ជន​ជាតិ​ដើម​ភាគ​តិច​ផ្ទុះ​ការ​តវ៉ា​នឹង​លោក សុខ ទូច ថា​ប្តឹង​អ្នក​ភូមិ​ម្នាក់​រឿង​បទ​ល្មើស​ព្រៃ​ឈើ​ខុស​ការ​ពិត

ជន​ជាតិ​​ដើម​​ភាគ​​តិច​កួយ អះ​អាង​នៅ​ថ្ងៃ​អង្គារ​នេះ​មក​ថា ពួក​គេ​​ជិត ១០០ នាក់ បាន​នាំ​​​គ្នា​​តវ៉ា​​​នៅ​ខាង​មុខ​សាលាដំ​​បូង​​ខេត្ត​ព្រះ​វិហារ ដោយ​មិន​​ពេ​ញ​​ចិត្ត​​នឹង​​ចំណាត់​ការ​របស់​​ប្រធាន​​រាជ​​បណ្ឌិត​​សភា​​កម្ពុជា របស់​រដ្ឋាភិ​បាល គឺ ​លោក បណ្ឌិត សុខ ទូច ប្តឹង​​អ្នក​ភូមិ​​ម្នាក់​ ទៅ​​កាន់​​តុលាការ​ ករណី​​កាប់​​រាន​ដី​​ព្រៃ​​​ក្នុ​ង​​តំបន់​​អភិរក្ស​​ឧទ្យាន​​ជាតិ​​ឫស្សី​​ត្រឹប។

អ្នកភូមិ​ថា ការ​ប្តឹង​ផ្តល់​នេះ​ លោក សុខ ទូច ហាក់​​មិន​​បាន​​ស៊ើប​​អង្កេត​​ឱ្យ​​ច្បាស់​​លាស់​​នោះ​​ទេ​ ខណៈ​​ជន​ជាតិ​​ដើម​​ភាគ​តិច​​កួយ​​មាន​​ទម្លាប់​​ធ្វើ​​កសិកម្ម​​ក្នុង​​​ព្រៃ​​អភិរក្ស​ជា​​លក្ខណៈ​​​ប្រពៃណី​​​ជា​យូរ​ឆ្នាំម​ក​ហើយ។

ជន​ជាតិ​ដើម​ភាគ​តិច​កួយ​ទាំង​នោះ រស់​នៅ​ភូមិ​ដងផ្លិត​ ឃុំ​​ឆែប​ពីរ​ ស្រុក​​ឆែប​ អំពាវ​នាវ​​ឱ្យ​​​សាលា​​ដំបូង​​ខេត្ត​​ព្រះ​វិហារ​​​ទម្លាក់​​​​បទ​​ចោទ​​ប្រកាន់​​​នេះ​ ហើយ​ត្រូវ​ស្រាវជ្រាវ​​ឱ្យ​ច្បាស់​លាស់​ករណី​នេះ ពី​ស្ថាន​ភាព​រស់​នៅ​របស់​ជនជាតិ​ដើម​​ភាគ​តិច​កួយ​ មាន​ជីវភាព​ពឹង​ផ្អែក​លើ​ធ្វើ​ស្រែ​ចម្ការ​ លក្ខណៈ​ប្រពៃណី​តាំង​ពី​បុរាណ​កាល​មក។

ជន​ជាតិ​ដើម​ភាគ​តិចកួយ​ម្នាក់ដែលធ្វើដំណើរទៅតវ៉ា នៅខាងមុខសាលាដំបូងខេត្តព្រះវិហារ ​ថ្លែង​សុំ​លាក់​ឈ្មោះ ព្រោះ​​បារម្ភ​ពី​សុវត្ថិភាព​  ប្រាប់​វីអូឌី​នៅ​ថ្ងៃ​ទី​៣០ ខែ​​មិថុនា​ថា សំណុំ​រឿង​​នេះ អយុត្តិធម៌​សម្រាប់​ពលរដ្ឋ​ក្រីក្រ​ដែល​មាន​​ទម្លាប់​ធ្វើ​ស្រែ​ចម្ការ​ចិញ្ចឹមជីវិត លក្ខណៈ​ប្រពៃណីតាំង​ពី​បុរាណ​កាល​មក។ 

លោក​ថា ដី​ចម្ការ​របស់ លោក រ៉ុន រៀង មិន​​ដល់​មួយ​ហិកតា​​នោះ​​ទេ  ឋិត​នៅ​ចំណុច​ទួល​ឈើ​​ភ្លើង​ ក្នុង​ភូមិ​ដងផ្លិត​ ​ជា​​ដី​កេរ​​ឪពុក​​ម្តាយ​ ធ្វើ​​ស្រែ​ចម្ការ​បន្ត​ពី​ឪពុក​ជាង ២០ ឆ្នាំ​មក​ហើយ។

លោក​អំពាវនាវ​ឱ្យ​លោក សុខ ទូច ដក​ពាក្យ​បណ្តឹង​នេះ និង​ផ្តល់លទ្ធភាពឱ្យជនជាតិដើមភាគតិច​ មានសិទ្ធិធ្វើស្រែ​បែបប្រពៃណីចិញ្ចឹមជីវិត។

ពលរដ្ឋរូប​នោះ និយាយ​ថា៖ «វា​អត់​មាន​យុត្តិធម៌​សម្រាប់​ពលរដ្ឋ​បន្តិច​ទេ​ ព្រោះ​ថា​ឈូស​ឆាយ​ហ្នឹង​​គឺ​​ឈូស​ឆាយ​​ដី​​​ចន្ទី​​តែ​​ម្តង អត់​​មាន​​មាន​​ទី​ចេញ​ពី​ចម្ការ​ចំនួន​ដី​កន្លះ​ហិកតា​ហ្នឹង​ទេ»។

នៅ​ព្រឹក​ថ្ងៃ​ដដែល​នេះ អ្នកភូមិ ៣នាក់ បានចូល​ខ្លួន​មក​បំភ្លឺ​នៅ​សាលា​ដំបូង​ខេត្ត​ព្រះវិហារ​​ម្តង​​ម្នាក់ ​ដោយ​នាំ​ស្នាម​មេដៃ​​​អ្នក​ភូមិ​​ជាង ៣០០​នាក់ ដោយ​អះអាង​ថា បុរស​ឈ្មោះ រ៉ុង រៀង ​ពុំ​បាន​ប្រព្រឹត្តកំ​ហុស​កាប់​រុករាន​ដី​ព្រៃ​ដូចការ​ចោទ​​ប្រកាន់​ឡើយ។

អ្នកភូមិ​ទាំង​នោះ ​អះអាង​ថា  ដី​ដែល​​លោក សុខ ទូច ​​ប្តឹង​ផ្តល់​នោះ ឋិត​នៅ​ចំណុច​ទួល​ឈើ​ភ្លើង​ ​ក្នុង​ភូមិ​ដងផ្លិត ឃុំ​​ឆែប​​ពីរ​ ជា​​ប្រភេទ​​ដី​​ចម្ការ​​មាន​ដំណាំ​ស្វាយ​ចន្ទីរ និង​ដី​ស្រែ​ ដែល​ជនជាតិ​ដើម​ភាគតិចកួយ​ធ្វើ​កសិកម្ម​ចិញ្ចឹម​ជីវិត​​បែប​ប្រពៃណី​ត​ពី​ដូនតា។

សំឡេង​ពលរដ្ឋតវ៉ា៖ «នេះ​ជា​រូបភាព​ពលរដ្ឋ​ដែល​បាន​ឡើង​មក​តុលាការ​ ហើយ​តាម​ដីកា​របស់​លោក សុខ ទូច ដែល​​បាន​​គាត់​​ប្ដឹង​ទៅ​លើ​ពលរដ្ឋ​ធ្វើ​ចម្ការ​ស្រែ»។

កាល​ពីថ្ងៃទី​០៤ ​ខែ​ឧសភា ឆ្នាំ​២០២៦ តំណាង​​អយ្យការ​ខេត្ត​ព្រះវិហារ លោក ស្រេង វុទ្ធា បាន​ចេញ​ដីកា​កោះ​ហៅ​ជន​ជាតិ​ដើម​ភាគ​តិច​កួយ​ម្នាក់​ឈ្មោះ រ៉ុន រៀង ឱ្យ​ចូល​ខ្លួន​ឆ្លើយ​បំភ្លឺ ​ពី​បទ ឈូសឆាយ រុករាន និង​ទន្ទ្រាន​យក​ដី​ព្រៃ​ធ្វើ​ជា​កម្មសិទ្ធិ​ផ្ទាល់​ខ្លួន​ដោយ​គ្មាន​ការ​អនុញ្ញាត។

វីអូឌី ​មិន​ទាន់​អាច​ទាក់ទង​សុំការ​អធិប្បាយ​ជុំ​វិញ​រឿង​នេះ ពី​តំណាង​អយ្យការ​ខេត្ត​ព្រះវិហារ លោក ស្រេង វុទ្ធា បាន​​នៅ​​ឡើយ​​ទេ នៅ​ថ្ងៃ​ទី​៣០ ខែ​មិថុនា។ រីឯ ប្រធាន​​រាជ​​បណ្ឌិត្យ​​​សភា​កម្ពុជា លោក សុខ ទូច ក៏​​មិន​​ទាន់​​អាច​​ទាក់​​ទង​​បាន​​ដែរ គិត​​ត្រឹម​​ម៉ោង​​ផ្សាយ​​នេះ។

តែ​យ៉ាង​ណា លោក សុខ ទូច បាន​ថ្លែង​ជា​សាធារណៈ​ថ្មីៗ​នេះ​ថា ជន​ដែល​កាប់​បំផ្លាញ​ព្រៃ​អភិរក្ស​ ក្នុង​ឧទ្យានជាតិតេជោឫស្សី​ត្រឹប គឺ​មាន​តែ​ពលរដ្ឋ​រស់​នៅ​ជុំវិញ​ព្រៃ​នោះប៉ុណ្ណោះ។ លោក​ស្នើ​ឱ្យ​ក្រសួង​បរិស្ថាន​ចាត់​វិធានការ​លើ​ជន​​ដែល​បំផ្លាញ​ព្រៃ​អភិរក្ស​នេះ​។

លោក សុខ ទូច ថ្លែងថា៖ «កុំ​ជឿ អ្នក​នៅ​ជិត​ហ្នឹង​អ្នក​បំផ្លាញ វាទ​យក ប្រើ​​វេទិកា​​ហ្នឹង​ អា​មួយ​​ឈូស​​ដី​​ថ្ងៃ​​មុន ក្រសួង​​បរិស្ថាន​​ត្រូវ​​ចាត់​​ការ​​កុំ​​ឱ្យ​​មាន​​អន្តរាគមន៍​»។

ជុំវិញ​រឿង​នេះ នាយក​ប្រតិបត្តិ​អង្គការ​ពន្លក​ខ្មែរ លោក ប៉ឹក សោភ័ណ យល់​ថា សំណុំ​​រឿង​​​នេះ ​អាស្រ័យ​​ការ​​ស៊ើប​​អង្កេត​​​របស់​​តុលាការ​​ជាក់​​ស្ដែង​ ប្រសិន​​បើ​​ពលរដ្ឋ​​ចូល​កាប់​រាន​ព្រៃ​អភិរក្ស​ត្រូវ​ទទួលខុស​ត្រូវ​តាម​ច្បាប់ ក៏​ប៉ុន្តែ​ផ្ទុយ​ទៅ​​វិញ​ប្រសិន​បើ​ទីតាំង​នោះ​ ពលរដ្ឋ​អាស្រ័យផល​យូរ​ឆ្នាំ​មក​ហើយ គួរតែ​កាត់​ឆ្វៀល​ជូន​ពលរដ្ឋ​អាស្រ័យផល​បែប​ប្រពៃណីជនជាតិដើមភាគតិច។

លោក ប៉ឹក សោភ័ណ ថ្លែង​ថា៖ «ប្រសិន​បើ​ទីតាំង​ហ្នឹង​ ពលរដ្ឋ​ប្រើប្រាស់​អាស្រ័យ​ផល​យូរ​ឆ្នាំ​គួរ​ពិនិត្យ ភាព​​ជាក់​ស្ដែង​ឱ្យ​​ច្បាស់លាស់ យោង​តាម​ច្បាប់​កាត់​ឆ្វៀល​ជូន​ពួកគាត់។ តែ​ទោះ​យ៉ាង​ណា​ក៏​ដោយ លោក បណ្ឌិត សុខ ទូច ប្រធាន​រាជ​បណ្ឌិត​សភា​ ពុំ​គួរ​លើក​យក​ប្ដឹង​ផ្ដល់​ទៅ​តុលាការ​ជា​ជម្រើស គួរ​មាន​ការ​សម្រប​សម្រួល​អធ្យាស្រ័យ»។

ឧទ្យាន​រាជ​បណ្ឌិត្យ​សភា​កម្ពុជា តេជោសែន ឫស្សី​ត្រឹប ​មាន​ផ្ទៃ​ជាង ១ម៉ឺន ៤ពាន់ហិកតា (១១ ៤៣៥​ហិកតា) ឋិត​​​នៅ​ឃុំឆែប១ និងឃុំឆែប២ ស្រុកឆែប ខេត្តព្រះវិហារ។

ឧទ្យានជាតិ​នេះ ​មាន​ទីតាំង​ផ្នែក​បុរាណ​វិទ្យា ប្រវត្តិសាស្ត្រ វប្បធម៌ និង​ធម្មជាតិ​ ដែល​អ្នក​សិក្សា​ស្រាវជ្រាវ​រក​ឃើញ​ថា ជា​​តំបន់​ការពារ​បេតិកភណ្ឌ​ជាតិ បរិស្ថាន និង​ធនធាន​ជីវៈចម្រុះ​បម្រើ​ជា​ប្រយោជន៍​ពលរដ្ឋ​ក្នុង​តំបន់ និង​អាច​ទាក់​​​ទាញ​​ភ្ញៀវ​ទេសចរ។

របាយការណ៍​សិក្សា​ស្រាវជ្រាវ​របស់​រាជ​បណ្ឌិត្យ​សភា​កម្ពុជា​​ឆ្នាំ២០១៨ រក​ឃើញ​ថា ឧទ្យាន​​ជាតិ​នេះ ​មាន​ស្ថានីយ​បុរាណ ​និង​វត្ថុ​បុរាណ ​រួមមាន ទួល​សន្លុង ឬ​ទួល​ឡ​ស្លដែក​ ដែល​ជា​កន្លែង​ផលិត​ដែក​កាល​ពី​សម័យ​បុរាណ​មាន​ចំនួន ៥៤ ត្រពាំង និង​បុរាណ​វត្ថុ​មួយ​ចំនួន​ផ្សេងៗទៀត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ