តុលាការ​កំពូល​បដិសេធ​ការ​ប៉ុន​ប៉ង​របស់​លោក Trump ក្នុង​ការ​កម្រិត​សិទ្ធិ​ទទួល​បាន​សញ្ជាតិ​ពី​កំណើត

តុលាការ​កំពូល កាល​ពី​ថ្ងៃ​ទី​៣០ខែ​មិថុនា បាន​រារាំង​ការ​ប៉ុន​ប៉ង​របស់​ប្រធានាធិបតី ដូណាល់ ត្រាំ ក្នុង​ការ​កំណត់​​សិទ្ធិ​ទទួល​បាន​សញ្ជាតិ​​តាម​កំណើត (Birthright Citizenship) សម្រា​ប់​​អ្ន​ក​​ដែល​កើត​នៅ​លើ​ទឹក​ដី​សហរដ្ឋ​អាមេ​រិក ដែល​នេះ​ជា​ការ​វាយ​ប្រហារ​យ៉ាង​ខ្លាំង​ដល់​របៀប​វារៈ​របស់​លោក។

តុលាការ​ដែល​បាន​បែង​​ចែក​សំឡេង ៦ ទល់​នឹង ៣ បាន​កាត់​សេចក្តី​ថា បទ​បញ្ជា​ប្រតិ​បត្តិ​ដែល​លោក ត្រាំ បាន​ចេញ​កាល​ពី​ថ្ងៃ​ទី​២០ ខែ​មករា ឆ្នាំ​២០២៥ ដែល​ជា​ថ្ងៃដំ​បូង​នៃ​អាណត្តិ​ទីពីរ​របស់​លោក គឺ​ខុស​ច្បាប់​ ដោយ​សារ​វា​បាន​រំលោភ​លើ​វិសោធន​កម្ម​ទី​១៤ នៃ​រដ្ឋ​ធម្ម​នុញ្ញ។ នេះ​គឺ​ជាការ​ចាញ់ក្តី​ដ៏​​សំខាន់​លើក​ទី​បីរបស់​លោក ត្រាំ នៅ​តុលាការ​កំពូល​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ខែ​ថ្មី​ៗ​នេះ បន្ទាប់​ពី​រឿង​ក្តី​ពន្ធ​គយ និង​រឿង​ក្តី​បណ្តេញ​សមាជិក​ធនាគារ​កណ្តាល។

នៅក្នុងការសរសេរសម្រាប់សំឡេងភាគច្រើន ប្រធានចៅក្រម ចន រ៉ូបឺតស៍ (John Roberts) បាន​មាន​ប្រសាសន៍​ថា៖ «សញ្ជាតិ ទាំង​កាល​ពី​មុន និង​បច្ចុប្បន្ន គឺ​ជា​សិទ្ធិ​ក្នុង​ការ​ទទួល​បាន​សិទ្ធិ — ដើម្បី​ចូល​រួម​ដោយ​សេរី​នៅ​ក្នុង​សហគមន៍​​នយោ​បាយ​​របស់​​យើង»។ លោក​បាន​បន្ថែម​ថា វិសោធន​កម្ម​ទី​១៤ ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ធានា​សិទ្ធិ​ទាំង​​នេះ៖ «យើង​រក្សា​ការ​សន្យា​នោះ​នៅ​ថ្ងៃ​នេះ»។ ចំណែក​ឯចៅ​ក្រម​អភិ​រក្ស​និយម​បីរូប រួម​មាន​លោក ថូម៉ាស, លោក អាលីតូ និង​លោក ហ្គរស្វុច បាន​បោះ​ឆ្នោត​គាំទ្រ​លោក ត្រាំ។

នៅក្រោមសំណើរបស់លោក ត្រាំ សិទ្ធិទទួលបានសញ្ជាតិតាមកំណើតនឹងត្រូវកំណត់​ចំពោះ​តែ​អ្នក​ដែល​មាន​ឪពុក ឬ​ម្តាយ​យ៉ាង​ហោច​ណាស់​ម្នាក់​ជា​ពលរដ្ឋ​អាមេរិក ឬជាអ្នកស្នាក់នៅអចិន្ត្រៃយ៍ប៉ុណ្ណោះ។

បន្ទាប់ពីសេចក្តីសម្រេចនេះ លោក ត្រាំ បានជំរុញ​សភាលើបណ្តាញសង្គម Truth Social ថា៖ «មិនចាំបាច់​​មាន​វិសោធន​​កម្ម​​រដ្ឋ​ធម្ម​នុញ្ញ​ដ៏​វែង​ឆ្ងាយ និង​ពិបាក​អនុ​វត្ត​នោះ​ទេ! សភា​គួរ​តែ​ចាប់​ផ្តើម​នៅ​ថ្ងៃនេះ​ ដើម្បី​ធ្វើការ​លើ​ការ​បញ្ចប់​​សិទ្ធិ​ទទួល​បាន​សញ្ជាតិ​តាម​កំណើត… ពួក​គេ​នឹង​ទទួល​បាន​ការ​គាំទ្រ​ពេញ​ទំហឹង និង​ទាំង​ស្រុង​ពី​ខ្ញុំ!»។

នៅក្នុងមតិជំទាស់ លោក ថូម៉ាស បានសរសេរថា វិសោធនកម្មនេះគឺសម្រាប់តែអតីតទាសករ​ស្បែក​ខ្មៅ​ប៉ុណ្ណោះ៖ «រឿ​ង​​ដដែល​​នេះ​មិន​អាច​និយា​យ​បាន​ឡើយ ចំពោះ​កូនៗ​រប​ស់អ្នក​ទស្សនា​បណ្តោះ​អាសន្ន​បរទេស»។

ចំណែកលោក អាលីតូ បានបន្ថែមថា សេចក្តីសម្រេចនេះ «រក្សាទុកនូវការលើកទឹក​ចិត្ត​ដ៏​ខ្លាំង​ក្លា​មួយ​ក្នុង​ការ​ចូល​មក ឬ​ស្នាក់​នៅ​ក្នុង​ប្រទេស​នេះ​ដោយ​ខុស​ច្បាប់»។

លោកស្រី ស៊ីស៊ីលីយ៉ា វ៉ាង (Cecillia Wang) នាយកច្បាប់ជាតិនៅ ACLU បានថ្លែង​ថា៖ «សេចក្តី​សម្រេច​របស់​តុលាការ​បញ្ជាក់​​ជា​ថ្មី​នូវ​ការ​សន្យា​ជាមូល​ដ្ឋាន​របស់​អាមេ​រិក — ប្រសិន​បើ​អ្នក​កើត​នៅ​ទី​នេះ អ្នក​គឺ​ជា​ពលរដ្ឋ​អាមេរិក។ ប្រធានា​ធិបតី​​មិន​អាច​ផ្លាស់​ប្តូរ​រដ្ឋ​ធម្ម​នុញ្ញ​ដោយ​បទ​បញ្ជា​ប្រតិ​បត្តិ​បាន​ឡើយ»។

លោក រ៉ូបឺតស៍ បានគូសបញ្ជាក់ថា អាគុយម៉ង់របស់ភាគីលោក ត្រាំ គឺដូចទៅនឹងអាគុយម៉ង់​របស់​ភាគី​ដែល​បាន​ចាញ់​​ក្តី​​នៅ​ក្នុង​រឿង​ក្តី​ឆ្នាំ​១៨៩៨ (United States v. Wong Kim Ark) ដែរ៖ «ប៉ុន្តែទស្សនៈនេះទទួលបាន​ត្រឹម​​តែ​​មតិ​ជំទាស់​​ប៉ុណ្ណោះ​នៅ​ក្នុង​ឆ្នាំ១៨៩៨ ហើយទាំងពេលវេលា ឬកាលៈទេសៈ មិនបានផ្លាស់ប្តូរការពិតដែលថាវា​មិន​មែន​ជាច្បាប់​នោះទេ»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ