សំឡេងតំណាងពលរដ្ឋ៖ «សូមជំរាបអញ្ចេះ រឿងទៅខេត្តខ្ញុំទៅអស់ហើយ។ ខេត្តកណ្តាលពូហេះ? ខេត្តកណ្តាល ហើយសុំជួបតែចៅហ្វាយខេត្ត តែកន្លះម៉ោង អត់បានផង ចឹងបានថាខាងឯកឧត្តមថាឱ្យខ្ញុំទៅទៀត គឺខ្ញុំអត់ទៅទេ ព្រោះអញ្ចេះ គោលនយោបាយគេគឺគិតគូរតាមណុង គេអត់ដោះស្រាយទេ ហើយខ្ញុំដើររហូតមកដល់នេះ ថាចង់ជួបសម្តេច[ហ៊ុន សែន]ផ្ទាល់ ឥលូវសម្រេចថាម៉េច ថាឱ្យកូនចៅជួប សុំជួបតែបន្តិចទេៗ…»។
ក្រុមតំណាងប្រជាពលរដ្ឋនៅសហគមន៍កោះមាសចំនួន ១៦៨គ្រួសារ ក្នុងស្រុកកៀនស្វាយ ខេត្តកណ្តាល នៅថ្ងៃចន្ទនេះ បាននាំគ្នាទៅដាក់ញត្តិនៅផ្ទះប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន ស្នើសុំឱ្យជួយអន្តរាគមន៍បញ្ហាវិវាទដីធ្លីជាមួយក្រុមហ៊ុនរបស់ឧកញ៉ា ឃុន សៀ ក្រោយពីពួកគេបានដាក់ញត្តិសុំអន្តរាគមន៍ឱ្យមានការដោះស្រាយតាំងពីថ្នាក់រដ្ឋបាលស្រុក រហូតដល់ក្រសួងស្ថាប័នថ្នាក់ជាតិ នៅពុំទាន់មានការឆ្លើយតបជាវិជ្ជមាន។
ប្រជាពលរដ្ឋរស់នៅសហគមន៍កោះមាស លោក កក់ វ៉េត បានឱ្យដឹងថា ការដែលពួកគាត់នាំគ្នាបន្តទៅដាក់ញត្តិ និងសុំកិច្ចអន្តរាគមន៍នៅផ្ទះលោក ហ៊ុន សែន នៅក្រុងតាខ្មៅ ខេត្តកណ្តាល នេះ ដោយសារតែពួកគាត់មានក្តីបារម្ភខ្លាចក្រុមហ៊ុន ឃុន សៀ អ៊ឹមផត អិចផត ធ្វើការឈូសឆាយដីលំនៅដ្ឋាន និងដីអាស្រ័យផលរបស់ពួកគាត់ ដោយសារតែរដ្ឋាភិបាល បានចេញ សជណ ប្រគល់ដីដែលពួកគាត់ធ្លាប់រស់នៅអាស្រ័យផលជាង ២០ឆ្នាំមកហើយ ទៅឱ្យក្រុមហ៊ុននេះធ្វើការអភិវឌ្ឍ។
លោកថា៖ «ខ្ញុំព្រួយបារម្ភខ្លាចគាត់ឈូសឆាយអីអញ្ចឹងដែរ ព្រោះខ្ញុំកាន់កាប់យូរដែរហើយ វាស់វែងហើយអត់ ដូចថាសុំប្លង់អត់បាន ដល់ឥលូវថា ឃុន សៀ គេធ្វើប្លង់គ្របពីលើ ខ្ញុំព្រួយបារម្ភណាស់ ខ្ញុំមិនយល់ព្រមទេ ព្រោះខ្ញុំនៅកាន់កាប់យូរហើយ ហើយបងប្អូនខ្ញុំក៏នៅតាំងពីឆ្នាំ៧៩មកដែរ ហើយដល់ពេលគាត់ទើបធ្វើវាស់ប្លង់ឆ្នាំ២០២០ គេធ្វើប្លង់គ្របពីលើពួកខ្ញុំ។ សុំឱ្យសម្តេចពុកជួយ ជួយបំភ្លឺរឿងដីប្រជាពលរដ្ឋនៅកោះមាសហ្នឹងផង ជិត២ឆ្នាំហើយអត់មានបានដំណឹងអី រុញទៅណោះ រុញទៅណេះ ប៉ុន្មានក្រសួងហើយ ប្រាំពីរប្រាំបីក្រសួងហើយ»។
យោងតាមលិខិតមួយរបស់ទីស្តីការគណៈរដ្ឋមន្ត្រី ចុះថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣ រដ្ឋាភិបាលបានអនុញ្ញាតឱ្យក្រុមហ៊ុន ឃុន សៀ អ៊ឹមផត អិចផត ទិញផ្តាច់ទីតាំងដីកោះមាសទំហំជាង ៣៤០ហិកតា (៣៤០ហិកតា ៣៨អា ០៤សង់ទីអា) ស្ថិតនៅភូមិជ្រោយអំពិល១ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ និងនៅភូមិកោះប្រាក់ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ក្នុងតម្លៃជាង ១០លានដុល្លារ (១០ ២១១ ៤១២ដុល្លារ) ជាថ្នូរក្នុងការកសាងសមិទ្ធផលជូនរដ្ឋបាលរាជធានីភ្នំពេញ និងរដ្ឋបាលខេត្តកណ្តាល។
លិខិតរបស់ទីស្តីការ បន្តថា រដ្ឋាភិបាលអនុញ្ញាតឱ្យប្រើប្រាស់ថវិកាដែលបានពីការលក់ផ្តាច់ចំនួនជាង ៥លានដុល្លារ (៥ ៤៤៥ ០៤២ដុល្លារ) ជាថ្នូរក្នុងការសាងសង់អគារគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ និងថវិកាចំនួនជាង ៤លានដុល្លារ (៤ ៧៦៦ ៣៧០ដុល្លារ) ជាថ្នូរក្នុងការស្ថាបនាច្រាំងទន្លេ និងការរៀបចំសួនច្បារក្រុងតាខ្មៅ ខេត្តកណ្តាល។ ហើយក្រុមហ៊ុនត្រូវធ្វើការដោះស្រាយគោលនយោបាយ ជូនប្រជាពលរដ្ឋកាន់កាប់អាស្រ័យផលនៅលើទីតាំងដីដោះមាសក្នុងតម្លៃចាប់ពី ៥ ទៅ ៨ដុល្លារក្នុងមួយម៉ែត្រការ៉េ។
ប្រជាពលរដ្ឋនៅសហគមន៍កោះមាសមួយរូបទៀត អ្នកស្រី វ៉ែន គន អាយុ ៧៤ឆ្នាំ បានលើកឡើងថា ការផ្តល់គោលនយោបាយដោះស្រាយត្រឹម ៥ ទៅ ៨ដុល្លារក្នុងមួយម៉ែត្រការ៉េ ជាការដោះដូរឱ្យប្រជាពលរដ្ឋចាកចេញពីតំបន់កោះមាសនេះ គឺប្រជាពលរដ្ឋមិនអាចទទួលយកបាននោះទេ។
ការណ៍នេះ អ្នកស្រីបានស្នើដល់លោក ហ៊ុន សែន និងលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ជួយអន្តរាគមន៍ផ្តល់ដំណោះស្រាយសំណងឱ្យបានសមរម្យជាងនេះ ឬទៅតាមតម្លៃទីផ្សារ ដែលអាចឱ្យពួកគាត់រកទីតាំងថ្មីសម្រាប់រស់នៅ និងប្រកបរបរចិញ្ចឹមជីវិតបាន ខណៈអ្នកស្រីថា ការរស់នៅ និងអាស្រ័យផលពីការធ្វើស្រែចម្ការនៅលើតំបន់កោះមាសនេះរាប់ឆ្នាំមកនេះ បានធ្វើឱ្យជីវភាពគ្រួសារបានធូរធារខ្លះហើយដែរ។
អ្នកស្រីថា៖ «ដោះស្រាយឱ្យគាត់ជួយគិតគូរ ដូចថា តម្លៃឱ្យបានត្រឹមត្រូវ កុំឱ្យលេងវាយ[តម្លៃ]បន្ទាបបន្ថោកគ្នាឱ្យ ៨រៀល (៨ដុល្លារ) ពួកខ្ញុំទទួលយកអត់បានទេណាក្មួយ[…] ហើយយើងរស់បានដោយស្រួល នៅលើដីហ្នឹងហើយ ដល់ពេលយក ៨រៀល ទៅទិញដីគេ ឈប់ពីហ្នឹងទៅ ឧបមាដីខ្ញុំមួយហិកតា យកទៅទិញដីគេបាន? អត់បានទេ មួយក្បាលសម្រាប់សង់ផ្ទះនៅ ប្រហែលមិនបានផង បានចេះតែពួកខ្ញុំចេះតែមក ឱ្យសម្តេចលោកជួយទៅ ឱ្យបានតម្លៃសមរម្យ ឱ្យពួកខ្ញុំអាចបានរស់បានប៉ុណ្ណឹងណាក្មួយ មិនបានអីច្រើនទេ ឱ្យបានធ្វើម៉េចឱ្យចេញពីដីកោះហ្នឹង ឱ្យបានយកបច្ច័យហ្នឹងចែកកូន ឱ្យបានយកទៅប្រកបអីផ្សេង ឱ្យបានរស់សមរម្យតែប៉ុណ្ណឹង»។
បើតាមក្រុមប្រជាពលរដ្ឋ ការផ្តល់ដីកោះមាសឱ្យក្រុមហ៊ុន ឃុន សៀ អភិវឌ្ឍន៍នេះ បានប៉ះពាល់ដល់ពលរដ្ឋចំនួន ១៦៨គ្រួសារ ដែលធ្លាប់រស់នៅ និងអាស្រ័យផលលើដីនេះប្រមាណជាង ៤០ឆ្នាំមកហើយ។
លោក ជា ធីរិទ្ធ អ្នកនាំពាក្យលោក ហ៊ុន សែន ប្រធានព្រឹទ្ធសភា មានប្រសាសន៍ថា នៅពេលទទួលបានញតិ្តរបស់ពលរដ្ឋ ខាងខុទ្ទកាល័យនឹងពិនិត្យមើលទៅលើអង្គហេតុ ហើយនិងជំរាបជូនពលរដ្ឋវិញតាមស្ថានភាពជាក់ស្តែង។
លោកថា៖ «រឿងនេះទៅតាមនីតិវិធី គឺថានៅពេលដែលពលរដ្ឋគាត់ដាក់លិខិតមកខាងខុទ្ទកាល័យ ខាងខុទ្ទកាល័យដែលជាសេនាធិការរបស់សម្តេចប្រធាន នឹងពិនិត្យមើលតាមជាក់ស្តែងថាតើអង្គហេតុ ស្ថានភាព រឿងរ៉ាវមានបញ្ហាប្រទាក់ក្រឡាយ៉ាងណា នឹងពិនិត្យមើលជាក់ស្តែង ហើយការសម្រេចយ៉ាងណា ឬក៏ជូនដំណឹងយ៉ាងណានោះ នៅពេលពិនិត្យមើលទៅលើរឿងហ្នឹងតាមករណីជាក់ស្តែង»។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត សង្កេតឃើញថា ការតវ៉ារបស់ប្រជាពលរដ្ឋនៅសហគមន៍កោះមាសនេះ បានធ្វើឡើងតាំងពីនៅថ្នាក់មូលដ្ឋាន រហូតដល់ថ្នាក់ជាតិ ប៉ុន្តែការដោះស្រាយហាក់ដូចជានៅបន្តអូសបន្លាយនៅឡើយ។
លោកបារម្ភថា ការអូសបន្លាយពេលក្នុងការដោះស្រាយនេះ អាចនឹងប៉ះពាល់ដល់ជីវភាពរបស់ប្រជាពលរដ្ឋ និងអាចឈានទៅដល់មានអំពើហិង្សា ការប្តឹងផ្តល់ និងការចោទប្រកាន់ប្រជាពលរដ្ឋទៅតុលាការ ដូចបទពិសោធន៍នៃការតវ៉ារឿងដីធ្លីនាពេលកន្លងមក។ ការណ៍នេះ លោកជំរុញឱ្យអាជ្ញាធរ និងភាគីពាក់ព័ន្ធពន្លឿនការស្វែងរកដំណោះស្រាយដោយសន្តិវិធី ដើម្បីបញ្ចប់បញ្ហានេះឱ្យបានឆាប់។
លោកថា៖ «ចឹងអ្វីដែលសំខាន់ គ្រប់ភាគីដែលពាក់ព័ន្ធ គួរតែស្វះស្វែងរកដំណោះស្រាយមួយ ដែលឈានទៅដល់ការបញ្ចប់បញ្ហាដីធ្លី ហើយឈ្នះៗទាំងអស់គ្នា ដើម្បីកុំឱ្យបញ្ហានេះអូសបន្លាយ កាលណាអូសបន្លាយ ពលរដ្ឋអាចនឹងត្រូវទទួលរងទុក្ខដោយសារតែទាក់ទងនឹងជីវភាពរស់នៅ និងបញ្ហាផ្សេងៗទៀត អីចឹងអ្វីដែលសំខាន់គឺស្វែងរកដំណោះស្រាយ ដើម្បីបញ្ចប់ដោយគោលនយោបាយឈ្នះៗទាំងអស់គ្នា នេះជារឿងមួយល្អបំផុត»។
ម្យ៉ាងទៀត លោក អំ សំអាត យល់ថា នៅពេលដែលរដ្ឋធ្វើអនុប្បយោគទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ ទៅជាឯកជនរបស់រដ្ឋ ហើយប្រគល់ទៅឱ្យក្រុមហ៊ុនណាមួយធ្វើការវិនិយោគ រដ្ឋត្រូវតែគិតគូរអំពីផលប្រយោជន៍ និងដោះស្រាយដល់ប្រជាពលរដ្ឋដែលតាំងទីលំនៅនៅតំបន់នោះជាមុនសិន ដើម្បីជៀសវាងផលប៉ះពាល់ និងបណ្តាលឱ្យពលរដ្ឋរងគ្រោះ ដូចបញ្ហាដីធ្លីដែលធ្លាប់កើតមាននាពេលកន្លងមក។
បើតាមរបាយការណ៍របស់សមាគមអាដហុក ស្តីពី ស្ថានភាពសិទ្ធិដីធ្លីឆ្នាំ២០២៥ ចេញផ្សាយកាលពីថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៦ រកឃើញថា បញ្ហាវិវាទដីធ្លីនៅកម្ពុជា នៅតែបន្តមានលក្ខណៈធ្ងន់ធ្ងរ រ៉ាំរៃ និងស្មុគស្មាញ ដែលទាមទារឱ្យមានការកែលម្អផ្នែកច្បាប់ គោរពសិទ្ធិសហគមន៍ ទប់ស្កាត់អំពើពុករលួយ និងបញ្ឈប់ការប្រើអំណាចខុសពីគោលបំណងនៃច្បាប់។
ប្រភពដដែលបន្តថា បញ្ហានេះ ក៏មានផលប៉ះពាល់ធ្ងន់ធ្ងរដល់សិទ្ធិមនុស្ស រួមមាន សិទ្ធិកម្មសិទ្ធិ សិទ្ធិលំនៅឋាន សិទ្ធិរស់នៅមានសេចក្តីថ្លៃថ្នូរ និងសិទ្ធិតវ៉ាដោយសន្តិវិធី ជាពិសេសប៉ះពាល់ដល់សិទ្ធិនិងអត្តសញ្ញាណរបស់ជនជាតិដើមភាគតិច។ ផលវិបាកនៃវិវាទដីធ្លី ក៏ប៉ះពាល់ផងដែរ ដល់សង្គម និងជីវភាពប្រជាពលរដ្ឋ ដូចជា ប៉ះពាល់បញ្ហាផ្លូវចិត្ត បញ្ហាសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋ និងការបាត់បង់ទំនុកចិត្តលើប្រព័ន្ធយុត្តិធម៌ និងនិទណ្ឌភាព។
អាដហុកបានព្រមានដែរថា «បើគ្មានវិធានការណ៍ជាក់ស្តែង វិវាទដីធ្លី នឹងបន្តបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់ស្ថិរភាពសេដ្ឋកិច្ច-សង្គម ការកើនឡើងនៃភាពក្រីក្រ ការបាត់បង់ទំនុកចិត្តលើរដ្ឋាភិបាល និងប្រព័ន្ធយុត្តិធម៌ ដែលអាចរារាំងការអភិវឌ្ឍរយៈពេលវែង»៕









