អ្នក​ឃ្លាំមើល​​​ថា​ថៃ​បន្ត​សម្លុត​លោក ហ៊ុន ម៉ាណែត ដើម្បី​ធ្វើ​របង​ព្រំដែន​ថ្មី​រំលោភ​ដី​ខ្មែរ​តាម​ការ​ចង់​បាន

ការ​​ដែ​ល​​យោធា​​​ថៃ​​ប្រកាស​​រឹត​​បន្តឹង​​សន្តិ​សុខ​​តាម​​ព្រំដែន​ ​លើ​​ទឹក​ដី​​ខ្មែរ​​នៅ​​​ភូមិ​​ជោគ​ជ័យ ដែល​​​ថៃ​​វាយ​​ដណ្តើម​​គ្រប់​គ្រង​​ដោយ​​ខុស​ច្បាប់​​នោះ ត្រូវ​​​គេ​​ជឿ​​ថា ថៃ​​កំពុ​ង​​ប្រើ​​ចិត្ត​សាស្ត្រ​​សម្លុត​​រដ្ឋាភិ​បាល​​លោក ហ៊ុន ម៉ាណែត កុំ​​​ឱ្យ​ទៅ​​រំខាន​​ថៃ ដែល​​កំពុង​​សម្រុក​​ពង្រីក​​ធ្វើ​​របង​​ព្រំដែន​​រំលោភ​​យក​​​ដី​​ខ្មែរ តាម​​ដែល​​ខ្លួន​​ចង់​​បាន ខណៈ​​លោក ហ៊ុន ម៉ាណែត នៅ​​​ប​ន្ត​​​បោះ​ដៃ​​រក​​ការ​​ដោះ​ស្រាយ​​បញ្ហា​​នេះ​​តាម​​យន្ត​ការ​​ទ្វេ​ភាគី​​ជាមួយ​​ថៃ។

បញ្ហា​​នេះ​​បង្កើត​​ជា​​​ក្តី​​​បារ​ម្ភ​​ថា បូរណ​ភាព​​ទឹក​ដី​​ខ្មែរ និង​​ត្រូវ​​វៀត​ណាម និង​​ថៃ​​ហែក​​ចែក​​គ្នា​​គ្រប់​គ្រង ក្រោម​​ការ​ដឹក​នាំ​​របស់​​លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ាណែត ដែល​​​ជា​ការ​សម្រេច​នូវ​ផែនការ​លេបទឹក​ដី​ខ្មែរ ដែល​ពួកគេ​បាន​ចិញ្ចឹម​ចិត្តច្រើន​សតវត្សរ៍​​មក​នេះ។

​តំណាងរាស្ត្រពីគណបក្សប្រឆាំង លោក អ៊ុំ សំអាន ឱ្យដឹង​នៅ​ថ្ងៃ​ទី៣០ខែ​មិថុនានេះ​ថា ​ការ​ដែលថៃ​ចេញ​​​ច្បា​ប់​​អាជ្ញា​សឹក​ប៉ុន្មាន​ថ្ងៃ​មក​នេះ ​នៅ​​ភូមិ​​ជោគ​ជ័យ​​របស់​​ខ្មែរ ​ដែល​ថៃ​កំពុង​កាន់កាប់ដោយខុសច្បាប់នោះ គឺជាយុទ្ធសាស្រ្គគំរាម​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ជា​​ថ្មីទៀត កុំឱ្យកម្ពុជា​ទៅរំខានការធ្វើបង្គោលព្រំដែនលើដីខ្មែរ តាមដែលថៃចង់បាន ដូចករណីដែលថៃធ្លាប់​ធ្វើ​កន្លង​មក នៅទីតាំងមួយចំនួន រួមទាំងនោះខេត្តបាត់ដំបង។

​លោក អ៊ុំ សំអាន ថ្លែង​ថា៖ «អ្វី​ដែល​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ត្រូវ​ធ្វើ​ពេល​នេះ គឺ​ធ្វើ​ម៉េច​ប្រើ​សិទ្ធិ​ស្វ័យ​ការ​ពារ​ អាហ្នឹង​​នៅ​​ពេល​ដែល​ថៃ​មក​ដាក់​បម្រាម​គោចរ​អី ដាក់​បម្រាម​គោចរ​នៅ​លើ​ទឹកដី​ខ្មែរ​យើង​បន្ថែម​ទៀត មិន​ឱ្យ​អ្នកភូមិ​ជោគជ័យ ដែល​កំពុង​​រស់នៅ​ជិត​របង​ព្រំដែន​ថៃ​ដែល​គេ​រាយ​បន្លា​លួស​ហ្នឹង ហើយ​មិន​ឱ្យ​ប្រជាពលរដ្ឋ​ចេញចូល​ហ្នឹង អាហ្នឹង​ប្រើ​សិទ្ធិ​ស្វ័យ​ការ​​ពារ ព្រោះ​​អាហ្នឹង​​រំលោភ​​ក្រោយ​បទ​ឈប់​បាញ់​ មិន​អាចម​ក​ដាក់​បម្រាម​គោចរ​យក​រាយ​បន្ថែម​ទៀត​អញ្ចឹង​ទេ»។

អ្នក​ជំនាញ​កិច្ចការ​ព្រំដែន​រូប​នេះ ​អះអាង​ថា ការ​ដែល​ថៃ​ធ្វើ​អ្វី​ស្រេច​ចិត្ត​បែប​នេះ ដោយសារ​​​លោក ហ៊ុន ម៉ាណែត នៅ​​បន្ត​សុំ​ថៃ​​ចរចា ដោយ​មិន​ព្រម​ប្ដឹង​ថៃ​ទៅ​កាន់​តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) និង​​​ការ​មិន​ប្រើ​សិទ្ធិ​ស្វ័យការពារ​​ជាដើម។ សម្រាប់​លោក​ការ​ប្រើ​សិទ្ធិ​ស្វ័យការពារ​​ គឺ​ជា​ជំហាន​ដំបូង​​ដែល​កម្ពុជា​ត្រូវ​ធ្វើ​ឱ្យ​ខាង​តែ​បាន ហើយ​បន្ទាប់​មក​គឺ​ប្ដឹង​ថៃ​ទៅកាន់​តុលាការ​អន្តរ​​ជាតិ និង​សហប្រធាន​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ឆ្នាំ១៩៩១។ ស្រប​ពេល​ជាមួយ​គ្នា ​លោក​ថា កម្ពុជា​ត្រូវ​បំពាក់​សព្វាវុធ​ទំនើបៗ​​ដល់​យោធា​​កម្ពុជា រួម​ទាំង​យន្តហោះ​ចម្បាំង កាំភ្លើង​បាញ់​​ដ្រូន និង​សំណាញ់​មេឃ​ជាដើម។

ការ​លើកឡើង​របស់​អ្នក​ជំនាញ​រូប​នេះ ​ធ្វើ​ឡើង​បន្ទាប់​ពី​យោធា​ថៃ​បាន​ប្រកាស​ច្បាប់​អាជ្ញាសឹក ​បិទផ្លូវ​ចេញចូល​ក្នុង​តំបន់​ចន្លោះ​​បង្គោល​​ព្រំដែន​លេខ ៤៦ ដល់ ៤៧ ​ដោយ​គ្រប​​ដណ្ដប់​​ភូមិ​ណងចាន់ ស្ថិត​នៅ​ក្នុង​ខេត្ត​ស្រះ​កែវ​​របស់​​ថៃ និង​​ភូមិ​ជោគ​ជ័យ​​ក្នុង​​ខេត្ត​​បន្ទាយ​​មានជ័យ​​របស់​កម្ពុជា ដែល​ថៃ​កំពុង​កាន់កាប់​ដោយ​ខុសច្បាប់។ ការ​បិទ​ខ្ទប់​ធ្វើ​ឡើង​​​រៀងរាល់ថ្ងៃ​ចាប់ពី​ម៉ោង ៦​ល្ងាច ដល់​ម៉ោង ៦ ព្រឹក ដែល​​អនុញ្ញាត​ឱ្យ​តែ​កសិករ​ថៃ​​អ្នក​មាន​ដីធ្លី និង​បាន​ចុះឈ្មោះ​​អាច​ចូល​ទៅ​ប្រើប្រាស់​ដីធ្លី​នៅ​ពេល​​ថ្ងៃ។

សេចក្ដី​ប្រកាស​របស់​អង្គភាព​កងកម្លាំង​ពិសេស​​របស់​ថៃ ​ចុះ​ថ្ងៃទី២៨ ខែមិថុនា និង​ត្រូវ​ផ្សព្វផ្សាយ​នៅ​ល្ងាច​ថ្ងៃទី​២៩ ខែមិថុនា បញ្ជាក់​ថា វិធានការ​នេះ​ ​មាន​គោលបំណង​រក្សា​សន្តិសុខ ការពារ​ការ​លួច​ថត​ទីតាំង​យោធា ទប់ស្កាត់​ការ​ឈ្លោះ​​ប្រកែក និង​ការ​នាំ​ចូល​​អាវុធ ឬក៏​វត្ថុ​ស្រដៀង​អាវុធ​ចូល​ទៅ​ក្នុង​តំបន់​នេះ។ វិធានការ​ថ្មី​នេះ ​​អនុវត្ត​ដោយ​ផ្អែក​លើ​​​មាត្រា ៨ និង ១១ នៃ​ច្បាប់អាជ្ញាសឹក​​របស់​ថៃ​ឆ្នាំ​១៩១៤ ដោយ​តម្រូវ​ឱ្យ​ពលរដ្ឋ​ថៃ​​មាន​ដី​នៅ​តំបន់​​នោះ​​​ ចូល​តាម​ច្រក​ត្រួតពិនិត្យ​តែមួយគត់ និង​​ត្រូវ​បង្ហាញ​​​អត្តសញ្ញាណប័ណ្ណ និង​ចុះឈ្មោះ​ជាមួយ​មន្ត្រី​ថៃ​រាល់​ពេល​ចេញ​ចូល។

ឆ្លើយ​តប​នឹង​សកម្មភាព​ថ្មីៗ​របស់​ថៃ​នៅ​ពេល​នេះ អ្នកនាំពាក្យ​រដ្ឋាភិបាល​កម្ពុជា​ លោក ប៉ែន បូណា អះអាង​ក្នុង​សន្និ​សីទ​កាសែត​​នៅ​ថ្ងៃទី៣០ ខែ​មិថុនា ថា ការ​​កាន់​កាប់​ទឹកដី​ខ្មែរ​ដោយ​ការ​ប្រើ​កម្លាំង​យោធា គឺ​ផ្ទុយ​ទាំងស្រុង​ទៅ​នឹង​ធម្មនុញ្ញ​អាស៊ាន ធម្មនុញ្ញ​​អង្គការ​សហប្រជាជាតិ និង​ច្បាប់​អន្តរជាតិ។ លោក​ថា ការ​បំផ្លិចបំផ្លាញ​ផ្ទះសម្បែង ការ​លួច​យក​ទ្រព្យសម្បត្តិ​ជន​ស៊ីវិល ការរារាំង​មិន​ឱ្យ​ពលរដ្ឋ​ខ្មែរ​វិល​ត្រឡប់​ទៅកាន់​លំនៅឋាន​របស់​ខ្លួន​វិញ គឺជា​ការរំលោភ​យ៉ាងធ្ងន់ធ្ងរ​លើ​បទបញ្ញត្តិ​នានា នៃ​​សេចក្តី​ប្រកាស​​ជា​សកល​ស្ដីពី​សិទ្ធិមនុស្ស កតិកាសញ្ញា​អន្តរជាតិ​ស្ដីពី​សិទ្ធិ​សេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ កតិកាសញ្ញា​អន្តរជាតិ​​ស្ដីពី​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ អនុសញ្ញា​ស្ដីពី​សិទ្ធិ​កុមារ អនុ​សញ្ញា​​ស្ដីពី​សិទ្ធិ​ជន​មាន​ពិការភាព អនុសញ្ញា​ស្ដីពី​ការ​លុបបំបាត់​រាល់​ទម្រង់​នៃ​ការរើសអើង​ប្រឆាំង​នឹង​នារី​ភេទ អនុសញ្ញា​ទីក្រុង​ហ្សឺ​ណែវ ឆ្នាំ​​១៩៤៩ និង​អនុសញ្ញា​ទីក្រុង​ឡាអេ ឆ្នាំ​១៩០៧ ជាដើម។

​អ្នក​នាំពាក្យ​រូប​នេះ​បន្ត​ថា ទោះ​កម្ពុជា​ជ្រើស​រើស​យក​​ផ្លូវ​សន្តិភាព តែ​កម្ពុជា​ដាច់ខាត​មិន​ធ្វើ​សម្បទាន​ណាមួយ​​ចំពោះ​​​អធិប​​តេយ្យ និង​​​សេចក្តី​​ថ្លៃថ្នូរ​​របស់​​ខ្លួន​ឡើយ។

លោក ប៉ែន បូណា ថ្លែង​ថា៖ «ទន្ទឹម​នឹង​នេះ សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី បាន​ប្រកាស​ចំពោះ​មុខ​ប្រជា​ជាតិ​ខ្មែរ​ថា ការ​ការពារ​ទឹកដី និង​ប្រជាជន គឺជា​អាទិភាព​ខ្ពស់បំផុត​របស់​រាជរ​ដ្ឋា​ភិ​បាល​។ រាជរដ្ឋាភិ​បាល​​ដាច់ខាត​មិន​បោះ​បង់​កាតព្វកិច្ច​ក្នុង​ការ​ទាម​ទារ​ទឹកដី​ឡើយ ហើយ​បាន​នឹង​កំពុង​ខិតខំ​ដោះស្រាយ​បញ្ហា​​ដោយ​​សន្តិវិធី ដោយ​លើ​មូលដ្ឋាន​ច្បាប់​អន្តរជាតិ»។

ស្រប​ពេល​ដែល​មន្ត្រី​រដ្ឋាភិបាល ​​អះអាង​ថា កម្ពុជា​នឹង​ដោះស្រាយ​បញ្ហា​ព្រំដែន​គោក​ជាមួយ​ថៃ ​ដែល​កំពុង​កាន់កាប់​ទឹកដី​ជាង ៧០​ទីតាំង​​ដោយ​ខុស​ច្បាប់ តាម​​សន្តិវិធី និង​ច្បាប់​អន្តរជាតិ​យ៉ាងណាក្ដី សម្រាប់​ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​​​កម្ពុជា ​​លោក ម៉ែន ណាត មើល​ឃើញ​​ថា រហូត​មក​ដល់​ពេល​នេះ កម្ពុជា​ពុំ​បាន​ប្រើ​ស្វ័យ​ការពារ​ដែល​មាន​ចែង​ក្នុង​ច្បាប់​អន្តរជាតិ ឬ​ប្ដឹង​​ថៃ​ទៅ​តុលាការ​អន្តរជាតិ​ជា​ផ្លូវ​ការ​​ឡើយ ទោះ​ថៃ​បន្ត​រំលោភ​បំពាន​កម្ពុជា​យ៉ាងណា​ក៏​ដោយ។

លោក ម៉ែន ណាត បន្ត​ថា ការ​ដែល​ថៃ​ដាក់​បម្រាម​នៅ​ភូមិ​ជោគជ័យ​ខ្មែរ ព្រោះ​តំបន់​នោះ​​ជា​តំបន់​ផុយ​ស្រួយ ដែល​អាច​នឹង​​ផ្ទុះអាវុធ​​​ជាដើម។ លោក​អះអាង​ថា ភាគី​ថៃ​គិត​ពី​ផលប្រយោជន៍ និង​សុវត្ថិភាព​​ពលរដ្ឋ​គេ ហើយ​បន្ត​ចាត់ទុក​ខ្មែរ​ជា​ខ្មាំងសត្រូវ។

​លោក ម៉ែន ណាត ថ្លែងថា៖ «អ៊ីចឹង ទោះបី​គេ​ឈ្លានពាន​ទឹកដី​ខ្មែរ​បាន​យ៉ាងណាក៏ដោយ ក៏​នៅតែ​គេ​ត្រូវតែ​គិតគូរ​ដល់​សុវត្ថិភាព​​ពលរដ្ឋ​​គេ ដើម្បី​ចៀសវាង​ឧបទ្ទវហេតុ​ណាមួយ​កើតឡើង។ បើ​​យើង​និយាយ​ពី​ភូមិ​ជោគជ័យ អាហ្នឹង​គេ​ហៅថា​ជា​វិធានការ​​ប្លន់។ សៀម​ហ្នឹង​គឺ​មក​ប្លន់​យក​ស្រស់ៗ​ហើយ​ធ្វើជា​របស់​ខ្លួន។ ដោយ​ឡែក ក្រៅពី​ភូមិ​ជោគ​ជ័យ គឺ​​នៅ​​តំបន់​ព្រំដែន​ទាំងអស់​ហ្នឹង ដែល​សៀម​ឈរជើង​ហើយ​ពង្រីក​ការឈ្លានពាន​ដាក់​បន្លា​លួស​រាល់ថ្ងៃ​ហ្នឹង គឺ​សុទ្ធ​តែ​​ប្លន់ ឈ្លានពាន យក​ទៅ​គ្រប់​គ្រង​​ខ្លួន​​ធ្វើ​ជា​​របស់​ខ្លួនឯង​ទាំង​ខុសច្បាប់»។

សម្រាប់​អ្នកឃ្លាំមើល​រូប​នេះ ​នៅ​តែ​យល់​ថា ការ​ដែល​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត បន្ត​​ដាក់​ញត្តិ​ប្រឆាំង​នឹង​ថៃ​ជិត ១០០០​លើក​​មក​នេះ ពុំ​​បាន​ធ្វើ​ឱ្យ​​ថៃ​ស្តាប់​នោះ​ឡើយ ហើយ​លោក​ថា បើ​រដ្ឋាភិបាល​កម្ពុជា​ចង់​ស្ដារ​មុខមាត់ និង​ទាម​ទារ​​ទឹក​​ដី​​វិញ​​បាន គឺ​ត្រូវ​​ប្ដឹង​ថៃ​តាមរយៈ​យន្តការ​អន្តរជាតិ​ដែល​មាន​ស្រាប់។ លោក​អះអាង​ថា បើ​កម្ពុជា​បន្ត​ទន់​ខ្សោយ​​ជាមួយ​បរទេស​ជិតខាង​ដូច​រាល់​ថ្ងៃ ហើយ​ខ្លាំង​តែ​ជាមួយ​ពលរដ្ឋ​ខ្មែរ​គ្នា​ឯង ដោយ​គ្មាន​សាមគ្គី​ភាព​ពិត​ប្រាកដ​​នោះ បូរណភាព​ទឹកដី​ខ្មែរ អាច​នឹង​ត្រូវ​វៀត​ណាម និង​ថៃ​ហែក​ចែក​គ្នា នៅ​ជំនាន់​លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ាណែត ជាក់ជា​ពុំ​ខាន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ