ទីប្រឹក្សាគណបក្សកម្លាំងជាតិ លោក រ៉ុង ឈុន នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៦នេះ បានដាក់ពាក្យស្នើសុំកិច្ចអន្តរាគមន៍ជាផ្លូវការមួយទៅកាន់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ។
ការដាក់លិខិតនេះ ធ្វើឡើងក្នុងគោលបំណងស្នើសុំឱ្យមានការពិនិត្យឡើងវិញ លើសាលដីការបស់តុលាការកំពូល ដែលលោកយល់ថា មានភាពមិនច្បាស់លាស់ផ្នែកអង្គហេតុ ផ្ទុយនឹងស្មារតីនៃរដ្ឋធម្មនុញ្ញ និងបានកម្រិតសិទ្ធិសេរីភាពជាមូលដ្ឋានរបស់រូបលោក។ លោក រ៉ុង ឈុន ថ្លែងសារទៅកាន់ក្រុមអ្នកសារព័ត៌មាននៅពីមុខក្រសួងយុត្តិធម៌ ដោយបានបញ្ជាក់យ៉ាងច្បាស់ៗពីគោលបំណងរបស់លោក ក្នុងការទាមទាររកយុត្តិធម៌ចំពោះមុខច្បាប់។
លោកថា៖ «សុំឱ្យមានការសើរើ នូវសេចក្តីសម្រេចសាលក្រមរបស់តុលាការកំពូល ដែលយើងឃើញការសម្រេចរបស់តុលាការកំពូលផ្អែកទៅលើអង្គហេតុ ដែលពុំមានអង្គហេតុឱ្យច្បាស់លាស់ ទីមួយ។ ទីពីរ យើងឃើញថាក្រុមប្រឹក្សាដកសិទ្ធិមិនឱ្យបោះឆ្នោត សិទ្ធិឈរឈ្មោះមិនឱ្យគេបោះឆ្នោត សិទ្ធិធ្វើនយោបាយ ហើយនឹងដាក់បម្រាមមិនឱ្យថ្លែងការណ៍សាធារណៈ ហាមមិនឱ្យចូលវេទិកា ហើយបម្រាមមិនឱ្យដើរចាកចេញពីភ្នំពេញ យើងមើលឃើញថាវាមិនស្របទៅនឹងស្មារតីរដ្ឋធម្មនុញ្ញ»។
លោក រ៉ុង ឈុន បញ្ជាក់ថា បម្រាមទាំងឡាយដែលបានដាក់មកលើរូបលោក ដូចជាការដកសិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោត សិទ្ធិធ្វើនយោបាយ ព្រមទាំងការរឹតត្បិតសេរីភាពក្នុងការដើរហើរចេញពីភ្នំពេញ និងការចូលរួមវេទិកាសាធារណៈនានា គឺសុទ្ធសឹងតែជាទង្វើផ្ទុយពីច្បាប់ ព្រោះរដ្ឋធម្មនុញ្ញបានធានាយ៉ាងច្បាស់លាស់នូវសិទ្ធិជាមូលដ្ឋានរបស់ពលរដ្ឋ។ លោកថា រាល់បទបញ្ជា ឬអនុក្រឹត្យទាំងឡាយ មិនអាចមានតម្លៃគតិយុត្តខ្ពស់ជាងច្បាប់កំពូលនៃរដ្ឋបានឡើយ។
លោកបានបន្តទៀតថា៖ «ពីព្រោះបើយោងតាមមាត្រា៣៤ ថ្មី មាត្រា៣៥ ក៏ដូចជាមាត្រា៤០ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ពេលហ្នឹងគេមិនបាន គេមិនបានបើកនូវសិទ្ធិ មានន័យថាធានាដល់សិទ្ធិពលរដ្ឋជាមូលដ្ឋាន។ អ៊ីចឹងហើយ បើយើងមើលទៅនឹងមាត្រា៤៤៥ ៤៤៦ ខ្ញុំមានសិទ្ធិ ឬតំណាងខ្ញុំមានសិទ្ធិដាក់ពាក្យប្ដឹងមកក្រសួងយុត្តិធម៌ ដើម្បីឱ្យពិនិត្យ និងសើរើឡើងវិញ ជុំវិញអង្គហេតុមិនច្បាស់លាស់ ឬយើងមានភស្តុតាងថ្មីបង្ហាញ»។
យោងតាមខ្លឹមសារលិខិតដែលលោក រ៉ុង ឈុន ដាក់ជូនក្រសួងយុត្តិធម៌ គូសបញ្ជាក់ថា លោកមិនដែលមានចេតនា ឬសកម្មភាពណាមួយក្នុងការញុះញង់ឱ្យប្រជាពលរដ្ឋ ប្រព្រឹត្តអំពើដែលបង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គមនោះឡើយ។ ផ្ទុយទៅវិញ លោកតែងតែប្រកាន់ខ្ជាប់នូវគោលការណ៍អហិង្សា ការគោរពច្បាប់ និងការដោះស្រាយបញ្ហាតាមមធ្យោបាយសន្តិវិធី។ ការព្រួយបារម្ភរបស់លោកចំពោះបញ្ហាព្រំដែន និងបូរណភាពទឹកដីគោកនិងទឹក គឺជាការអនុវត្តសិទ្ធិ និងកាតព្វកិច្ចរបស់ប្រជាពលរដ្ឋ ក្នុងការយកចិត្តទុកដាក់ចំពោះផលប្រយោជន៍ជាតិ និងអធិបតេយ្យភាពរបស់ប្រទេស ដែលត្រូវបានការពារដោយរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។
វីអូឌី មិនអាចទាក់ទងអ្នកនាំពាក្យក្រសួងយុត្តិធម៌ លោកស្រី ឌី ម៉ូឡានី បានទេនៅថ្ងៃទី១ ខែកក្កដានេះ។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការលីកាដូ លោក អ៊ំ សំអាត លើកឡើងថា ការចោទប្រកាន់ និងផ្ដន្ទាទោសលោក រ៉ុង ឈុន កន្លងមក គឺទាក់ទងនឹងការសម្ដែងមតិ នាំឱ្យមានការរិះគន់ថា បានរំលោភលើសេរីភាពដែលធានាដោយរដ្ឋធម្មនុញ្ញ និងបទដ្ឋានអន្តរជាតិ។ លោកថា កម្ពុជាជាប្រទេសប្រកាន់លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ដូច្នេះសេរីភាពនៃការបញ្ចេញមតិត្រូវតែទទួលបានការការពារ។
លោកបន្ថែមថា៖ «អ៊ីចឹងមើលទៅលើបញ្ហានេះ គឺនាំឱ្យមានការរិះគន់ថា ការបញ្ចេញមតិដែលស្របតាម ដែលធានាដោយរដ្ឋធម្មនុញ្ញ និងបទដ្ឋានអន្តរជាតិហ្នឹង ត្រូវបានចោទប្រកាន់ ឃុំខ្លួន ឬក៏ត្រូវបានចោទប្រកាន់ និងធ្វើការផ្ដន្ទាទោស ដែលមានការលើកឡើងថា វាអាចប៉ះពាល់ទៅដល់សេរីភាពនៅក្នុងការបញ្ចេញមតិ តាមបែបលទ្ធិប្រជាធិបតេយ្យ ព្រោះកម្ពុជាជាប្រទេសដែលប្រកាន់លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស អ៊ីចឹងសេរីភាពក្នុងការបញ្ចេញមតិ ត្រូវតែបានធានាដោយរដ្ឋធម្មនុញ្ញ និងបទដ្ឋានអន្តរជាតិ»។
គួរបញ្ជាក់ថា នៅខែមីនា ឆ្នាំ២០២៥ លោក រ៉ុង ឈុន បានចុះទៅជួប និងសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលមានបញ្ហាកង្វល់ដីធ្លីនៅសហគមន៍បឹងតាមោក ក្នុងរាជធានីភ្នំពេញ និងតំបន់ព្រលានយន្តហោះថ្មី ក្នុងខេត្តកណ្តាល។ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ លោកបានចូលរួមសម្តែងមតិនៅទីស្នាក់ការគណបក្សកម្លាំងជាតិ ស្រុកកោះធំ ខេត្តកណ្តាល ដោយជជែកដេញដោលអំពីស្ថានភាពកាត់បន្ថយភាពក្រីក្រ និងស្ថានភាពសិទ្ធិមនុស្ស។ ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៥ លោកបានផ្តល់កិច្ចសម្ភាសន៍ដល់វិទ្យុអាស៊ីសេរី ជុំវិញដំណើរចុះពិនិត្យខ្សែបន្ទាត់ព្រំដែនកម្ពុជា-វៀតណាម របស់លោកនាយករដ្ឋមន្ត្រី ដោយសម្តែងការបារម្ភពីបូរណភាពទឹកដី។
ដោយផ្អែកលើសកម្មភាពទាំងនេះ ស្ថាប័នអយ្យការបានចោទប្រកាន់លោក ពីបទ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» តាមមាត្រា ៤៩៤ និង ៤៩ block៥ នៃក្រមព្រហ្មទណ្ឌ។ សំណុំរឿងបានអូសបន្លាយរហូតដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ ទើបតុលាការកំពូល បានចេញសាលដីកាស្ថាពរលេខ ៥០៧ XII ផ្ដន្ទាទោសលោកដាក់ពន្ធនាគារ ៤ ឆ្នាំ (ព្យួរទោសសាកល្បង ៣ ឆ្នាំ) ព្រមទាំងដកសិទ្ធិនយោបាយ និងសិទ្ធិបោះឆ្នោតរយៈពេល ៥ ឆ្នាំ រួមទាំងដាក់បម្រាមរឹតត្បិតសេរីភាពជាច្រើនទៀត៕








