ICC កោះ​​ហៅ​​រដ្ឋាភិ​បាល​២៣​តុលា​ទៅ​ជួប​ ខណៈ​​មាន​ការ​​ចោទ​​សួរ​​កាន់​​​​តែ​ច្រើន​ពី​ការ​​មិន​​ប្តឹង​​​ថៃ​​ទៅ​​ICJ

តុលាការ​​ព្រហ្ម​ទណ្ឌ​​អន្តរ​ជាតិ​​(ICC) ​បាន​​​កោះ​​ហៅ​​តំណាង​​រដ្ឋាភិ​បាល​​កម្ពុជា​​ឯករាជ្យ​​២៣​​តុលា​ ​ទៅ​​សួរ​ពាក់​​ព័ន្ធ​​នឹង​ការ​ដាក់​​ពាក្យ​​ប្តឹង​​មេដឹក​នាំ​ថៃ​​​ពី​បទ​ឧក្រឹដ្ឋ​កម្ម​សង្គ្រាម​ ខណៈ​​មាន​​ការ​​ចោទ​​សួរ​​កាន់​​តែ​ច្រើន​​ពី​មូល​ហេតុ​​ដែល​​រដ្ឋាភិ​បាល ​លោក ​ហ៊ុន ម៉ាណែត ​មក​​ដល់​​ពេល​​នេះ នៅ​​តែ​មិន​​ទាន់​​​ដាក់​​ពាក្យ​​ប្តឹង​ថៃ​ទៅ​​តុលាការ​យុត្តិ​ធម៌​​អន្តរ​ជាតិ​(ICJ) នៅ​​ពេលដែល​​​​​ថៃ​នៅ​​តែ​​បន្ត​​​សម្រុក​​ឈ្លាន​ពាន​ ​និង​​សាង​សង់​សំណង់​​រឹង​​រួម​ទាំ​​ង​ព្រំដែន​​បេតុង​​​នៅ​លើ​​ទឹក​ដី​​កម្ពុ​ជា​​យ៉ាង​គឃ្លើន​។

មេធាវី​​អន្តរ​ជាតិ លោក Richard Rogers បាន​ឱ្យ​ដឹង​ថា នៅ​ពេល​នេះ​​រ​ដ្ឋ​អាជ្ញា​នៃ ICC បាន​កោះហៅ​តំណាង​រដ្ឋាភិ​បាល​កម្ពុជា​ឯករាជ្យ​២៣​តុលា និង​មេធាវី​អន្តរ​ជាតិ​ឱ្យ​​ទៅ​ជួប​នៅ​ចុង​ខែ​សីហា ឆ្នាំ​២០២៦ នៅ​ទីស្នាក់​ការ ICC នៅ​ទីក្រុង​ឡាអេ អំពី​បណ្តឹង​របស់​រដ្ឋាភិ​បាល​ក្រៅ​​ប្រទេស​ដែល​បាន​ប្តឹង​មេដឹក​នាំ​ថៃ និង​មេ​ដឹក​នាំ​យោធា​ថៃ​ទៅ​ពី​បទ​ឧក្រិដ្ឋ​កម្ម​សង្រ្គាម ដែល​យោធា​ថៃ​បាន​ទម្លាក់​គ្រាប់​បែក​លើ​ជន​ស៊ីវិល​​ខ្មែរ ផ្ទះ​សម្បែង ប្រាសាទ​ខ្មែរ និង​សាលា​រៀន។ល។ នេះ​​​បើ​​យោង​​តាម​​ លោក ​មួង ណារ៉េត អ្នក​​​ធ្វើ​​អត្ថាធិ​ប្បាយ​​លើ​បណ្តាញ​​សង្គម​ ដែល​​បាន​​សម្ភាសន៍​លោក Richard Rogers ហើយ​ចេញ​​ផ្សាយ​​នៅ​​​ថ្ងៃ​ទី​​២ខែ​កក្កដា​​នេះ​។

លោក​ Richard Rogers ​សង្ឃឹមថា អគ្គរដ្ឋអាជ្ញា ICC នឹង​បើកការស៊ើបអង្កេត​​ចោទប្រកាន់ ​និង​ចេញដីកា​ចាប់​​ខ្លួន​មេដឹកនាំថៃ និងមេដឹកនាំយោធាថៃ​ លើ​​បទ​​ឧក្រិដ្ឋ​កម្ម​​សង្គ្រាម និង​​ឧក្រិដ្ឋ​កម្ម​​ឈ្លាន​ពាន​​មក​​លើ​​កម្ពុជា​ ព្រម​ទាំងបង្ខំឱ្យ​ថៃ​សង​សំណង​ការ​ខូច​ខាត​ដល់​ជន​រង​គ្រោះ​ខ្មែរ ផ្ទះ​​សម្បែង ប្រាសាទ​ខ្មែរ សាលា​រៀន និង​ស្ពាន​ថ្នល់​។ល។

លោក ​អ៊ុំ សំអាន ប្រមុខស្ថាប័នកិច្ចការព្រំដែន​​និងអន្តោប្រវេស​ន៍​នៃ​រដ្ឋាភិបាល​​កម្ពុជា​ឯក​រាជ្យ​​​២​៣​​តុលា​​បាន​​ចាត់​​ទុក​ព័ត៌​មាន​​​នេះ​​ថា ជា​​ដំណឹង​​​ល្អ​ ​និ​ង​​ជា​ជំហ៊ាន​​ដំបូង​​សម្រាប់​​ប្រជាពល​រដ្ឋ​ខ្មែរ​ ដែល​ធ្វើ​ឱ្យ​មាន​ក្តី​​សង្ឃឹម​​ថា​​ នឹង​អាច​ទទួល​បាន​យុត្តិធម៌ពីការ​ឈ្លាន​ពាន​យ៉ាងកំរោលរបស់ថៃ​។

លោកថា៖ «ដូច្នេះ​យើង​សង្ឃឹមថា ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ (ICC) នឹង​​ផ្តល់​យុត្តិធម៌​​មក​ដល់​ពល​រដ្ឋ​ខ្មែរ​ ​មក​​ដល់​​ប្រទេស​ខ្មែរ ​ដែល​​ថៃបាន​ឈ្លានពាន​ និង​​ទម្លាក់​​គ្រាប់​​បែក​​មក​លើ​ផ្ទះ​​ប្រជាពលរដ្ឋ​ ​មក​លើ​លំនៅ​ដ្ឋាន​​ប្រជាពល​រដ្ឋ ​ក៏ដូច​ជាប្រាសាទ​ខ្មែរ ​ហេដ្ឋារចនាសម្ព័ន្ធ​របស់​ខ្មែរ​។ អានេះ​​ជា​ជំហ៊ាន​ដំបូង ​ហើយ​ជំហ៊ាន​បន្ទាប់​​ទៀត​ យើង​​សង្ឃឹម​ថា ​នឹង​​​ឈាន​​​ទៅ​​ដល់​តុលាការ​យុត្តិធម៌​អន្តរជាតិ ICJ អាច​បង្ខំ​ឱ្យ​ថៃ​​ត្រូវ​តែប្រគល់​ទឹក​ដី​ខ្មែរ​យើង​មក​ឱ្យ​កម្ពុជា​វិញ​​នាពេល​​អនាគត»។

ទាក់​ទង​ទៅ​នឹងការ​ចោទសួរ​ជាច្រើន​នៅ​លើ​បណ្តាញ​សង្គម​ ថាតើ​ហេតុ​អ្វី​បាន​ជារហូតមក​ដល់​ពេល​នេះ ​រដ្ឋាភិ​បាល​​លោក​ហ៊ុន ម៉ាណែត​ នៅតែ​មិន​ទាន់​ប្តឹង​ថៃ​ទៅ ICJ​ ​ខណៈ​ថៃមិន​ត្រឹម​តែ​មិន​អើពើ​ចំពោះ​កំណត់​ទូត​​តវ៉ា​​របស់​​កម្ពុជា​ ថែម​ទាំង​នៅ​តែ​បន្តរុល​ចូល​ឈ្លាន​ពាន​ដីកម្ពុជា ​និង​កំពុង​សម្រុកសាង​សង់​សំណង់​រឹង​នៅ​​លើ​ដីកម្ពុជា​ផងនោះ ​លោក ​អ៊ុំ សំអាន យល់​ថា ​​អាច​ដោយ​​សារ​លោក​ហ៊ុន សែន ​និង​លោក​ហ៊ុន ម៉ាណែត មិន​​ចង់​ឱ្យ​ជម្លោះ​ព្រំដែន​​ជាមួយ​ថៃ​​រីក​រាល​ដាល​​កាន់​តែធំ ដែល​​វា​នឹង​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់ការ​កាន់​អំណាច​​តពូជ​របស់​គ្រួសារ​ហ៊ុន​។

លោក​អះអាងថា ដើម្បី​បានក្តោបអំណាច​តពូជ បញ្ហា​​វិវាទ​ព្រំដែន​ជាមួយថៃនេះ លោក​ហ៊ុន សែន ​និង​លោក​ហ៊ុន ម៉ាណែត ក៏​អាច​​នឹ​ង​កាត់​​ដី​​ខ្មែរ​​​​​ឱ្យ​​ថៃ ដើម្បី​​ដូរ​យក​​សន្តិ​ភាព​​​​ដូច​​កាត់​​ដី​​ខ្មែរ​​ឱ្យ​​វៀត​ណាម​​យ៉ាង​ដូច្នោះ​​ដែរ ​​​​ដោ​យ​​​ប្រើ​រូបមន្តឆ្ពិនភ្នែក ​ដោះដូរដី​ ដែលការពិត​គឺ​យក​ដី​ខ្មែរ​ ដោះ​ដូរ​ជាមួយ​ដីខ្មែរ ហើយ​កាត់​ទៅ​​​ឱ្យ​​ថៃ ​ដូចការ​ដោះដូរភូមិ​​លោក​ហេង សំរិន ​ហើយ​យក​ដី​ខ្មែរ​​នៅ​តំបន់​ផ្សេង​ទៀត​ ​កាត់ទៅ​ឱ្យវៀតណាម​យ៉ាង​​ដូច្នោះ​​ដែរ។

មួយ​វិញទៀត អ្នក​ជំនាញ​កិច្ចការ​ព្រំដែន​បក្ស​ប្រឆាំង​រូប​នេះ​ លើក​ឡើងថា ដូចករណី នៅ​ច្រក​អាន​សេះ ក្នុង​ខេត្ត​​ព្រះវិហារ បច្ចុប្បន្ន​យោថាថៃ​ ​បាន​រុល​ចូល​មកដណ្តើម​កាន់​កាប់ដីខ្មែរ​ក្នុង​ជម្រៅ​ប្រមាណ ​២គីឡីម៉ែត្រ​ ហើយ​​បើមានការ​ចរចានៅ​ពេល​ខាង​មុខ ​រដ្ឋាភិបាល​លោក​ហ៊ុន ម៉ាណែត ​អាចសុំ​ថៃ​ត្រឹម ​៣០០​ម៉ែត្រ​​ ឬ​៥០០​​ម៉ែត្រ​​វិញ​ ហើយ​​បើ​ថៃ​ព្រម​ឱ្យ​ នោះ​លោក​ហ៊ុន ម៉ាណែត ​នឹង​ប្រកាស​ថា​ ទទួល​បាន​ជោគ​ជ័យ​បាន​ដី​ពី​ថៃ​មក​វិញ​​មិន​​ខាន។

លោកថា៖ «គេចង់​ចរចាទ្វេភាគីក្រោម​តុ អាហ្នឹង​អាច​ធ្វើ​នយោបាយ​ប្រជាភិថុតិ គ្រាន់​បើជាង​ប្តឹងទៅ​តុលា​ការ​​អន្តរ​ជាតិ​ អ៊ីចឹង​ហើយ​បានជាតាម​អង្វរ​​ថៃ​ចរចាទ្វេភាគី​ហ្នឹង ​​មិន​ព្រមប្តឹងថៃទៅកាន់​តុលា​ការ​អន្តរ​​ជាតិ ICJ ​ប្តឹង​​ទៅ​សហ​​ប្រធាន​​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ​ពីព្រោះ​ថៃ​គេឆ្លាតដែរ​ គេ​អត់​ចង់​ចរចា​​ជាមួយ​​កម្ពុជា​​​គេ​ចង់​ប្រែក្លាយ​ទឹកដីហ្នឹង ​ឱ្យក្លាយជា​ទឹក​ដីថៃសិន​​ តាម​រយៈ​ការ​សាងសង់​សំណង់​​រឹង ​ដូច​ជា ផ្លូវ​បេតុង​ ​ដូច​ជារូប​ព្រះពុទ្ធបដិមា ​ដង​​ទង់​ជាតិ​​ថៃ ហើយ​​​ធ្វើ​របងបេតុង ​ហើយ​​នឹងចែក​ដី​ឱ្យ​ប្រជាពល​រដ្ឋ​ដូច​ភូមិ​​​ជោគ​ជ័យ​​ភូមិ​​ព្រៃចាន់​​ចឹង​ គេ​រាយ​បន្លាលួស​យក​ដីខ្មែរ​យើង​បន្ថែមទៀត​ ដោយ​មិន​បាច់​ប្រើគ្រាប់​កាំភ្លើង​នោះ​ទេ​​គេ​ដឹង​ថា រដ្ឋាភិ​បាល ​លោក​ហ៊ុន​ ម៉ាណែត ​អត់​ហ៊ាន​​ជាមួយ​គេ»។

វីអូឌី​ មិន​ទាន់​អាច​ទាក់​ទង​លោក​ប៉ែន បូណា ​អ្នក​នាំពាក្យ​រដ្ឋាភិបាល​ និង​អ្នក​ស្រី ម៉ាលី សុជាតា ​អ្នក​នាំពាក្យ​ក្រសួង​​​ការពារ​ជាតិ ​ដើម្បី​ស្នើ​សុំ​ធ្វើ​អត្ថាធិប្បាយ​លើ​បញ្ហា​នេះ​បាន​ទេ​នៅ​ថ្ងៃទី​២ខែ​​កក្កដា​​​នេះ។

ប៉ុន្តែ​លោក ​ស្រ៊ី បូរ៉ា ​អគ្គនាយក​នៃ​អគ្គ​នាយក​ដ្ឋាន​កិច្ច​ការ​បច្ចេក​ទេស​ព្រំដែន នៃ​រដ្ឋ​លេខា​ធិការ​ដ្ឋាន​កិច្ច​ការ​ព្រំដែន​​​របស់​ប្រទេស​កម្ពុជា បាន​ថ្លែង​នៅ​ក្នុង​​​កិច្ច​ពិភាក្សា​តុមូលដែល​ស្ថាប័ន​នេះ​ ​ចេញផ្សាយ​នៅ​ថ្ងៃទី​១ខែ​កក្កដា​​​​ថា ក្រុម​​បច្ចេក​ទេស​នៃយន្តការ​JBC ​ភាគីកម្ពុជា​ បាន​ចុះ​ទៅ​ដល់​គ្រប់​ទីតាំង​ទាំងអស់ ​ដោយ​សហការណ៍​​ជាមួយកងកម្លាំង​​ប្រដាប់​អាវុធ​ ក៏​ដោយ​​​ជាអាជ្ញាធរមូល​ដ្ឋាន​របស់​កម្ពុជា​ ដើម្បី​ពិនិត្យ​និ​ង​តាម​ដាន​​រាល់ការវិវត្ត​ផ្សេងៗ ​នៅ​តាម​​បណ្តោយ​ព្រំដែនកម្ពុជា-​ថៃ​​ទាំង​មូល​។ កន្លង​មក​ JBCកម្ពុជា ​បាន​ផ្ញើ​កំណត់​​ទូត​តវ៉ា​ជាង​​៣០​លើក​​​ទៅ JBC​ភាគី​​ថៃ ​ដើម្បី​​​​ស្នើ​ឱ្យ​ចាត់​បញ្ជូន​ក្រុម​វាស់​វែង​​ចម្រុះ​ ​​ឱ្យ​ចុះ​បន្តការងារ​លើដីជាក់​ស្តែង និង​សកម្ម​ភាព​រំលោភ​បំពាន​​ផ្សេងៗ​​របស់​ភាគីថៃ​នៅ​តាម​​ព្រំដែន​​។

លើស​ពីនេះ ​បើ​ផ្អែក​ទៅលើ​ស្មារតីនៃកថាខណ្ឌទី​៣ នៃ​សេច​ក្តី​ប្រកាស​រួម​​កាល​ពី​​​ថ្ងៃ​ទី​​២៧ ​ខែ​ធ្នូ ឆ្នាំ​​២០២៥ គឺ​​កម្ពុជា​និង​ថៃ​ ត្រូវ​បញ្ជូន​ក្រុម​វាស់​វែង​ចម្រុះ​ ចុះ​ទៅលើ​ដី​ជាក់​ស្តែង ​ដើម្បី​បន្តការ​ងារ​របស់ខ្លួនឱ្យ​បាន​ឆាប់​បំផុត។ ប៉ុន្តែ​ទោះជាយ៉ាងនេះក្តី​ មក​ដល់​ម៉ោង​នេះ​​​ជាង​កន្លះឆ្នាំ​ហើយ កម្ពុជា​មិន​ទាន់​បាន​ទទួល​ការឆ្លើយ​តប​​​​ជាវិជ្ជមាន​ពីភាគី​ថៃ​នៅឡើយ​ទេ​។

អ្នក​ជំនាញ​កិច្ចការ​ព្រំដែន​​របស់​រដ្ឋាភិបាល​កម្ពុជា​រូបនេះ បញ្ជាក់ថា ​JBCភាគីកម្ពុជា​​បាន​រក​ឃើញថា សកម្ម​ភាព​​​របស់​យោធាថៃ​ បាន​រំលោភ​បំពាន​លើ​បូរណភាពទឹកដីកម្ពុជា ​រំលោភ​លើ​កិច្ច​ព្រម​ព្រៀង​ដែល​ភាគី​ទាំង​ពី​រ​​​បាន​​ឯកភាព​គ្នា​កន្លងមក ​ក៏ដូច​ជាបំពាន​ទៅលើ​សមត្ថកិច្ចរបស់​JBC ​ព្រម​ទាំង​បំផ្លាញ​នូវ​សមិទ្ធផល​របស់​​JBC​ ដោយ​​ទាហាន​ថៃ​បាន​រាយបន្លាលួស​​ឈូសឆាយ ​និង​ការ​សាងសង់សំណង់​ផ្សេងៗ។​

បើ​តាម ​លោក​ ស្រ៊ី​ បូរ៉ា មាន​តែគណៈកម្មាធិការ​​JBC ​និង​​ក្រុម​វាស់​វែង​ចម្រុះ​នៃភាគី​ទាំងពីរ​​ប៉ុណ្ណោះ​​ទើប​​មាន​​​សមត្ថ​កិច្ច​ក្នុងការ​ផ្ទៀង​ផ្ទាត់ និង​បញ្ជាក់​ខ្សែព្រំដែន​អន្តរជាតិ​កម្ពុជា-ថៃ ​និង​ទី​តាំង​​​បង្គោល​​ព្រំដែន​​ពិត​ប្រាកដ​សម័យ​​បារាំង​​​លើ​​​ដី​ជាក់​​ស្តែង​ ​​ឱ្យ​​បាន​​ត្រឹម​​ត្រូវ​​តាម​​ឯកសារ ​ក៏​ដូច​ជា​ផែនទី​ដែល​បន្សល់​ទុក​ដោយ​គណៈ​​​កម្មា​ធិការ​កំ​ណត់​ព្រំដែន​​ឥណ្ឌូ​ចិន​-​សៀម។ ​ក្នុង​​ន័យ​នេះ ​លោក​ថា គ្មាន​បុគ្គល​​ណាម្នាក់ ​គ្មាន​កង​កម្លាំង​​​ប្រដាប់​​​អាវុធ​ថៃ ​ឬក៏អាជ្ញាធរ​ថៃ​ណាមួយ​អាច​មក​ចង្អុល​បង្ហាញ​ថា​ ខ្សែព្រំដែន​ត្រូវនៅ​កន្លែងនេះ​ បង្គោល​​ព្រំដែន​​ត្រូវ​នៅ​កន្លែង​នោះ​ ហើយ​ចូល​មក​ធ្វើ​សកម្មភាព​ស្រេចតែអំពើ​ចិត្ត​​ដោយ​ឯក​ត្តោ​ភាគី​​បាន​នោះ​ទេ ​​​ដែល​ទង្វើ​ទាំង​នេះ​មិន​ត្រឹម​ត្រូវ​តាម​ផ្លូវ​ច្បាប់​នោះឡើយ​។

លោកថា៖ «សូមបញ្ជាក់​ថា ទង្វើ​និង​សកម្មភាព​ទាំងឡាយកន្លងមក ​ក៏ដូច​ជាពេល​បច្ចុប្បន្ន​របស់​ភាគីថៃ ​ជា​ពិសេស​​​កងកម្លាំង​ប្រដាប់​អាវុធ​ថៃ ​ដែល​ចូលមក​កាន់កាប់​ទឹកដីកម្ពុជា​​ដោយ​ខុស​ច្បាប់ ​ក៏​ដូច​ជា​ធ្វើ​សកម្ម​ភាព​​បំពាន​​ផ្សេង​ៗ ​​នៅ​​តាម​​បណ្តោយ​​ព្រំដែន​កម្ពុជា-ថៃ ​​គឺ​​ជា​ទង្វើ​​ខុស​ច្បាប់​​អន្តរ​ជាតិ​​រំលោភ​​លើ​​កិច្ច​​ព្រម​​ព្រៀង​​ ដែល​កម្ពុជា​បាន​ឯកភាពគ្នា​កន្លងមក ​​រំលោភ​ទៅ​លើ​កំណត់​ហេតុ​កិច្ច​ប្រជុំ​របស់​​​JBC រំលោភលើ​សមត្ថ​កិច្ច​​របស់​​JBC ហើយ​​ក៏បំផ្លាញ​នូវសមិទ្ធផល​របស់​JBCផងដែរ។ ​ដូច្នេះ​អ្វីដែល​ជា​មធ្យោ​បាយ​ល្អ​បំផុត​ និង​​បញ្ចៀស​​នូវ​បញ្ហា​​ទាំង​នេះ​​ បន្ត​​ក្នុងនាមជាអ្នក​បច្ចេក​ទេស ​​​ខ្ញុំ​សង្ឃឹម​ថា គណៈ​កម្មាធិការ​JBC​​ភាគីថៃ​នឹង​សហការ​បញ្ជូន​​​ក្រុម​វាស់វែងចម្រុះ​ ​ឆាប់​ចុះ​ធ្វើ​ការ​នៅ​លើ​​ដី​ជាក់​​ស្តែង ​​បន្តការងារ​ដូចកាលពីមុនមាន​សង្គ្រាម​ទាំងពីរលើក​»។

បន្ថែមពីនេះ លោក​គូសបញ្ជាក់ថា កម្ពុជា​មិន​ទទួល​ស្គាល់​ខ្សែ​ព្រំដែន​ណាមួយ ​ដែល​​​កើតឡើង​ពី​ការ​ប្រើ​កម្លាំង ​ឬកើតចេញពីការ​គូស​ផែន​ទីជាឯកតោ​ភាគី​​នោះទេ ​ទាំងពេល​កន្លងមក​ ​បច្ចុប្បន្ន ​និងតទៅ​អនា​គត។

ចំណែក ​​លោក​ ម៉ែន ណាត ​ប្រធាន​ក្រុម​ប្រឹក្សា​ឃ្លាំមើល​កម្ពុជា ​ក៏បាន​ប្រាប់​វីអូឌីនៅ​ថ្ងៃទី​២ខែ​កក្កដា​​នេះ​ផង​​ដែរ​​ថា ការ​ដែល​កម្ពុជា​នៅ​តែមិន​ទាន់​​ប្តឹងថៃ​​​ទៅ​តុលាការ​អន្តរជាតិ ​​អាច​ទំនង​មក​ពី​​រដ្ឋា​ភិបាល​លោក​ហ៊ុន ម៉ា​ណែត ខ្លាច​​ថៃ​បើក​ការ​វាយ​ប្រហារ​មក​លើ​កម្ពុជា​ជាថ្មីទៀត​​ ខណៈ​កន្លង​មក​ថៃ​​តែង​តែបាញ់​គំរាម​នៅ​តាម​ព្រំដែន​ នៅ​ពេល​ដែល​លោក​ហ៊ុន ម៉ាណែត និង​មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាលកម្ពុជា​​ដទៃ​ទៀត ​​បាន​ថ្លែង​ទៅ​កាន់​វេទិកា​រអន្តរជាតិ​ថា​ថៃឈ្លានពាន​កម្ពុជា។

លោកថា៖ «បើ​កម្ពុជា​បន្តបកអាក្រាត​ថៃ​ហើយ​បើកម្ពុជា​ដាក់​ពាក្យ​ប្តឹងថៃ ​ទៅ​តុលាការអន្តរជាតិ​តែម្តង​ទំនង​ជា លោក​ហ៊ុន ម៉ាណែត ​ខ្លាចថៃ​ហ្នឹង​វាយឈ្លានពានជាថ្មី​រួច​ទប់​ទល់​មិនបាន​​ជំរុញ​ដល់​ការ​បាត់​បង់​អំណាច​ក្រុមគ្រួសារ​ហ៊ុន។ អ៊ីចឹង​មូលហេតុ​ទី១ ​អាច​ថា ទំន​រដ្ឋាភិបាល ​លោក​ហ៊ុន ម៉ាណែ​ត ​លោក​ហ៊ុន សែន ​ខ្លាចបាត់​អំណាចបើ​ប្តឹងថៃទៅទីក្រុ​ឡាអេ​ហើយថៃពង្រីកការ​ឈ្លានពាន ឬក៏ធ្វើការ​វាយប្រហារម្តងទៀតជាសង្គ្រាម​ជុំ​ទី​៣ ​អាច​ជំរុញ​ដល់ការ​បាត់​អំណាច​។ ចំណុចទី២ ​អាច​រដ្ឋាភិបាល​កម្ពុជានឹង​អាច​ធ្វើការ​សម្រេចចិត្តមិន​​​ច្បាស់លាស់ មិន​ដឹងថាជ្រើស​រើស​ផ្លូវណាពិតប្រាកដ​ដើម្បី​តវ៉ា​ជាមួយថៃ។ ចំណុចទី​២​នេះ​អាច​ថា រដ្ឋាភិបាល​ទន់​ខ្សោយ ​ខ្វះការសម្រេច​ចិត្ត​ត្រឹមត្រូវ​មួយ ក្នុងការ​ទាម​ទារ​រក​យុត្តិធម៌ ក្នុងការ​ដាក់​សម្ពាធថៃ​ឱ្យ​ថៃ​ដកកង​ទ័ព​ចេញពីកម្ពុជា​»

សម្រាប់​អ្នក​ជំនាញ​កិច្ចការ​ព្រំដែន​រូប​នេះ ​ការ​ដាក់​សម្ពាធថៃ​បាន ​គឺមាន​តែការ​ប្រើ​យន្តការច្បាប់​អន្តរជាតិ​​ដូច​​​ជា​ការ​ប្តឹង​ថៃ​ទៅ​​ICJ ប្តឹង​ទៅ​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ​ ICC ​ប្តឹងទៅ​សហ​ប្រធាន​កិច្ច​ព្រមព្រៀង​សន្តិ​ភាព​​ទីក្រុង​ប៉ារីស និង​ប្តឹង​ទៅគ្រប់​​ស្ថាប័ន​អង្គការ​សហប្រជាជាតិ​ដ៏ទៃ​​ទៀត​​ឱ្យ​បាន​ខ្លាំង​ក្លាបំផុត​ មិន​មែន​​គេ​ចូល​​ឈ្លានពាន​កាន់​កាប់ដី​រហូត​ដល់​៧០​ទី​តាំង​ទៅ​ហើយ បែរ​​ជា​នៅ​​អង្គុយ​ចេញ​កំណត់​​ទូត ​​​​​ឬសូត្រ​កំណត់​ទូត​ធម្មតាៗ និង​ធ្វើ​ត្រឹម​ថ្កោល​ទោស​ថៃ ដូចរដ្ឋាភិបាល​លោក​ហ៊ុន ម៉ាណែត​ បាន​និងកំពុង​ធ្វើ​​ដូច​បច្ចុប្បន្ន​នេះ​​​ទេ​។

សម្រាប់ ​លោក ​វន ចាន់ឡូត ​អ្នក​សិក្សា​ផ្នែក​ច្បាប់ ​បាន​សរសេរ​លើ​បណ្តាញ​សង្គម​​នៅ​ថ្ងៃទី​១​ខែ​កក្កដា​​ថា ការ​ដាក់​ចេញ​​នូវ​​យន្ដ​ការ​សន្ដិ​វិធី​អាច​នឹង​មាន​ប្រសិទ្ធ​ភាព​ក្នុង​ករណី​ភាគី​ថៃ គោរព​តាម​ការ​ប្ដេជ្ញា​ចិត្ត​ក្នុង​កិច្ច​ព្រម​ព្រៀង​បទ​ឈប់​បាញ់​ទាំង​ពីរ​លើក​កន្លង​មក​។ ផ្ទុយ​ម​ក​វិញ ភាគី​ថៃ​មិន​ត្រឹម​តែ​មិន​គោរព​ទេ ថែម​ទាំង​បាន​បំពាន និង​កំពុង​បន្ដ​បំពាន​លើ​ដែន​អធិ​ប​តេយ្យ​កម្ពុជា​ដោយ​មិន​ញញើត និង​មិន​ខ្វល់​ពី​ការ​អំពាវ​របស់​កម្ពុជា​ថែម​ទៅ​ទៀត។

លោក​បន្តថា ​ការបន្ដឈ្លានពានមិនឈប់ឈរនេះហើយ ដែល​តម្រូវ​ឱ្យ​កម្ពុជា គួរ​ពិចារណា​ពី​ការ​ដាក់​ចេញ​យន្ដ​ការ​សន្ដិ​វិធី ដោយ​អាច​ជំនួស​មក​វិញ​នូវ​ការ​ប្រើ​កម្លាំង​យោធា​ទៅ​ទប់​ស្កាត់។ ការ​ទប់​ស្កាត់​នេះ មិន​នាំ​ឱ្យ​កម្ពុជា ជា​អ្នក​បំពាន​បទ​ឈប់​បាញ់ ឬ​ទទួល​ការ​រិះ​គន់​ពី​អន្ដរ​ជាតិ​ទេ ប៉ុន្ដែ​វា​ជា​ការ​​ឆ្លើយ​តប​ដើម្បី​ការ​​ពារ​អធិប​តេយ្យ​ពី​ការ​ឈ្លាន​ពាន និង​ការ​ការ​ពារ​ខ្លឹម​សារ​នៃ​បទ​ឈប់​បាញ់ ដោយ​តម្រូវ​ឱ្យ​ថៃ​ត្រូវ​តែ​គោរព​ដូច​គ្នា។

អ្នក​វិភាគ​រូប​នេះ​ បញ្ជាក់​ទៀតថា ត្រឹមតែប្រកាសមិនទទួលស្គាល់​មិន​គ្រប់​គ្រាន់​ទេ ហើយ​ក៏​មិន​បង្ហាញ​ពី​ការ​តាំង​ចិត្ត​​មួយ​​របស់​​លោក ហ៊ុន ម៉ាណែត ចំពោះ​កិច្ច​ការ​ពារ​បូរណ​ភាព​ទឹក​ដី​របស់​ខ្លួន​បាន​ដែរ។ លើស​ពី​នេះ​ការ​បន្ដ​រក្សា​ជំហរ​​ដូច​សព្វ​ថ្ងៃ​របស់​កម្ពុជា អាច​នឹង​ក្លាយ​ទៅ​ជា​ការ​គប់​គិត​កាត់​ទឹក​ដី​ដោយ​ចេតនា ឬ​អចេតនា ហើយ​ជា​ការ​ផ្ដល់​​ឱកាស និង​លទ្ធ​ភាព​ឱ្យ​ភាគី​ថៃ​សម្រេច​តាម​គោល​បំណង​របស់​ខ្លួន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ