អ្នករងគ្រោះនៅក្រុមហ៊ុន ហួយ វ័ន របស់លោក ហ៊ុន តូ ដែលភាគច្រើនជាជនជាតិចិន បានព្រមានថា ពួកគេនឹងទៅប្រមូលផ្តុំគ្នាតវ៉ានៅមុខស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ដើម្បីស្វែងរកសម្ពាធឱ្យមេឧក្រិដ្ឋជនសងលុយវិញ បើស្ថានទូតចិន និងរដ្ឋាភិបាលកម្ពុជា មិនពន្លឿនវិធានឱ្យក្រុមហ៊ុននេះសងលុយពួកគេ ១៣០០នាក់ ឱ្យបានឆាប់ទេនោះ។
ពលរដ្ឋរងគ្រោះម្នាក់ ថ្លែងប្រាប់វីអូឌីនៅថ្ងៃទី២៩ ខែមិថុនា ដោយសុំលាក់អត្តសញ្ញាណថា មានពលរដ្ឋរងគ្រោះជាពលរដ្ឋខ្មែរប្រមាណ ៦០នាក់ និងជនជាតិមួយចំនួនផង គ្រោងដាក់សំណើសុំអន្តរាគមន៍ពីស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា នៅសប្ដាហ៍នេះ ដើម្បីស្វែងរកសម្ពាធឱ្យមានការដោះស្រាយសងប្រាក់ត្រឡប់ដល់ពួកគេវិញ។
ប្រភពនេះបន្តថា កាលពីសប្ដាហ៍មុន ពួកគេជាពលរដ្ឋខ្មែរបានខំប្រជ្រៀតចូលផ្ដិតមេដៃជាមួយជនជាតិចិន នៅស្ថានទូតចិន ប៉ុន្តែលិខិតស្នើរបស់ពួកគេត្រូវបានមន្ត្រីចិនបដិសេធ។ ប៉ុន្តែមានជនជាតិចិនជាជនរងគ្រោះដូចគ្នា បានភ្ជាប់សំណើរបស់ពលរដ្ឋទៅជាមួយ។
ពលរដ្ឋខ្មែររូបនោះ និយាយថា៖ «ខាងទូតចិន គេអត់ជួយប្រជាជនខ្មែរទេ។ ទាំងអ្នកដែលឆបោកហ្នឹង គឺជាជនជាតិចិន ឆបោកលើប្រជាជនខ្មែរដែរ។ មិនមែនមានតែជនជាតិចិនដែលត្រូវគេឆបោកទេ។ ពួកខ្ញុំព្យាយាមដាក់ឯកសារទៅខាងទូតចិន ប៉ុន្តែទូតចិនគឺបានច្រានចោលសម្រាប់ឈ្មោះជនជាតិខ្មែរ។ ប៉ុន្តែចៃដន្យ ក៏មានជនជាតិចិនដែលគាត់ជាតំណាងគាត់ចិត្តល្អដែរ គាត់យកឈ្មោះពួកខ្ញុំហ្នឹង ដាក់ទ្រព្យពីក្រោម។ ខាងទូតចិនគេអត់ទទួលណាត់របស់ជនជាតិខ្មែរយើងអញ្ចឹង មានន័យថា គឺពួកខ្ញុំគឺអស់សង្ឃឹមចំពោះទូតចិនខ្លាំងមែនទែន ដែលគាត់ធ្វើអញ្ចឹងមកលើប្រជាជនខ្មែរ ព្រោះអ្នកដែលឆបោកពួកខ្ញុំហ្នឹង គឺជាជនជាតិចិន អញ្ចឹងគាត់ត្រូវតែទទួលណាត់របស់ពួកខ្ញុំដូចគ្នាដែរ រឿងអីដែលគាត់ទទួលតែប្រជាជនគាត់?»។
អតិថិជនជាស្ត្រីរូបនេះ អះអាងថា ខ្លួនសល់លុយក្នុងក្រុមហ៊ុនហួយវ័ន ជិត ៧ពាន់ដុល្លារទៀត ដែលបានពីការធ្វើការងារជាមួយជនជាតិចិន ដោយកម្លាំងញើសឈាមរបស់ខ្លួនពិតប្រាកដ។ លើសពីនេះ អ្នកស្រីស្នើយ៉ាងទទូចដល់ធនាគារជាតិនៃកម្ពុជា ត្រូវបង្ហាញរបាយការណ៍លម្អិតដែលខ្លួនបានអះអាងថា បានជម្រះបញ្ជីរួចជាមួយក្រុមហ៊ុនឯកជនដល់ជនរងគ្រោះ ព្រមទាំងត្រូវទទួលខុសត្រូវចំពោះកិច្ចការដែលខ្លួនឆកល្វែងចេញសេចក្ដីប្រកាសរឿងដកអាជ្ញាប័ណ្ណរបស់ក្រុមហ៊ុន ហួយវ័ន កាលពីឆ្នាំ២០២៤ជាដើម។
វីអូឌី មិនអាចសុំការឆ្លើយតបនឹងបញ្ហានេះ ពីអគ្គទេសាភិបាលធនាគារជាតិកម្ពុជា លោកស្រី ជា សិរី បានទេនៅថ្ងៃទី២៩ ខែមិថុនា។
ចំណែក អតិថិជនរងគ្រោះម្នាក់ដែលជាជនជាតិចិន បានប្រាប់វីអូឌីក្នុងលក្ខខណ្ឌលាក់ឈ្មោះថា លោកក៏លែងសូវមានសង្ឃឹមចំពោះស្ថានទូតចិនរបស់ខ្លួនដែរ ហើយលោកថា នឹងចូលរួមដាក់ញត្តិជាមួយពលរដ្ឋខ្មែរផ្សេងទៀតនៅតាមបណ្ដាទូតនានានៅភ្នំពេញ ដើម្បីអន្តរាគមន៍ដោះស្រាយឱ្យខ្លួន។ លោកបន្តថា រាល់ថ្ងៃលោកនិងគ្រួសារកំពុងជួបបញ្ហាផ្លូវចិត្តធ្ងន់ធ្ងរ ដោយសារលោក និងភរិយាត្រូវក្រុមហ៊ុនបង្កកលុយជិត ៦០ម៉ឺនដុល្លារ ដែលបានពីការសន្សំ តាមរយៈការធ្វើការងារនៅស្រុកខ្មែរ ក្នុងវិស័យរោងចក្រកាត់ដេរជាង ១៩ឆ្នាំ។
អតិថិជនរងគ្រោះដោយសារក្រុមហ៊ុន ហួយ វ័ន ដែលមាន លោក ហ៊ុន តូ ជាសហប្រធាន បានចេញតវ៉ាជាច្រើនលើកមកហើយ ទាំងនៅធនាគារជាតិនៃកម្ពុជា និងស្ថានទូតចិន។ ប៉ុន្តែ ការតវ៉ាទាមទាររបស់ពួកគេ ពុំត្រូវបានដោះស្រាយឡើយ ក្រៅពីការប្រើហិង្សាបង្ក្រាបលើជនជាតិចិនឱ្យរបួសធ្ងន់ និងចាប់ពលរដ្ឋដែលជាជនរងគ្រោះ ២នាក់ដាក់ពន្ធនាគារ និងបន្តគំរាមចាត់ការលើពលរដ្ឋរងគ្រោះណា ដែលហ៊ានចេញតវ៉ាបិទផ្លូវសាធារណៈជាដើម។
ជុំវិញករណីនេះ អ្នកនាំពាក្យគណបក្សប្រជាធិបតេយ្យជឿនលឿន លោក ប៉ោ មករា ដែលតាមដានស្ថានភាពសង្គម យល់ឃើញថា រដ្ឋាភិបាលហាក់យឺតយ៉ាវដោះស្រាយបញ្ហាក្រុមហ៊ុន ហួយ វ័ន ផេ នេះ និងកំពុងបង្កឱ្យក្លាយទៅជាគំរូមិនល្អក្នុងស្ថានភាពបច្ចុប្បន្ន។ លោកចាត់ទុកការមិនអើពើរបស់ស្ថាប័នពាក់ព័ន្ធ បានធ្វើជនរងគ្រោះបាត់បង់នូវទំនុកចិត្ត ចំពោះអាជ្ញាធរដែលមិនអាចដោះស្រាយបញ្ហារបស់គេ ឱ្យមានប្រសិទ្ធភាពជាដើម។
លោក ប៉ោ មករា ថ្លែងថា៖ «អញ្ចឹងភាពដែលយឺតយ៉ាវ ភាពដែលអសកម្មពាក់ព័ន្ធនឹងដំណោះស្រាយហ្នឹង វា មិនមែនមានតែសម្រាប់អ្នកដែលមានបញ្ហា ទៅលើការដាក់លុយនៅលើធនាគារទេ ប៉ុន្តែយើងមានបញ្ហាជាច្រើនទៀត ដែលកំពុងតែជួបប្រទះស្រដៀង ស្រដៀងគ្នាអញ្ចឹងណា ដូចជាករណីបញ្ហាបណ្តឹងដីធ្លី ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធអនឡាញ ស្កេម (scam) ជាដើម ហើយមួយទៀត យើងឃើញថា បញ្ហាកាដែលបុរី ដែលមិនបានកសាងលំនៅឋាន ឬក៏ដីឡូតិ៍របស់គាត់ហ្នឹង ឱ្យអតិថិជនរបស់គាត់ដែរណា គឺវាពាក់ព័ន្ធទៅនឹងបញ្ហាឧកញ៉ាមួយចំនួនហ្នឹង»។
រឿងអាស្រូវរបស់ក្រុមហ៊ុន ហួយវ័ន ផេ (Huione Pay) ដែលពាក់ព័ន្ធនឹងលោក ហ៊ុន តូ គឺជាករណីលាងលុយកខ្វក់កម្រិតអន្តរជាតិ។ អ្នករងគ្រោះទាំងខ្មែរ ចិន និងវៀតណាម បានចេញតវ៉ាយ៉ាងខ្លាំងក្លា បន្ទាប់ពីក្រុមហ៊ុនបានផ្អាកសេវាដកប្រាក់ បន្ទាប់ពីក្រសួងរតនាគារសហរដ្ឋអាមេរិក បានដាក់ក្រុមហ៊ុន Huione Group ចូលក្នុងបញ្ជីខ្មៅ និងកាត់ផ្តាច់ចេញពីប្រព័ន្ធហិរញ្ញវត្ថុ។
ចំណែក ធនាគារជាតិ ក៏បានប្រកាសដកអាជ្ញាប័ណ្ណ និងធ្វើការជម្រះបញ្ជីក្រុមហ៊ុននេះ។ យ៉ាងណា ក្រុមហ៊ុននេះ បានលួចប្តូរឈ្មោះទៅជា H-Pay មុនពេលប្រឈមមុខនឹងការដកប្រាក់យ៉ាងគំហុក។
ទន្ទឹមនឹងនេះ លោក ហ៊ុន តូ ក៏ចេញមុខបដិសេធលែងពាក់ព័ន្ធថែមទៀត ទោះលោកទទួលស្គាល់ថា មានភាគហ៊ុន ៣០ភាគរយ ក្នុងក្រុមហ៊ុន Huione Pay តាំងពីឆ្នាំ២០២០ ក៏ដោយ។
ចំណែក មន្ត្រីបក្សប្រឆាំង និងអ្នកឃ្លាំមើល ធ្លាប់អះអាងថា អតិថិជនហួយវ័ន នឹងមិនទទួលបានលុយរបស់ខ្លួនវិញ តាមរយៈប្រព័ន្ធច្បាប់នៅកម្ពុជាឡើយ បើគ្មានសម្ពាធពីអន្តរជាតិ និងការស៊ើបអង្កេតពីស្ថាប័នឃ្លាំមើលហិរញ្ញវត្ថុពិភពលោក ឬចាប់ខ្លួនលោក ហ៊ុន តូ ឱ្យមកទទួលខុសត្រូវទេនោះ៕








