មាតា​ធម្មជាតិ​រក​ឃើញ​ករណី​​​​​​កាប់​បំផ្លាញ​ព្រៃ​កោង​​កាង​​ជា​ច្រើន​ទីតាំង​​​​នៅ​តំបន់​​​ការ​​ពារ​​រ៉ាម​​សារ​​​កោះ​​កាពិ

អង្គ​ការ​​ចលនា​មាតា​ធម្ម​ជាតិ​ រក​ឃើញ​ថា មាន​ស្លាក​ស្នាម​​នៃ​កា​រ​​កាប់​​​ឆ្ការ​​បំផ្លាញ​​ព្រៃ​​​កោង​​កាង​ ជា​​ច្រើន​​ទីតាំង​​ស្ថិត​​នៅ​ក្នុង​​តំបន់​​រ៉ាម​​សារ​កោះ​កា​ពិ ក្នុង​​ភូ​មិសា​ស្ត្រ​​ខេត្ត​កោះ​​កុង ហើយចំណុច​​ខ្លះ​​​បានបំលែង​​ទៅ​​ជា​​ចំការ​​ដូង​​រួច​រាល់ ដែល​ការណ៍នេះ អង្គការ​ផ្នែក​បរិស្ថាន​មួយ​នេះ ជំរុញឱ្យ​ក្រសួង​បរិស្ថាន និង​អាជ្ញាធរ​ខេត្ត​ចាត់​​វិធានការទប់ស្កាត់​ជា​បន្ទាន់។

យោងតាមវីដេអូ​​រយៈពេល​២នាទីនិង​១៨វិនាទី​ របស់​អង្គការ​ចលនាមាតា​ធម្មជាតិ ផ្សព្វផ្សាយ​នៅ​លើ​ទំព័រ​ហ្វេស​​ប៊ុក​របស់​ខ្លួន នា​ល្ងាច​ថ្ងៃទី​២៩​ខែមិថុនា បាន​បង្ហាញ​ថា​ ក្នុង​ពេល​ថ្មី​ៗនេះ ​មាន​​ស្លាក​ស្នាម​ការ​​កាប់​​បំផ្លាញ​​​ព្រៃ​​​កោង​​កាង​​ជា​​ច្រើន​​ទីតាំង​​នៅ​ក្នុ​​ង​តំបន់​​រ៉ាម​​សារ​​កោះ​​កាពិ ដែលចំ​ណុច​ខ្លះ​មាន​ដាំ​បង្គោលបេតុង​​ច្រូង​​ច្រាង និង​​​​បាន​បំលែង​ទៅ​ជា​ចំការ​ដូង​រួច​រាល់ទៅហើយ​​។ នេះ​បើយោងតាម​​ការ​ផ្ទៀង​ផ្ទាត់​​តាមផ្កាយ​រណប ជាមួយ​នឹង​​និយាមការ​នៃ​អនុ​ក្រឹត្យ​​លេខ​ ១៧០ អ.ន.ក្រ.បក​​ ចុះថ្ងៃទី​១៧ ខែកក្កដា ឆ្នាំ​២០២៣។

ចលនាមាតាធម្មជាតិ បាន​បន្តថា ការកាប់ឆ្ការ និង​ការ​ទន្ទ្រាន​នៅ​តំបន់​ការ​ពារ​ធម្ម​ជាតិ​ ក្រោម​លេស​​ថា​​អភិវឌ្ឍន៍​ និង​ការ​វិនិ​យោគ​ វា​ពិត​ជា​រឿង​ងាយ​ដូច​បក​ចេក​ទុំ​ សម្រាប់​មន្រ្តី​គ្រាក់ៗ និង​បុគ្គល​មាន​អំណាច​ នៅ​​ក្នុង​​របប​គ្រួសារ​​និយម​​នេះ។

ប្រភពដដែល​បន្តថា ព្រៃ​កោង​កាង​មាន​​គុណស​ម្បតិ្ត​ឥត​គណនា​បាន​ ដែល​បម្រើដល់​សេដ្ឋកិច្ច​ បរិស្ថាន និង​​វប្បធម៌​​​ផង​​​ដែរ។ ការណ៍​នេះ ពួកគេ​បាន​អំពាវនាវ​ដល់​ក្រសួង​បរិស្ថាន និង​រដ្ឋបាល​ខេត្ត​កោះកុង​ ​ដែលជា​​សេធិការ​​របស់​រដ្ឋាភិបាល ចាត់វិធានាការ​សង្គ្រោះ​ព្រៃ​កោង​កាង​ជា​បន្ទាន់។​

ពួកគេ​បាន​លើកឡើង​ក្នុង​សំឡេង​ដើមក្នុងវីដេអូនោះថា៖ «ក្នុង​នាម​ជា​​ម្ចា​ស់ស​ន្លឹកឆ្នោត យើង​សុំ​ចង្អុរ​​បញ្ជា​ចំៗដល់​ក្រសួង​បរិស្ថាន និង​រដ្ឋបាល​ខេត្ត​កោះកុង​ ប្រញាប់​​ចាត់វិធានការ​ដូចខាង​ក្រោម​ ទី​១ ស៊ើប​​អង្កេត​ជា​បន្ទាន់​​នូវ​​​​ករណី​​ខាង​លើ ហើយ​វែក​មុខ​ជន​ដែល​ប្រព្រឹត្ត​​​​មក​ផ្តន្ទាទោស​តាម​ផ្លូវ​ច្បាប់ ទី២ ទប់ស្កាត់​មិន​ឱ្យ​មានការ​​កាប់បំផ្លាញ​​ព្រៃ​​កោង​​កាង​បន្ត​ទៀត ទី៣ លើក​ស្ទួយ​ជីវភាព​ប្រជា​​ពលរដ្ឋ​​នៅតំបន់​​នោះ តាមរយៈការ​នេសាទ​ស្រប​ច្បាប់ និង​​ទេស​​ចរណ៍​​ជា​ដើម។​ ប្រសិនបើបញ្ហា​​នេះ​គ្មាន​ដំណោះ​ស្រាយ​​នោះ​ទេ​​​ វាមានន័យថា រាជរដ្ឋាភិបាល​​ពិ​តជា​​គ្មានសមត្ថ​ភាព​ក្នុង​ការដោះស្រាយ​បញ្ហា​​បរិស្ថាន​នោះទេ»។

វីអូឌី មិនអាចសុំការអត្ថាធិប្បាយជុំវិញករណីនេះ ពីអ្នកនាំពាក្យ​ក្រសួង​បរិស្ថាន លោក ខ្វៃ អាទិត្យា និងប្រធានមន្ទីរបរិស្ថាន​ខេត្ត​កោះកុង លោក ហ៊ុន ម៉ារ៉ាឌី បានទេ នៅថ្ងៃទី​៣០ ខែ​មិថុនា​នេះ។

ប៉ុន្តែ​​កាលពីចុងខែកុម្ភៈ ឆ្នាំ២០២៦ ក្រសួងបរិស្ថាន បានចេញលិខិ​ត​មួយ​ដោយថ្កោល​ទោស​ និង​​​ប្រកាស​ចាត់​វិធាន​ការ​តាម​ផ្លូវ​ច្បាប់​ ចំពោះ​ជន​ដែល​ប្រព្រឹត្ត​បទ​ល្មើស​ធន​ធាន​ធម្ម​ជាតិ គប់​គិត​​គ្នា ចាក់​ដី និង​ទន្ទ្រាន​យ​ក​ដី​ព្រៃ​ក្នុង​តំបន់​ការ​ពារ​ធម្ម​ជាតិ ដោយ​គ្មាន​ការ​អនុ​ញ្ញាត។

ក្នុងលិខិត​នោះ​ ក្រសួង​ក៏បាន​លើកឡើងពីមាត្រា​មួយចំនួន​នៃ​ក្រម​បរិស្ថាន និង​ធន​ធាន​ធម្មជាតិ​​​មក​ផ្សព្វ​ផ្សាយ​​​​​ផង​ដែរ ក្នុងនោះ​ មាត្រា​៨៥០ ចែង​ថា ការគប់គិ​ត​គ្នា​ធ្វើ​សកម្ម​ភាព​ចាក់​ដី​ និង​ទន្ទ្រាន​ដី​ព្រៃ​កោង​កាង​ យក​ជា​កម្ម​សិទ្ធិ ដោយ​ពុំ​មាន​ការ​អនុ​ញ្ញាត​ពី​រដ្ឋាភិ​បាល​ ត្រូវ​ចាត់​ទុក​ថា​ជា​បទ​ល្មើស​ធន​ធាន​ធម្ម​ជាតិ​ថ្នាក់​លេខ២ ពោល​គឺ​ត្រូវ​ប្រឈម​នឹង​ការ​ផ្តន្ទា​ទោស​ដាក់​ពន្ធនា​គារ​​ពី ១ឆ្នាំ ទៅ ៥ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ១០០​លាន​រៀល ទៅ ៥០០​លាន​រៀល។

យោងតាមអនុក្រឹត្យរបស់រដ្ឋាភិបាល ​ស្តីពី ការ​កែប្រែ​តំបន់រ៉ាម​សារ​កោះកាពិ ចុះថ្ងៃទី​១៧ ខែកក្ក​ដា​​ ឆ្នាំ​២០២៣ បាន​​​សម្រេច​ក្រែប្រែ​តំបន់រ៉ាម​សារ​កោះកាពិ ពីផ្ទៃដីទំហំ ១២ ០០០ហិកតា (មួយ​ម៉ឺន​ពីរពាន់​ហិកតា) មក​ផ្ទៃ​ដីទំហំ ១៤ ០២៩ ហិកតា (មួយ​ម៉ឺន​បួន​ពាន់​ម្ភៃ​ប្រាំ​បួន​ហិកតា) ស្ថិត​ក្នុង​ភូមិ​សាស្ត្រ​ខេត្ត​កោះកុង។

អនុក្រឹត្យ​នេះ មានគោល​បំណង​ធានា​ការ​ថែរក្សា និងការ​ពារ​សោភណ្ឌ​ភាព​ធម្មជាតិ​ ប្រព័ន្ធ​អេកូឡូស៊ី ជីវចម្រុះ និង​បរិស្ថាន, ផ្តល់ផលិត​ផល និង​សេវាកម្មធម្មជាតិ​សម្រាប់​ការ​ប្រើ​ប្រាស់​ដោយ​និរន្តរភាព, លើក​កម្ពស់​ការ​ចូលរួមរបស់​សហគមន៍​មូលដ្ឋាន​​ ក៏ដូចជា​សាធារណជន​ក្នុ​ងកា​រចូលរួមចំណែក​​​ដល់កា​រគ្រប់​គ្រង ការ​ការ​ពារ និង​ការអភិរក្ស​ជីវៈ​ចម្រុះ និង​ធនធាន​ធម្មជាតិ​ក្នុង​តំបន់ ព្រមទាំ​ង​​បង្កើន​កិច្ច​សហប្រតិបត្តិ​ការ​ និង​កិត្យានុភាព​ជាតិ​លើ​ឆា​ក​អន្តរ​ជាតិ លើ​​ការ​​គ្រប់​​គ្រង​តំបន់​ដីសើម​​ប្រកប​ដោយ​ភាព​ឈ្លាស​វៃ​និង​និរន្តរ​ភាព។​

ប្រទេស​កម្ពុជា មានព្រៃ​កោង​កាង​គ្រប​ដណ្តប់លើ​ផ្ទៃ​ដីទំហំ​ប្រមាណជាង ៧ម៉ឺន​ហិកតា ស្ថិត​ក្នុង​ភូមិ​សាស្ត្រ​ខេត្ត​កោះ​កុង កែប កំពត និង​ព្រះសីហនុ ក្នុងនោះ​ខេត្ត​កោះកុង មានទំហំ​ធំ​ជាង​គេ គឺ​ប្រមាណជាង ៤ម៉ឺន​ហិកតា។

ព្រៃ​កោង​កាង ជាជម្រក និង​កន្លែង​រកចំណី​នៃ​សត្វ​មាន​ជីវិត ដូចជា ត្រី សត្វ​ឆ្អឹង​ខ្នង​មាន​ឈាម​ត្រជាក់ ល្មូន បក្សី និង​ថនិកសត្វ ដូចជា​សត្វ​ខ្លាជា​ដើម និង​ជា​ប្រភព​ផ្តល់​ព្រៃ​ឈើ និងផ្តល់ចំណី​ដែល​មាន​ប្រូតេអ៊ីន​ខ្ពស់​សម្រាប់មនុស្ស និង​ជីវៈចម្រុះ ព្រមទាំង​ចូលរួមចំណែកទប់ស្កាត់​ផល​ប៉ះពាល់​លើ​ធនធាន​ជីវៈចម្រុះ​ដែល​កំពុង​​តែ​រង​ផល​ប៉ះពាល់​​ពី​​សកម្ម​ភាព​​មនុស្ស និង​មហន្ត​រាយ​ធម្មជាតិ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ