សមាជិក​​ក្រុម​​ប្រឹក្សា​​​ឃុំ​​បក្ស​​ប្រជា​ជន​​មួយ​​រូប​​នៅ​​ស្ទឹង​ត្រែង​​រង​​ការ​​ចោទ​​ថា​ ឈូស​​ឆាយ​​ព្រៃ​​ឡង់​ធ្វើ​ជា​អាជីព

សកម្ម​ជន​​ការ​ពារ​​បរិស្ថាន​ ​ស៊ើប​​ដឹង​​ថា សមាជិក​​ក្រុម​​ប្រឹក្សា​​ឃុំ​​អន្លង់​​​ភេ ស្រុក​​ថាឡាប​រិវ៉ាត់​ ខេត្ត​​ស្ទឹង​ត្រែង លោក អ៊ីវ ព្រីង បាន​​ដឹក​​​នាំ​​កូ​ន និង​​សាច់​​ញាតិ​ យក​​គ្រឿង​​ចក្រ​​សរុប ៥គ្រឿង​ ឈូស​​ឆាយ​​ទន្ទ្រាន​​ដែន​​ជម្រក​​សត្វ​​ព្រៃ​ឡង់​ នៅ​​ចំណុច​​ភ្នំ​​អន្ទង់​​វៀន​ ឃុំ​​អន្លង់​ភេ​ ស្រុក​​ថាឡាបរិវ៉ាត់​ ដើម្បី​​ទន្ទ្រាន​​យក​​ដី​​ធ្វើ​​ជា​​កម្ម​​សិទ្ធិ ដោយ​​គ្មាន​​ការ​​ទប់​ស្កាត់​​តាម​ច្បាប់​។

សកម្មជន​ការពារ​បរិស្ថាន លោក អ៊ុក ម៉ៅ ប្រាប់​វីអូឌី​នៅ​ថ្ងៃ​ទី​០១ ខែ​កក្កដា​​ថា​ លោក​​មាន​​ភស្តុ​តាង​​ច្បាស់​​លាស់​​ដែល​​បញ្ជាក់​​ថា សមាជិក​​ក្រុម​​ប្រឹក្សា​​ឃុំ​​រូប​​នេះ ដឹក​​នាំ​​កូន​ចៅ​ និង​​សាច់​​ញាតិ​​ឈូស​​ឆាយ​ព្រៃ​ខុសច្បាប់ ប៉ះពាល់​មុខ​មាត់​រដ្ឋាភិបាល។

លោក​បញ្ជាក់​ថា លោក អ៊ីវ ព្រីង បាន​​​ប្រើ​​គ្រឿងចក្រ​ឈូសឆាយ​ព្រៃ​ឡង់​ជា​មុខ​របរ​អាជីព​ជាង ២​​​ឆ្នាំ​​មក​​ហើយ ដោយ​​​គ្មាន​​អាជ្ញាធរ​ណា​ហ៊ាន​អនុវត្តច្បាប់​ និង​ស៊ើប​អង្កេត​ ដើម្បី​ផ្ដន្ទាទោស​​នៅ​ឡើយ​ទេ។ លោកថា ​កន្លង​ទៅលោក​​បាន​​រាយ​ការណ៍​​ករណី​​នេះ ទៅ​ឆ្មាំ​អភិរក្ស​របស់​ក្រសួង​បរិស្ថាន​ជា​ច្រើន​ដង​ តែ​គ្មាន​ចំណាត់​ការ​។

លោក អ៊ុក ម៉ៅ និយាយថា៖ «២ឆ្នាំនេះ ខ្ញុំតាមដានផ្ទាល់ភ្នែក… ឥឡូវទាន់ហើយ! និយាយរួម ដីភូមិអន្លង់ភ្នំ មួយចំហៀងហ្នឹងខាងលិចអូរ គឺលោក អ៊ី ព្រីង គាត់ប្រើប្រាស់តែគ្រឿងចក្ររបស់បងប្អូនគាត់ ៥នាក់ហ្នឹងទេ។ ចំណែកមន្ត្រីបរិស្ថាន យើងរាយការណ៍ទៅ គាត់ចុះមកមែន… ប៉ុន្តែចុះមកហូបបាយ ចងអង្រឹងដេកផ្ទះ អ៊ី ព្រីង ហ្នឹង! អត់មាន​អនុវត្តច្បាប់លើគ្រឿងចក្រហ្នឹងទេ។ គាត់យកតួនាទីឈូសឆាយដីព្រៃ គាត់ឱ្យកូនឈូស គាត់មើលផ្លូវ»។

កាល​ពី​ចុង​ខែ​មិថុនា​ថ្មីៗ​នេះ អ្នកភូមិ​មួយ​ក្រុម ​និង​សកម្មជន​ការពារ​បរិស្ថាន លោក អ៊ុក ម៉ៅ បាន​ធ្វើ​ដំណើរ​ចូល​ក្នុង​​ដែន​ជម្រក​សត្វ​ព្រៃឡង់ ចំណុច​ភ្នំ​អន្ទង់​វៀន​ បាន​ប្រទះ​ឃើញ​កម្មករជាច្រើននាក់ ប្រើម៉ាស៊ីនត្រង់សឺន័រអាររំលំដើម​ឈើតូចធំ ដោយមានគ្រឿង​ចក្រ​ពីរ​គ្រឿង​ប្រភេទ​អាប៊ុល​ (Bulldozer) ឈូស​ឆាយ​ប្រមូលគំនរឈើរួចដុតបំផ្លាញ​​​ចោល ក្នុង​ព្រៃ​អភិរក្ស​នេះ​អស់​ជា​ច្រើន​ហិកតា​។ សកម្មភាព​ឈូស​ឆាយ​នោះ​ ធ្វើ​ឱ្យ​ដើម​ឈើ​ធំៗ​ប្រភេទ​ស្រឡៅ សុក្រំ និង​ឈើ​ទាល​ ដែល​ជា​តំបន់​ជនជាតិ​ដើម​ភាគតិច​កួយ​រក​អនុផល​ព្រៃឈើ និង​ជា​ជម្រក​សត្វ​ព្រៃ ត្រូវ​គេ​កាប់​និង​​ឈូស​ឆាយ​​​ផ្ដួល​រួច​ដុត​បំផ្លាញ​ចោល ឱ្យ​​ក្លាយ​ជា​វាល​។

លោក អ៊ុក ម៉ៅ បាន​ថត​វីដេអូ​បង្ហោះ​តាម​បណ្ដាញ​សង្គម​​ហ្វេស​បុក​ ផ្ញើ​​សារ​​ទៅ​កាន់​អភិបាល​ខេត្ត​ស្ទឹងត្រែង លោក សរ សុពុត្រា ដើម្បី​ឱ្យ​ចាត់​វិធាន​ការ​ច្បាប់​លើ​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​រូប​នេះ​។ លោក អ៊ុក ម៉ៅ ស៊ើប​ដឹង​ច្បាស់​ថា គ្រឿង​​​ចក្រ​២​គ្រឿង​នោះ​ជា​របស់​លោក អ៊ីវ ព្រីង និង​សាច់​ញាតិ ​ហើយ​លោក​បាន​​រាយ​ការណ៍​​ទៅ​​មន្ត្រី​​បរិស្ថាន​ប្រចាំ​ការ​​តំបន់​នោះ​ តែ​មន្ត្រី​ថា កំពុង​ជាប់​រវល់។

លោកថា៖ «ថ្ងៃនេះ នៅទឹកដីឃុំអន្លង់ភេ បាទ… នេះហៅភ្នំអន្ទង់វៀន ត្រាក់ទ័រកំពុងតែរុញដីព្រៃ។ ដីព្រៃ​នៅចំណុចភ្នំអន្ទង់វៀន ដីឃុំអន្លង់ភេ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង គោរពជូនឯកឧត្តមអភិបាលខេត្តស្ទឹងត្រែង ពិសេសឯកឧត្តម សរ សុពុត្រា»។

វីអូឌី ​មិន​ទាន់​អាច​ទាក់ទង​សុំការ​បំភ្លឺ​រឿង​នេះ ពី​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​អន្លង់ភេ លោក អ៊ីវ ព្រីង បាន​នៅ​ឡើយ​ទេ គិត​ត្រឹម​ម៉ោង​ផ្សាយ​នេះ។

អ្នក​នាំ​ពាក្យ​សាលា​ខេត្ត​ស្ទឹងត្រែង លោក ម៉ែន គុង មាន​ប្រសាសន៍​ថា​ ប្រសិនបើ​រក​ឃើញ​ថា មាន​បទល្មើស​​កើត​ឡើង​​​​នៅ​​​​មូល​ដ្ឋាន គណៈ​បញ្ជាការ​ឯកភាព​ខេត្ត និង​អាជ្ញាធរ​មូលដ្ឋាន​ ត្រូវ​អនុវត្ត​នីតិវិធី និង​ស្រាវជ្រាវ​ ដោយ​មិន​ប្រកាន់​​និន្នាការ​នយោបាយ​ឡើយ។ លោក​បញ្ជាក់​ថា  បើ​មន្ត្រី​រូប​ណា​បណ្ដែត​បណ្ដោយ និង​ពាក់ព័ន្ធ​បទល្មើស​ធន​ធាន​​​ធម្មជាតិ​ ត្រូវ​​អនុវត្ត​វិន័យ​​តាម​កម្រិត​នៃ​ទោស​និង​ភាព​អសកម្ម។

លោក ម៉ែន គុង និយាយថា៖  «ការអនុវត្តវិធានការ គឺអនុវត្តស្មើៗគ្នាទាំងអស់ អត់អាស្រ័យទៅលើការរកឃើញនៃបទល្មើសទាំងអស់នោះទេ។ ក៏ប៉ុន្តែ បើសិនជាករណីដែលមន្ត្រីរូបណាមានការទាក់ទងទៅនឹងបទល្មើស ឬក៏មានភាពអសកម្ម គឺត្រូវអនុវត្តតាមទណ្ឌកម្ម ឬវិន័យរបស់មន្ត្រី ទៅតាមកម្រិតនៃទោសទណ្ឌ»

ជុំវិញ​រឿង​នេះ សកម្មជន​សិទ្ធិ​មនុស្ស និង​ធនធាន​ធម្មជាតិ លោក ប៊ី វ៉ាន់នី សង្កេត​ឃើញ​ថា​ កន្លង​ទៅ​មន្ត្រី​អនុវត្ត​ច្បាប់ ឃើញ​តែ​ចំពោះ​ពលរដ្ឋ កម្រ​ឃើញ​មន្ត្រី​អនុវត្ត​ច្បាប់​លើ​អ្នក​មាន​លុយ​មាន​អំណាច​ និង​អាជ្ញាធរ​ខិលខូច​ពាក់ព័ន្ធ​​បទល្មើស​ធនធាន​ធម្មជាតិ។ លោក​បារម្ភ​ថា ប្រសិន​បើ​ក្រសួង​បរិស្ថាន និង​អភិបាល​ខេត្ត​ស្ទឹងត្រែង​បន្តបណ្ដែត​បណ្ដោយ​​ឱ្យ​អាជ្ញាធរ​ឃុំ​រូប​នេះ​ប្រព្រឹត្ត​អំពើ​ល្មើសច្បាប់​ នឹង​ប៉ះពាល់​ទំនុក​ចិត្ត​ពលរដ្ឋ​ និង​មុខ​មាត់​គណបក្ស​កាន់​អំណាច។

លោក ប៊ី វ៉ាន់នី ថ្លែង​ថា៖ «បើសិនជាក្រសួងបរិស្ថាន និងក្រសួងមហាផ្ទៃអត់មានវិធានការទេ វាធ្វើឱ្យប៉ះពាល់ដល់ទំនុកចិត្តលើការដឹកនាំរបស់រដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរមន្ត្រី។ បើសិនជាមន្ត្រីធ្វើខុសច្បាប់ តើពលរដ្ឋទៅរកមន្ត្រីថ្នាក់ក្រោមជាតិ ឬមន្ត្រីណាផ្សេងទៀត ដើម្បីស្វែងរកយុត្តិធម៌តាមបែបណា? »

ក្រសួង​បរិស្ថាន​ បាន​ចុះ​បញ្ជី​ដែន​ជម្រក​សត្វ​ព្រៃឡង់​មាន​ទំហំ​ជាង ៤៣ម៉ឺន​ហិកតា កាល​ពី​ឆ្នាំ​​២០១៦ ហើយ​ក្រោយ​​មក​រាជ​រដ្ឋាភិបាល​សម្រេច​ពង្រីក​ដែន​អភិរក្ស​នេះ ​រហូត​ដល់​ជិត​ ៥០​ម៉ឺន​​​ហិកតា (៤៨៩.៦៦៣ ហិកតា) កាលពីឆ្នាំ​២០២៣។

ដែន​អភិរក្ស​នេះ​ ជា​តំបន់​ព្រៃ​ទឹក​ភ្លៀង​​ទំនាប​ធំ​បំផុត​ចុង​ក្រោយ​នៅ​កម្ពុជា​ និង​ជា​ដីគោក​នៃ​តំបន់​អាស៊ីអាគ្នេយ៍​លាត​សន្ធឹង​ក្នុង​ខេត្ត​ចំនួន ៤ រួមមាន ខេត្ត​កំពង់ធំ ព្រះវិហារ ក្រចេះ និង​ខេត្ត​ស្ទឹងត្រែង ដែល​មាន​ពលរដ្ឋ​យ៉ាង​ណាស់ ៣ សែន​នាក់ ​រស់​នៅ​ជុំវិញ​ព្រៃឡង់​នេះ​អាស្រ័យ​ផល​ពី​ព្រៃឈើ។ ដែន​អភិរក្ស​នេះ ​រង​ការ​កាប់​ឈើ​មាន​តម្លៃ និង​​ឈូស​ឆាយ​ព្រៃ​រាន​យក​ដី​អស់​មួយ​ផ្នែកធំ នៅ​រយៈ​ពេល​ជាង ១០ ឆ្នាំ​ចុង​ក្រោយ​នេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ