យោងតាមរបាយការណ៍ហិរញ្ញវត្ថុកាតព្វកិច្ចសម្រាប់ឆ្នាំ២០២៥ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ រកចំណូលបានជាង ១ ពាន់លានដុល្លារ ពីការធ្វើអាជីវកម្មក្នុងវិស័យរូបិយប័ណ្ណគ្រីបតូ (cryptocurrency)។
នៅក្នុងការលាតត្រដាងកម្រាស់ ៩២៧ ទំព័រ លោក ត្រាំ បានរាយការណ៍ពីប្រាក់សួយសារចំនួន ៦៣៥ លានដុល្លារពីកាក់ Trump meme ដែលបានធ្លាក់ចុះតម្លៃចាប់តាំងពីលោកបានដាក់ឱ្យដំណើរការវាមុនពេលចូលកាន់តំណែង។ លោកក៏បានរាយការណ៍ផងដែរនូវចំណូលជាង ៥០០ លានដុល្លារ ពីក្រុមហ៊ុន World Liberty Financial ដែលជាក្រុមហ៊ុនរូបិយប័ណ្ណគ្រីបតូ បង្កើតឡើងដោយកូនប្រុសរបស់លោក និងកូនៗរបស់បេសកជនពិសេស លោក ស្ទីវ វីតខូហ្វ (Steve Witkoff)។
ទោះជាយ៉ាងណា សេតវិមាន បានបដិសេធថា លោកមិនបានរកប្រាក់ចំណេញពីតំណែងប្រធានាធិបតីឡើយ ហើយបានបញ្ជាក់ថា លោក ត្រាំ បានដាក់អាជីវកម្មរបស់លោកនៅក្នុងមូលនិធិ (trust) គ្រប់គ្រងដោយកូនប្រុសរបស់លោក ដើម្បីជៀសវាងទំនាស់ផលប្រយោជន៍។
លោកស្រី អានណា ឃេលី (Anna Kelly) អនុលេខាធិការសារព័ត៌មានសេតវិមាន បាននិយាយថា ប្រធានាធិបតីបានធ្វើឱ្យសហរដ្ឋអាមេរិកក្លាយជា “រដ្ឋធានីគ្រីបតូនៃពិភពលោក” ដោយមោទកភាព។
ការលាតត្រដាងនេះ បង្ហាញថា ចំណូលពីគ្រីបតូរបស់លោក បានគ្របដណ្តប់លើចំណូលពីអាជីវកម្មអចលនទ្រព្យ។ លោករកចំណូលបានប្រហែល ៧៧ លានដុល្លារ ពីក្លឹប Mar-a-Lago និង ១២២ លានដុល្លារ ពីក្លឹបវាយកូនហ្គោលក្នុងតំបន់ Doral រដ្ឋផ្លរីដា ព្រមទាំងច្រើនជាង ៣០ លានដុល្លារ ក្នុងមួយកន្លែងៗ ពីក្លឹបវាយកូនហ្គោលនៅ Bedminster, Jupiter និង Turnberry។ លើសពីនេះ លោកបានរកចំណូលបានរាប់លានដុល្លារពីប្រាក់សួយសារនៃសម្ភារៈម៉ាក Trump ដូចជា នាឡិកា ព្រះគម្ពីរ ស្បែកជើងកីឡា ទឹកអប់ និងហ្គីតា។
ចំណែកឯស្ត្រីទីមួយ លោកស្រី ម៉េឡានីយ៉ា ត្រាំ (Melania Trump) រកចំណូលបាន ១០.៧ លានដុល្លារពីកិច្ចព្រមព្រៀងភាពយន្តឯកសារអំពីលោកស្រី និង ៦ លានដុល្លារទៀតពីការលក់រូបភាពឌីជីថល NFTs តាមអ៊ីនធឺណិត។
ប្រធានាធិបតី ក៏បានចុះបញ្ជីប្រាក់រាប់លានដុល្លារផងដែរ ពីការផ្សះផ្សាដែលទទួលបានពីសកម្មភាពផ្លូវច្បាប់ប្រឆាំងនឹងក្រុមហ៊ុននានា រួមមាន ១៦ លានដុល្លារពី ABC, ១៦ លានដុល្លារពី CBS, ២៤.៥ លានដុល្លារពី Meta, ២២ លានដុល្លារពី YouTube និង ៨ លានដុល្លារពី X។ សេតវិមាន បានបញ្ជាក់ថា ប្រាក់ភាគច្រើននោះ ត្រូវបានយកទៅប្រើប្រាស់សម្រាប់បណ្ណាល័យប្រធានាធិបតី នាពេលអនាគតរបស់លោក ត្រាំ ឬសម្រាប់អង្គការមិនស្វែងរកប្រាក់ចំណេញថែទាំទីតាំងឧទ្យានក្នុងតំបន់វ៉ាស៊ីនតោនឌីស៊ី៕









