រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត បន្តផ្អាកធ្វើពិធីបុណ្យអុំទូក នៅមុខព្រះបរមរាជវាំង ក្នុងរាជធានីភ្នំពេញនៅឆ្នាំនេះជាថ្មីទៀត ដោយសំអាងពីការយកចិត្តទុកដាក់ពីបញ្ហាព្រំដែន និងបញ្ហាជនភៀសសឹករាប់ម៉ឺនគ្រួសារ ដែលបានបាត់បង់ផ្ទះសម្បែង ក្រោយថៃបើកការឈ្លានពាន។
បើតាមសារាចរ ចុះថ្ងៃទី២៥ខែមិថុនា ដែលគេទើបនឹងចែកចាយនៅថ្ងៃទី១ ខែកក្កដានេះ ការបន្តផ្អាកការប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៦នេះ រដ្ឋាភិបាលសំអាងថា ខ្លួន«កំពុងយកចិត្តទុកដាក់ខ្ពស់លើស្ថានការណ៍ចំពោះមុខ នៅតាមព្រំដែនកម្ពុជា-ថៃ ជាពិសេសការដោះស្រាយបញ្ហានានាជូនប្រជាពលរដ្ឋភៀសសឹក» និងកិច្ចការជាអាទិភាពចំពោះមុខមួយចំនួនទៀត។
ពិធីបុណ្យអុំទូកនៅឆ្នាំនេះ គ្រោងប្រព្រឹត្តទៅនៅថ្ងៃ១៤កើត ១៥កើត និង១រោច ខែកត្តិក ឆ្នាំមមី ត្រូវនឹងថ្ងៃទី២៣ ទី២៤ និងទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៦។
កាលពីឆ្នាំ២០២៥ រដ្ឋាភិបាល បានប្រកាសឱ្យផ្អាកការប្រារព្ធពិធីនេះដែរ ដោយសំអាងហេតុផលដូចគ្នា ជុំវិញការឈ្លានពានរបស់ថៃមកលើដែនអធិបតេយ្យកម្ពុជា។
នៅឆ្នាំ២០២៥ ថៃបានបើកការឈ្លានមកលើកម្ពុជាចំនួនពីរលើក ប៉ុន្តែក្រោមកិច្ចអន្តរាគមន៍ពីមហាអំណាចលោកសេរីផងនោះ កិច្ចព្រមព្រៀងបទឈប់បាញ់លើកទី២ រវាងកម្ពុជា-ថៃ ត្រូវបានធ្វើឡើងនៅថ្ងៃទី២៧ខែធ្នូ ឆ្នាំ២០២៥ ។
ប៉ុន្តែអ្នកឃ្លាំមើលថា ជាងកន្លះឆ្នាំមកនេះ ក្រោយមានបទឈប់បាញ់ ថៃមិនបានបញ្ឈប់ការឈ្លានពានកម្ពុជាទេ ដោយថា ថៃបានបន្តសម្រុកធ្វើរបងពង្រីកព្រំដែនថ្មី និងធ្វើហេដ្ឋារចនាសម្ព័ន្ធ លើដីខ្មែរចំនួន ៦៧ទីតាំង ដែលថៃដណ្តើមគ្រប់គ្រង រួមទាំងប្រាសាទបូរាណខ្មែរ ទាំងគ្មានការទប់ស្កាត់លើដីជាក់ស្តែង ពីរដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត៕








