ប្រធានាធិបតី វ្លាឌីមៀ ពូទីន បានថ្លែងកាលពីថ្ងៃទី២៨ខែមិថុនាថា រុស្ស៊ីនឹងបន្តជំរុញគោលដៅវាយប្រហារនៅសមរភូមិរបស់ខ្លួន ក្នុងការគ្រប់គ្រងតំបន់ចំនួនបួនរបស់អ៊ុយក្រែនឱ្យបានទាំងស្រុង ដោយបដិសេធសំណើថ្មីរបស់អ៊ុយក្រែន ក្នុងការទប់ស្កាត់អរិភាពនៅក្នុងសង្រ្គាមដែលមានរយៈពេលជាងបួនឆ្នាំមកនេះ។
នៅក្នុងបទសម្ភាសន៍តាមទូរទស្សន៍រដ្ឋ លោក ពូទីន បាននិយាយថា អ៊ុយក្រែនបានស្នើឱ្យមានការបញ្ឈប់ការវាយប្រហាររយៈចម្ងាយឆ្ងាយទៅវិញទៅមក ប៉ុន្តែទីក្រុងម៉ូស្គូចាត់ទុកវាជាមធ្យោបាយមួយ ដើម្បីកាត់បន្ថយសម្ពាធលើកងកម្លាំងរបស់ទីក្រុងគីវប៉ុណ្ណោះ។
លោក ពូទីន បានមានប្រសាសន៍ថា៖ «វាច្បាស់ណាស់ថាហេតុអ្វីបានជាសំណើនេះ ត្រូវបានធ្វើឡើង ព្រោះការវាយប្រហារតបតរបស់យើងយ៉ាងជ្រៅទៅក្នុងទឹកដីអ៊ុយក្រែន គឺខ្លាំងជាង មានឥទ្ធិពលជាង និងនិយាយដោយត្រង់ទៅ គឺបំផ្លិចបំផ្លាញជាង។ ដោយសារតែការខ្វះខាតកម្លាំងយោធាយ៉ាងធ្ងន់ធ្ងរ កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន ហាក់ដូចជាជឿថា នេះអាចជាការសង្គ្រោះរបស់ពួកគេ ប៉ុន្តែការសង្គ្រោះរបបទីក្រុងគីវ មិនមែនជាផ្នែកនៃផែនការរបស់យើងទេ»។
ការិយាល័យរបស់ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេឡេនស្គី មិនទាន់បានឆ្លើយតបភ្លាមៗនោះទេ។ លោក ហ្សេឡេនស្គី បានសរសេរលិខិតចំហមួយច្បាប់ផ្ញើទៅកាន់ លោក ពូទីន កាលពីខែនេះ ដោយស្នើឱ្យមានជំនួបផ្ទាល់ទល់មុខគ្នា ប៉ុន្តែត្រូវបានបដិសេធ។
លោក ពូទីន បានបន្ថែមថា ការវាយប្រហាររបស់អ៊ុយក្រែនគឺ «មានបំណងបង្វែរការយកចិត្តទុកដាក់ និងកងកម្លាំងរបស់យើង ពីការសម្រេចបាននូវគោលដៅចម្ងាយឆ្ងាយ គឺការរំដោះតំបន់ Donbas និង Novorossiya ទាំងស្រុង»។
ចំពោះយុទ្ធនាការដ្រូនរបស់អ៊ុយក្រែន លោក ពូទីន និយាយថា៖ «ភារកិច្ចដំបូង គឺត្រូវបង្កើនផលិតកម្មនៃប្រព័ន្ធការពារដែនអាកាសទាំងនោះដែលត្រូវការបំផុតឱ្យបានលឿន និងគួរឱ្យកត់សម្គាល់»។ ប៉ុន្តែលោកបានបញ្ជាក់ថា៖ «រាល់ការវាយប្រហារទាំងអស់… គឺដាច់ខាតមិនប៉ះពាល់ដល់ស្ថានភាពនៅលើសមរភូមិ នៃខ្សែត្រៀមប្រយុទ្ធនោះឡើយ»។
លោក ពូទីន បាននិយាយថា រុស្ស៊ីកំពុងរំពឹងថា នឹងមានការបន្តកិច្ចខិតខំប្រឹងប្រែងការទូតដែលដឹកនាំដោយសហរដ្ឋអាមេរិក នៅពេលដែលជម្លោះជាមួយអ៊ីរ៉ង់ត្រូវបានដោះស្រាយ។ លោកហាក់ដូចជាយល់ស្របនឹងការអត្ថាធិប្បាយកាលពីសប្តាហ៍មុនរបស់រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio ដែលថា មិនទាន់មានកិច្ចព្រមព្រៀងផ្លូវការណាមួយនៅក្នុងកិច្ចពិភាក្សារបស់លោក ពូទីន នៅរដ្ឋអាឡាស្កាកាលពីឆ្នាំមុន ជាមួយលោក ដូណាល់ ត្រាំ នោះទេ។
លោក ពូទីន បានមានប្រសាសន៍ថា៖ «គ្មាននរណាម្នាក់ចុះហត្ថលេខាលើអ្វីនោះទេ ប៉ុន្តែយើងបាននិយាយអំពីលទ្ធភាពជាក់លាក់មួយចំនួនសម្រាប់ការបញ្ចប់ជម្លោះនៅក្នុងប្រទេសអ៊ុយក្រែន»។
លោក ពូទីន ក៏បានលើកឡើងផងដែរថា ប្រធានាធិបតីបេឡារុស្ស លោក Alexander Lukashenko ដែលលោកបានជួបពិភាក្សាការងាររយៈពេលពីរថ្ងៃនៅសប្តាហ៍នេះ អាចជួយដល់ការចរចាសន្តិភាពបាន ទោះបីជាបេឡារុស្ស បានប្តេជ្ញាថានឹងមិនបញ្ជូនកងកម្លាំងណាមួយទៅចូលរួមក្នុងការប្រយុទ្ធក៏ដោយ៕









