លោក​ ហ៊ុន សែន ​រង​ការ​ស្តីប​ន្ទោស​ពី​ការ​តាម​​កម្ចា​ត់​​​ខ្មែរ​​​ទោះ​ជាតិ​កំពុង​ជួប​វិបត្តិ​ចាក់​ស្រេះ

បើ​​ទោះ​​​បី​កម្ពុជា​​កំពុង​​ប្រឈម​នឹង​​​វិបត្តិ​ចាក់​ស្រេះ ​អំពើ​​ពុក​រលួយ​ ​បក្ស​ពួក​និយម​​កើត​​ឡើ​ង​​​​​ជា​ប្រព័ន្ធ​ អំពើ​អយុត្តិ​​ធម៌​​សង្គម​​រីក​កាន់​​តែ​ធំ ពល​រដ្ឋ​​ជាង​​កន្លះ​​ប្រទេស​​ជំពាក់​​បំណុល​​វ័ណ្ឌក​ បូក​​រួម​​ទាំង​ឧក្រិដ្ឋ​កម្ម​​ឆបោក​​អន​​​ឡាញ​​​​កំពុង​​កើត​ឡើង​​​ពេញ​​ប្រទេស ហើយ​​ថៃ​ក៏កំ​ពុង​​ឈ្លាន​ពាន​កាន់​កាប់​​ទឹក​ដី​​កម្ពុជា​ជិត​​៧០​​ទីតាំង ដែល​​ទាម​​ទារ​​ឱ្យ​​ខ្មែរ​​​គ្រប់​​និន្នា​ការ​​ត្រូវ​​រួប​​រួម​គ្នា​​ការ​​​ពារ​​​ទឹ​ក​ដី​​យ៉ាង​ណា​ក្តី​ ក៏​អ្នក​តាម​ដាន​ខ្លះ​ថា​ លោក ​ហ៊ុន​ សែន ​នៅ​​​​​តែ​មិន​​បោះ​​បង់​​ចោល​​គំនិត​​កម្ចាត់​​ខ្មែរ​​គ្នា​​ឯង ​ដើម្បី​​ក្តោប​​អំណាច​​តពូជ​​នោះ​​ឡើយ។

ប្រតិកម្ម​ទាំងនេះ ​កើតមាន​ឡើង​បន្ទាប់​ពី​ប្រធានគណបក្ស​ប្រជាជន​កម្ពុជា ​ឈប់​ប្រើពាក្យ​«​រួប​រួមជាតិ​​ក្រោម​ដំបូល​​​នៃ​រដ្ឋធម្មនុញ្ញ​​» មក​ប្រើ​​ត្រឹមថា ​​«រួមរួមគ្នា​ជុំ​វិញរដ្ឋាភិបាល​» ដែល​ដឹកនាំ​ដោយ​​លោក​ហ៊ុន ម៉ាណែត ខណៈ​​រដ្ឋាភិ​​បាល​​​លោក​ហ៊ុន ម៉ាណែត ​កំពុង​ទទួល​រងការរិះគន់​យ៉ាងខ្លាំង​ថា អសមត្ថ​ភាព​យ៉ាងខ្លាំងក្នុងការ​ការ​ពារ​ទឹកដី​ធ្វើ​ឱ្យ​ថៃ​​អាច​ដណ្តើម​​កាន់​​កាប់​​ទឹកដី​ខ្មែរ​រហូត​ដល់​៦៨​ទីតាំង។

​ជាមួយគ្នានេះ សកម្ម​ជននយោបាយ​សកម្ម​​​ជនសង្គម​ជាច្រើន​​​ នៅ​តែត្រូវ​បាន​ចាប់ឃុំ​​ខ្លួន​ជាបន្ត​បន្ទាប់​និង​នៅ​​តែ​បន្ត​បិទ​សិទ្ធិ​ធ្វើ​​នយោបាយ​​លើ​អ្នក​នយោបាយ​ប្រឆាំង ​ស្របពេល​ដែលការ​បោះ​ឆ្នោត​ឆ្នាំ​​​២០២៧-២០២៨ កាន់​តែខិត​ជិតមក​ដល់។

នៅក្នុង​ខួប​៧៥​ឆ្នាំ​ ថ្ងៃបង្កើតគណបក្ស​ប្រជាជនកម្ពុជា កាលពីថ្ងៃទី​២៨ខែ​មិថុនា លោក​​ហ៊ុន សែន​ ​បាន​អំពាវ​នាវ​ឱ្យ​​ប្រជាជន​​កម្ពុជា​គ្រប់​រូប ​ខិតខំលើកកម្ពស់ភាព​ឯក​រាជ្យ​ម្ចាស់ការ​ ខ្លួន​ទីពឹងខ្លួន​របស់ជាតិ ​ឆ្លើយ​តប​​នឹង​សំណូម​ពរ​​នៃសភាពការណ៍​ជាតិ ​និងការ​វិវត្តយ៉ាង​ស្មុគស្មាញ​​នៃ​សភាព​​ការណ៍អន្តរជាតិ ​ដើម្បី​ការ​ពារ​​​មាតុភូមិ​ ​និង​សម្រេចទិសដៅ​នៃការ​អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម​កម្ពុជា​។ ក្នុង​ស្មារតីនេះ ​លោក​​ហ៊ុន សែន ​បាន​​អំពាវនាវ​ឱ្យ​​ជន​រួមជាតិ​ខ្មែរ​​ «​​បន្ត​រួប​រួម​សាមគ្គីជា​ធ្លុ​ង​​​​មួ​យ​ជុំវិញ​រាជរដ្ឋាភិបាល ​​និង​គាំទ្រ​យ៉ាងរឹងមាំ​ដល់​វីរកង​កម្លាំង​ប្រដាប់​អាវុធកម្ពុជា ​ដែល​កំពុង​ឈរជើង​ការពារ​ទឹកដីមាតុភូមិ ជាទី​ស្នេហាស្មើជីវិតរបស់​យើង»។

ជាមួយគ្នា​នេះ លោក​ហ៊ុន សែន ​ក៏ទទួល​ស្គាល់​ផងដែរថា ក្នុងដំណើរ​ឆ្ពោះ​ទៅ​មុខ ​កម្ពុជា​នៅ​តែត្រូវប្រឈម​ជាមួយ​ការលំបាក និង​ឧបសគ្គ​ធំៗ​ជាច្រើន​ទៀត​ ដែល​បណ្តាល​មក​ពី​កត្តា​ខាង​ក្នុង​ផង ​និង​​ពីកត្តា​ខាងក្រៅ​ផង ​​ជាពិសេស​កត្តាខាងក្រៅ​ ដែល​យើង​មិន​អាច​ប៉ាន់​ស្មាន​បាន។ ​លោក​លើកឡើងថា មេរៀន​ដែលកម្ពុជា​​ទទួល​បាន​ពីសភាពការណ៍​ឆ្នាំ២០២៥ និង​ដើម​ឆ្នាំ២០​២៦​​នេះ ​បាន​បញ្ជាក់​ឱ្យ​យើង​យល់​ច្បាស់ថា មាន​តែ​ការ​រួប​រួម​គ្នា​​ខិត​ខំ​​​ធ្វើ​​ឱ្យ​​កម្ពុជា​មាន​កម្លាំង​ខ្លាំង​​​ ទាំង​ខាង​សេដ្ឋកិច្ច​ ទាំងខាង​យោធា​ និង​នយោបាយ​​​ប៉ុណ្ណោះ​ ទើប​យើង​អាចការពារ​អធិប​តេយ្យ​​បូរណ​ភាពទឹកដី សន្តិភាព ​និង​អត្តសញ្ញាណរបស់​ជាតិបាន។​

យ៉ាងណាក្តី នៅ​ក្នុងកាលៈ​ទេសៈដែល​ខ្មែរ​គ្រប់​និន្នាការ​នយោបាយ ​​ត្រូវ​តែរួប​រួមគ្នា​​ដើម្បី​ធ្វើ​ឱ្យ​ខ្មែរ​ខ្លាំង ​ទើប​​អាច​ការ​ពារ​ជាតិ​​និង​ការ​ពារទឹកដីបាន​នេះ ក៏បែរ​ជានៅ​តែមាន​​ការ​បន្ត​ធ្វើ​ទុក្ខ​បុកម្នេ​ញ​ចាប់​ដាក់​ពន្ធនាគារ ​និង​​​ដក​​សិទ្ធិ​​ធ្វើ​​​នយោ​បាយ​​​​លើអ្នក​នយោបាយ ​និង​សកម្ម​ជន​គណបក្ស​​​ប្រឆាំង រួមទាំង​សកម្ម​ជន​សង្គម​​ដោយ​​គ្មាន​​បន្ធូរ​ដៃឡើយ។ បើតាម​អង្គការលីកាដូ គិត​ត្រឹមថ្ងៃ​​ទី​១ខែ​​កក្កដា​នេះ មាន​សកម្ម​ជន​នយោបាយ​និង​​​សកម្ម​ជន​សង្គម​​ចំនួន​ ១១៧​​នាក់ ​កំពុង​ជាប់​​ឃុំ​​ ដោយ​សារ​តែភាព​សកម្ម​ក្នុងការ​ប្រើសិទ្ធិ​របស់​ពួកគេ​លើ​​បញ្ហា​សង្គម ​ជាពិសេស​បញ្ហាព្រំដែន។

លោក ​សេង វណ្ណលី ​អ្នក​តាម​ដាន​ភូមិសាស្ត្រ​នយោបាយ ​បាន​ថ្លែងថា ការបន្ត​ថ្លែង​​សារ ឬក៏ការ​អំពាវនាវ​​​ជារឿយៗ​​ពី​ការ​បង្រួប​បង្រួមជាតិ​របស់​​ លោក​ហ៊ុន សែន ​គឺ​ជាវោហា​ស្ត្រនយោបាយ​ផ្ទុយ​​ស្រឡះ និង​​មាន​ភាព​ពុតត្បុត​យ៉ាងខ្លាំង​​ ពីព្រោះ​មិន​មែន​ជាការ​អំពាវ​នាវ​ឱ្យ​មាន​​ការ​ឯក​ភាព​ជាតិ​​ពិ​ត​ប្រាកដ ​ដើម្បី​ដោះ​ស្រាយ​​​​វិបតិ្ត​ចាក់​ស្រេះ​​របស់​ប្រទេសជាតិនោះទេ ប៉ុន្តែ​វាជាការ​បង្ខំ​ឱ្យ​ពល​រដ្ឋគ្រប់​រូប​ ត្រូវតែចុះ​ចូលស្មោះ​ត្រង់​​​ជាមួយ​បក្សកាន់​អំណាច បើមិន​ដូច្នោះ​ទេ​នឹង​ត្រូវ​ចាត់​ទុកជាសត្រូវ។

លោក​បន្តថា សកម្មភាពបន្តចាប់​ចងធ្វើ​ទុក្ខបុកម្នេញ​លើ​សកម្ម​ជន​នយោបាយ ​សកម្ម​ជន​សង្គម ​ព្រម​ទាំង​ការ​​បន្ត​​បិទសិទ្ធិ​​​ធ្វើ​នយោបាយ​​លើថ្នាក់​ដឹកនាំ​បក្ស​ប្រឆាំង​ថ្មីៗ​នេះ ក្នុងខណៈ​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​ឆ្នាំ​២០២៧ ​និង​ការ​បោះ​ឆ្នោត​​ជាតិ​​ឆ្នាំ២០២៨ ​កាន់​តែខិត​ជិតមកដល់ ​​​បាន​ស្តែង​ឱ្យ​ឃើញ​អំពីការ​ភ័យ​ខ្លាច​របស់គណ​បក្ស​កាន់​អំណាច​ ​ចំពោះ​​អំណាច​ពិត​របស់​ប្រជាពល​រដ្ឋ ​ក៏ដូចជាការ​កើនឡើង​នៃការ​គាំទ្រ​ទៅ​លើ​​​គណបក្ស​​ប្រឆាំង​​ដែលមាន​នៅក្នុងស្រុក។

លោកថា៖ «យុទ្ធសាស្ត្រ​កម្ចាត់​សំឡេងជំទាស់ ​និងការបិទមាត់​ខ្មែរ​គ្នាឯង​បែបនេះ ​វាជាការគូស​វាសទុកជា​មុន​ ​​ដើម្បី​​ធានាថា ការបោះ​ឆ្នោត​នាពេល​ខាង​មុខ ​នឹងគ្រាន់​តែជាល្ខោននយោបាយ​​ដែល​គ្មាន​គូប្រជែង​ពិត​​ប្រាកដ​ ​ហើយការរក្សា​អំណាច​តពូជ​​​អាចនឹងប្រព្រឹត្ត​ទៅ​ដោយ​រលូន ​ដោយ​ពុំ​មាន​ការ​រំខាន​​​ពីកម្លាំង​ប្រជាធិប​តេយ្យ​។ ​អ្វីដែល​​គួរឱ្យ​ស្រណោះ​បំផុតនោះ ​​គឺ​ក្នុងពេល​ដែល​កម្ពុជា​កំពុង​ប្រឈម​មុខ​នឹង​វិបត្តិ​ចាក់​ស្រេះ ​ទាំងការឈ្លានពាន​ពីប្រទេស​ជិតខាង ​​​វិបត្តិ​បំណុល​វ័ណ្ឌក​របស់​ប្រជាពល​រដ្ឋ​សាមញ្ញ ​ហើយ​និង​ភាព​ទន់​ខ្សោយ​នៃប្រព័ន្ធ​យុត្តិធម៌ ក៏ដូច​ជា​បញ្ហា​ឆបោក​តាម​អនឡាញ បក្សកាន់​អំណាច​បែរ​ជា​ជ្រើស​រើស​យក​យុទ្ធ​សាស្ត្រ​​ខ្មែរ​​ជិះជាន់​ខ្មែរ​​ ដើម្បី​ការពារ​អំណាច ​ជាជាង​បើក​ចិត្ត​ទូលាយ​ប្រមូល​កម្លាំងប្រជាពល​រដ្ឋ ​​ដើម្បី​ស្រោចស្រង់ជាតិ»។

សូម​បញ្ជាក់ថា លោក​ហ៊ុន សែន ​​ជាញឹកញាប់​តែង​តែផ្ញើ​សារ​​​គំរាមកម្ទេច​សកម្ម​ជន​គណបក្ស​ប្រឆាំង ​ដែល​មិន​​ព្រម​ចុះ​ចូល​​ជាមួយគណបក្ស​ប្រជាជន​របស់លោក។ នៅពេល​ចុះ​ទៅ​តាម​បណ្តាខេត្ត​ជា​បន្ត​បន្ទាប់​ នា​ពេល​​ថ្មីៗ​​នេះ និង​កាល​ពីដើមខែមិថុនា ​នៅ​ពេល​​ជួប​សំណេះ​សំណាល​​ជាមួយជន​ភៀស​​​សឹកនៅ​ខេត្ត​បន្ទាយ​មាន​​ជ័យ ​​លោក​ហ៊ុន សែន​​ ក៏​បាន​​គំរាម​​ក្រុម​ប្រឆាំង​ផងដែរ។ ​តាម​រយៈ​សារបែក​ធ្លាយមួយ​កាល​ពី​អំឡុង​​ឆ្នាំ២០២៤​ ​ប្រធានគណបក្ស​ប្រជាជន​កម្ពុជា​​រូបនេះ ​​បាន​បញ្ជា​ឱ្យ​មន្ត្រីក្រោម​​បង្គាប់​ តាម​កម្ទេច​ក្រុម​ប្រឆាំង​​​ ​ដើម្បី​កុំ​ឱ្យ​គណ​បក្ស​ប្រឆាំង​​មាន​កម្លាំង​ប្រើ​ក្នុងការ​បោះ​ឆ្នោត​នាពេល​ខាងមុខ។

លោកថា៖ «បំបែក​មុខ​ពីឥឡូវទៅ​តែម្តង ​ដើម្បី​កុំឱ្យ​ពួកវាមាន​មូលដ្ឋាន​​កសាងកម្លាំង​យក​មក​ធ្វើជា​សមា​ជិក​​​ក្រុម​ប្រឹក្សា​ឃុំសង្កាត់អី នៅ​ការបោះ​ឆ្នោត​ឆ្នាំ២០២៧ ​និយាយ​រួម​ គឺគ្រប់គ្រង​កសាង​កម្លាំង​ពីឥឡូវ​បំផ្លាញកម្លាំងពួក​ប្រឆាំង​កុំ​ឱ្យ​ពួក​ប្រឆាំ​ងមាន​កម្លាំងប្រើបើ​ហ្ហែង​ប្រឆាំង​ងើបមួយ​វាយ​មួយ»។​

សម្រាប់​អ្នក​ជំនាញ​ភូមិសាស្ត្រ​នយោបាយ លោក​ សេង វណ្ណលី ​​យល់​​ថា ការធ្វើ​ទុក្ខបុកម្នេញ​លើ​អ្នក​ដែល​មាន​គំនិត​ផ្ទុយ​បែបនេះ ​មិន​ត្រឹម​តែបំផ្លាញធនធានមនុស្ស ​ដែល​មា​ន​សក្តានុពល ​​និង​អ្នក​​ស្នេហាជាតិ​ពិតប្រាកដ​នោះទេ​​ ប៉ុន្តែ​​វាក៏កំពុង​បង្កើត​​ឱ្យមានការ​​បែកបាក់ ​និងគំនុំ​ផ្ទៃក្នុង​យ៉ា​ង​ជ្រៀល​ជ្រៅ​​​នៅក្នុង​សង្គម​ដែល​បង្កឡើង​ដោយឥស្សរជន​របស់​គណបក្ស​ប្រជាជន​កម្ពុជា​។

លោកថា៖ «ខ្ញុំយល់ថា សង្គម​មួយ​ដែល​ថ្នាក់​ដឹកនាំ​ស្រែក​រកសាមគ្គីភាព ​ក៏ប៉ុន្តែ​ដៃ​ម្ខាង​ទៀត​កាន់ខ្នោះ​ហើយ​​​នឹងគុកច្រវាក់​​រង់ចាំដាក់សោរអ្នករិះគន់ ​វាគឺ​ជាសង្គម​ដែល​ដើរ​ថយក្រោយ ​គ្មាន​ស្ថិរភាព​ពិត​ប្រាកដ​នោះ​​ទេ​។ ការ​គាប​សង្កត់​​​​ខ្មែរ​គ្នា​​ឯង​ ដើម្បីតែ​រស់រាននៃ​​អំណាច​បក្ស ​នឹងធ្វើ​ឱ្យ​ផ្ទៃក្នុង​កាន់​តែទន់​ខ្សោយ ​និង​​គ្មាន​​​​​​ភាព​​ធន់ ​ហើយ​វាងាយ​​​ធ្លាក់​ចូល​ទៅក្នុង​ឧបាយកល​ ​ទាក់ទាញ​​យក​ផល​ចំណេញ​ពី​​​ប្រទេស​ជិត​​ខាង ​ដែល​​​​កំពុង​​តែឈ្លានពាន​លើ​ទឹកដីកម្ពុជា​​ស្រាប់​នាពេល​បច្ចុប្បន្ន»។

ចំណែក ​លោក​ម៉ែន ណាត ប្រធានក្រុម​ប្រឹក្សា​ឃ្លាំមើល​កម្ពុជា ក៏​​បាន​ប្រាប់​វីអូឌីនៅ​ថ្ងៃទី​១ខែ​កក្កដា​​​នេះ​ផង​ដែរ​​​ថា ​ការ​​និយាយ​ពីការ​រួបរួមជាតិ​​ជុំ​វិញ​រដ្ឋាភិបាល​របស់​លោក​ហ៊ុន សែន ​​គឺ​សំដៅ​លើ​ការចុះ​ចូល​របស់​​សកម្ម​​​ជន​បក្ស​ប្រឆាំង​ ​​ទៅ​ចូល​រួម​ជាមួយគណបក្ស​ប្រជាជន​កម្ពុជា ​​​មិន​មែនសំ​ដៅ​លើ​ការ​​រួប​រួម​ជាតិ តាម​ស្មារតី​រដ្ឋធម្មនុញ្ញនោះទេ។ បើ​លោក​ហ៊ុន សែន ​​​យល់​ត្រូវ​តែបន្តិច គឺ​ត្រូវ​​ធ្វើការ​បង្រួប​បង្រួម​ជាតិ​មាន​​ន័យ​​​ថា ធ្វើ​​​ឱ្យ​មាន​ការ​ឯក​ភាពជាតិផ្សះផ្សាស្មារតីជាតិ ​ក្រោម​ដំបូល​នៃរដ្ឋធម្មនុញ្ញ​ ពេលនោះកម្ពុជា​នឹងអាច​ងើប​​ផុត​ពី​​​​វិបត្តិផ្សេងៗនឹងធ្វើ​ឱ្យ​ខ្មែរខ្លាំង។

លោកថា៖ «ប៉ុន្តែដោយ​សារ​លោក​ហ៊ុន សែន​ យល់​ខុស​ ទើប​គាត់​ដើរបញ្ច្រាសរដ្ឋធម្មនុញ្ញ​​ គាត់​ប្រើយុទ្ធនា​ការ​​ងើប​មួយ​វាយ​មួយ ​បង្ក្រាបអ្នក​ប្រជាធិបតេយ្យ ​បង្ក្រាប​គណបក្ស​ក្រៅ​​រដ្ឋាភិបាល​ បង្ក្រាប​សកម្ម​ជន​សង្គម​ដែល​​តិច​​តៀន​​​ការ​កាន់​​អំណាច​​របស់​​មេដឹកនាំ។ អ៊ីចឹងមនុស្ស​រិះគន់ ​គឺ​ត្រូវ​រងការធ្វើទុក្ខបុកម្នេញ​ឬ​ក៏​តាម​​ចាប់​​ខ្លួន​ អាហ្នឹង​យើងមើល​ឃើញជាក់​ស្តែងហើយ ហើយ​តុលាការ​ក៏កាត់ក្តី​ឱ្យសកម្មជនឱ្យអ្នក​នយោ​បាយ​​ខ្មែរជាប់គុក​មិន​ឈប់​ឈរ ហើយ​សកម្មភាព​ដែលគេធ្វើ​ទុក្ខបុកម្នេញ​ដល់​ពលរដ្ឋ​ខ្មែរ​ ដល់​អ្នក​នយោ​បាយ​​​ខ្មែរ​​ក្រៅ​រដ្ឋាភិបាល​ហ្នឹង គឺ​ជារឿង​អយុត្តិ​ធម៌​ ហើយ​ជារឿង​ដែល​បិទខ្ទប់​មិន​ឱ្យពួកគាត់​ធ្វើនយោបាយ​ដើម្បី​​​ឈាន​ទៅ​រកការ​បោះឆ្នោត​២០២៧-២០២៨ គណបក្ស​កាន់​អំណាច​ចងជើងគេអស់ហើយ»។​

សម្រាប់​​អ្នក​ឃ្លាំមើល​រូបនេះ ការបន្ត​ប្រើ​នយោបាយ​ធ្វើ​ទុក្ខបុកម្នេញ​ តាម​កម្ទេច ​តាម​កម្ចាត់​​​លើ​អ្នក​នយោ​​បាយ​​​​ប្រឆាំង ​និង​សកម្ម​ជន​សង្គម​​ដែល​មិន​ស្រប​នឹង​រដ្ឋាភិបាល​​របស់​លោក​ហ៊ុន សែន​ គឺ​នឹងធ្វើ​ឱ្យខ្មែរ​មាន​​ការ​បែកបាក់ជាតិ​កាន់​តែខ្លាំង​ និង​ក៏កាន់​តែធ្វើ​ឱ្យ​ប្រទេសជាតិ​ធ្លាក់​ចុះទន់​ខ្សោយ ​និង​​ជួប​វិបត្តិ​ចាក់​ស្រេះ​កាន់​​តែ​ខ្លាំង​ថែម​ទៀត​​ផង​ដែរ​។

លោក ​ស៊ឹង សែនករុណា ប្រធានអង្គការ​ប្រជាធិបតេយ្យ​ខ្មែរ​​ដែល​មាន​មូល​ដ្ឋាននៅ​ប្រទេស​អូស្ត្រាលី ​ក៏បាន​ប្រាប់​​វីអូឌី​​ផងដែរថា ចំពោះសារ​ឬក៏ការថ្លែង​ពីការ​បង្រួប​បង្រួម​​ផ្សះផ្សា​ជាតិ ​ដើម្បី​ធ្វើ​ឱ្យ​ជាតិ​ខ្មែរខ្លាំង ​​អាច​​ការ​ពារ​​ទឹក​ដី​​របស់​​ខ្លួន​បាន​​របស់​លោក​ហ៊ុន សែន វាគ្រាន់​តែជា​នយោបាយ​ប្រជាភិថុតិ​ប៉ុណ្ណោះ​ ខណៈ​ដែល​​អ្នក​​​នយោបាយ​ប្រឆាំង ​និង​សកម្ម​ជន​សង្គម​ដែល​មាន​ទស្សនៈ​ផ្ទុយ ​តែង​តែទទួល​រងការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​​គ្រប់​​រូប​ភាព​​ទាំង​​ការ​ប្រើហិង្សាដោយ​​ការ​វាយ​ដំលើ​រាងកាយ​ និងការ​ប្រើ​ពាក្យ​សម្តីហិង្សា​​ រួម​ទាំងការ​ប្រើ​​ប្រាស់​ប្រព័ន្ធ​តុលាការ​​ឱ្យ​ចាប់​ខ្លួន ​​និង​ឃុំខ្លួន​​ក្នុងពន្ធនាគារ​ជា​ដើម ​គឺ​ជារូប​ភាព​​ដែល​បំបែក​បំបាក់​ស្មារតី​​ស្រឡាញ់​​ជាតិ​របស់​ខ្មែរ។

លោកថា៖ «ចឹង​អ្វី​ដែល​យើង​មើល​ឃើញន័យនៃការ​រួបរួមនេះ ប្រហែល​សំដៅ​ទៅលើការចុះចូល​ច្រើនជាង​​ការ​​ចុះ​ចូល​ជាមួយ​គណបក្ស​កាន់​អំណាច ​ការចុះ​ចូល​ទៅ​បម្រើ​ឱ្យ​មេដឹកនាំប្រទេសបច្ចុប្បន្ន ​​អា​ហ្នឹង​ន័យ​​នៃ​ការ​​រួប​​រួម ​គឺ​ចង់​សំដៅ​បែបហ្នឹង​ឯង​។ ​តែចំពោះ​អ្នក​ដែល​មាន​ទស្សនៈ​ មាន​និន្នាការ​ផ្ទុយ​ ​ហ៊ាន​និយាយ​រិះ​គន់​​​ទៅ​លើ​​ការ​ដឹក​នាំ​​របស់​​រដ្ឋាភិ​បាល​​ ទៅលើការដឹកនាំរបស់​​របស់មេដឹក​នាំ​​មួយ​ចំនួន​ហ្នឹង ​​យើង​មើល​ឃើញ​​​ហើ​យ ​គឺ​តែង​តែរងគ្រោះ​ដោយ​ការ​ចោទ​ប្រកាន់​ការចាប់​ខ្លួន​ដាក់ពន្ធនាគារ​ ការគំរាម​កំហែង​ការ​​ប្រើប្រាស់​ហិង្សា​ ​ឬក៏សម្លាប់​អីជាដើមហ្នឹង ​​គឺ​ជារូប​ភាព​កើត​ឡើង​ជាក់ស្តែង។ អ៊ីចឹង​ការ​​ថ្លែង​សា​រ​​របស់​លោក​​ហ៊ុន សែន ​នេះ​​គ្មាន​​ខ្លឹម​សារ​អ្វី​​​នោះ​​ទេ ​បើមិន​ស្តែងឡើង​ដោយ​រូបភាពពិតប្រាកដ»។

បើតាម​អ្នក​ឃ្លាំមើល​រូប​នេះ ការ​ទម្លាក់​ចោល​ការ​ដកសិទ្ធិ​ធ្វើនយោបាយ​ពីមេដឹកនាំ​នយោបាយ​​ប្រឆាំង ​​ការ​ដោះ​​លែង​​​សកម្ម​​ជន​នយោបាយ ​និង​សកម្មជន​សង្គម​​ទាំង​អស់​​ពីពន្ធនាគារ​ ការ​រៀប​ចំប្រព័ន្ធ​ដឹកនាំប្រទេស​តាម​​បែបប្រជា​​ធិប​តេយ្យ ​​ការ​រៀបចំឱ្យ​មានការ​បោះ​ឆ្នោត​ដោយ​សេរី​ យុត្តិធម៌ ​ត្រឹមត្រូវ ​ដើម្បី​បើក​ឱ្យ​មាន​ការ​ចូល​​​រួមការបោះ​ឆ្នោត​​​ដោយ​​ស្មើភាពគ្នា ​ទើបជាការ​ធ្វើ​ឱ្យមាន​ការ​បង្រួប​បង្រួម​ផ្សះផ្សាជាតិ​ ​ធ្វើ​ឱ្យ​ជាតិខ្មែរ​ខ្លាំង​ពិត​​ប្រាកដ។

ដោយ​សំដៅ​ទៅ​ដល់​ការ​ចាប់​ខ្លួន​លោក ​សយ យឿន សកម្មជនគណបក្សឆន្ទៈខ្មែរ កាលពីថ្ងៃទី២៨ខែ​មិថុនា​ ​លោក ​វន ចាន់​ឡូត ​​អ្នក​សិក្សា​ផ្នែក​ច្បាប់​បាន​សរសេរ​លើ​បណ្តាញ​សង្គម ​នៅ​ថ្ងៃទី​៣០ខែ​​មិថុនា​​ថា ការបន្ដ​ធ្វើទុក្ខបុកម្នេញផ្នែកនយោបាយ ស្ដែងឱ្យឃើញពីភាពគ្មានតម្លៃនៃសម្ដីលោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ាណែត ដែល​អំពាវនាវឱ្យមានការរួបរួម​ជាតិ​។ លោក​បន្តថា «ឈប់​អួតថាខ្លួនជាមហាបុរសរដ្ឋ បើសូម្បី​​តែជនស្លូតត្រង់ម្នាក់​ ក៏អាចលើកដៃធ្វើ​បាប​បាន​ដែរ​នោះ​»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ