាត់ដំបងរបស់កម្ពុជា បានសាងសង់រួចរាល់ចំនួន៤៥% ក្នុងដំណាក់ទី១ ប្រវែងសរុប ១.៣គីឡូម៉ែត្រ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានថៃ Khoasod English កាលពីថ្ងៃទី២៧ ខែមិថុនា។
កាសែតនេះបន្តថា ការសាងសង់របងព្រំដែនបេតុងពីសំណាក់ភាគីថៃយ៉ាងដូច្នេះ ត្រូវបានយោធាថៃបញ្ជាក់ថា មិនមែនធ្វើឡើងដោយឯកតោភាគីឡើយ ពោលគឺថៃបានអញ្ចើញតំណាងភាគីកម្ពុជាចូលមកសង្កេតមើលដំណាក់កាលទាំងអស់នៃការសាងសង់របង ដើម្បីធានាបាននូវតម្លាភាព និងអនុលោមតាមច្បាប់អន្តរជាតិ។ ពុំទាន់មានប្រតិកម្មពីភាគីកម្ពុជា លើការលើកឡើងរបស់ភាគីថៃនេះទេ គិតត្រឹមថ្ងៃទី២៩ខែមិថុនានេះ។
សម្រាប់ លោកម៉ែន ណាត និងលោកអ៊ុំ សំអាន យល់ស្របគ្នាថា ការចរចាទ្វេភាគី ជាទូទៅគេធ្វើឡើងតែក្នុងករណីមានវិវាទធម្មតា ហើយភាគីទាំងពីមានឆន្ទៈព្រមចរចាទ្វេភាគីតែប៉ុណ្ណោះ ប៉ុន្តែបើករណីឈានដល់ការផ្ទុះសង្គ្រាមចំនួនពីរលើក ធ្វើឱ្យបាត់បង់អាយុជីវិតទាហាន និងពលរដ្ឋរាប់ស៊ឹបនាក់ ថៃដណ្តើមកាន់កាប់ទឹកដីកម្ពុជាជិត៧០ទីតាំង ធ្វើឱ្យពលរដ្ឋរាប់ស៊ឹបម៉ឺនគ្រួសារ ត្រូវបាត់បង់ដីធ្លីផ្ទះសំបែង ប៉ុន្តែភាគីថៃមិនមានឆន្ទៈចូលតុចរចាបែបនេះ វាជារឿងធំធ្ងន់ធ្ងរណាស់ ដែលកម្ពុជាគ្មានហេតុផលអ្វីត្រូវបន្តរង់ចាំការចរចាទ្វេភាគីទៀតនោះទេ។
ផ្អែកលើការវិវឌ្ឍចុងក្រោយ និងការវិភាគរបស់អ្នកឃ្លាំមើលព្រំដែនដែលមិនចំណុះឱ្យរដ្ឋាភិបាល បាននិយាយថា ភាគីថៃនឹងមិនប្រគល់ដីខ្មែរជិត ៧០ ទីតាំង មកឱ្យកម្ពុជាវិញដោយស្វ័យប្រវត្តិនោះទេ ប្រសិនបើរដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត នៅតែបន្តរង់ចាំត្រឹមយន្តការចរចាទ្វេភាគី ហើយមិនព្រមរុញសំណុំរឿងនេះជាផ្លូវការទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ)។
ការវាយតម្លៃជុំវិញបញ្ហានេះ ពួកគេកត់សម្គាល់ពីការកើនឡើងទីតាំងជម្លោះ ដែលភាគីថៃបន្តរុលចូលគ្រប់គ្រងដីខ្មែរ បានកើនឡើងរហូតដល់ជិត ៧០ ទីតាំង (ឬប្រហែល ៦៧ ទីតាំងតូចធំ)។
ពលរដ្ឋខ្មែរមួយចំនួនដែលធ្លាប់រស់នៅ និងមានដីធ្លីផ្ទះសំបែងនៅតាមបណ្តោយព្រំដែន បានបាត់បង់ការគ្រប់គ្រងទាំងស្រុងទៅខាងភាគីថៃ។
ការខកខានមិនទាន់ប្តឹងទៅ ICJ បើទោះបីជាកាលពីពាក់កណ្តាលឆ្នាំ២០២៥ សមាជិកសភា និងព្រឹទ្ធសភាបានលើកដៃគាំទ្រឱ្យរដ្ឋាភិបាលត្រៀមលក្ខណៈប្តឹងថៃទៅតុលាការ ICJ ជុំវិញជម្លោះព្រំដែន (ដូចជាតំបន់ប្រាសាទតាមាន់ និងតាក្របី)ក៏ដោយ ប៉ុន្តែរហូតមកដល់ពេលនេះ រដ្ឋាភិបាលមិនទាន់បានដាក់ពាក្យបណ្តឹងជាផ្លូវការទៅកាន់តុលាការអន្តរជាតិមួយនេះនៅឡើយទេ។
បញ្ហានេះ អ្នកវិភាគព្រមានថា បើគ្មានការអន្តរាគមន៍ ឬការកាត់សេចក្តីជាអន្តរជាតិពីតុលាការ ICJ ទេ ថៃនឹងនៅតែបន្តគ្រប់គ្រងតំបន់ទាំងនោះរហូត ព្រោះយន្តការចរចាទ្វេភាគីមិនមានសម្ពាធផ្លូវច្បាប់អន្តរជាតិគ្រប់គ្រាន់ដើម្បីបង្ខំឱ្យភាគីថៃដកថយ ឬប្រគល់ដីទាំងនោះមកវិញឡើយ៕









