គណបក្ស​​ប្រជាជន​​​ប្រារព្ធ​​ខួប​៧៥​ឆ្នាំ​ក្រោម​ក្រសែ​ភ្នែក​អ្នក​​​តាម​​ដាន​ថា​ជាប់​ចំណង​វៀត​ណាម​

ដោយ​​សារ​​តែ​ធាតុ​ពិត​នៃ​ប្រវត្តិ​សាស្ត្រ​ បាន​​បង្ហា​ញ​​ថា គណបក្ស​​ប្រជា​ជន​​កម្ពុជា​​​របស់​​លោក​​ហ៊ុន សែន ​គឺ​​ជា​ផ្នែក​​មួយ​​នៃ​បក្ស​​កុម្មុយ​និស្ត​​ឥណ្ឌូ​ចិន​​របស់​​លោក​​ហូ ជីមិញ​​ ដែល​​ត្រូវ​​បាន​​បង្កើត​​ឡើង​​កាល​ពី​​ថ្ងៃ​​ទី​​២៨​ ខែ​​មិថុនា ឆ្នាំ​​១៩៥១ និង​​មាន​ការ​​ចង្អុល​​បង្ហាញ​ថា លោក​ហ៊ុន សែន ​ត្រូវ​​បាន​​វៀត​ណាម​​លើក​​បន្តុប​​ឱ្យ​ឡើង​​កាន់​​អំណាច​ ចាប់​តាំង​​​ពី​ក្រោ​យ​​ឆ្នាំ​​១៩៧៩ ។

មរតក​នេះ បាន​​ធ្វើ​ឱ្យក្រសែភ្នែកអ្នកតាមនដាន មើលឃើញថា ​គណ​បក្ស​កាន់​​អំណាច​យូរ​អង្វែងមួយ​នេះ ​មាន​​ការ​ពិបាក​ក្នុង​ការ​លាងជម្រះ​ចំពោះការចោទប្រកាន់​ដែល​ថា​ គណបក្ស​នេះពិបាកដកខ្លួនពីការប្រើផល​​ប្រយោជន៍​ឱ្យ​វៀតណាមដែលជាស្ថាបនិក។

នៅក្នុង​ថ្ងៃ​ខួប​៧៥ឆ្នាំ​ ឆ្នាំនេះ ​គណបក្ស​ប្រជាជន​កម្ពុជា ​មិន​​​បាន​ប្រារព្ធពិធី​អ្វី​ធំដុំ​នៅ​ទីស្នាក់​ការ​កណ្តាល​របស់​​ខ្លួន​​ក្នុង​ទីក្រុង​ភ្នំពេញ​នោះ​ទេ ប៉ុន្តែ​បាន​ប្រារព្ធពិធីនេះ​នៅ​តាម​បណ្តាខេត្ត​នានា។

យ៉ាងណាក្តី ​នៅ​​ថ្ងៃទី​២៨ ខែ​​មិថុនា ដែល​​ជា​​ខួប ៧៥​ឆ្នាំ ថ្ងៃ​បង្កើតគណបក្សប្រជាជន​កម្ពុជា ដែល​មាន​ឈ្មោះ​​​ដើម​បក្ស​ប្រជាជន​បដិវត្តខ្មែរ លោក ​ហ៊ុន សែន ​ប្រធាន​គណបក្ស​នេះ ​បាន​ផ្ញើ​សារ​ជូន​សមាជិក​គណ​បក្ស​ថា គណបក្ស​​ប្រជាជន​កម្ពុជា​ ​មាន​ប្រភព​ពីចលនា​តស៊ូ​របស់​ប្រជា​ជន​​កម្ពុជា ​ប្រឆាំង​អាណា​និ​គមន៍​និយម​​​ដើម្បី​ឯករាជ្យជាតិ​។

លោក​អះអាងថា ចាប់តាំងពីថ្ងៃបដិ​សន្ធិ​ថ្ងៃ២៨ ខែ​មិថុនា ​ឆ្នាំ១៩៥១​មក​ គណបក្សប្រជាជន​កម្ពុជា បានប្រកាន់​ខ្ជាប់នូវគោលបំណង និង​ឧត្តមគតិរបស់ខ្លួន គឺឈរនៅខាង​ប្រជាជន ផ្សា​​ភ្ជាប់​រួមសុខរួមទុក្ខ​ជាមួយ​ប្រជាជន​ ពុះ​ពារ​ជម្នះ​គ្រប់ឧបសគ្គហ៊ានធ្វើពលីកម្ម​ឥតរុញ​រា​ ដើម្បី​​ប្រទេសកម្ពុជាមួយ ឯករាជ្យ សន្តិភាព​ សេរី​​​ភាព ​ប្រជា​ធិប​តេយ្យ ​​អព្យា​​ក្រឹត ​និង​វឌ្ឍន​​ភាព​សង្គម ថែម​ទាំង​បានខិត​ខំ​​ស្តារមុខមាត់​កម្ពុជា​ ធ្វើ​​ឱ្យមាន​ការ​​អភិវឌ្ឍ​​យ៉ាងខ្លាំង ​ទាំង​​សេដ្ឋកិច្ច​ជាតិ ​និង​ជីវភាព​ប្រជាជន​។

យោង​តាម​សៀវភៅ​អ្នក​ឃោសនា​ បោះពុម្ពឆ្នាំ១៩៨៣ នៃការ​ផ្សាយ​របស់កណៈ​ឃោសនា​អប់រំ​មជ្ឈិម​បក្ស​ បាន​​ឱ្យ​ដឹង​​ថា គណបក្ស​ប្រជាជនកម្ពុជា ​ត្រូវបាន​បង្កើតឡើង​ដំបូង​មាន​ឈ្មោះ​ថា ​បក្ស​ប្រជាជន​បដិវត្តខ្មែរ ​​នៅ​ថ្ងៃទី​២៨ ​ខែ​មិថុនា ​ឆ្នាំ១៩៥១ ដោយ​លោក​​​ង្វៀង អាយ​គួក គឺលោក​ហូ ជីមិញ ដែល​​ជាមេដឹកនាំ​របស់​បក្ស​​កុម្មុយនិស្តឥណ្ឌូចិន​ មាន​​វៀតណាម​ កម្ពុជា ​និង​ឡាវ។

គណបក្សប្រជាជនកម្ពុជា ដំបូងដឹកនាំដោយ សឺង ង៉ុកមិញ ដែល​ជាជនជាតិវៀតណាម ហើយជាសិស្សរបស់លោក ហូ ជីមិញ។

ដោយ​​សារ​តែមាន​ការ​​ចង្អុល​បង្ហាញ​ជាច្រើនផងនោះ​​ថា លោក​ហ៊ុន សែន​ ត្រូវ​បាន​លើក​បន្តុបឱ្យឡើង​កាន់​អំណាច​​​ដោយ​​វៀតណាម​ ហើយ​បាន​កាត់​ដីគោក ​និង​ផ្ទៃ​សមុទ្រ​រួម​ទាំង​កោះ​ត្រល់ ​និង​ចង្កោម​កោះ​ក្រចក​សេះ​​ទៅ​ឱ្យ​វៀត​ណាម ​តាម​រយៈសន្ធិសញ្ញា​ខុស​ច្បាប់​ឆ្នាំ១៩៨២-៨៣ និង​៨៥ ​​និង​សន្ធិសញ្ញាបំពេញ​បន្ថែម​​ឆ្នាំ​២០០៥ ព្រម​ទាំង​បាន​អនុ​ញ្ញាត​​ឱ្យ​ជន​ជាតិ​វៀតណាម​រាប់​ស៊ឹប​ម៉ឺន​គ្រួសារ ​ចូល​មក​តាំង​ទី​លំនៅ​ដោយ​​​​សេរី​នៅកម្ពុជា​​ បាន​ធ្វើ​ឱ្យ​ផ្នត់គំនិត​របស់​អ្នក​ជាតិ​និយម​ខ្មែរ​​ នៅ​តែជឿថា លោ​ក​ហ៊ុន សែន ​និង​គណបក្ស​​ប្រជាជនកម្ពុជា គឺ​ជាអាយ៉ង​របស់​វៀតណាម។

លោក​ហូ ជីមិញ ​ត្រូវ​បាន​ក្រុម​អ្នក​ជាតិ​និយម​ខ្មែរ ដឹងឮយ៉ាងទូលំទូលាយ​ថា គឺ​ជាមេ​មនោ​គមន៍​​វិជ្ជា​វៀត​ណា​ម​ ដែល​​បាន​បណ្តុះ​ផ្នត់​គំនិត​របស់​ជន​ជាតិ​វៀតណាម ឱ្យដណ្តើម​យក​ទឹកដីកម្ពុជា​ឱ្យ​បាន ​តាម​រយៈ​ន​យោ​បា​យ​​​ច្រេះ​​ស៊ីដែក​ ឬហៅថា​ជាដំណើរ​ឆ្ពោះ​មក​ទិស​ខាងលិច។

លោក សេង វណ្ណលី អ្នក​តាម​ដាន​ភូមិសាស្ត្រ​នយោបាយ​ប្រចាំតំបន់​អាស៊ី​និង​ប៉ាស៊ីហ្វិក ​បាន​ប្រាប់​វីអូឌី​នៅ​ថ្ងៃ​ទី​​២៩​ខែ​​មិថុនា​នេះថា ការ​ប្រារព្ធ​ខួប​៧៥​ឆ្នាំ​ ថ្ងៃបង្កើតគណបក្ស​ប្រជាជន​កម្ពុជា ​និង​ការ​លើកឡើង​ជុំ​វិញ​​ប្រ​ភព​​ដើម​នៃការ​បង្កើតគណបក្ស​នេះ បាន​ឆ្លុះ​បញ្ចាំងពីការ​ពិត​នៃ​ប្រវត្តិ​​សាស្ត្រ​​ដែលមាន​ភាព​ចម្រូង​ចម្រាស និង​​​ការប្រើប្រាស់ឥទ្ធិពល​នយោបាយនាពេល​បច្ចុប្បន្ន។

បើពិនិត្យ​លើ​ការលើក​ឡើង​របស់​លោក ​ហ៊ុន សែន ​ជុំ​វិញ​គុណ​បំណាច់​របស់​គណ​បក្ស​ប្រជាជនកម្ពុជា លោក ​វណ្ណលី ​យល់​ថា គឺ​ជាការ​និទាន​រឿង​នយោបាយ​តែម្ខាង​ ដើម្បី​ពង្រឹង​ភាព​ស្របច្បាប់​នៅក្នុង​ការ​កាន់​អំណាច​ ទោះ​បី​យើង​មិនអាចបដិសេធ​បានថា គណបក្ស​កាន់​អំណាច​​យូរ​អង្វែង​មួយនេះ ​បាន​ដើរតួនាទី​នៅ​ក្នុងការ​ដឹកនាំ​ប្រទេស​ឱ្យ​មាន​ស្ថិរភាព​នយោ​បាយ ​​​និងការ​លូតលាស់​សេដ្ឋកិច្ច ​ចាប់​តាំង​ពីក្រោយ​សម័យ​សង្គ្រាម​ស៊ីវិល​ក៏ដោយ។

ប៉ុន្តែ​ការ​អះអាង​ថា គណបក្ស​ប្រជាជន ​​បាន​អភិវឌ្ឍន៍​​កសាង​ប្រទេស​ជារៀង​រហូតមក ​ហាក់​ដូច​ជាការ​មើល​រំលង​​ចោល​​នូវ​តម្លៃនៃការ​លះ​បង់​របស់​ប្រជាពល​រដ្ឋ​ខ្មែរ​ទូទៅ​ ​និង​ជំនួយ​ដ៏មហា​សាល​ពីសហគមន៍​អន្តរ​ជាតិ ​ជាពិសេស​​ក្រោយ​កិច្ច​ព្រមព្រៀង​សន្តិភាពក្រុង​ប៉ារីស​​ឆ្នាំ​១៩៩១។

លោកថា៖ «​បន្ថែម​ពីនេះ ​ការ​រក្សា​បាន​នូវ​សន្តិភាព​ និងការ​រីក​ចម្រើន​នាពេល​បច្ចុប្បន្ន ក៏ត្រូវមើល​ឃើញថា ត្រូវ​បាន​ប្តូរមក​វិញ ​នូវការ​រួម​តូច​​នៃលំហ​ប្រជាធិបតេយ្យ ​ការចុះ​ខ្សោយ​នៃប្រព័ន្ធ​ត្រួត​ពិនិត្យ​អំណាច និង​​ការ​​​កើន​ឡើង​នៃ​ការ​ប្រើប្រាស់អំណាច​ផ្តាច់ការ ការបំផ្លាញ​ធនធាន​ធម្ម​ជាតិ ​និង​ការ​​អនុញ្ញាត​ឱ្យ​​បូរ​ណ​ភាព​ទឹក​ដី​​រង​ការ​ឈ្លាន​ពាន​ និង​ផ្តល់ជាទីតាំង​ដល់ការ​រកស៊ីឆបោក​​ដល់​ឧក្រិដ្ឋកម្ម​ពិភពលោក និងបញ្ហា​យុត្តិធម៌​សង្គម ​ដូច​ជា វិបត្តិ​​ដីធ្លី​ និង​អំពើ​ពុក​រលួយ​​ដែល​ជា​ចំណុច​អវិជ្ជមាន​ ​ស្តែងឡើង​ក្រោមការ​ដឹកនាំ​របស់​បក្ស​នេះ​ដែរ»។

ចំពោះការ​ចោទប្រកាន់​ដែល​​ថា គណបក្ស​ប្រជាជន​កម្ពុជា​ ​ជាគណបក្ស​រណប ​ឬបម្រើ​ផល​ប្រយោជន៍​របស់​វៀត​ណាម ​អ្នក​ជំនាញ​ភូមិសាស្ត្រ​នយោបាយ​រូប​នេះ ​យល់​ថា នេះជាចំណង​ប្រវត្តិសាស្ត្រ​ដ៏រ៉ាំរ៉ៃ​​ ដែលគ​ណ​បក្ស​​​ប្រជាជនកម្ពុជា ​ពិបាក​កាត់​ផ្តាច់​ពីការ​យល់​ឃើញ​របស់​សាធារណជន​ណាស់​​ ពីព្រោះ​តាមការ​ពិតជាក់​ស្តែង​​នៃការ​​បង្កើត​គណបក្ស​​ប្រជា​ជន​​កាល​​​ពី​​ឆ្នាំ​​​១៩៥១ គឺ​ពិតជាបាន​បំបែក​ចេញពីបក្ស​កុម្មុយនិស្ត​ឥណ្ឌូ​ចិន ដែល​​បង្កើត​ឡើង​ដោយ​លោក​ហូ ជីមិញ ​​ពិត​ប្រាកដមែន ​ហើយ​ទំនាក់​ទំនង​កាន់​តែស្អិត​រមួត​ថែម​ទៀត​​​ត្រូវ​​បាន​បង្កើតឡើង​នៅ​​​ឆ្នាំ​១៩៧៩ ពេល​កងទ័ព​វៀតណាម​​ បាន​ចូល​មក​ជួយ​រំដោះ ​និង​ជ្រោម​ជ្រែង​បង្កើត​រដ្ឋាភិ​​បាល​​​សាធារណៈ​រដ្ឋ​ប្រជាមានិត​កម្ពុជា​។

យ៉ាងណាក្តី​ លោក ​វណ្ណលី ​លើកឡើងថា បើពិនិត្យនៅក្នុង​បរិបទភូមិសាស្ត្រនយោបាយ​បច្ចុប្បន្ន​ ការ​​ហៅ​​​គណ​បក្សប្រជាជន​​​ថា ជា​រណបដាច់ខាត​របស់​វៀតណាមទាំង​ស្រុង​ អាច​ជាការ​វាយ​តម្លៃ​ដែល​មិន​ទាន់​ឆ្លុះ​​​បញ្ចាំង​ពីការ​ផ្លាស់ប្តូរជាក់​​ស្តែង ​ពីព្រោះ​យើង​ឃើញ​ថា របបក្រុង​​ភ្នំពេញ​​បាន​ងាក​ទៅរក​ចំណង​​យុទ្ធ​សាស្ត្រ​​​​ផ្សា​​ភ្ជាប់​​​​​សេដ្ឋ​កិច្ច ​និង​យោធា​យ៉ាង​ខ្លាំង​ក្លា ​​ជាមួយ​មហា​អំណាច​ចិន ​ដើម្បីកាត់បន្ថយ​ឥទ្ធិពល​ជិះ​ជាន់​​​ពី​ប្រទេស​​​​ជិតខាង។

លោកថា៖ «ប៉ុន្តែទោះ​ជាមានការ​ស្វះ​ស្វែង​រកតុល្យ​ភាព​ថ្មីជាមួយ​ចិន​​យ៉ាងណា​ក្តី ក៏ស្រមោល​អតីតកាល​និង​​កិច្ច​ព្រមព្រៀង​​ព្រំដែន​ នាពេល​ដែល​លោក​ហ៊ុន សែន ​ធ្វើ​ជាមួយ​វៀតណាម ដែល​ធ្វើ​ឱ្យ​កម្ពុជា​បាត់​បង់​អ​ធិប​​តេយ្យ ​ជាពិសេស​នៅក្នុង​ទសវត្សរ៍​៨០​ នៅ​តែជាចំណុច​រសើបធំ​បំផុត​ ដែល​ធ្វើ​ឱ្យ​គណបក្ស​ប្រជា​ជន​កម្ពុ​ជា​ ងាយ​រងការរិះគន់ ​និង​ការ​ចោទប្រកាន់ ​ពីសំណាក់​អ្នក​ជាតិ​និយម​​ថា នៅតែជាគណបក្ស​អាយ៉ង ​ហើ​យ​​​និង​​ជាគណបក្ស​ដែល​ដឹងគុណ​វៀត​ណាម​​ហួស​ព្រំដែន ​ដែល​ធ្វើ​ឱ្យ​ផល​ប្រយោជន៍​ជាតិ​​បាត់​បង់​ ក៏ដូចជា​ធ្វើ​​ឱ្យក​ម្ពុជា​រងទុក្ខ​វេទនា​រហូត​ដល់​បច្ចុប្បន្ន»។

លោក ​ម៉ែន ណាត ​ប្រធានក្រុម​ប្រឹក្សា​ឃ្លាំមើល​កម្ពុជា ​ថ្លែងថា បើ​និយាយ​ពី​ប្រវត្តិគណបក្ស​ប្រជា​ជន​កម្ពុជា​ដែល​​ត្រូវ​បាន​បង្កើតឡើង​ចាប់​តាំងពីឆ្នាំ​១៩៥១មក​នោះ គឺ​គណបក្សនេះ​ត្រូវ​បាន​បង្កើតឡើង​ដោយ​វៀត​ណាម​ ​ហើយ​មេដឹក​នាំ​​គណបក្ស​​នេះ ​បើទោះ​បីជាត្រូវ​បាន​ផ្លាស់ប្តូរ​ពីមួយ​​ជំនាន់​​ទៅ​មួយ​ជំនាន់​ ​​រហូត​មក​ដល់​​ជំនាន់​​ លោក​ហ៊ុន សែន នេះ​​ក្តី ​​គឺ​​ជាអ្នក​ដែល​គាំទ្រ​វៀត​ណាម​​ឥតងាក​រេ។

លោកថា៖ «ជាពិសេស ​លោក​ហ៊ុន សែន ​បាន​សម្រេច​ឱ្យ​វៀតណាម​​ទទួល​ផល​ប្រយោជន៍​​​ច្រើន​ណាស់​ដូចជា​​​ធ្វើ​សន្ធិសញ្ញា​​​ព្រំដែន​​ថ្មី ​ធ្វើ​ផែនទីថ្មី​​ជាមួយ​វៀតណាម ​រួម​ទាំងកាត់កោះត្រល់ ​កោះ​ក្រចក​សេះ​របស់​​កម្ពុជា​​​ទៅ​ឱ្យ​​​វៀត​ណាម​​​នៅ​​​ឆ្នាំ៨២ ​ជាដើម ហ្នឹង​​ហើយ​ដែល​ជាការ​សងគុណ​របស់ ​លោក​ហ៊ុន សែន ​ចំពោះ​​វៀត​ណាម។ ហើយ​ភ្ជាប់​នៅក្នុង​រឿង​ហ្នឹង​ដែរ ​ដោយ​សារថៃ​ឃើញ​វៀត​ណាម​​​បាន​ទទួល​ផល​ប្រយោជន៍​យ៉ាង​​​ក្រាស់ក្រែល​ពីកម្ពុជា​​ហ្នឹង​ហើយ ​ដែល​វៀត​ណាម​​បំភ្លេច​​ចោល​នូវ​ឯកសារបារាំង​​សន្ធិសញ្ញាបារាំង​ និង​ផែន​​ទី​​​របស់​​បារាំង​ហ្នឹង​​ហើយ ​បាន​ជាថៃ​រៀន​​តាម​វៀត​ណាម​​ឈ្លាន​ពានកម្ពុជាដែរ»។

បើ​តាម​អ្នក​ឃ្លាំមើល​រូបនេះ សព្វថ្ងៃនេះ សៀម​ឈ្លានពាន​កម្ពុជា​​ឈប់​ទទួល​ស្គាល់​ផែនទី​បារាំង ​គឺ​​បាន​រៀន​តាម​​វៀត​ណាម ​ដោយ​សារ​តែវៀតណាម និង​លោ​ក​ហ៊ុន សែន ​​បាន​កែប្រែឯក​សារ ​និង​ផែន​ទី​ផ្សេងៗ​ កាល​​ពី​​​ជំនាន់​​​​បារាំង ​ជុំវិញ​ការ​បោះ​បង្គោល​ព្រំដែន​​ដោយ​ធ្វើ​សន្ធិសញ្ញាថ្មី​ និង​បោះ​បង្គោល​ព្រំដែន​ថ្មី​ ​ជាមួយ​វៀត​ណាម។ សម្រាប់​ ​លោក​ម៉ែន ណាត បើ​​រំលឹក​ទៅ​ដល់ការ​បង្កើត​គណបក្ស​ប្រជា​ជន​កម្ពុជា ​គឺ​ដូច​ជារំលឹក​ទៅ​ដល់​​​ការ​ឈ្លាន​ពាន​របស់​វៀតណាម ​មក​​​លើ​​កម្ពុជា​​ បាន​សម្រេច​ទាំង​ព្រំដែន​គោក​ និង​ព្រំដែន​ទឹក ​រួម​ទាំង​ការ​​បញ្ជូន​​ជន​ជាតិ​វៀត​ណាម​រាប់​លាន​នាក់​ ឱ្យ​​ចូល​មក​តាំង​ទីលំនៅ​នៅ​កម្ពុជា​​យ៉ាងដូច្នោះផងដែរ។

ចំណែក ​លោក ​អ៊ុំ សំអាន ​អតីត​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះជាតិ ​​ក៏​បាន​ថ្លែងដែរ​ថា ក្រោម​ការ​ដឹកនាំ​របស់​​គណបក្ស​​ប្រជាជនកម្ពុជា​ គឺ​បាន​បំផ្លិច​បំផ្លាញជាតិ​ធ្វើ​ឱ្យ​បាត់​បង់ទឹកដី​យ៉ាង​ច្រើន​​​ទៅ​ប្រទេស​វៀត​ណាម​ ហើយ​​នៅ​ពេល​នេះ​​ជារឿង​អាម៉ាស់ធំមួយ​ទៀត​ គឺ​ធ្វើ​ឱ្យ​បាត់​បង់​ទឹកដី​​រហូត​ដល់​ ​៦៧​ទីតាំង ​ទៅ​ថៃ​​ថែម​​​ទៀត​។ បន្ថែម​ពីនេះ ​ក្រោម​​ការ​ដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ​​គឺ​បាន​បំផ្លិច​បំផ្លាញធនធាន​ធម្ម​ជាតិ ​​រឹបអូស​ដីធ្លី​របស់​ប្រជាពល​រដ្ឋ​​​ក្រីក្រ ​ធ្វើ​ឱ្យ​ពួកគាត់​កាន់​តែធ្លាក់​ខ្លួនក្រីក្រ បង្កើត​ឱ្យមាន​បទ​ល្មើស​​ឆបោក​​​តាម​​​អនឡាញ​​ពេញ​ប្រទេស ​ធ្វើ​ឱ្យកម្ពុជា​អាប់​មុខ​នៅលើ​ឆាកអន្តរជាតិ ​ដោយ​សារការ​កាន់​អំណាច​ផ្តាច់​ការ​​ជាដើម​។

លោកថា៖ «ទន្ទឹមនេះ គណបក្ស​នេះ ​នៅ​តែដឹង​គុណ​វៀតណាម ​តបស្នង​សងគុណ​វៀតណាម កាលណា​នៅ​ដឹង​គុណ​វៀតណាម​​មិន​ចេះ​ចប់ ​គឺ​ត្រូវ​កាត់​ទឹកដី​យើង​ទៅ​ឱ្យ​វៀតណាមបន្ថែម​ទៀត ​ហើយ​អនុញ្ញាតឱ្យ​ជន​​ជាតិ​វៀតណាម​រស់​នៅ​​កម្ពុជា​ ផ្តល់​​​បណ្ណស្នាក់​នៅ​អចិន្ត្រៃយ៍ ​ផ្តល់​សញ្ជាតិ​​​ទៅ​ដល់​ជន​ជាតិ​វៀតណា​ម​ដែល​ថ្ងៃក្រោយ​ទៅ ​វា​អាចធ្វើឱ្យកម្ពុជា​​ក្លាយ​ទៅ​ជាប្រទេសចំប៉ា​ទី​២ ឬកម្ពុជាក្រោម​ទី២ ​ដោយ​សារ​តែជន​ជាតិ​​វៀតណាម​​រស់នៅច្រើន​។ គណបក្ស​ប្រជាជន​​​ហ្នឹង ​​គឺ​ជាគណបក្ស​ប៊ឺត​ឈាម​​ប្រជាពល​រដ្ឋ​ មិន​​មែន​​បម្រើ​​​ប្រជា​ពល​រដ្ឋ​នោះ​ទេ​ ហើយ​នឹងបម្រើ​ឱ្យ​មហិច្ឆតា​​ឈ្លានពានរបស់​វៀតណាម​ ​ពីព្រោះ​បក្សហ្នឹង​​បង្កើត​ឡើង​​ដោយ​​វៀតណាម​ បង្កើត​ឡើងដោយ ​ហូ ជីមិញ​ ដូច្នេះ​​ត្រូវ​តែបម្រើ​ផល​ប្រយោជន៍ចឹងហើយ»។

បន្ថែម​ពីនេះ​ លោក ​វន ចាន់ឡូត ​អ្នក​សិក្សា​ផ្នែក​ច្បាប់ ​និង​ជាអ្នក​វិភាគ ​បាន​សរសេរ​នៅលើ​បណ្តាញ​សង្គម​កាល​​ពីថ្ងៃទី​២៨ខែ​មិថុនា​​ថា ថ្ងៃទី​២៨ខែ​​មិថុនា ​គណបក្សប្រជាជនកម្ពុជា បានប្រារព្ធខួប៧៥ឆ្នាំនៃការបង្កើត​​គណបក្សខ្លួន ដោយ​លោក​ហូ ជីមិញ ប៉ុន្ដែបើសួរសាវតា គ្មាន​​មេដឹកនាំណាមួយនៃគណបក្សប្រជាជន​កម្ពុជា​បច្ចុប្បន្ន ហ៊ានទទួលស្គាល់ទេ។

អ្នក​វិភាគ​រូបនេះ​ បាន​ចោទសួរថា បើដូច្នេះ​ហេតុអ្វីបានជាគណបក្ស​ប្រជាជន ​នៅតែប្រារព្ធខួប​បង្កើត​គណបក្ស​នេះ​? លោក​សរសេរក្នុង​សំណេរដើម​ថា៖ ​«ទាំងនេះពាក់ព័ន្ធដោយផ្ទាល់នឹង​​ឥទ្ធិពលវៀតណាម ទោះបីជាឆ្នាំនេះ​ មិនមានការប្រារព្ធអធិកអធមក្ដី ប៉ុន្ដែវៀតណាមនៅតែមានឥទ្ធិពលកំណត់ជោគវាសនារបស់​លោក ហ៊ុន សែន និង​ជោគ​វាសនាកូនប្រុសរបស់ខ្លួន។ ដោយឡែក បើសួររកសំបុត្រកំណើតនៃគណបក្ស​ក៏គ្មានដែរ ពីព្រោះសូម្បីតែលោក ហ៊ុន សែន សឹងតែកើតមិនទាន់ចលនាមួយនេះផង។ តាមពិតទៅការ​ដកខ្លួនពីឥទ្ធិពលវៀតណាម​មិនពិបាក​ទេ បើលោក ហ៊ុន សែន ព្រមទទួលស្គាល់ និងព្រមលះបង់។ ការលើក​ឡើងនេះ ហាក់ចាស់គម្រិលបន្ដិច ប៉ុន្ដែ​វា​ជា​សច្ចៈភាពនៃបរិបថនយោបាយកម្ពុជា»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ