ការ​បង្កើត​«វប្បធម៌​ដឹង​គុណ»​និង​ការ​ទប់​ស្កាត់​កំណែ​ទម្រង់​​ស្ថាប័ន​​ដើម្បី​ពង្រឹង​អំណាច​គ្រួសារ

ក្រោម​ការ​គ្រប់​គ្រង​ទាំង​នៅ​ក្នុង​យុគ​សម័យ​របស់​លោក ហ៊ុន សែន និង​បន្ត​មក​ដល់​យុគ​សម័យ​របស់​លោក​ ហ៊ុន ម៉ាណែត ការ​ប្រើ​ប្រាស់ និង​ការ​បង្កើត «វប្បធម៌​ដឹង​គុណ» គឺ​ជា​ឧបករណ៍​យុទ្ធ​សាស្ត្រ​លេច​ធ្លោ​បំផុត។

វប្ប​ធម៌​នេះ ត្រូវ​បាន​រច​នា​ឡើង​យ៉ាង​ផ្ចិត​ផ្ចង់​ដើម្បី​ជំនួស​ឱ្យ​កំណែ​ទម្រង់​ស្ថាប័ន​រដ្ឋ ដែល​ជារឿ​យៗ​ត្រូវ​បាន​មើល​ឃើញ​​ថា ជា​ដំណើរ​ការ​ផ្ដល់​ផល​វិបាក ត្រូវ​ចំណាយ​ថវិកា និង​ពេល​វេលា​ច្រើន ហើយ​ថែម​ទាំង​អាច​បង្កើត​ជា​ហានិភ័យ​នយោ​បាយ​ក្នុង​ការ​ចែក​រំលែក ឬ​របូត​អំណាច​ទៅ​ឱ្យ​ក្រុម​គ្រួសារ​អ្នក​មាន​អំណាច​ដទៃ​ទៀត​នៅ​ក្នុង​បក្ស​ក្រៅ​ពី​ត្រកូល ហ៊ុន។

តាមរយៈការធ្វើតេស្តរចនាសម្ព័ន្ធអំណាច យុទ្ធសាស្ត្រនេះ បាន​បំប្លែង​កាតព្វ​កិច្ច​រដ្ឋ​បាល​សាធារណៈ​ឱ្យ​ទៅ​ជា «សេច​ក្តី​​សប្បុរស​​ផ្ទាល់​​ខ្លួន» របស់​គ្រួសារ​លោក ហ៊ុន សែន ដែល​ធ្វើ​ឱ្យ​ប្រជា​ពលរដ្ឋ​ស្ថិត​នៅ​ក្រោម​នឹម​នៃ​ការ​ជំពាក់​គុណ​ជា​អចិន្ត្រៃយ៍។

ការកសាងមូលដ្ឋានគ្រឹះនៃវប្បធម៌ដឹងគុណនៅក្នុងសម័យ​កាល​របស់​ លោក ហ៊ុន សែន ត្រូវ​បាន​ធ្វើ​ឡើង​តាម​រយៈ​និន្នា​ការ​ផ្ទាល់ និង​រូប​វន្ត​យ៉ាង​ច្បាស់​ក្រឡែត។

ក្នុងរយៈ​ពេល​រាប់​សិប​ឆ្នាំ នៃ​ការ​កាន់​អំណាច ការ​កសាង​ហេដ្ឋា​រចនា​សម្ព័ន្ធ​រូប​វន្ត​ជាមូល​ដ្ឋាន រួម​មាន​ សាលា​រៀន មន្ទីរ​​ពេទ្យ វត្ត​អារាម ព្រះ​វិហារ និង​ផ្លូវ​ថ្នល់ ត្រូវ​បាន​ភ្ជាប់​ជានិច្ច​ជាមួយ​នឹង​សញ្ញាណ​នៃ​កម្ម​សិទ្ធិ​ និង​គុណូប​ការៈ​ផ្ទាល់​ខ្លួន​​របស់​​គ្រួសារ​ត្រកូល ហ៊ុន។

មិនថាសំណង់ទាំងនោះ ​ត្រូវបានកសាងឡើងដោយថវិកាដែលបានមកពីការបរិច្ចាគ​របស់​ក្រុម​ឧកញ៉ា ​ឬ​ជា​ថវិកា​របស់​​រដ្ឋ​ដែល​បាន​មក​ពី​ពន្ធ​ដារ​របស់​ប្រជា​ពលរដ្ឋ​នោះ​ទេ ស្លាក​ឈ្មោះ​ដែល​ត្រូវ​បាន​បិទ​ភ្ជាប់ និង​ចារឹក​នៅ​លើ​សំណង់​​ទាំង​​នោះ តែង​តែ​ជា​ឈ្មោះរ​ប​ស់​លោក ហ៊ុន សែន ឬ​លោក​ស្រី ប៊ុន រ៉ានី។

និន្នាការនេះ ត្រូវបានកត់សម្គាល់យ៉ាងទូលំទូលាយ​ដោយអ្នកសង្កេតការណ៍អន្តរជាតិ រួមទាំងរបាយការណ៍របស់​អង្គ​ការ​ឃ្លាំ​មើល​សិទ្ធិមនុស្សអន្តរជាតិ (Human Rights Watch) និងរបាយការណ៍ស៊ើបអង្កេតរបស់​​អង្គការ គ្លូប៊ល វីត​ណេស (Global Witness) ដែលបាន​ចេញ​ផ្សាយ​ជា​បន្ត​បន្ទាប់ ជាពិសេស​របាយ​ការណ៍​ខែ​កក្កដា ឆ្នាំ​២០១៦ ស្តីពី​អាណា​ចក្រ​​ជំនួញ​​របស់​​គ្រួសារ​កាន់​អំណាច។

ការដាក់ឈ្មោះបុ​គ្គល​លើ​ទ្រព្យ​សម្បត្តិ​សាធារណៈ ឬ​សំណង់​សប្បុរ​ស​ធម៌​ដែល​មាន​លក្ខណៈ​ប្រព័ន្ធ​បែប​នេះ មិនមែនគ្រាន់​​តែ​ជាការចង់បានកិត្តិយសនោះទេ ប៉ុន្តែវាជាការដំឡើងសញ្ញាណនយោបាយដែលបញ្ជ្រាប​ចូលទៅក្នុងខួរក្បាលរបស់ពលរដ្ឋនៅតាមមូលដ្ឋានថា រាល់ការអភិវឌ្ឍ និងការរស់រានមានជីវិត គឺសុទ្ធ​តែជាក្ដីមេត្តាករុណារបស់មេដឹក​នាំ មិនមែនជាតួនាទីរបស់រដ្ឋឡើយ។

នៅពេលដែលអំណាចត្រូវបានផ្ទេរមកដល់សម័យកាលរបស់លោក ហ៊ុន ម៉ាណែត ក្រោយការបោះឆ្នោតជាតិ​ខែកក្កដា ឆ្នាំ២០២៣ វិធីសាស្ត្រនៃការបង្កើតវប្បធម៌ដឹងគុណនេះ បានឈានចូលដល់ដំណាក់កាលថ្មីមួយដែលមានភាពបត់បែន និងស៊ីជម្រៅជាងមុន។

ខណៈការដាក់ឈ្មោះផ្ទាល់ខ្លួនលើសំណង់រូបវន្តហាក់​ដូចជាមិនសូវលេចធ្លោខ្លាំង និងផ្ទាល់ៗដូចសម័យលោក ហ៊ុន សែន របបដឹកនាំថ្មីបានផ្លាស់ប្តូរវិធីសាស្ត្រមករកការបង្កើតទម្រង់ស្ថាប័នស្របបក្សពួក ឬស្ថាប័ន​ប្រកួត​ប្រជែង​ឥទ្ធិពល ដើម្បីចូលទៅជំនួសមុខងារស្នូលរបស់ស្ថាប័នរដ្ឋ។

ការបង្កើតយន្តការស្ម័គ្រចិត្ត និងសមាគមរណសិរ្សទាំងនេះ គឺជា​យុទ្ធ​សាស្ត្រ​ដ៏មា​ន​ប្រសិទ្ធ​ភាព​ក្នុង​ការ​ទប់​ស្កាត់​កំណែ​ទម្រង់​ស្ថាប័ន​សាធារ​ណៈ​ស៊ី​ជម្រៅ។

តាមរយៈការបង្កើតក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន ដែល​បង្កើតឡើងដោយលោក ហ៊ុន សែន និងដឹក​នាំផ្ទាល់​ដោយ លោក គី តិច ​វា​បានក្លាយជាយន្តការទាក់ទាញ និងដោះស្រាយវិវាទដែលដើរតួនាទីជំនួស​ឱ្យការធ្វើកំណែទម្រង់​ប្រព័ន្ធយុត្តិធម៌ និងតុលាការ ដែលជាស្ថាប័នទន់ខ្សោយ និងទទួលរងការរិះគន់ថាមានអំពើពុករលួយជាប្រព័ន្ធ។

នៅក្នុងវិស័យរដ្ឋបាលដីធ្លី ការប្រើប្រាស់ក្រុមនិស្សិតស្ម័គ្រចិត្តសម្តេចតេជោដើម្បីចុះវាស់វែងដីធ្លី ដែលត្រូវបានបង្កើត​ឡើងក្រោមគំនិតផ្តួចផ្តើមរបស់លោក ហ៊ុន សែន និងដឹកនាំសម្របសម្រួលដោយលោក ហ៊ុន ម៉ាណែត តាំង​ពី​ឆ្នាំ​២០១២ មករហូតដល់បច្ចុប្បន្ន គឺជាការបំពេញតួនាទីជំនួសឱ្យកំណែទម្រង់ស្ថាប័ន​​សុរិយោ​​​ដីផ្លូវការ ដែលធ្វើឱ្យពលរដ្ឋ​យល់ថា អាជ្ញាប័ណ្ណដីធ្លីរបស់ពួកគេ ជាកាដូពីមេដឹកនាំ មិនមែនជាសិទ្ធិស្របច្បាប់ដែលផ្តល់ដោយរដ្ឋបាលកណ្តាល​នោះទេ។

ស្រដៀងគ្នានេះដែរ ក្នុងវិស័យសុខាភិបាល សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ដែល​​បង្កើតឡើង​​ដោយ​ លោក ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី ដោយបច្ចុប្បន្នមានលោកស្រី ពេជ ចន្ទមុន្នី ជាប្រធាន​​ក្រុមប្រឹក្សាភិបាល បានដើរតួនាទីយ៉ាងសកម្ម ក្នុងការផ្តល់សេវាព្យាបាលដោយឥតគិត​ថ្លៃនៅតាមមូលដ្ឋាន ដោយ​យន្ត​ការនេះ​ ត្រូវបានប្រើប្រាស់ដើម្បីបិទបាំង និងជំនួសឱ្យតម្រូវការនៃការធ្វើកំណែ​ទម្រង់វិស័យសុខាភិ​បាល​​សាធារណៈ ដែល​​កំពុង​ខ្វះ​ខាត​ថវិកា គ្រូពេទ្យ និងសម្ភារបរិក្ខារទំនើបៗ។

នៅក្នុងប្រព័ន្ធអប់រំ យន្តការសមាគមអាហារូបករណ៍សិស្ស-និស្សិតក្រីក្រសម្តេចតេជោ ហ៊ុន សែន និងសម្តេច​កិត្តិ​ព្រឹទ្ធ​​​បណ្ឌិត ដែលដឹកនាំដោយលោក ហ៊ុន ម៉ាណែត ផ្ទាល់ ត្រូវបានបង្កើតឡើងយ៉ាងព្រោងព្រាត ដើម្បី​ផ្តល់ឱកាសសិក្សា​ដល់សិស្សានុសិស្ស ដែលនេះជាការបង្កើតភាពជំពាក់គុណផ្នែកបញ្ញវន្ត និងជំនួសឱ្យ​​ការកសាងប្រព័ន្ធអប់រំរដ្ឋមួយ​ដែលមានសមធម៌ និងគុណភាពសម្រាប់ទាំងអស់គ្នា។

ដោយឡែក នៅក្នុងវិស័យការពារជាតិ និងសន្តិសុខ ការពង្រឹងបញ្ជាការដ្ឋានកងអង្គរក្ស ដែលបង្កើតឡើងដោយលោក ហ៊ុន សែន និងដឹកនាំដោយលោក ហ៊ីង ប៊ុនហៀង មានកម្លាំង និងសម្ភារយោធាទំនើបៗលើស​លប់ គឺជាការការពារអំណាចផ្ទាល់ខ្លួនរបស់គ្រួសារត្រកូល ហ៊ុន ជាជាងការធ្វើកំណែទម្រង់ស្ថាប័នការពារជាតិ ឬកងយោធពលខេមរភូមិន្ទ ឱ្យទៅជាកងទ័ពជាតិពិតប្រាកដ។

រចនាសម្ព័ន្ធនេះ ត្រូវបានគាំទ្រដោយយន្តការសង្គម ដូចជា សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ដែលដើម​ឡើយ​ជាសមាគមយុវជនសង្គ្រោះជាតិកម្ពុជា បង្កើតឡើងដោយឥស្សរជនជំនាន់មុនរបស់បក្ស ហើយបច្ចុប្បន្នត្រូវបានដឹកនាំដោយលោក ហ៊ុន ម៉ានី ដែលបានបញ្ច្រៀបខ្លួនចូលទៅគ្រប់សរសៃឈាម​នៃ​សង្គម ទាំងនៅក្នុងវិស័យសាធារណៈ ក្រសួងស្ថាប័នរដ្ឋ និងវិស័យឯកជន រួមទាំងការគ្រប់គ្រងសមាគម​កាយឫទ្ធិកម្ពុជា ដែលមានលោកស្រី ពេជ ចន្ទមុន្នី ជាអគ្គស្នងការ ដើម្បីធានាថាការស្មោះត្រង់ចំពោះត្រកូល ហ៊ុន ត្រូវបានបណ្តុះតាំងពីកម្រិតយុវវ័យ។

មូលហេតុចម្បងដែលរបបដឹកនាំជ្រើសរើសយកការបង្កើត «វប្បធម៌ដឹងគុណ» និងយន្តការស្របគ្នានឹងរដ្ឋបាល​ផ្លូវការទាំងនេះ ជាជាងការធ្វើកំណែទម្រង់ស្ថាប័នរដ្ឋ គឺដោយសារតែផលប្រយោជន៍នយោបាយផ្ទៃក្នុង​បក្ស និងការរក្សាអំណាចផ្តាច់មុខរបស់ត្រកូល ហ៊ុន។

ការធ្វើកំណែទម្រង់ស្ថាប័នសាធារណៈឱ្យមានភាពរឹងមាំ ម៉ត់ចត់ និងមានតម្លាភាព មិនត្រឹមតែត្រូវចំណាយថវិកា​រដ្ឋ​យ៉ាងច្រើនសន្ធឹកសន្ធាប់ និងប្រើប្រាស់ពេលវេលាយូរអង្វែងប៉ុណ្ណោះទេ ប៉ុន្តែវានឹងបង្កើតឱ្យមានប្រព័ន្ធ​ច្បាប់ និង​ស្ថាប័ន​មួយដែលមានលក្ខណៈជាសកល។

នៅក្នុងប្រព័ន្ធស្ថាប័នដែលមានលក្ខណៈជាសកល និងរឹងមាំ ឱកាស និងអំណាចនឹងត្រូវបែងចែក​ទៅ​តាម​សមត្ថ​ភាព និង​ឋានានុក្រមផ្លូវការ ដែលកត្តានេះអាចបើកផ្លូវឱ្យគ្រួសារអ្នកមានអំណាច និងឥស្សរជនជាន់ខ្ពស់​ដទៃ​ទៀត​​នៅក្នុងគណបក្សប្រជាជនកម្ពុជា ដែលមានខ្នងបង្អែកសេដ្ឋកិច្ច និងនយោបាយខ្លាំងក្លាដែរនោះ អាច​ឡើង​មក​ប្រកួត​ប្រជែង ឬគ្រប់គ្រងស្ថាប័នទាំងនោះបាន។

ដូច្នេះ ការរក្សាស្ថាប័នរដ្ឋឱ្យស្ថិតក្នុងស្ថានភាពទន់ខ្សោយ ហើយជំនួសមកវិញនូវយន្តការសប្បុរសធម៌ផ្ទាល់ខ្លួន គឺជាការទប់ស្កាត់មិនឱ្យឥស្សរជនដទៃក្នុងបក្សអាចប្រើប្រាស់ស្ថាប័នរដ្ឋ ដើម្បីពង្រីកឥទ្ធិពលរបស់ពួកគេ​ឡើយ ដោយធានាថាគ្រប់ខ្សែបណ្តាញអំណាច និងសេចក្តីសម្រេចចិត្តចុងក្រោយត្រូវតែឆ្លងកាត់ និងស្ថិត​នៅក្រោមការគ្រប់គ្រងរបស់ត្រកូល ហ៊ុន តែមួយគត់។

ដើម្បីទ្រទ្រង់ដល់យន្តការស្របតាមការចង់បានរបស់ លោក ហ៊ុន សែន និង​ការ​បង្កើត​វប្ប​ធម៌​ដឹង​គុណ​ដ៏​ធំ​ធេង​នេះ ប្រភព​ថវិកា និង​ហិរញ្ញ​វត្ថុ​ដើរ​តួ​ជា​សរសៃ​ឈាម​ដ៏​សំខាន់​បំផុត។

ប្រព័ន្ធនេះ មិនបានពឹងផ្អែកតែលើថវិការដ្ឋ​ដែល​ត្រូវ​បាន​បង្វែរ​ចេញ​ពី​ក្រសួង​ពាក់​ព័ន្ធ តាម​រយៈ​គម្រោង​ផ្សេង​ៗ​នោះ​ទេ ប៉ុន្តែ​វា​បាន​ប្រើ​ប្រាស់​ថវិកា​របស់​កាក​បាទ​ក្រហម​កម្ពុជា ដែល​ជា​ស្ថាប័ន​មនុស្ស​ធម៌​រដ្ឋ ប៉ុន្តែ​ត្រូវ​បាន​គ្រប់​គ្រង និង​ដឹក​នាំ​ដោយ​លោក​ស្រី ប៊ុន រ៉ានី។

ទន្ទឹមនេះ ប្រភពថវិកាដ៏សំខាន់មួយទៀត បានមកពីការបរិច្ចាគពីសប្បុរស​ជន និង​ក្រុម​ឧកញ៉ា​ដែល​ស្វែង​រក​កិច្ច​ការ​ពារ​នយោ​បាយ​សម្រាប់​អាជីវ​កម្ម​របស់​ពួក​គេ។

អ្វីដែលគួរឱ្យព្រួយបារម្ភ និងជាចំណុចខ្សោយខាងសីលធម៌ដ៏ធ្ងន់​ធ្ងរ​នៃ​ប្រព័ន្ធ​ហិរញ្ញ​វត្ថុ​នេះ គឺ​ការ​ហូរ​ចូល​នៃ​ប្រភព​ថវិកា​ដែល​គ្មាន​ការ​ត្រួត​ពិនិត្យ និង​គ្មាន​តម្លា​ភាព ករណីនេះត្រូវបានលើកឡើងក្នុងសក្ខីកម្មផ្លូវការរបស់​សាស្ត្រា​ចារ្យ​ Jacob Sims ដែលជាអ្នកស្រាវជ្រាវជាន់ខ្ពស់នៅមជ្ឈមណ្ឌលអាស៊ីនៃសាកលវិទ្យាល័យ Harvard នៅក្នុងសវនាការរបស់​គណៈកម្មាធិការជ្រើសរើសនៃសភា​តំណាងរាស្ត្រសហរដ្ឋអាមេរិក កាលពីថ្ងៃទី​១៩ ខែ​ឧសភា ឆ្នាំ​២០២៦។

របាយការណ៍ទាំងនោះ បានបង្ហាញថា ថវិកាមួយផ្នែកធំដែល​ហូរចូលទៅក្នុងមូល​និធិ​សប្បុរស​ធម៌ និងការបរិច្ចាគ​នយោបាយ​​នៅកម្ពុជា បានមកពីលុយកខ្វក់របស់អ្នករកស៊ីទុច្ចរិត និងឧក្រិដ្ឋជនឆបោកតាមប្រព័ន្ធអនឡាញ ដែល​ប្រើប្រាស់ការបរិច្ចាគទាំងនេះដើម្បីទិញភាពស្របច្បាប់ និងស្វែងរកខ្នងបង្អែកនយោបាយពី​មេដឹកនាំជាន់ខ្ពស់។

ការរួមផ្សំគ្នារវាងថវិការដ្ឋ ថវិកាមនុស្សធម៌បង្វែរទិស និងលុយពីសេដ្ឋកិច្ចក្រៅ​ច្បាប់ បាន​បង្កើត​ជា​គ្រឹះ​ហិរញ្ញ​វត្ថុ​ដ៏​រឹង​មាំ​សម្រាប់​ទ្រទ្រង់​យុទ្ធ​នា​ការ​បង្កើត​ភាព​ជំពាក់​គុណ។

ប្រជាពលរដ្ឋដែលទទួលបានអត្ថប្រយោជន៍ពីសេវាទាំងនេះ មិនបានដឹងអំពីប្រភពដើមនៃថវិកា ឬផល​​ប៉ះពាល់​រយៈពេលវែងនៃការបំផ្លាញស្ថាប័នរដ្ឋនោះទេ ពួកគេគ្រាន់តែដឹង​ថា ខ្លួនត្រូវតែបង្ហាញសេចក្តីស្មោះត្រង់ និង​ការដឹងគុណតាមរយៈការបោះ​ឆ្នោតគាំទ្របក្សកាន់អំណាច ដើម្បីរក្សាបាននូវស្ថិរភាព និងជំនួយសប្បុរស​​ធម៌ទាំងនេះជាបន្តទៀត។

នេះជាយុទ្ធសាស្ត្របំប្លែងពលរដ្ឋពីម្ចាស់អំណាច និងជាអ្នកទាមទារសេវា​សា​ធារណៈ ឱ្យ​ទៅ​ជា​អ្នក​សុំទាន​នយោ​បាយ​ដែល​​រស់​​រំពឹង​​លើ​សេចក្តី​មេត្តា​ពី​រប​ប​ផ្តាច់​ការ។

ជារួមមក យុទ្ធសាស្ត្របង្កើត «វប្បធម៌ដឹងគុណ» ដែលបានវិវត្តពីទម្រង់រូបវន្តនៃការដាក់ឈ្មោះក្នុងសម័យលោក ហ៊ុន សែន មកជាទម្រង់ស្ថាប័នដែលរៀបចំឡើងជាបណ្តាញស្របគ្នានឹងរដ្ឋ និងក្រុមការងារស្ម័គ្រចិត្ត​នៅក្នុងសម័យលោក ហ៊ុន ម៉ាណែត គឺជាផែនការនយោបាយដ៏មានឥទ្ធិពលក្នុងការថែរក្សា និងពង្រឹងអំណាច​គ្រួសារត្រកូល ហ៊ុន។

ការបដិសេធ មិនធ្វើកំណែទម្រង់ស្ថាប័នសាធារណៈឱ្យមានភាពឯករាជ្យ មិនមែនជាការខ្វះសមត្ថភាពបច្ចេក​​​ទេស ឬ​​ខ្វះធនធាននោះទេ ប៉ុន្តែវាជាជម្រើសនយោបាយដែលមានចេតនា ដើម្បីការពារផលប្រយោជន៍ និងទប់ស្កាត់ការឡើងមកប្រកួតប្រជែងរបស់ក្រុមគ្រួសារអ្នកមានអំណាចដទៃទៀត​នៅក្នុងបក្ស។

ដរាបណាស្ថាប័នរដ្ឋនៅតែបន្តទន់ខ្សោយ ហើយសេវាសាធារណៈនៅតែត្រូវបានផ្តល់ឱ្យក្រោមស្លាកសញ្ញានៃ​សេចក្តីសប្បុរស​ផ្ទាល់ខ្លួនរបស់គ្រួសារអ្នកកាន់អំណាចនោះ វប្បធម៌ដឹងគុណនឹងនៅតែបន្តដើរតួជាច្រវាក់​នយោបាយ​​​ដែល​ចង​ភ្ជាប់វាសនារបស់ប្រជាពលរដ្ឋ និងប្រទេសកម្ពុជាទាំងមូលឱ្យស្ថិតនៅក្រោមការត្រួតត្រា​របស់ត្រកូលតែមួយជាដរាប​រៀង​ទៅ។

ដូច្នេះ ដើម្បីរំដោះខ្លួនចេញពីនឹមនៃ «វប្បធម៌ដឹងគុណ» និងការចំណុះផ្នែកនយោបាយ ពលរដ្ឋកម្ពុជាត្រូវផ្លាស់​ប្តូរផ្នត់គំនិតពីអ្នកទទួលទានសប្បុរសធម៌ មកជា «ម្ចាស់អំណាចពិតប្រាកដ» តាមរយៈការបង្កើនការយល់ដឹងអំពីសិទ្ធិមូលដ្ឋាន និងកាតព្វកិច្ចរដ្ឋបាល ដែលចែងថា សេវាសាធារណៈ ហេដ្ឋារចនាសម្ព័ន្ធ និងឱកាសផ្សេងៗ គឺជាកាតព្វ​កិច្ចស្របច្បាប់របស់រដ្ឋដែលបានមកពីប្រាក់ពន្ធរបស់ពួកគេ មិនមែនជាអំណោយផ្ទាល់ខ្លួនរបស់បុគ្គលណាម្នាក់​នោះ​ទេ។

ស្របពេលជាមួយគ្នានេះ ពលរដ្ឋគ្រប់រូប ជាពិសេសយុវជន គប្បីចូលរួមគាំទ្រ និងទាមទារឱ្យមានតម្លាភាពក្នុង​ការគ្រប់គ្រងថវិកាជាតិ ពង្រឹងយន្តការដោះស្រាយបញ្ហាតាមរយៈស្ថាប័នរដ្ឋផ្លូវការនៅកម្រិតមូលដ្ឋាន ជាជាង​ការរំពឹង​លើ​​ប្រព័ន្ធខ្សែរយៈ បង្កើនការចូលរួមក្នុងសកម្មភាពសង្គមស៊ីវិលឯករាជ្យ និងប្រើប្រាស់សិទ្ធិបោះឆ្នោតដោយសេរី មនសិការ និងភាពហ្មត់ចត់ ដើម្បីជំរុញឱ្យមានកំណែទម្រង់ស្ថាប័នសាធារណៈពិតប្រាកដ ដែលធានាបាននូវការបម្រើ​សេវាកម្មប្រកបដោយសមធម៌ យុត្តិធម៌ និងសមត្ថភាព ដោយគ្មានការរើសអើងនិន្នាការនយោបាយ ឬការជំពាក់គុណតត្រកូលណាមួយឡើយ៕

ដោយ លោក សុក្រឹត ពុទ្ធិ

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ