ពល​រដ្ឋ​​៥ភូមិ​​បារម្ភ​​​បា​ត់​បង់​​​ដី​​បន្ថែម​​ទៀត​ទៅ​វៀត​ណាម​​ខណៈ​​ដី​​នៅស​ល់​ចម្ងាយ​៣០០​ម៉ែត្រ​ពី​ព្រំដែន​អាជ្ញាធរ​​មិន​​ចេញ​ប្លង់​​ឱ្យ​

រូបភាព៖ ពីបណ្តាញសង្គម

ប្រជា​ពល​រដ្ឋ​​រាប់​​រយ​គ្រួសារ​​​រស់​នៅ​​តាម​​បណ្តោយ​​ព្រំដែន​​កម្ពុជា​-វៀត​ណាម​​ចំនួន ​៥ភូមិ​ នៅ​ក្នុង​​ឃុំ​ដូង​​ ស្រុក​​រមាស​ហែក ខេត្ត​​ស្វាយ​​រៀង​ មាន​​ភូមិ​កំពង់​ថ្នា អង្គុយ ​ឈើ​​ទាល ​ដូង និង​​ភូមិ​​តាសួស កំពុង​​មាន​ការ​​ព្រួយ​​បារម្ភ​​យ៉ាង​ខ្លាំង​ ពី​​ការ​​បាត់​​បង់​​ដី​​​បន្ថែម​​ទៀត​​ទៅ​វៀត​ណាម ខណៈ​​​ថ្មីៗ​​នេះ ​​អាជ្ញាធរ​​បាន​​ដើរ​​ប្រមូល​​បង្កាន់​​ដៃ​​កាន់​​កាប់​​​ដី​​បណ្តោះ​អាសន្ន ​​ដែ​​ល​​មន្ត្រី​​ជំនាញ​​បាន​​ចុះ​វាស់​វែង​​​ជា​ប្រព័ន្ធ ​កា​ល​​​ពី​​ដើម​​ឆ្នាំ​​២០២៥ យក​​​ទៅ​​វិញ ​​ដោយ​​​ប្រាប់​ថា អ្នក​​ដែល​​មាន​​ដី​ជាប់​​ព្រំដែន​​​ចម្ងាយ ​៣០០​ម៉ែត្រ​ រដ្ឋ​​មិន​​ចេញ​ប្លង់​​កម្ម​សិទ្ធិ​​កាន់​កាប់​​​ឱ្យ​ទេ។

ស្រ្តី​វ័យ​​ជិត​​៦០​​ឆ្នាំ​​ម្នាក់ ​នៅ​ភូមិ​ដូង ​ដែល​បដិសេធប្រាប់​ឈ្មោះ​​ ដោយ​សារ​តែធ្លាប់​ត្រូវ​​បាន​អាជ្ញាធរ​​​ហៅ​ទៅ​គំរាម​ ​​​ដោយ​​សារ​​តែបាន​និយាយ​ប្រាប់​អ្នក​កាសែត​​ពីការ​បាត់​បង់​ទឹកដី​​កេរដូន​តា​ទៅ​វៀតណាម ​បាន​ប្រាប់​វីអូឌី​​​នៅ​ថ្ងៃ​ទី​​៣០​​ខែ​​មិថុនា​​នេះ​​ថា អាជ្ញាធរ​បាន​ចុះ​មក​ដក​ហូត​បង្កាន់​ដៃ​ដី​ផ្ទះ​ និង​ដី​ស្រែ​របស់​អ្នក​ស្រី​​ កាល​ពី​ពេល​​ថ្មីៗ​នេះ​ ដោយ​ប្រាប់​ថា អ្នក​​មាន​ដីស្រែឬដី​ចម្ការ​និង​ដីផ្ទះ​នៅ​ជាប់​ព្រំដែន​វៀតណាម ​រហូត​​ដល់​ជម្រៅ ​៣០០​ម៉ែត្រ​ គេមិន​ទាន់​ចេញប្លង់​ឱ្យ​ទេ។

ស្ត្រី​ដែល​និយាយ​​ក្នុង​សភាព​ភិត​ភ័យ ​និង​ហាម​​ដាច់​ខាត​មិន​​ឱ្យ​ថត​សំឡេង​រូបនេះ ​បាន​បញ្ជាក់​ក្នុង​សម្តី​ដើម​ថា៖ «ដី​កេរ​​ដូន​តា​ខ្ញុំ​ប្រមាណ​ជា ៤ហិកតា​ នៅ​ហួស​ប៉ុស្តិ៍​ព្រំដែន​​ឃុំ​ដូង​ ​បច្ចុប្បន្ន​ប្រហែល​ជិត​២គីឡូដី​​ ត្រូវ​ទាហាន​​​យួន​​​ចូល​មក​ឈូស​ឆាយ​វាទ​យក​អស់​ កាល​ពី​ឆ្នាំ​១៩៩៤។ ​កាល​នោះ​​​អ្នក​ស្រុក​យើងបាន​ធ្វើការ​តវ៉ា​ប្រើ​កាំបិតចប​​ ដេញកាប់​ទាហាន​យួន ​មិន​ឱ្យ​ប្រើ​ត្រាក់​ទ័រ​ភ្ជួរ​ឈូស​​​ឆាយលើ​ដីស្រែយើង​ទេ។ ប៉ុន្តែ​ប៉ូលិស​ទាហាន​ ​និង​អាជ្ញាធរ​ខ្មែរ​បាន​ហាម​ឃាត់​ពួក​យើង​មិន​ឱ្យ​តវ៉ា​ដោយ​ប្រាប់​ថា ទុក​ឱ្យ​រដ្ឋាភិបាល​ដោះ​ស្រាយ​។ គេ​​​ថា​​ដីស្រែយើង​នឹង​នៅ​ក្នុង​តំបន់​ស។ ប៉ុន្តែ​​ជន​ជាតិ​យួន​បែ​រ​ជាអាច​ចូលមក​ដាំដុះ​​លើ​ដី​យើងបាន ហើយ​មក​​ដល់​ពេលនេះ ​ជាង​៣០ឆ្នាំហើយ មិន​ត្រឹម​តែមិន​​ឃើញរដ្ឋាភិបាល​ដោះស្រាយ​យក​​ដី​ពួកខ្ញុំ​បានមក​វិញ​ទេ​​ ថែម​​ទាំង​​យួន​​បន្ត​យក​ដីខ្មែរ​យើង​ថែមទៀត​»។

ស្រ្តី​រូបនេះ ​បាន​និយាយ​ដោយ​សម្តែងការ​ព្រួយ​បារម្ភ​យ៉ាងខ្លាំង​ថា ឥឡូវ​បើ​សិន​ជាយួន​រំកិល​​ចូល​មក​ ៣០០​ម៉ែត្រ​​ថែម​ទៀត នោះ​ដី​ផ្ទះ​និង​ដី​ស្រែរបស់​អ្ន​ក​ស្រី​ ដែល​នៅសេសសល់​ចុង​ក្រោយ​ នៅ​​ជិតប៉ុស្តិ៍​ព្រំដែន​ខ្មែរ ​ក្នុង​​​ឃុំ​ដូង​នឹង​ត្រូវ​បាត់​​បង់​​ទាំង​ស្រុង​។

បុរស​វ័យ​ជាង​៦០​ឆ្នាំ​ម្នាក់​ទៀត ​​រស់នៅ​ភូមិ​កំពង់ថ្នា​ ដែល​អះអាង​ថា បាន​បាត់​បង់​ដីស្រែកេរពី​ម្តាយ​ ប្រមាណ​ជា ៣ហិកតា ទៅ​វៀតណាម ​ក៏បាន​និយាយ​ក្នុង​លក្ខខណ្ឌមិន​បញ្ចេញ​ឈ្មោះ​ផង​ដែរ​​ថា៖ «ឥឡូវ​ខ្ញុំ​នៅ​សល់​ដីស្រែជិត​២ហិកតា តែបើ​យួន​វាចូល​មក ​៣០០​ម៉ែត្រ​ទៀត​ គឺ​អស់​រលីង​​​ហ្មង​បង គ្មាន​ដីធ្វើ​ស្រែចិញ្ចឹម​​​ជីវិតទៀតតេ​ មិន​ថា​តែខ្ញុំ​ទេ​ បងប្អូន​​ខ្ញុំ​ក្នុង​ភូមិ​ដែល​មាន​ដីជាប់​​ព្រំដែន​ក៏ចឹងដែរ។ ប៉ុន្តែ ឥឡូវ​យើង​នៅ​ធ្វើ​ស្រែធម្មតា ​គ្រាន់​តែអាជ្ញាធរ​គេមិន​ចេញប្លង់​ឱ្យ​យើង​ទេ ​បារម្ភណាស់!»

ចំណែក ​បុរស​​នៅ​ភូមិឈើទាលម្នាក់​ ក៏បាន​និយាយ​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញឈ្មោះ​​ផង​ដែរថា កាល​ពីមុន​ទាហាន​​យួន​​បាន​ដើរល្បាតតាម​ខ្សែព្រំដែន​បណ្តោះអាសន្ន​​ នៅ​ខាង​កើតផ្ទះ​ ៦​ខ្នង ​ដែល​នៅ​ពេល​នេះ​នៅ​សល់​​២ខ្នង​។ ប៉ុន្តែ​ថ្មីៗ​នេះ ​កងទ័ព​និង​ប៉ូលីសយួន ​បាន​ដើរល្បាត​ចូល​មក​ក្នុង​ដីខ្មែរ​​ហួស​ទីតាំង​ផ្ទះ​៦​ខ្នង​ប្រហែល​ជា​១០០​ម៉ែត្រ​​ទៀត​​។ អាជ្ញាធរ ​ប៉ូលិស ​ទាហាន​ខ្មែរ ​គឺ​នៅ​ចាំតែរាប់​ក្បាល​​ឡាន​​យក​លុយ​ដឹក​ទំនិញ​​ចេញ​ចូល​តាម​ច្រក​ព្រំដែន​តែប៉ុណ្ណោះ ​មិន​​ដែល​ឃើញ​​ចេញមុខហាម​ឃាត់​​​ទាហាន​ប៉ូលិស​យួន​ចូល​ល្បាត​ក្នុង​ទឹកដីខ្មែរនោះទេ។ លោក​បាន​​ឱ្យ​ដឹង​ទៀតថា ថ្មីៗ​​នេះ ​មន្ត្រី​​អាជ្ញាធរ​ខ្មែរ​មួយក្រុម​​ បាន​ចុះ​មក​ពិនិត្យ​ព្រំដែន ​ដោយ​និយាយ​ពី​គម្រោង​ជីកប្រឡាយ​នៅ​​តាម​ព្រំដែន​ក្នុង​​ឃុំ​ដូងនេះ ប៉ុន្តែ​មិន​ទាន់​ដឹងថា​ជីក​នៅ​​កន្លែងណា​​ទេ។

ពលរដ្ឋរូបនោះ និយាយថា៖ «ប៉ូលិសវៀតណាម​ដើរខាងលិចផ្ទះ ​ឃើញ​តែវាចង្អុល​ទៅ​លិចទៀត​ ​យើង​មិន​ដែល​​​ឃើញ​វាចង្អុល​ទៅកើតផង​ វាដើរខាងលិចផ្ទះ​ប្រហែល​ ១០០​ម៉ែត្រ​ កូណា​មាន​ស្រែកន្លះហាត់គេ​យក​អស់​​៤ហាត់​​ហើយ​នៅ​សល់​​ក្រឡឹងៗ​​ផ្ទះ ចេះតែនៅ​រស់ទៅ​បើ​យើង​ថយមក​ទៀត​អស់ហើយ​ គេថា​តាម​ទម្លាប់​នៅកន្លែងណា​នៅកន្លែង​នុង​សិន​ គេ​គំរាម​​យើងមិនឱ្យ​និយាយពិតទេ»។

វីអូឌី ​មិន​អាច​ទាក់​ទង ​លោក ​ប៉េង ពោធិ៍សា ​​អភិបាល​ខេត្ត​ស្វាយ​រៀង ដើម្បី​ស្នើ​សុំ​ធ្វើ​អត្ថាធិប្បាយ​លើ​បញ្ហា​​នេះ​​​បាន​ទេ នៅថ្ងៃទី​៣០ខែ​មិថុនា​​នេះ។

ចំណែក​ សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​ដូងម្នាក់ ​បាន​បដិ​សេធធ្វើ​អត្ថា​ធិ​ប្បាយ​​​លើ​​បញ្ហា​​ព្រំ​ដែន​នេះ ដោយ​​​និយាយ​​ថា ​ថ្នាក់​​​លើ​មិន​​ឱ្យ​​និយាយ​​ទេ និង​​បាន​ជំរុញ​ឱ្យ​ទៅ​សួរមេឃុំ​ដូង​​ ដែល​វីអូឌី​មិន​អាច​ទាក់​ទងបាន។

សូមបញ្ជាក់ថា នៅ​ពេល​ទៅបំពេញ​ទស្សនកិច្ច​នៅប្រទេស​វៀតណា​ម​ កាលពីពេល​ថ្មីៗ​នេះ​ លោក​នាយក​រដ្ឋ​​មន្ត្រី ហ៊ុន ម៉ាណែត ​និង​សមភាគីវៀតណាម បាន​សម្តែង​ក្តី​សង្ឃឹមថា ការ​​បោះ​បង្គោល​ព្រំដែនកម្ពុជា-​វៀត​​ណាម​ ​​ដែល​នៅ​សល់ ​១៦​ភាគ​រយទៀ​ត ​ក្នុង​នោះ​​ ៦ភាគ​រយ ​ត្រូវ​បាន​​ព្រមព្រៀង​ដោះ​ដូរដី​គ្នា​អាច​នឹង​ត្រូវ​​បិទ​បញ្ចប់​​ឆាប់ៗ​ក្នុង​ពេល​​ខាង​មុខ។

លោក ​អ៊ុំ សំអាន ​អតី​តតំណាង​រាស្ត្រគណបក្ស​សង្គ្រោះជាតិ​ បាន​ប្រាប់​វីអូឌី​នៅ​ថ្ងៃទី​៣០ខែ​មិថុនា​នេះ​ថា កា​រដែ​ល​​រដ្ឋាភិបាល ​លោក​ហ៊ុន ម៉ាណែត ​​តែង​​តែបិទបាំងព័ត៌មាន ​និង​គំរាម​ប្រជាពល​រដ្ឋ​រងគ្រោះ​ នៅ​តាម​ព្រំដែន​​​មិន​ឱ្យ​និយាយ​ពីការឈ្លាន​ពាន​ទឹក​ដី​​ជាបន្តបន្ទាប់​​ពីវៀតណាម ​និង​ការ​កាត់​ដី​ខ្មែរ​ទៅ​ឱ្យ​វៀត​ណាម​​​ តាម​​​សន្ធិសញ្ញា​ព្រំដែន​បំពេញ​​បន្ថែម​ឆ្នាំ​២០០៥ ដែល​យក​តាម​សន្ធិសញ្ញា​ខុស​ច្បាប់​ឆ្នាំ​១៩៨៥​ គឺ​​ដោយ​សារ​​តែ​​រដ្ឋាភិបាល​ដឹកនាំ​ដោយ​គណបក្ស​​ប្រជា​ជន ​​មាន​គម្រោង​កាត់​​ទឹក​ដីខ្មែរ​បន្ថែម​ទៀត​ ទៅ​ឱ្យ​វៀត​ណាម​។

លោកថា៖ «ពីព្រោះ​យើង​ដឹង​ហើយ ​វៀតណាម​គឺ​ជាអ្នក​មាន​គុណ​របស់​លោក​ហ៊ុន សែន​ លោក​​ហ៊ុន​ សែន​បាន​​ឡើង​កាន់​អំណាច​​ដោយ​សារវៀតណាម​លើក​​បន្តុប​ ហើយ​វៀតណាម​គឺ​ជាចៅ​ហ្វាយ​របស់​លោក​ហ៊ុន សែន ​ដូច្នេះនៅ​ពេល​វៀតណាម​រំលោភ​យក​ដីខ្មែរ​យើង ​៤ហិក​តា​បន្ថែម​ទៀត នៅ​ផ្ទះ​៦​ខ្នង ​ក្នុង​ឃុំ​ដូង​ ខេត្ត​ស្វាយ​​រៀង​​ហ្នឹង ​គឺ​អត់មាន​អាជ្ញាធរ​​ណា​ទៅ​ជួយ​​អន្តរាគមន៍ ​បែរ​ជាទៅ​គំរាម​កំហែង​​ប្រជាពល​រដ្ឋ​​មិន​ឱ្យ​និយាយ​​​ពី​បញ្ហា​​ហ្នឹង បិទ​ព័ត៌មាននឹង​ដើម្បី​អី? ដើម្បី​ងាយ​ស្រួល​កាត់​ទឹកដីខ្មែរ​​នៅ​តំបន់​ហ្នឹង ​ទៅ​ឱ្យ​វៀត​ណាម​​បន្ថែម​​ទៀត ​ពីព្រោះ​តំបន់​នឹង​ថា​អត់​ទាន់​បោះ​បង្គោល​​នៅឡើយ​ ដល់​ចឹង​ផ្ទះ​៦ខ្នង​ និង​ទឹក​ដីជុំ​វិញ​ផ្ទះ​៦​ខ្នង​​ហ្នឹង ​កាត់​ទៅឱ្យ​វៀតណាម​បន្ថែម​ទៀត​ ​ហើយ​ដើម្បី​សងគុណ​វៀតណាម​ ​ដែល​បាន​លើក​បន្តុបលោក​ហ៊ុន សែន​ ឱ្យកាន់​អំណាច»។

អ្នក​ជំនាញ​កិច្ចការ​ព្រំដែន​ពីគណបក្ស​ប្រឆាំង​​​រូប​នេះ​​ និយាយ​ថា ការបោះ​បង្គោល​ព្រំដែន​កម្ពុជា-​វៀតណាម​ដែល​​សម្រេច​​បាន ​៨៤ភាគ​រយ ​​នាពេល​កន្លង​មក​ គឺ​បោះ​ទៅ​តាម​សន្ធិសញ្ញាបំពេញ​បន្ថែម​ឆ្នាំ​២០០៥។ សន្ធិ​​សញ្ញា​នេះ​​​ យក​តាម​សន្ធិសញ្ញាឆ្នាំ​១៩៨៥ សម័យ​វៀតណាម​ត្រួតត្រា​កម្ពុជា ហើយ​យើង​ដឹង​ហើយ​សន្ធិ​សញ្ញា​​ឆ្នាំ​១៩៨៥ ​ត្រូវ​បាន​ទុក​ជា​មោឃ​ភាព​​រួច​ហើយ ​តាម​មាត្រា​៥៥​នៃ​រដ្ឋធម្មនុញ្ញ និង​កិច្ច​ព្រម​ព្រៀង​សន្តិ​ភាព​ទីក្រុង​ប៉ារីស​ឆ្នាំ​១៩៩១។ ប៉ុន្តែ​លោក​ហ៊ុន សែន ​អត់​ព្រម​លុបចោល​សន្ធិ​សញ្ញា​នេះ​ទេ ​ដោយ​​គាត់​យក​ម​ក​ធ្វើ​ឱ្យ​រស់​​ឡើង​វិញ​ឆ្នាំ២០០៥​ ដើម្បី​កាត់​ទឹក​ដី​ខ្មែរ​ទៅ​ឱ្យ​វៀត​ណាម ហេតុ​ដូច្នេះ​ហើយ​បាន​ជាការ​បោះ​​បង្គោល​ព្រំដែន​​កន្លង​មក ​បាន​ធ្វើ​ឱ្យ​បាត់​បង់​ទឹកដី​ខ្មែរ​​យ៉ាងច្រើន​​ទៅ​​វៀត​ណាម។

សម្រាប់​លោក ​អ៊ុំ សំអាន​ ការ​បន្តបោះ​បង្គោល​ព្រំដែន​ដែល​នៅ​សល់ ​១៦​ភាគ​រយ​​​ទៀត​ គឺ​នឹង​ធ្វើ​​​ឱ្យ​​កម្ពុជា​​ត្រូវ​​បាត់​​បង់​​ទឹក​​ដី​​បន្ថែម​ទៀត​ទៅ​វៀត​ណាម។

លោកថា៖ «នៅ​ឃុំ​ដូង​ ខេត្ត​ស្វាយ​រៀង​ ប៉ូលីសនៅប៉ុស្តិ៍​ព្រំដែន ​មិន​បាន​ជួយ​ការពារ​ប្រជាពល​រដ្ឋ​ទេ​នៅ​ពេល​ដែល​វៀតណាមចាប់​យក​គោក្របី ​នង្គ័ល ​ប្រជាពល​រដ្ឋ​ដែល​ភ្ជួរ​ស្រែនៅ​លើ​ដី គាត់​​បែរ​​ជា​គំរាម​គាត់​កុំឱ្យធ្វើ​ស្រែនៅ​ទី​ហ្នឹង​​ទៀត ​គេប្រាប់​ហើយ ​កុំ​ឱ្យ​ធ្វើ​តំបន់​ហ្នឹង​​ជាតំបន់​ស បែរ​ជា​គំរាម​គាត់​អ៊ីចឹង ​​ពីព្រោះ​បើគាត់​ការពារ​ប្រជាពល​រដ្ឋ​ទៅ ​គេ​នឹង​ដក​តំណែងគាត់​បញ្ឈរ​ជើង​គាត់ ​អត់​ដូច​ជាមួយថៃទេ ថៃ​ទាហាន​ខ្មែរ​យើង​អាច​រារាំង​ការ​ឈ្លានពាន​របស់​ថៃបាន ក្នុង​ពេល​ខ្លះ​មិន​ដូច​ប៉ូលិស​យើង​យាមការពារ​ព្រំដែន​ជាមួយ​វៀត​ណា​ទេ​។ ប៉ូលិសការពារ​ព្រំដែន​វៀតណាម ​អត់​​មាន​សិទ្ធិ​ទៅ​រារាំង​វៀតណាម ​ឈ្លានពាន​ទេខុសគ្នា​ដោយ​​​សារ​វៀតណាម​ជាចៅហ្វាយ​នាយ​របស់​លោក​ហ៊ុន សែន​ ចឹង​ប៉ះ​ទាហាន​វៀតណាម​អត់​​​បាន​ទេ ចឹង​វៀតណាម​ឈ្លានពាន​ស្រេច​ចិត្ត ដូច​នៅឃុំ​ដូង​ចឹង»

ចំណែក ​លោក ​ម៉ែន ណាត ​ប្រធានក្រុម​ប្រឹក្សា​ឃ្លាំមើល​កម្ពុជា ​បាន​ថ្លែង​ថា ផ្ទះ​៦​ខ្នង​​​ត្រូវ​បាន​រដ្ឋាភិបាល​លោក​ហ៊ុន សែន ​កាត់​ឆ្វៀល​ទៅ​ឱ្យ​វៀតណាម​រួច​ហើយ ​តាម​រយៈ​សន្ធិសញ្ញា​បំពេញ​បន្ថែម​ឆ្នាំ​២០០៥ ​ប៉ុន្តែ​គ្រាន់​​តែគេ​មិន​ទាន់​បណ្តេញ​​ប្រជាពល​រដ្ឋ​ខ្មែរ​ទាំងនោះ​​ចេញ​តែប៉ុណ្ណោះ​។ លោក​លើក​ឡើង​ថា ប្រសិន​បើ​ព័ត៌​មាន​ដែល​​ថា វៀតណាម​បាន​បន្ត​​រំលោភ​យក​ដីស្រែ​របស់​ប្រជា​ពល​រដ្ឋ​ខ្មែរ​ នៅក្នុង​តំបន់​នោះ​​បន្ថែម​ទៀត និង​​ទាហាន​វៀតណាម​​ដើរល្បាត​ចូល​ជ្រៅ​​មក​​ក្នុង​ទឹកដីខ្មែរ​បន្ថែម​ទៀត ​​ជាការ​ពិត​​ វា​ជារឿង​ដែល​គួរ​ឱ្យ​សោក​​ស្តាយ ​និង​ព្រួយ​បារម្ភ។

លោកថា៖ «អាជ្ញាធរ​ខ្មែរ​ដក​ហូត​ដីធ្លី​របស់​ពល​រដ្ឋ​ ដើម្បី​ដោះ​ដូរជាមួយ​យួន ​អាហ្នឹង​គឺ​ជារឿង​ដែល​គួរ​ឱ្យ​បារម្ភ​ ហើយ​រឿងនេះ ​វាមិន​មែនជាអាជ្ញាធរ​ជាអ្នក​ធ្វើ​ការ​សម្រេចចិត្ត​ទេ គឺ​រដ្ឋាភិបាល​លោក​ហ៊ុន ម៉ាណែត ​លោក​​ហ៊ុន សែន ​ជាអ្នក​ធ្វើការ​សម្រេច​ចិត្តដោះ​ដូរ​​ដីព្រំដែន​​ជាមួយ​យួន​ហ្នឹង​ ​ទៅ​ឱ្យ​យួន​​​ប្តូរដីខ្មែរ​ទៅ​ឱ្យ​យួន​តាម​​សន្ធិសញ្ញា​បំពេញ​បន្ថែម​​ខុស​ច្បាប់​​ឆ្នាំ២០០៥ ​និង​ឆ្នាំ២០១៩​ កន្លង​ទៅ​ ហើយ​ភាគី​កម្ពុជា​វៀតណាម​បាន​​​ព្រ​ម​ព្រៀង​គ្នា​កែប្រែ​ឯក​សារព្រំដែន​ ដែល​បន្សល់​ទុក​ពី​សម័យ​បារាំង ​កែប្រែអស់​ហើយ ពីព្រោះ​សម័យ​បារាំង​​បាន​បន្សល់​បង្គោល​ព្រំដែន​១២៤​​បង្គោល​​​​​​ជាមួយ​វៀតណាម​។ តែឆ្នាំ​២០០៥ កន្លងទៅ ​លោក​ហ៊ុន សែន ​បានកែប្រែឯកសារ​បារាំង​អស់​ហើយ ហើយ​ក៏កែប្រែផែនទីបារាំងដែរ​ គឺ​យក​ផែន​ទី​​វៀត​ណាម​​គូស​​វាស​កែ​សម្រួល​ឡើង​​វិញ ​និង​ផែន​ទី​របស់​អាមេរិកាំងទៅ​បោះ​បង្គោល​​ព្រំដែន​ជាមួយ​យួន»។

បើតាម​អ្នក​ជំនាញ​កិច្ចការ​ព្រំដែន​រូបនេះ បច្ចុប្បន្ន ​ថៃ​ក៏បាន​និងកំពុងដាក់សម្ពាធ​​ឱ្យ​រដ្ឋាភិបាល​ លោក​ហ៊ុន ម៉ា​ណែត​ បោះ​​បង្គោល​ព្រំដែន​តាម​ផែន​ទី​ថ្មី​ខ្នាត​១លើ​៥០​ពាន់ ​ដែលថៃ​​បាន​គូជា​ឯក​តោ​ភាគី​ដូច​​វៀតណាម​ផង​ដែរ។ លោក​ថា បញ្ហា​ព្រំដែន ​ក្រោមការ​ដឹកនាំ​របស់​ត្រកូល​ហ៊ុន ​មាន​​​​ភាពមិន​ប្រក្រតី​ធ្វើ​ឱ្យ​បាត់​បង់​ទឹក​​ដីច្រើន​​ណាស់​​ទៅ​​វៀតណាម​ ទើប​រដ្ឋាភិបាល​តែង​តែបិទ​បាំង​ព័ត៌មាន ​រហូត​ដល់​ចាប់​អ្នក​និយាយ​ពីរឿង​ព្រំដែន​​ដាក់ពន្ធនាគារជា​បន្ត​​បន្ទាប់​ ដែល​​រហូត​មក​ដល់​ពេល​នេះ​ មាន​ជាង ​១០០​នាក់​ ហើយ​កំពុង​ជាប់​​​ឃុំ។

លោកថា៖ «ពេល​ដែល​រដ្ឋាភិបាល​បិទបាំងព័ត៌មាន​ព្រំដែន​អ៊ីចឹង​ ហើយ​គំរាម​កំហែង​ពល​រដ្ឋ​មិន​​ឱ្យ​និយាយ​រឿង​​បាត់​​បង់ទឹកដីអ៊ីចឹង ​មិន​ថាទៅ​យួន ​មិន​ថាទៅ​សៀម​ទេ ​ដូចគ្នា ​គឺបង្ហាញថា រដ្ឋាភិបាល​កម្ពុជា​ហាក់​ដូច​​ជា​ថា​គ្មាន​​​បំណង​​តវ៉ា​ទាមទារ​យុត្តិធម៌​ពីបញ្ហា​ទឹកដី​ហ្នឹង​មកវិញទេ ដូច​ខាង​យួន​កាត់​ឱ្យ​យួន​​​តាម​អំពើ​ចិត្ត​ យួន​​ចង់បានកន្លែង​ណា​​កាត់​ឱ្យ​កន្លែង​ហ្នឹង ​​ដើម្បី​សងគុណ​យួន រួម​ទាំងកោះ​ត្រល់ ​កោះក្រចក​សេះផង។ ចំណែក​​ឯថៃ​​មិន​ចង់​កាត់​​ឱ្យ​ថៃ​ទេ ​ប៉ុន្តែមិន​ព្រមប្តឹង ​អាហ្នឹង​វាចឹង»។

កាលពីក្រោយ​ឆ្នាំ​១៩៧៩​​ នៅ​តាម​​បណ្តោយ​​ព្រំដែន​នៅក្នុង​ឃុំ​ដូង​ ក្នុង​​​​ស្រុក​រមាសហែក ​ខេត្ត​ស្វាយ​រៀង លាត​​​សន្ធឹង​​ពី​ភូមិ​កំពង់​​ថ្នា ​រហូត​ដល់​ភូមិ​តាសួស​ គឺ​​​ត្រូវ​បាន​ខណ្ឌចែក​ព្រំដែន​ជាមួយ​វៀត​ណាម ​ដោយ​ព្រៃ​ឈើ​ និង​​ព្រៃឫស្សី​ក្រាស់​ឃ្មិក ​​ជាមួយ​នឹង​អូរមាន​ទឹកហូរ​កាត់​ព្រៃ ​និង​​បឹង​ធម្ម​ជាតិ​​​ ដែល​អ្នក​ស្រុកហៅ​ថា​​ បឹង​ជប់​​ត្រពាំង​​ប្រាសាទ ​​ដ៏ធំល្វឹង​ល្វើយ ​មាន​ទឹក​និង​ត្រី​ខួប​ប្រាំងខួប​វស្សា ​ជាកន្លែង​រកត្រីធ្វើម្ហូប​​និង​ច្រូតស្បូវ​យក​​មក​ប្រក់​​ផ្ទះ​សម្រាប់​អ្នក​ស្រុក។ នៅ​​មាត់​​បឹងជប់​ក៏មាន​ប្រាសាទ​បុរាណខ្មែរ​មួយ​ផងដែរ ជា​ប្រាសាទ​បុរាណ​តែមួ​យគត់​​ដែល​មាន​នៅក្នុង​ខេត្ត​ស្វាយ​រៀង​។

ប៉ុន្តែ​នៅក្នុង​ឆ្នាំ​១៩៩៤ កងទ័ពវៀតណាម ​​បាន​បើក​យុទ្ធនាការ​ប្រើ​គ្រឿង​ចក្រ​ឈូស​បំផ្លាញ​ព្រៃ ​និង​ប្រាសាទ​បុរាណ​​​ខ្មែរ​​នៅ​​​តាម​​ព្រំដែន​ទាំង​នោះ ​ឱ្យ​រាបដល់​ដី​និង​បាន​រំលោភ​​យក​ដីព្រៃ ​និង​ដីស្រែ​របស់​ប្រជា​ពល​រដ្ឋ​​ខ្មែរ​​​ដែល​​​នៅ​ចន្លោះ​​​​ព្រៃ​​ទាំងនោះ​​​​អស់​ទាំង​​ស្រុង។ ​បច្ចុប្បន្ន​ដី​ខ្មែរ​ទាំង​នោះ​ បាន​ក្លាយ​ទៅ​ជាដី​ចម្កា​រ​អំពៅ ​​និង​ដី​ចម្ការកៅ​ស៊ូ​​​របស់​កងទ័ព ​និងប្រជាជន​វៀតណាម។ នេះ​បើ​យោង​តាម​ចាស់ទុំ​មួយ​ចំនួន​នៅ​ក្នុង​ឃុំ​ដូង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ