បទ​យក​ការណ៍៖ កម្សោយ​ការ​ត្រួត​ពិនិត្យ​ផលិត​ផល​លើ​ទីផ្សារ​កំពុង​បំផ្លាញ​សុខុមាល​ភាព​ពលរដ្ឋ

គ្រឿង​បរិ​ភោគ និង​គ្រឿង​សម្អាង​កាយ កំពុង​ក្លាយ​ជា​តម្រូវ​ការ​លើស​ពី​ការ​ចម្អែត​ក្រពះ និង​អនា​​ម័យ​​សម្រាប់​ពលរដ្ឋ​​កម្ពុជា​បច្ចុប្បន្ន។ លើស​ពី​ការ​ចម្អែត​ក្រពះ ក៏​ដោយ​សារ​តែ​ពលរដ្ឋ​មួយ​ចំនួន​បាន​បន្ថែម​គ្រឿង​ស្រវឹង ភេសជ្ជៈ​មាន​​ជាតិ​ស្ករ​ខ្ពស់ អាហារ​កែច្នៃ​មាន​សារ​ធាតុ​គីមី​លើស​កម្រិត ឬ​អាហារ​បំប៉ន​គ្មា​ន​ស្តង់​ដារ​ទៅ​ក្នុង​របប​​អា​ហារ​ប្រ​ចាំ​​ថ្ងៃ។ ចំណែក​ស្ត្រី​ជា​ច្រើន បាន​ប្រើ​ប្រាស់​គ្រឿង​សម្អាង និង​ថ្នាំជំ​នួយ​សម្រស់​លើស​កម្រិត បំពោក​ទៅ​​លើ​ស្បែក និង​ផឹក​ចូល​ទៅ​ក្នុង​ខ្លួន។

សកម្មភាពទាំងនេះ ប្រៀបបានទៅនឹងការស្រូបសារធាតុ​គីមី​បំពុល​សារ​ពាង្គ​កាយ​របស់​ខ្លួន បង្ក​ឱ្យ​មាន​​ជំងឺ​រ៉ាំរ៉ៃ និង​បង្ក​វិបត្តិ​ក្នុង​ការ​រស់​នៅ ដែល​ស្ដែង​ឱ្យ​ឃើញ​ឡើង​នៅ​ក្នុង​ជីវ​ភាព និង​ការ​រស់​​​នៅ​ប្រចាំ​​ថ្ងៃ​​របស់​ពលរដ្ឋ​គ្រួសារ​ជា​ច្រើន​នៅ​កម្ពុជា​ទាំង​នៅ​ទី​ប្រជុំ​ជន និង​ជន​បទ។

ជាការកត់សម្គាល់ មនុស្ស​វ័យ​ចំណាស់​មួយ​ចំនួន​ បាន​ធ្លាក់​ខ្លួន​ក្លាយ​ជា​កន្លែង​ពិសោធន៍​អាហារ​បំប៉ន​ និង​អាហារ​សុខ​ភាព​ដែល​មិន​បាន​ឆ្លង​កាត់​ការ​ពិនិត្យ​ត្រឹម​ត្រូវ​ មុន​ដាក់​លក់​លើ​ទី​​ផ្សារ។ ការ​​​ប្រើ​ប្រាស់​​អា​ហារ​​បំ​ប៉​ន​ក្លែង​ក្លាយ​ជា​ប្រចាំ បាន​ធ្វើ​ឱ្យ​សុខ​ភាព​ដែល​ទ្រុឌ​ទ្រោម​ស្រាប់​​កាន់​​​តែ​ធ្លា​​ក់ដុន​ដា​ប​ទៅ​​បង្ក​ជា​​​ជំងឺ​​​រ៉ាំរ៉ៃ។

ងាកមកមនុស្សពេញវ័យវិញ រាប់ចាប់តាំងពីយុវជន រហូតដ​ល់​មនុស្ស​វ័យ​កណ្ដាល​ ពួក​គេ​បាន​ជ្រើស​​យក​ស្រា​បៀរ ជាភេ​សជ្ជៈ​បម្រើ​ឱ្យ​ភាព​សប្បាយ​រីក​រាយ​ស្ទើរ​រាល់​ថ្ងៃ​ និង​គ្រប់​កម្ម​វិធី​ជួប​ជុំ។

ទោះបីមានការសិក្សាជាច្រើន បានរកឃើញពីផលប៉ះពាល់បណ្ដាល​មក​​ពី​គ្រឿង​ស្រវឹង​ ប៉ុន្តែ​និន្នា​ការ​នៃ​​ការ​​ទទួល​ទាន​មិន​បាន​ធ្លាក់​ចុះ​ឡើយ និង​ហាក់​កើន​ឡើង​ពីមួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ តាម​រយៈ​កំណើ​ន​នៃ​​ការ​លក់​របស់​ក្រុម​ហ៊ុន​ផលិត​ស្រា ​និង​ការ​បង្កើត​ផលិត​ផល​ស្រា​បៀរ​ថ្មីៗ​ជា​ច្រើន​ម៉ាក។

ទោះបញ្ហាគ្រឿងស្រវឹង បានបង្កឱ្យមានផលវិបាកផ្នែក​សុខ​ភាព​ និង​បង្ក​គ្រោះ​ថ្នាក់​ចរា​ចរណ៍ អំពើ​ហិង្សា​​​ជា​ច្រើ​ន​ករណី ប៉ុន្តែ​សេច​ក្ដី​ព្រាង​ច្បាប់ ស្ដីពី​ការ​គ្រប់​គ្រង​គ្រឿង​ស្រវឹង​ នៅ​តែ​ជាប់​គាំង​​ ទោះ​បី​រៀ​ប​​រៀង​ជាង​ ១០ឆ្នាំ​មក​នេះ។ ទន្ទឹម​គ្នា​នេះ ​វិធាន​ការ​រឹត​បន្តឹង​ការ​ផ្សព្វ​ផ្សាយ និង​ការ​ដាក់​រង្វាន់​​លើ​ក្រ​​​វិល​​កំប៉ុង ហាក់​មិន​បាន​ឆ្លើយ​តប​បញ្ហា​ចំពោះ​មុខ​ ខណៈ​ក្រុម​ហ៊ុន​ស្រាបៀ​រ​មួយ​ចំនួន​​ខ្វះ​​គុ​ណ​​ធម៌​​ក្នុង​កា​រ​ធ្វើ​ទី​ផ្សា​រ។

ងាកទៅក្រុមកុមារដែលជាអនាគតយុវជនវិញ សុខ​ភាព​ពួក​គេ​ត្រូវ​បាន​បំផ្លាញ​តាំង​ពី​នៅ​តូចៗ ដោយ​​​សារ​​ជំងឺ​ទឹ​ក​នោម​ផ្អែម ទឹក​នោម​ប្រៃ និង​បញ្ហា​លើស​ទម្ងន់។ ជំងឺ​នេះ​កើ​ត​​ឡើង​ដោយ​​សារ​ការ​​ផឹក​​ភេសជ្ជៈ​ប៉ូវ​កម្លាំង​មាន​ជាតិ​ស្ករ​ខ្ពស់ និង​ហូប​អាហារ​កែ​ច្នៃ​មាន​ជាតិ​អំបិល​សូដ្យូម ហើយ​បន្ថែ​ម​សា​​រធាតុ​គីមី​​លើស​កម្រិត​ជា​ប្រចាំ ដូច​ជា ប្រហិត មី ស្ករ​គ្រាប់​គ្មាន​ប្រភព​ច្បាស់​លាស់ និង​នំក​ញ្ចប់​ជា​ដើម។ អាហារ​ទាំង​នោះ ចូល​ទៅ​សម្ងំ​កៀក​នឹង​កុមារ​​បំផុត នោះ​គឺ​ក្នុង​បរិវេណ និង​ជុំវិញ​សាលារៀន។

ការ​អនុញ្ញាត​ឱ្យ​អាហារ​ទាំង​នោះ​នៅ​ជិត​ក្មេង​ ​និង​ឪពុក​ម្ដាយ​ខ្វះ​ការ​យក​ចិត្ត​ទុក​ដាក់​របប​អាហារ បាន​ធ្វើ​ឱ្យ​កុមារ​កម្ពុជា​ជិត ៧០០​នាក់ មាន​ជំងឺទឹ​ក​នោម​ផ្អែម​ប្រភេទ១។ នេះ​បើ​យោង​តាម​របាយ​ការណ៍​​របស់​មន្ទីរ​ពេទ្យ​គន្ធ​បុប្ផា កាល​ពី​ឆ្នាំ​២០២៤។

បញ្ហានេះ បានជំរុញឱ្យលោក​នាយករដ្ឋមន្ត្រី និង​ក្រសួង​អប់រំ ចេញ​ប្រកាស​ជា​ច្រើន​លើក​ហាម​​ឃាត់​​វត្ត​មាន​នំ​ចំណី និង​ភេសជ្ជៈ​ប៉ូវ​កម្លាំង​ក្នុង​និង​ក្រៅ​បរិវេណ​សាលា។ យ៉ាង​ណា ក្មេងៗ​នៅ​​​​តែ​​អាច​ស្វែងរកចំណី​ទាំង​នោះ​បាន​ដោយ​ងាយ ព្រោះ​អ្នក​​លក់​អាហារ​ប្រភេទ​នេះ​មាន​នៅ​គ្រ​ប់​ទី​កន្លែង។

មិនមែនមានតែគ្រឿងបរិភោគបន្ថែមនោះទេ​​ដែល​បង្ក​គ្រោះ​ថ្នាក់ សូម្បី​តែ​បន្លែ​ត្រី​សាច់​ ដែល​ជា​ប្រភ​ព​​អា​ហារ​ចម្បង ក៏​មាន​ផ្ទុក​នូវ​សារ​ធាតុ​គីមី​លើស​កម្រិត​ផង​ដែរ។ ជាក់​ស្ដែង​ ការ​បង្ក្រាប​​សាច់​​បង្កក​​រាប់​​​សិប​តោន បាន​បង្ហាញ​​ឱ្យ​ឃើញ​ថា ​កម្ពុជា​គឺ​ជា​ឃ្លាំង​ផ្ទុក​កាក​សំណល់ និង​បញ្ចេ​​ញលក់​ឱ្យ​​ពល​រដ្ឋ​​ដែល​​ហូប​ដើម្បី​រស់។

ស្ថានភាពកាន់តែអាក្រក់ជាងនេះ ក្រោយក្រសួងសុខាភិបាល នៅថ្ងៃ​ទី​២៦ ខែ​មិថុនា​ ឆ្នាំ​២០២៦ បាន​​​រ​កឃើ​ញ​គ្រឿង​សម្អាង​ចំនួន ៥ប្រភេទ មាន​ផ្ទុក​សារ​ធាតុ​គីមី​លើស​កម្រិត​ នោះ​គឺ​បារត និង​អាស៊ីត សាលី​ស៊ីលិច។ ស្រប​ពេល​ដែល​សារ​ធាតុ​បារត​អនុ​ញ្ញាត​ឱ្យ​មាន​ត្រឹម​កម្រិត ១ppm ប៉ុន្តែ​គ្រឿង​សម្អាង​​​ខ្លះ​​ត្រូវ​​បាន​ពិនិត្យ​ឃើញ​ថា​មាន​ដល់ ៥ppm ខ្លះ១០​ppm និង​ខ្លះ​ដល់​ទៅ ២ពាន់ និង​៣ពាន់ ppm។

ក្នុងកម្រិតនេះ បារតបានក្លាយជាឃាតករលាក់​មុខ ដែល​ធ្វើ​ឱ្យ​តម្រង​នោម​ចុះ​ខ្សោយ​ មហា​រីក​ស្បែក និង​ប៉ះ​ពាល់​ប្រព័ន្ធ​ប្រសាទ​ដល់​អ្នក​ប្រើ​ប្រាស់​ដែល​លាប​បំពោក​គ្រឿង​សម្អាង​ទាំង​នោះ ទៅ​លើ​ស្បែក​ក្នុង​រយៈ​ជា​​ច្រើ​ន​ឆ្នាំ។

មិនមែនមានតែគ្រឿងសម្អាងទាំង ៥មុខ​​នេះ​នោះ​ទេ ដែល​កំពុង​បំផ្លាញ​សុខ​ភាព​ស្ត្រី​ខ្មែរ។ គ្រី​ម​លាប​ស្បែក​ឱ្យ​ស ថ្នាំ​ស​ម្រក​​រាង និង​វីតាមីន​ធ្វើ​ឱ្យ​ស្បែក​ស្អាត​ឬ​ហៅ​ថា ខូឡា​ជែន ដែល​​គ្មាន​ស្តង់​ដារ និង​បង្កប់​សារធា​តុគី​មី​អាក្រក់ ក៏​កំពុង​​ចូល​រួម​បំផ្លាញ​សុខ​​ភា​ពអ្ន​ក​​​ប្រើ​ប្រាស់​រយៈ​​ពេល​​វែង ក្រោម​កា​​រផ្សាយ​ពាណិជ្ជ​កម្ម ប្រៀប​ធៀប​ស្តង់​ដារ​សម្រស់​ «តើ​នៅ​បណ្ដោយ​ឱ្យ​ស្បែក​ខ្មៅ និង​​រា​​ងធាត់​​​មិន​ស្អា​​តដល់​​ពេល​ណា​ទៀត»។ ​

ប្រធានក្រុមប្រឹក្សាអ្នកឃ្លាំមើលកម្ពុជាលោក ម៉ែន ណាត ប្រាប់វីអូឌីនៅថ្ងៃទី​៣០ ខែ​មិថុនា ​ថា បញ្ហា​នេះកើ​ត​ឡើង​ពី​កត្តា​ធំៗ​ចំនួន៤ រួម​មាន អំពើ​ពុក​រលួយ ច្បាប់​ធូរ​រលុង​ ផល​ប្រយោជន៍​ជំនួញ​របស់​អ្នក​មាន​អំណាច​ និង​ការ​ផ្សព្វ​ផ្សាយ​ពាណិជ្ជ​កម្ម​ដោយ​គ្មាន​ការ​ដាក់​កម្រិត។ លោក​កត់​សម្គាល់​ឃើញ​ថា មន្ត្រី​មួយ​ចំនួន​បាន​គប់​គិត​ទទួល​សំណូក​ពី​ឈ្មួញ​ទុច្ចរិត ដើម្បី​បើក​ដៃ និង​ការ​ពារ​ផល​ប្រយោជន៍​ ជាពិសេស​បើ​ជំនួញ​នោះ​ជា​កម្ម​សិទ្ធិ​របស់​ក្រុម​គ្រួសារ​មន្ត្រីរដ្ឋាភិ​​បាល។ លោក​បន្ត​ថា ស្រប​ពេល​ច្បាប់​គ្រប់​គ្រង​លើ​ផលិត​ផល​ធូរ​រលុង ក្រុម​ហ៊ុន​មួយចំ​នួន​បានប​ង្កើន​ការ​ផ្សព្វ​ផ្សាយ​ផលិត​ផល ដូច​ជា ស្រា​បៀរ និង​ភេសជ្ជៈ​ផ្អែម ដោយ​មិន​គិត​ពី​គ្រោះ​ថ្នាក់ដ​ល់​សង្គម​ឡើយ។

ដើម្បីដោះស្រាយបញ្ហានេះ លោក ម៉ែន ណាត ជំរុញ​ឱ្យ​ក្រសួង​ស្ថាប័ន​ និង​អង្គ​ភាព​ពាក់​ព័ន្ធ​ទាំង​អស់​សហការ​គ្នា ត្រួត​ពិ​និត្យ​​ឱ្យ​​បាន​​ម៉ឺង​​ម៉ាត់ ទប់​ស្កាត់​ និង​ដក​ហូត​ផលិត​ផល​គ្រោះ​ថ្នាក់​មិន​អនុ​លោម​តាម​ស្តង់​ដារ ឬខូ​ច​គុណ​ភាព។ ជាមួ​យ​​គ្នា​​នេះ ​រដ្ឋាភិ​បាល​ត្រូវ​បង្កើត​គម្រូ​តាម​រយៈ​ការ​បោស​សម្អាត​មន្ត្រី​ពុក​រលួយ និង​ដាក់​កំណត់​ដែន​រក​​​​ស៊ី​របស់​ក្រុម​​គ្រួសារ​​មន្ត្រី​ ខណៈ​ក្រសួង​ព័ត៌​មាន​ត្រូវ​កំណត់​នូវ​ប្រភេទ និង​ម៉ោង​ផ្សាយ​ពាណិជ្ជ​កម្ម​ផលិត​ផល​ដែល​មាន​ហានិ​ភ័យ​ប៉ះ​ពាល់​ដល់សុ​ខ​ភាព​ពលរដ្ឋ។

លោក ម៉ែន ណាត ថ្លែ​ងថា៖ «អ្នកអស់ហ្នឹង គឺអ្ន​កទ​ទួល​ខុស​ត្រូវ​ មិន​អាច​ដោះ​សារ​យក​រួច​ខ្លួន​ទេ ហើយ​ត្រូវ​តែ​អនុវ​ត្ត​ច្បាប់​ឱ្យ​បាន​ម៉ឺង​ម៉ាត់​ ដូ​ច​ខ្ញុំ​បញ្ជាក់​ជូន​ខាង​លើ​អ៊ីចឹង។ ហើយ​ដើម្បី​ឱ្យ​មាន​ការ​ទទួល​ខុស​ត្រូវ​ពេញ​លេញ គឺ​អ្នក​នយោ​​បាយ​ អ្នក​ដឹក​នាំ​អស់​ហ្នឹង​ត្រូវ​តែ​នាំ​អាទិ៍ ធ្វើ​ជា​គំរូ​ល្អ ហើយនាំ​គ្នា​អ​នុវត្ត​ច្បាប់​ឱ្យ​បានម៉ឺ​ង​ម៉ាត់​ទៅ ​វា​អាច​ជា​ចំណែក​​មួយ​នៅ​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​ហ្នឹង​បាន​ហើយ»។

ស្របពេលគ្រឿងសម្អាងមួយចំនួន បង្ហាញសញ្ញាគ្រោះថ្នាក់ក្នុងរយៈពេល​វែង​ តែ​គ្រឿង​សម្អាង​ខ្លះ​បាន​លេច​ឡើង​នូវ​សញ្ញា​គ្រោះ​ថ្នាក់​ ក្រោយ​ប្រើប្រាស់​បាន​មួយ​រយៈ​ ដូច​ជា​ការ​រលាក​ស្បែក បែក​សង្វារ ជាដើម ប៉ុន្តែ​មាន​ជន​រង​គ្រោះ​តិច​​ណាស់​​ដែល​បាន​រាយ​ការណ៍​ពី​បញ្ហា​នេះ ខណៈ​អ្នក​ខ្លះ​ជ្រើស​រើស​ភាព​ស្ងប់​ស្ងាត់​ ឬ​មិន​បញ្ចេញ​ម៉ាក​ផលិត​ផល​ដោយ​សារ​ខ្លាច​ម្ចាស់​ក្រុម​ហ៊ុន​ប្ដឹង។

ករណីផ្សេងទៀតទាក់ទងនឹងចំណីអាហារ ជាក់​ស្ដែង​ករណី​ពុល​សម្ល​ស្ពៃ​ក្ដោប​មួយ​គ្រួសារ​ នៅ​ខណ្ឌ​ដង្កោ ដែល​បណ្ដាល​ឱ្យ​ក្មេង​ម្នាក់​ស្លាប់ កាល​ពី​ពាក់​កណ្ដាល​ខែ​មិថុនា ក៏​អាជ្ញាធរ​មិន​ទាន់​បង្ហាញ​លទ្ធ​ផល​ស្រាវ​ជ្រាវ​នៅ​ឡើយ​ទេ។

បើទោះបីបញ្ហាទាំងនេះ ត្រូវបានលើកយកមកជជែកជារឿយៗ ក្នុង​ចំណោម​ពលរដ្ឋ​ ពិសេស​លើ​បណ្ដាញ​សង្គម ប៉ុន្តែ​អាជ្ញាធរ​​ជំនាញ​ទាំង​ផ្នែក​ចំណី​អាហារ ភេសជ្ជៈ និង​គ្រឿង​សម្អាង​វេជ្ជ​សាស្ត្រ នៅតែ​មិ​ន​បាន​ឆ្លើយ​តប​ឱ្យ​ទាន់​ពេល​នោះ​​ឡើយ។

ទាក់ទិនរឿងនេះ អគ្គនាយកដ្ឋាន​នៃអ​គ្គនា​យក​ដ្ឋាន​ការ​ពារ​អ្នក​ប្រើ​ប្រាស់ ការ​ប្រកួត​ប្រជែង​ និង​បង្ក្រាប​ការ​ក្លែង​បន្លំ (ក.ប.ប) លោក គឹម មាស​សុខ​សីហា ប្រាប់​វីអូឌី​ តាម​រយៈ​សារជា​​សំណេរ​​ថា ការ​ព្រួយបា​រម្ភ​របស់​ពលរដ្ឋ គឺ​ជា​ការ​យក​ចិត្ត​ទុក និង​ប្រឹង​ប្រែង​ទាំង​អស់​គ្នា។ លោក​បន្ត​ថា បញ្ហាសុ​វត្ថិ​ភាព​ម្ហូប​អាហារ តែង​មាន​បាតុ​ភាព​ក្នុង​បណ្តា​ប្រទេស​​ផ្សេងៗ ​រាប់​ទាំង​ប្រទេស​ជឿន​លឿន ដោយ​អ្នក​វិទ្យា​សាស្រ្ត​​បញ្ជាក់​ច្បាស់​ថា គ្មានម្ហូ​ប​អាហារ​ណា ​ដែល​មាន​ហានិ​ភ័​យ​​សូន្យ​ទេ គឺ​មាន​តិច ឬ​ច្រើន អាច​គ្រប់​គ្រង​បាន ឬ​គ្រប់​គ្រង​ចន្លោះ​ប្រហោង។ លោក​បន្ថែម​ថា មាន​តែ​ការ​​រួម​គ្នា​ចំពោះ​តួអង្គ​ពាក់​ព័ន្ធ រួម​មាន សមត្ថ​កិច្ច អាជីវករ ពាណិជ្ជ​ករ អ្នក​លក់​ដូរ អ្នក​ប្រើ​ប្រាស់​ផ្ទាល់​ ព្រម​ទាំង​អ្នក​​សារ​​ព័ត៌​​មាន ជួយ​ចែក​រំលែក​ព័ត៌​មាន​ការ​បំភ្លឺ​បន្ថែម​លើ​ព័ត៌​មាន​មិន​ពិត ឬ​បំភាន់​ រួម​ទាំង​វិស័យ​សិក្សា​លើ​ការ​អប់រំ​ផ្សព្វ​ផ្សាយ​បង្កើន​ការ​យល់ដឹ​ង​ជូន​ប្រជា​ពលរដ្ឋ​ជា​អ្នក​ប្រើ​ប្រាស់។

បើតាមអគ្គនាយកដ្ឋាន ក្នុងរយៈពេល៦ខែ ក.ប.ប បាន​ចុះ​ត្រួត​ពិនិត្យ​ និង​រក​ឃើញ​ម្ហូប​អាហារ​ និង​គ្រឿង​ឧប​ភោគ​​បរិ​ភោគ​ខូច​គុណ​ភាព​ មិន​មាន​លក្ខណៈ​សម​ស្រប​សម្រាប់​ទទួល​ទាន​បាន​ជាង ២០​តោន និង​ទំនិញ​មិន​មាន​អនុ​លោម​ភាព បំពាន​កម្ម​សិទ្ធិ​បញ្ញា​ ទំនិញ​ប្រើ​ប្រាស់​ទូទៅ​ដែល​ក្លែង​បន្លំ បាន​ប្រមាណ ១៦០​តោន។ ជាមួយ​គ្នា​នេះ ក.ប.ប បាន​សហការ​ជាមួយ​ព្រះ​រាជ​អាជ្ញា និង​គណៈ​បញ្ជា​ការ​រាជ​ធានី​-ខណ្ឌ ចុះ​ត្រួត​ពិនិត្យ​ និង​រក​ឃើញ​ទំនិញ​ជា​សាច់​​បង្កក សាច់ និង​ម្ហូប​អាហារ​វេច​ខ្ចប់​ស្រេច​ក្លា​សេ ខូច​គុណ​ភាព​ មាន​វត្ត​មាន​កត្តា​ចម្ល​ងគ្រោះ​ប៉ះ​ពាល់​សុខ​ភាព សុវត្ថិ​​ភាព​​អ្នក​ប្រើ​ប្រាស់​ ពិសេស​ទំនិញ​មាន​ប្រភព​នាំ​ចូល​ខុស​ច្បាប់​ពី​ថៃ បាន​ជាង ៣០០​តោន។

កាលពីខែឧសភាកន្លងទៅ ក្រសួង​ពាណិជ្ជ​កម្ម​បាន​សម្រេច​​បញ្ចប់​មុខ​តំណែង និង​លុប​ឈ្មោះ​​ប្រធាន ក.ប.ប ខេត្ត​​បាត់​ដំបង ក្រោយ​ពាក់​ព័ន្ធ​នឹង​ការ​លួច​បើក​ផ្លូវ​ឱ្យ​មាន​ការ​នាំចូល​ទុរេន​ខុស​ច្បាប់​ពី​ប្រទេស​ថៃ។

ក្រោយការដកតំណែងនេះ ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន បាន​បន្ត​ដាក់​បញ្ជា​ឱ្យ​មាន​បង្ក្រាប​ទំនិញ​ថៃ​ផ្សេង​ទៀត រហូត​ដល់​មាន​ការ​រក​ឃើញ​សាច់​បង្កក​ហួស​កាល​បរិច្ឆេទ​រាប់​ម៉ឺន​តោន និង​ប្រហិត​ខូច​គុណភា​ព​ជា​ច្រើន​តោន​ផ្សេង​ទៀត​នៅ​រាជ​ធានី​ភ្នំពេញ។

ជុំវិញរឿងនេះ ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ ដើម្បី​អភិវឌ្ឍន៍ និង​​សន្តិភាព​​(PDP) លោក យង់ គិ​ម​​អេង លើក​ឡើង​ថា សារ​ធាតុ​គីមី​នៅ​ក្នុង​អាហារ និង​គ្រឿង​សម្អាង​ គឺ​ជា​មហន្ត​រាយ​សុខ​ភាព​ធំ​មួយ ខណៈ​ការ​បង្ក្រាប​កន្លង​មក​មាន​ទម្រង់​ជា​ករណី ​មិន​មែន​ជា​គោល​នយោ​បាយ ឬជា​​កញ្ចប់។ លោក​បន្ត​ថា ផលិត​ផល​ទាំង​នោះ មិន​មែន​លក់​នៅ​ក្នុង​ទីផ្សារ​ងងឹត​ឡើយ ដោយ​អាជីវ​ករ​ដាក់​តាំង​លក់​ទូលំ​ទូលាយ​ ជា​ហេតុ​បង្ក​ភាព​ងាយ​ស្រួល​ដល់​អាជ្ញាធរ​ក្នុង​ការ​ត្រួត​ពិនិត្យ ខណៈ​ពលរដ្ឋ​បច្ចុប្បន្ន​អាច​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​រាយ​ការណ៍​ និង​ស្វែង​យល់​ពី​ផលិត​ផល​ដែល​សង្ស័យ​បាន​។  

លោក យង់ គិម​អេង ថ្លែង​ថា៖ «នេះជារឿងមួយសំខាន់ ពីព្រោះ​ថា​ព័ត៌មា​ន​ទាំង​ឡាយ​ គឺ​ភាគ​ច្រើន​មាន​នៅ​លើអ​ន​ឡាញ។ អ៊ីចឹង​យើង​ប្រឹង​ប្រែង​ទៅ​រក ទៅ​មើល​ទៅ ​ហ្នឹង​វា​ជួយ​យើង​ច្រើន។ ហើយ​មិន​តែ​ប៉ុណ្ណោះ​ទៀត​សោត គឺ​បើ​សិន​​​ជា​​មាន​ករណី​ដែល​ថា ​ផលិត​ផល​ក្លែង​ក្លាយ ផលិត​ផល​ដែល​មាន​ជាតិ​គីមី​ខ្ពស់ ដែល​ដឹង ដែល​ឮ ត្រូវ​រាយ​ការណ៍​ឱ្យ​អាជ្ញា​ធរ។ ហើយ​អាជ្ញាធរ​ក៏​ត្រូវ​តែ​ផ្ដល់​នូវ​លេខ​ទំនាក់​ទំនង Hotline ដើម្បី​ឱ្យ​ប្រជា​ពលរដ្ឋ​បាន​ ធ្វើ​ការ​រាយ​ការណ៍​ជូន ហើយ​ក៏​ត្រូវ​ចាត់​វិធាន​ការ​ដែរ»។

បើតាមអគ្គនាយក​នៃ​អគ្គនាយកដ្ឋាន ក.ប.ប លោក គឹម មាស​សុខ​សីហា ​ប្រជា​ពលរដ្ឋ​អាច​ស្វែង​រក​ជំនួយ​ពី​អាជ្ញាធរ​​មាន​សមត្ថ​កិច្ច​នៅ​ជិត​បំផុត ឬ​សាខា ក.ប.ប តាម​រាជ​ធានី​-ខេត្ត​ ឬ​តាម​រយៈ​បណ្តឹង​អន​ឡាញម​ក ក.ប.ប តាម​កម្ម​វិធី​ទូរស័​ព្ទ​ដៃ ccf complaint app ឬ​ទូរស័ព្ទ​ហត​ឡាញ​ក្រសួង​ពាណិជ្ជ​កម្ម​តេ​ដោយ​ឥត​គិត​ថ្លៃ​លេខ ១២៦៦។

ស្របពេលដែល​អាជ្ញាធរ ក.ប.ប កំពុងដុតដៃដុតជើងបង្ក្រាប​ផលិត​ផល​ខុស​ច្បាប់​ ​ក្រុម​អ្នក​ឃ្លាំ​មើ​ល​នៅ​តែ​តាម​ដាន​​ទៅ​លើ​​លទ្ធផល និង​ភាព​យូរ​អង្វែង​នៃ​ចំណាត់ការ​ ​ព្រោះកន្លងមក ការ​ត្រួត​ពិនិត្យតែង​​ធ្វើ​ឡើង​ដូច​ភ្លើង​ចំបើង និងរង​​ចាំ​តែប​ញ្ជា​ពី​ថ្នាក់​ដឹក​នាំ។ បញ្ហា​នេះ​សូម្បី​តែ​ក្មួយ​ប្រុស​​លោក ហ៊ុន សែន គឺ​លោក ហ៊ុន ជា ក៏​លើក​ឡើង​​ដែរ​​ថា ក.ប.ប ជា​ស្ថាប័ន​ឥត​ប្រយោជន៍​ និង​ផ្ដល់​ប្រយោជន៍​តែ​បក្ខ​ពួក​របស់​ខ្លួន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ