ការប្រារព្ធខួប ៧៥ ឆ្នាំ នៃការកកើតគណបក្សប្រជាជនកម្ពុជា កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៦ កន្លងទៅនេះ បានក្លាយជាវេទិកានយោបាយដ៏សំខាន់មួយ ដែលលោក ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សកាន់អំណាច បានប្រើប្រាស់ដើម្បីផ្ញើសារអំពាវនាវឱ្យជនរួមជាតិខ្មែរគ្រប់រូប «រួបរួមគ្នាជុំវិញរដ្ឋាភិបាល» ត្រកូល ហ៊ុន។
សារនេះ ត្រូវបានធ្វើឡើងក្នុងគោលបំណងបង្ហាញទៅកាន់ពិភពលោក និងពលរដ្ឋក្នុងប្រទេសថា កម្ពុជាកំពុងមានសាមគ្គីភាពយ៉ាងរឹងមាំ ចំពេលដែលប្រទេសជាតិកំពុងប្រឈមមុខនឹងសម្ពាធភូមិសាស្ត្រនយោបាយ និងការឈ្លានពានពីថៃ។
យ៉ាងណាក្តី នៅពីក្រោយវោហាសាស្ត្រដ៏ពិរោះរណ្តំស្តីពីសាមគ្គីភាព និងឯកភាពជាតិនេះ តថភាពសង្គម និងនយោបាយជាក់ស្តែងនៅកម្ពុជា បែរជាស្តែងឱ្យឃើញនូវភាពផ្ទុយស្រឡះ និងការបែកបាក់យ៉ាងជ្រាលជ្រៅ ដែលកើតចេញពីយុទ្ធសាស្ត្ររក្សាអំណាចដាច់មុខ តាមរយៈការធ្វើទុក្ខបុកម្នេញលើខ្មែរគ្នាឯងជាប្រព័ន្ធ។
បើពិនិត្យលើទិដ្ឋភាពនយោបាយជាក់ស្តែង គិតត្រឹមពាក់កណ្តាលឆ្នាំ២០២៦ នេះ យុទ្ធនាការកម្ចាត់សំឡេងប្រឆាំង និងការបំបិទមាត់អ្នករិះគន់ពីសំណាក់បក្សកាន់អំណាច មិនត្រឹមតែមិនមានការថមថយនោះទេ ប៉ុន្តែបានវិវត្តន៍ទៅរកភាពចាស់ដៃជាងមុន ខណៈការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ឆ្នាំ២០២៧ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ឆ្នាំ២០២៨ កាន់តែខិតជិតមកដល់។
យោងតាមរបាយការណ៍សង្ខេបស្តីពីស្ថានភាពសិទ្ធិមនុស្សរបស់អាដហុក (ADHOC) ដែលចេញផ្សាយកាលពីខែមេសា ឆ្នាំ២០២៦ បានបង្ហាញថា ចំនួនសកម្មជននយោបាយ សកម្មជនសង្គម និងសកម្មជនបរិស្ថានដែលត្រូវបានចាប់ខ្លួន និងឃុំខ្លួនបណ្តោះអាសន្ននៅតាមពន្ធនាគារ មានការកើនឡើងគួរឱ្យកត់សម្គាល់ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ការចាប់ខ្លួនទាំងនេះ ភាគច្រើនត្រូវបានធ្វើឡើងក្រោមបទចោទប្រកាន់ជាទម្លាប់ ដូចជា «រួមគំនិតក្បត់» និង «ញុះញង់ឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» ដែលជាឧបករណ៍គតិយុត្តិដ៏មានប្រសិទ្ធភាពក្នុងការកាត់ផ្តាច់ឥស្សរជនឆ្នើមៗ ចេញពីសង្វៀននយោបាយ។
ស្ថានភាពបែបនេះ បង្ហាញថាការអំពាវនាវឱ្យមានការរួបរួមរបស់បក្សកាន់អំណាច មិនមែនជាការបើកចិត្តទូលាយដើម្បីផ្សះផ្សាជាតិឡើយ ប៉ុន្តែវាជាការបង្ខំឱ្យពលរដ្ឋចុះចូលក្រោមសេណារីយ៉ូនយោបាយឯកបក្ស។ ស្របពេលជាមួយគ្នានេះ សិទ្ធិធ្វើនយោបាយរបស់មេដឹកនាំ និងសកម្មជនបក្សប្រឆាំង នៅតែបន្តត្រូវបានរឹតត្បិតយ៉ាងតឹងរ៉ឹង។
ផ្អែកតាមទិន្នន័យវាយតម្លៃរបស់អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ (Human Rights Watch) ក្នុងរបាយការណ៍បច្ចុប្បន្នភាពតំបន់អាស៊ីអាគ្នេយ៍ នាខែឧសភា ឆ្នាំ២០២៦ រដ្ឋាភិបាលនៅតែបន្តប្រើប្រាស់ប្រព័ន្ធតុលាការជាអាវុធយុទ្ធសាស្ត្រ ដើម្បីបិទផ្លូវមិនឱ្យមានការបង្កើតចលនាប្រជាធិបតេយ្យណាមួយដែលអាចគំរាមកំហែងដល់ការបន្តអំណាចតពូជរបស់គ្រួសារហ៊ុន បានឡើយ។
ការណ៍ដែលគណបក្សកាន់អំណាចបដិសេធមិនផ្តល់នីតិសម្បទានយោបាយឡើងវិញ ដល់អតីតថ្នាក់ដឹកនាំបក្សប្រឆាំង និងការបន្តយាយីសមាជិកគណបក្សប្រឆាំង ឬសម្ព័ន្ធអ្នកប្រជាធិបតេយ្យ គឺជាការគូសវាសទុកជាមុនយ៉ាងច្បាស់លាស់ ដើម្បីធានាថាការបោះឆ្នោតនៅឆ្នាំ២០២៧ និងឆ្នាំ២០២៨ ខាងមុខ នឹងគ្រាន់តែជាល្ខោននយោបាយសម្តែងតែម្នាក់ឯង ដោយគ្មានគូប្រជែងពិតប្រាកដ។
យុទ្ធសាស្ត្រ បោសសម្អាតមុនរដូវកាលនេះ ឆ្លុះបញ្ចាំងពីការភ័យខ្លាចយ៉ាងជ្រាលជ្រៅរបស់របបក្រុងភ្នំពេញចំពោះឆន្ទៈពិតរបស់ប្រជាពលរដ្ឋ ដែលធ្លាប់បានស្តែងចេញតាមរយៈការបោះឆ្នោតកន្លងមក។
នៅក្នុងបរិបទដែលផ្ទៃក្នុងកំពុងរងការគាបសង្កត់ ការឈ្លានពានរបស់ថៃ រួមទាំងការរំកិលព្រំដែនចូលក្នុងទឹកដីខ្មែរជាបន្តបន្ទាប់ កាន់តែលាតត្រដាងពីភាពទន់ជ្រាយ និងអសមត្ថភាពរបស់លោក ហ៊ុន ម៉ាណែត។
តាមសេចក្តីថ្លែងការណ៍ផ្លូវការរបស់យោធាថៃ កាលពីដើមខែមិថុនា ឆ្នាំ២០២៦ ការសាងសង់របងព្រំដែនដំណាក់កាលទីមួយប្រវែង ១.៣ គីឡូម៉ែត្រ បានសម្រេចរួចរាល់ចំនួន ៤៥% ទៅហើយ។ ទោះបីជាក្រសួងការបរទេសកម្ពុជា និងរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បានចេញមកប្រកាសមិនទទួលស្គាល់ដាច់ខាតចំពោះខ្សែបន្ទាត់ព្រំដែនដែលថៃទាមទារជាឯកតោភាគីយ៉ាងណាក្តី ប៉ុន្តែសកម្មភាពជាក់ស្តែងនៅលើដីបានបង្ហាញថា ថៃមិនបានខ្វល់ខ្វាយនឹងលិខិតតវ៉ារបស់កម្ពុជាឡើយ។
នេះគឺជាចំណុចខ្សោយដ៏ធំមួយដែលស្តែងឱ្យឃើញថា យុទ្ធសាស្ត្រការទូតផ្ញើតែលិខិតតវ៉ារបស់រដ្ឋាភិបាលលោក ហ៊ុម ម៉ាណែត គឺគ្មានទម្ងន់ទាល់តែសោះចំពោះមុខភាពគឃ្លើនរបស់ថៃ ពីព្រោះរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ខ្វះខាតនូវវិធានការឆ្លើយតបឱ្យបានរឹងមាំ និងទាន់ពេលវេលានៅលើទីតាំងជាក់ស្តែង។
ហេតុផលចម្បងដែលធ្វើឱ្យការតវ៉ារបស់កម្ពុជាគ្មានប្រសិទ្ធភាព គឺដោយសារតែផ្ទៃក្នុងជាតិគ្មានឯកភាព និងគ្មានកម្លាំងគាំទ្រពិតប្រាកដពីប្រជាពលរដ្ឋ។ នៅពេលដែលរបបភ្នំពេញបំផ្លាញសំឡេងប្រឆាំង និងធ្វើបាបសកម្មជនស្នេហាជាតិខ្លួនឯង វាក៏ជាការបំផ្លាញនូវខឿនការពារជាតិដ៏រឹងមាំបំផុតផងដែរ។
ប្រជាពលរដ្ឋ និងសកម្មជនដែលធ្លាប់តែសកម្មក្នុងការឈឺឆ្អាលរឿងព្រំដែន បែរជាត្រូវរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ចាប់ដាក់គុក ឬធ្វើទុក្ខបុកម្នេញ រហូតធ្វើឱ្យសង្គមទាំងមូលធ្លាក់ក្នុងភាពភ័យខ្លាច និងលែងហ៊ានបញ្ចេញមតិការពារទឹកដី។
លោក សេង វណ្ណលី អ្នកតាមដានភូមិសាស្ត្រនយោបាយនៅអាស៊ីប៉ាស៊ីហ្វិក ប្រាប់ VOD នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦ នេះថា វិបត្តិនៃការទុកចិត្ត រវាងប្រជាពលរដ្ឋ និងរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា បានធ្វើឱ្យកម្លាំងជាតិនិយមចុះខ្សោយយ៉ាងខ្លាំង ដែលជាឱកាសមាសសម្រាប់ប្រទេសជិតខាង ក្នុងការឆ្លៀតឱកាសរំលោភបំពាន និងបង្កើតការណ៍ពិតនៅលើដី ដើម្បីទាញយកប្រៀបក្នុងការចរចាខណ្ឌសីមានៅថ្ងៃអនាគត។
លោកបន្ថែមទៀតថា នៅពេលដែលរបបភ្នំពេញផ្តោតអារម្មណ៍ និងធនធានខ្លាំងពេកទៅលើការគ្រប់គ្រងអំណាច និងការបង្ក្រាបសំឡេងប្រឆាំងនៅក្នុងប្រទេស វានឹងបង្កើតឱ្យមានគម្លាតនៃការទុកចិត្តយ៉ាងធំធេងជាមួយប្រជាពលរដ្ឋខ្លួនឯង។
វិបត្តិនៃការទុកចិត្តនេះហើយ ដែលធ្វើឱ្យស្មារតីជាតិនិយមពិតប្រាកដ និងភាពរស់រវើកនៃកម្លាំងសហគមន៍នៅតាមខ្សែបន្ទាត់ព្រំដែនត្រូវចុះខ្សោយ ពីព្រោះពលរដ្ឋលែងមានអារម្មណ៍ថាខ្លួនជាម្ចាស់ ឬជាអ្នកការពារដែលទទួលបានការគាំទ្រពេញលេញពីរដ្ឋអំណាច។
ក្នុងន័យភូមិសាស្ត្រនយោបាយ ប្រទេសជិតខាងដែលមានយុទ្ធសាស្ត្រវាយលុក តែងតែតាមដាន និងទាញយកផលប្រយោជន៍ពីភាពរកាំរកូសផ្ទៃក្នុងបែបនេះ។ នៅពេលដែលផ្ទៃក្នុងជាតិបែកបាក់ ឬប្រជាពលរដ្ឋមានភាពព្រងើយកន្តើយដោយសារតែរងការគាបសង្កត់ សកម្មភាពរំកិលព្រំដែន ឬការសាងសង់របងឯកតោភាគីរបស់ថៃ នឹងអាចប្រព្រឹត្តទៅបានយ៉ាងរលូន ដោយមិនមានការតវ៉ាជាដុំកំភួនពីកម្លាំងមហាជនឡើយ។
ការបង្កើតការពិតនៅលើដីបែបនេះ គឺជាការទាញយកប្រៀបផ្នែកយុទ្ធសាស្ត្រដ៏មានប្រសិទ្ធភាពបំផុត ព្រោះនៅពេលដែលការចរចាផ្លូវការមកដល់ ស្ថានភាពជាក់ស្តែងដែលត្រូវបានផ្លាស់ប្តូររួចជាស្រេចនោះ នឹងក្លាយជាបន្ទាត់ព្រំដែនថ្មីមួយដែលកម្ពុជាពិបាកនឹងបដិសេធ ឬទាមទារត្រឡប់មកវិញណាស់។
ក្រៅពីវិបត្តិនយោបាយ និងព្រំដែន កម្ពុជានៅពាក់កណ្តាលឆ្នាំ២០២៦ នេះ ក៏កំពុងរងការចាក់ស្រេះដោយវិបត្តិសេដ្ឋកិច្ច និងសង្គមយ៉ាងដុនដាប ដែលផ្ទុយស្រឡះពីរបាយការណ៍អួតអាងរបស់លោក ហ៊ុន សែន។
ផ្អែកតាមទិន្នន័យផ្លូវការរបស់ធនាគារពិភពលោក នៅក្នុងរបាយការណ៍បច្ចុប្បន្នភាពសេដ្ឋកិច្ចកម្ពុជា នាខែមិថុនា ឆ្នាំ២០២៦ ទោះបីជាមានការកើនឡើងនូវទំហំពាណិជ្ជកម្មខ្លះ ក្នុងវិស័យកាត់ដេរក៏ដោយ ប៉ុន្តែសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងវិស័យកសិកម្មដែលជាឆ្អឹងខ្នងរបស់ពលរដ្ឋភាគច្រើន កំពុងជួបប្រទះការធ្លាក់ចុះយ៉ាងខ្លាំង។
គម្លាតរវាងអ្នកមាន និងអ្នកក្រ បានរីកធំឡើងរហូតដល់កម្រិតគ្រោះថ្នាក់ ខណៈដែលវិបត្តិបំណុលវ័ណ្ឌករបស់ប្រជាពលរដ្ឋជាមួយប្រព័ន្ធមីក្រូហិរញ្ញវត្ថុ នៅតែជាឃាតករលាក់មុខដែលកំពុងបឺតជញ្ជក់ឈាមរបស់កសិករខ្មែររាប់លាននាក់។
ការអភិវឌ្ឍដែលលោក ហ៊ុន សែន តែងតែលើកឡើង គឺជារូបភាពនៃការមានបានតែសម្រាប់ក្រុមឧកញ៉ា និងមន្ត្រីពុករលួយដែលមានខ្សែរយៈជាមួយបក្សកាន់អំណាចប៉ុណ្ណោះ ប៉ុន្តែសម្រាប់ពលរដ្ឋសាមញ្ញ ពួកគេត្រូវប្រឈមនឹងការបាត់បង់ដីធ្លី ការបណ្តេញចេញដោយបង្ខំ និងអយុត្តិធម៌សង្គមជារៀងរាល់ថ្ងៃ។
នៅចំពោះមុខវិបត្តិចាក់ស្រេះទាំងនេះ យុទ្ធសាស្ត្រ «ខ្មែរជិះជាន់ខ្មែរ» ដែលគណបក្សប្រជាជនកម្ពុជាកំពុងអនុវត្ត គឺជាការដើរផ្ទុយពីផលប្រយោជន៍ជាតិទាំងស្រុង។
ការដែលបក្សកាន់អំណាចព្យាយាមរក្សាស្ថិរភាពដោយការប្រើប្រាស់កម្លាំងបាយ ដែកខ្នោះ និងគុកច្រវាក់ គឺគ្រាន់តែអាចបង្កើតបាននូវសន្តិភាពបណ្តោះអាសន្នក្រោមសម្ពាធនៃការភ័យខ្លាចតែប៉ុណ្ណោះ ប៉ុន្តែវាមិនអាចបង្កើតបាននូវសន្តិភាពសង្គម និងការអភិវឌ្ឍប្រកបដោយចីរភាពនោះឡើយ។
ប្រវត្តិសាស្ត្រ បានបង្ហាញរួចមកហើយថា សង្គមមួយដែលគ្មានយុត្តិធម៌ ហើយអំណាចត្រូវបានក្តោបក្តាប់ដោយក្រុមគ្រួសារនិយម និងបក្សពួកនិយម គឺជាសង្គមដែលងាយរលាយ និងទន់ខ្សោយបំផុតនៅពេលមានវិបត្តិធំៗមកដល់។
ការអំពាវនាវឱ្យមានការរួបរួមជាតិ នឹងមិនអាចទៅរួចឡើយ ដរាបណារដ្ឋាភិបាលត្រកូល ហ៊ុន នៅតែចាត់ទុកពលរដ្ឋដែលមានគំនិតផ្ទុយជាសត្រូវ ហើយបន្តបើកដៃឱ្យជនខិលខូចបំផ្លាញធនធានធម្មជាតិ និងជិះជាន់រាស្ត្រសាមញ្ញ។
ដើម្បីស្រោចស្រង់ប្រទេសជាតិ និងធ្វើឱ្យការការពារបូរណភាពទឹកដីមានប្រសិទ្ធភាពពិតប្រាកដ របបភ្នំពេញត្រូវតែមានឆន្ទៈនយោបាយពិតប្រាកដ ក្នុងការផ្លាស់ប្តូរទម្លាប់ដឹកនាំបែបផ្តាច់ការនេះ។
រដ្ឋាភិបាលត្រូវតែដោះលែងសកម្មជននយោបាយ និងសកម្មជនសង្គមទាំងអស់ដោយគ្មានលក្ខខណ្ឌ ព្រមទាំងបើកលំហសេរីភាពឡើងវិញ ដើម្បីឱ្យគ្រប់និន្នាការនយោបាយអាចចូលរួមចំណែកក្នុងការស្ដារជាតិ។
សាមគ្គីភាពជាតិពិតប្រាកដ មិនអាចកើតឡើងក្រោមការគំរាមកំហែងនោះទេ ប៉ុន្តែវាត្រូវតែកើតចេញពីការគោរពសិទ្ធិមនុស្ស យុត្តិធម៌សង្គម និងការតម្កល់ផលប្រយោជន៍ជាតិជាធំ។
ប្រសិនបើគណបក្សប្រជាជនកម្ពុជានៅតែបន្តជ្រើសរើសផ្លូវគាបសង្កត់ខ្មែរគ្នាឯង ដើម្បីតែការពារបល្ល័ង្កអំណាចរបស់ខ្លួន នោះកម្ពុជានឹងត្រូវបន្តរស់នៅក្នុងស្រមោលនៃវិបត្តិផ្ទៃក្នុង ហើយផ្ទៃក្នុងជាតិដែលទន់ខ្សោយនេះ នឹងក្លាយជាចំណីដ៏ងាយស្រួលសម្រាប់មហិច្ឆតារំលោភបំពាន ពីសំណាក់បរទេសជិតខាងយ៉ាងពិតប្រាកដ៕
ដោយ លោក សុក្រឹត ពុទ្ធិ









