ក្រុមអ្នកចរចារបស់អ៊ីរ៉ង់ និងសហរដ្ឋអាមេរិក ត្រូវមកដល់ទីក្រុងដូហានៅសប្តាហ៍នេះ ប៉ុន្តែភាគីអ៊ីរ៉ង់បាននិយាយកាលពីថ្ងៃទី២៩ខែមិថុនាថា មិនទាន់មានការកំណត់ពេលជួបគ្នាណាមួយនៅឡើយ ខណៈការបាញ់មីស៊ីលតបតគ្នាកាលពីចុងសប្តាហ៍ បានសាកល្បងបទឈប់បាញ់បណ្តោះអាសន្ន ដើម្បីបញ្ចប់សង្គ្រាមរយៈពេលបួនខែ។
លោក អែសម៉ាអ៊ីល បាកអៃ (Esmaeil Baghaei) អ្នកនាំពាក្យអ៊ីរ៉ង់ បាននិយាយថា ដំណើរទស្សនកិច្ចរបស់ខ្លួន “មិនមានការទាក់ទងគ្នា” ទៅនឹងដំណើរទស្សនកិច្ចរបស់ជនជាតិអាមេរិកនោះទេ៖ «យើងនឹងមិនមានជំនួបចរចាណាមួយនៅកម្រិតណាមួយ ជាមួយភាគីអាមេរិកឡើយ នៅក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ»។
ការខ្វែងគំនិតគ្នានេះ បានគូសបញ្ជាក់ពីភាពផុយស្រួយនៃកិច្ចព្រមព្រៀងថ្ងៃទី១៧ ខែមិថុនា ដើម្បីផ្អាកសង្គ្រាមដែលបានរំខានដល់លំហូរប្រេងតាមច្រកសមុទ្រហរមូស (Strait of Hormuz) និងបង្កការឈឺក្បាលផ្នែកនយោបាយដល់ លោក ត្រាំ មុនការបោះឆ្នោតសភាខែវិច្ឆិកា។ បន្ទាប់ពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានវាយប្រហារលើប្រទេសអ៊ីរ៉ង់ កាលពីថ្ងៃទី២៨ ខែកុម្ភៈ ចរាចរណ៍ផ្លូវទឹកតាមច្រកនេះបានគាំងស្ទើរតែទាំងស្រុង ដែលធ្វើឱ្យតម្លៃប្រេងហក់ឡើងលើសពី ១០០ ដុល្លារក្នុងមួយបារ៉ែល។
លោក ត្រាំ បានប្រាប់អ្នកយកព័ត៌មាននៅក្នុងការិយាល័យ Oval Office កាលពីថ្ងៃទី២៩ខែមិថុនាថា៖ «ជំនួបនៅទីក្រុងដូហា ប្រហែលជាមានសារៈសំខាន់ ឬក៏ប្រហែលជាមិនមានសារៈសំខាន់។ យើងនឹងដឹងក្នុងពេលឆាប់ៗនេះ»។ ក្នុងពេលជាមួយគ្នានោះ លោកបានអះអាងថា “យើងកំពុងឈ្នះខាងផ្នែកយោធា”។
ទោះជាយ៉ាងណា មេដឹកនាំបក្សប្រជាធិបតេយ្យនៅព្រឹទ្ធសភា លោក ឆាក់ ស៊ូមឺរ (Chuck Schumer) បានរិះគន់ការរាយការណ៍របស់រដ្ឋបាលលោក ត្រាំ ថា “ខ្វះខាត និងគ្មានព័ត៌មានលម្អិត”៖ «បន្ទាប់ពីបានអូសទាញអាមេរិកចូលទៅក្នុងសង្គ្រាមដ៏មានតម្លៃថ្លៃ រដ្ឋបាលរបស់លោក ត្រាំ នៅតែមិនអាចបញ្ជាក់ពីអ្វីមួយតែមួយគត់ដែលប្រជាជនអាមេរិកទទួលបានមកវិញនោះទេ…»។
ផ្ទុយទៅវិញ ប្រធានាធិបតីអ៊ីរ៉ង់ លោក ម៉ាស៊ូដ ប៉េសេសគីយ៉ាន (Masoud Pezeshkian) បាននិយាយកាលពីថ្ងៃទី២៩ខែមិថុនាថា ទ្រព្យសម្បត្តិ ៦ ពាន់លានដុល្លារ ដែលបង្កកនៅក្នុងប្រទេសកាតានឹងត្រូវប្រគល់ឱ្យអ៊ីរ៉ង់វិញ ហើយលោកបានពិពណ៌នាអំពីអនុស្សរណៈនេះថាជា៖ «ជ័យជម្នះដ៏ធំធេងសម្រាប់ប្រជាជនអ៊ីរ៉ង់»។
ខណៈប្រធានាធិបតីបារាំង លោក អេម៉ានូអែល ម៉ាក្រុង កាលពីថ្ងៃទី២៩ខែមិថុនា បាននិយាយថា លោកកំពុងធ្វើការជាមួយប្រទេសអូម៉ង់ ដើម្បីដោះមីនចេញពីច្រកសមុទ្រហរមូស អនុរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក កាហ្សិម ហ្គារីបាបាឌី បានឆ្លើយតបវិញតាមបណ្តាញសង្គម X ថា ការដកមីនត្រូវធ្វើឡើងដោយអ៊ីរ៉ង់តែម្នាក់ឯងគត់ ហើយបានព្រមានបារាំងកុំឱ្យធ្វើឱ្យស្ថានភាពកាន់តែស្មុគស្មាញ៕









