បុរសម្នាក់ទៀតជាបុគ្គលិកធនាគារ ត្រូវបានតុលាការផ្តន្ទាទោសឱ្យជាប់ពន្ធនាគារ ២ឆ្នាំ ចោទពីបទញុះញង់ ជុំវិញការរិះគន់ថ្នាក់ដឹកនាំ ដែលការចោទនេះធ្វើឱ្យអ្នកប្រើប្រាស់សិទ្ធិត្រូវផ្តន្ទាទោសកើនឡើងដល់១១៧នាក់ បើទោះបីរដ្ឋធម្មនុញ្ញបានធានាសិទ្ធិបញ្ចេញមតិក្តី។
អង្គការការពារសិទ្ធិមនុស្សលីកាដូ និយាយនៅលើគេហទំព័ររបស់ខ្លួន នៅថ្ងៃទី១ ខែកក្កដានេះថា កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ សាលាដំបូងរាជធានីភ្នំពេញ បានផ្តន្ទាទោសបុគ្គលិកធនាគារមួយរូប គឺលោក ម៉ៃ បុត្រ អាយុ ៣៦ ឆ្នាំ ដោយកំណត់ដាក់ទោសពន្ធនាគារចំនួន ២ ឆ្នាំ និងពិន័យជាប្រាក់ចំនួន ៤.០០០.០០០ រៀល (ប្រមាណ ១.០០០ ដុល្លារអាមេរិក)។
បើតាមប្រភពដដែល បុរសនោះត្រូវបានតុលាការចោទ ពីបទ ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម តាមបញ្ញត្តិមាត្រា ៤៩៤ និង ៤៩៥ នៃក្រមព្រហ្មទណ្ឌ ។
ការចោទប្រកាន់ចំពោះលោក បុត្រ ធ្វើឡើងក្រោយលោកបានផ្ញើជាកម្រងសារសន្ទនាក្នុងក្រុមតេឡេក្រាមមួយដែលជាសាររិះគន់ដល់ថ្នាក់ដឹកនាំ ។
លោក បុត្រ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៦ នៅកន្លែងធ្វើការងារក្នុងស្រុកបន្ទាយមាស ខេត្តកំពត ។
អង្គការលីកាដូ បានគូសបញ្ជាក់ថា ក្រោយប្រកាសសាលក្រម លោក បុត្រ ត្រូវបានបញ្ជូនទៅឃុំខ្លួនវិញនៅក្នុងពន្ធនាគាររាជធានីភ្នំពេញ។ លោក បុត្រ សិ្ថតក្នុងចំណោមមនុស្ស ១១៧ នាក់ កំពុងជាប់ឃុំដោយប្រើសិទ្ធិដែលចងក្រងដោយអង្គការលីកាដូ។
ការសិក្សានានា រកឃើញថា ការដែលតុលាការកម្ពុជាបន្តប្រើប្រាស់ «បទញុះញង់» ជាពិសេសមាត្រា ៤៩៤ និង ៤៩៥ នៃក្រមព្រហ្មទណ្ឌ ចោទប្រកាន់អ្នករិះគន់ គឺដោយសារតែប្រព័ន្ធតុលាការ បានក្លាយជាឧបករណ៍នយោបាយរបស់គណបក្សកាន់អំណាច។
ផ្អែកលើរបាយការណ៍វាយតម្លៃស្ថានភាពច្បាប់របស់គម្រោងយុត្តិធម៌ពិភពលោក (World Justice Project) ប្រចាំឆ្នាំ២០២៥ និងឆ្នាំ២០២៦ កម្ពុជាត្រូវបានចាត់ថ្នាក់ស្ថិតក្នុងចំណោមប្រទេសដែលមានសន្ទស្សន៍នីតិរដ្ឋទាបបំផុតនៅលើពិភពលោក ដោយសារតែគ្មានការបែងចែកអំណាចរវាងស្ថាប័ននីតិប្បញ្ញត្តិ នីតិប្រតិបត្តិ និងតុលាការ ធ្វើឱ្យប្រព័ន្ធតុលាការ ក្លាយជាឧបករណ៍នយោបាយ សម្រាប់អនុវត្តទណ្ឌកម្មផ្លូវច្បាប់ លើអ្នកដែលជំរុញតម្លាភាពសង្គម៕









