កូដករ​​ណាហ្គា​​បន្ត​ការ​​តវ៉ា​​ទាម​ទារ​​រក​យុត្តិ​ធម៌​រឿង​​វិវាទ​ការ​​​​ងារ​​ដែល​អូស​បន្លាយ​ពេល​ជិត ៥ឆ្នាំ

កូដករ​ណាហ្គា​វើលដ៍​ប្រមាណ ៥០​នាក់ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ បន្ត​ឈរ​លើក​​បដា​​ធ្វើ​​កូដ​​កម្ម​​តវ៉ា​​ទាម​​ទារ​​ឱ្យ​​ថៅកែ​​ក្រុម​ហ៊ុន​ល្បែង​​មួយ​​នេះ ដោះ​ស្រាយ​​លក្ខ​ខណ្ឌ​ការ​​ងារ​​ចំនួន ៧​ចំណុច ដែល​​កូដករ​​អះ​​អាង​​​ថា​​មិន​​ទាន់​ទទួល​បាន​សូម្បី​តែ​​មួយ​ចំណុច​​​ ក្នុង​​អំឡុង​​ការ​​តវ៉ា​​រយៈ​​ពេល​​ជិត ៥ឆ្នាំ​មក​​នេះ ហើយ​​បែរ​ជា​​ត្រូវ​​តុលាការ​​កោះ​ហៅ​​កូដករ​ ៩នាក់ ឱ្យ​ចូល​​បំភ្លឺ​ជា​បន្ត​បន្ទាប់​ ក្រោម​​បណ្តឹង​​​​របស់​​ក្រុម​ហ៊ុន​​​ទៅ​វិញ​។

កូដករ​ដែល​ជា​​​បុគ្គលិក​ក្រុមហ៊ុន​ណាហ្គាវើលដ៍ អ្នកស្រី សុខ ដាលីន បាន​​និយាយ​ថា ការ​​ដែល​​ពួក​គាត់​នាំគ្នា​​បន្ត​ការ​​តវ៉ា​ជា​​​ថ្មី​ទៀត​​នេះ ដោយ​សារ​តែ​​ក្រុម​ហ៊ុន​​នៅ​​​មិន​​ទាន់​ដោះ​ស្រាយ​​វិវាទ​ការ​​ងារ​​ដែល​អូស​បន្លាយជិត ៥ឆ្នាំមក​ហើយនេះនៅឡើយ​ទេ ដែលធ្វើឱ្យ​ពួកគាត់ជួបការ​លំបាក​​ខ្លាំង​ក្នុងជីវភាព។

ការណ៍នេះ អ្នកស្រីបាន​អំពាវនាវ​ដល់​​រដ្ឋាភិបាល​ ក្រសួង​ពាក់ព័ន្ធ ជា​ពិសេស​ខាង​ក្រុមហ៊ុន ដោះ​ស្រាយ​​បញ្ចប់​បញ្ហានេះ ដោយទទួលយក​​​​កូដករដែលក្រុមហ៊ុន​បាន​បញ្ឈប់​ទាំង​អយុត្តិធម៌ បាន​​​ចូល​​ធ្វើ​ការ​វិញ។

អ្នកស្រីថា៖ «សូម​ថ្នាក់ដឹកនាំ​សូម​មេត្តា​ជួយ​រក​យុត្តិធម៌ រក​ដំណោះស្រាយ ឱ្យ​ពួក​ខ្ញុំ​ចូល​ធ្វើការ​វិញ​ផង​ ព្រោះអីពួកខ្ញុំនៅ​ក្រៅ​ ៥ឆ្នាំ​ហើយ​​ ស៊ី​អត់​ស៊ីឃ្លាន​ ដើរ​ស៊ីឈ្នួលគេ​ ជូត​ផ្ទះ​បោសផ្ទះឱ្យ​គេ ចឹងសូមមេត្តាថ្នាក់ដឹកនាំ​ និង​ថៅកែ​ណាហ្គា​វើលដ៍​ជួយ​យក​ពួកខ្ញុំ និងប្រធានសហជីព​ កញ្ញា ឈឹម ស៊ីថរ បានចូលធ្វើការ​វិញ​ផង ធ្វើកូដកម្ម ១៦៥៧ ជីវភាពខ្ញុំប៉ះពាល់​ខ្លាំង​ណាស់ ពេលខ្លះរកតែអង្ករ​ច្រ​ឆ្នាំ​ងមិន​បាន​ផង»។​

បើតាម​សហជីពទ្រ​ទ្រង់​សិទ្ធិការ​ងារបុគ្គលិកកម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុន​ណាហ្គាវើលដ៍ (LRSU) ការ​តវ៉ារបស់​កូដករ​ណា​ហ្គា​វើល​ដ៍បានធ្វើង ១៦៥៧ថ្ងៃ ដែលស្មើ​នឹង​ជាង ៤ឆ្នាំ ៦ខែ​ មកហើយនេះ គឺ​ក្នុងគោលបំណង​ទាមទារ​ឱ្យថៅកែ​ដោះស្រាយ​​បញ្ហាចំនួន ៧ចំណុច ក្នុងនោះមានដូចជា​ ក្រុម​​ហ៊ុន​​​ណា​ហ្គាវើលដ៍ (Naga world) ត្រូវទ​​ទួល​យក​ថ្នាក់​ដឹក​នាំ​សហជីព និង​សមាជិក​ឲ្យ​ចូល​​ធ្វើ​ការ​វិញ​, ក្រុមហ៊ុន​ត្រូវគិតប្រាក់បំណាច់បញ្ចប់កិច្ចសន្យាការងារឲ្យបានត្រឹមត្រូវតាមច្បាប់, គិត​ប្រាក់​បញ្ចប់​កិច្ច​សន្យា​ការ​ងារ​បន្ថែម​ឲ្យ​បាន​ត្រឹម​ត្រូវ​សម្រាប់​កម្មករ​ដែល​ត្រូវ​បាន​បញ្ឈប់​ក្នុង​ឆ្នាំ ២០២០ និង​ដើម​ឆ្នាំ​២០២១ និង​​ត្រូវ​ផ្ដល់​ប្រាក់​បំណាច់​អតីត​ភាព​ការ​ងារ​ និង​ប្រាក់​រំលឹក​អតីត​ភាព​ការ​ងារ​ឲ្យ​បាន​ត្រឹម​ត្រូវ​តាម​ច្បាប់។

ក្រៅពីនោះ ពួកគេ​ក៏បានទាមទារ​ឱ្យ​ក្រុមហ៊ុន​ត្រូវ​ដំឡើង​ប្រាក់​ឈ្នួល​គោល ៧% លើ​ប្រាក់​ឈ្នួល​បច្ចុប្បន្ន និង​​បញ្ឈប់​ការ​កេង​ប្រវ័ញ្ច​តាម​រយៈ​ការ​ប្រើ​បុគ្គលិក​ក្រោម​ស្លាក​កម្ម​សិក្សា និង​ទទួល​យក​ឱ្យ​ក្លាយ​ជា​បុគ្គលិក​ពេញ​សិទ្ធិ ព្រមទាំង​​ផ្តល់​ប្រាក់​ឈ្នួល​គោល​ស្មើ​គ្នា​រវាង​បុគ្គ​លិក​ក្នុង​ស្រុក​ ធៀប​នឹង​បុគ្គលិក​ក្រៅ​ស្រុក​ដែល​មាន​ឋានៈ និង​ផ្នែក​ដូច​គ្នា។

ក្រុមកូដករ ក៏បាន​ទាម​ទារ​ឱ្យ​ថៅ​កែ​នៃ​ក្រុម​ហ៊ុន​ណាហ្គា​វើលដ៏ បញ្ឈប់​ការ​រើស​អើង​​សហជីព​គ្រប់​រូប​ភាព ខណៈពួក​គេ​​សង្កេត​ឃើញ​​​ថា ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ថៅកែ​នៅ​តែ​បន្ត​​រំលោភ​សិទ្ធិ​កម្មករ​កាន់​តែ​ធ្ងន់​ធ្ងរ​ទៅៗ។

តែយ៉ាងណា បើតាម សហជីព LRSU គិត​មកដល់ពេលនេះ កូដករ​នៅមិនទាន់ទទួលបាន​ដំណោះស្រាយ​សូម្បី​តែ​មួយ​ចំណុច​​នៅឡើយ។

ជាមួយគ្នានេះដែរ​ អំឡុង​ពេលកូដករតវ៉ាជិត ៥ឆ្នាំ​មកនេះ ​គេ​សង្កេត​ឃើញ​មានការ​ប្រើប្រាស់​នូវ​ហិង្សា​ពីសំណាក់អាជ្ញាធរ​ រហូត​ដល់មាន​​កូដករ​ខ្លះ​បានរង​របួស ខ្លះរលូត​កូន និង​ខ្លះទៀតត្រូវ​ជាប់​ពន្ធនាគារ ក្នុងនោះក៏មានមេដឹកនាំ​សហជីព​LRSU កញ្ញា ឈឹម ស៊ីថរ​ ផងដែរ ខណៈ​កូដករ​ ៩នាក់​ទៀត​ កំពុង​​រង​បណ្តឹង​នៅតុលាការ ដែលត្រូវ​ចូលទៅបំភ្លឺជា​បន្តបន្ទាប់​ក្នុងពេល​បច្ចុប្បន្ន​នេះ។

កូដករ​ណាហ្គាវើលដ៍ កញ្ញា សុខ ស្រីមាស បានលើកឡើង​ដែរ​ថា ការធ្វើកូដ​កម្ម​​នៅ​​ថ្ងៃ​នេះ ក៏ធ្វើឡើងក្នុង​គោល​បំណង​​លើក​ទឹកចិត្ត​ដល់កូដករ​ទាំង ៩រូប ដែល​តុលាការ​បានកោះហៅទៅបំភ្លឺជាបន្តបន្ទាប់ផងដែរ ពីបទ ធ្វើឱ្យ​ខូច​ខាត​ដោយ​ចេតនា​មានស្ថាន​ទម្ងន់​ទោស ក្រោម​បណ្តឹង​របស់ក្រុមហ៊ុន​។ កញ្ញាថា ការ​ចោទប្រកាន់ទៅលើកូដករដែលគ្រាន់តែ​តវ៉ា​ដើម្បី​ទាមទារ​យុត្តធម៌នេះ ជា​រឿង​មិនសម​ហេតុ​ផល ហើយកញ្ញាបានស្នើដល់តុលាការ​​ពិចាណារ​​ទម្លាក់បទចោទទៅលើ​កូដករ​ទាំង​៩រូបនេះ។​

កញ្ញា​​និយាយថា៖ «ដូចបងឃើញ​​ស្រាប់​ហើយ ពួកខ្ញុំ​មក​ឈរនៅ​​មុខ​ក្រុម​ហ៊ុន អត់បានធ្វើ​អី​ទេ ហើយ​មក​ចោទ​ពួកខ្ញុំទៅបំផ្លាញ ទៅធ្វើ​ឱ្យ​ខូច​ខាត​ក្រុមហ៊ុន ខូច​ខាត​អីគេ គឺជា​រឿង​មួយ​ដែល​អត់​សម​រម្យ ចឹង​សម្រាប់​ពួកខ្ញុំ​ថ្ងៃ​នេះ ដូច​ពួកខ្ញុំ​ផ្ញើ​សារ​អញ្ចឹង សូម​ឱ្យតុលាការ​លើកលែង​បទ​ចោទ​ប្រកាន់​ទាំង​អស់ ហើយនិង​​ផ្តល់​សេរីភាពពេញ​លេញ​ឱ្យ​ពួក​គាត់​វិញ​ ព្រោះ​ពួក​គាត់​អត់​មាន​បានធ្វើ​អី​ខុសទេ​​​ យើង​គ្រាន់តែ​មកតវ៉ាទេ អត់បានទៅ​បំផ្លិច​បំផ្លាញ​របស់អ្នកណា​ទេ»។

ចំណែក​ កូដ​ករ​​ក្រុមហ៊ុនណាហ្គាវើលដ៍​​ម្នាក់ទៀត លោក​ ណាំ ទីវ័ន្ត យល់​ថា ការ​ដាក់ពាក្យ​ប្តឹង​កូដករ​ពីសំណាក់ក្រុមហ៊ុន និងការ​កោះហៅ​កូដករទៅបំភ្លឺនៅតុលាការ​ជា​បន្តបន្ទាប់នេះ ជា​ការ​​ដាក់​សម្ពាធ និងគំរាម​កំហែង​​ឱ្យ​កូដករបញ្ឈប់ការ​តវ៉ា។ តែយ៉ាងណា លោកថា បើទោះជា​រង​បណ្តឹង​នៅតុលាការ និង​ការ​ប្រើហិង្សា​​បណ្តាលឱ្យកូដករ​ខ្លះរង​របួស កូដករ​ខ្លះរលូត​កូន និង​រង​នូវការ​ធ្វើទុក្ខបុក​ម្នេញ​ផ្សេង​ៗក៏ដោយ ក៏ពួកគេ​នៅតែបន្តការ​តវ៉ា​ទាមទារ​រហូត​ដល់ទទួល​បាន​យុត្តិធម៌។

ស្របពេល​ដែលកម្ពុជា​នឹង​មានការ​រៀបចំ​ការ​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំសង្កាត់ និង​ការ​បោះឆ្នោត​​​ជាតិ នាឆ្នាំ​២០២៧ និងឆ្នាំ​២០២៨​ខាង​មុខ លោក ណាំ ទីវ័ន្ត ក៏បាន​អំពាវនាវ​ដល់​តំណាង​រាស្ត្រ អាជ្ញាធរ​​ក្រុមប្រឹក្សាឃុំសង្កាត់ និង​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ជួយ​អន្តរាគមន៍​​រក​​ភាព​យុត្តិ​ធម៌​ឱ្យ​កូដករណាហ្គា ដែលជា​ម្ចាស់ឆ្នោត​ដែរ។

លោក​និយាយថា៖ ​«ពួក​យើង​ជា​កូដករ ពួក​យើ​ងជាកម្មករ​​នេះ ក៏​ពួកយើង​ក៏ជា​ប្រជារាស្ត្រដែល​​រស់នៅប្រទេស​កម្ពុជា​ផងដែរ​​ ត្រូវ​តែ​គោរព​ច្បាប់​​ប្រទេសកម្ពុជា ហើយត្រូវ​​​ឱ្យ​ថៅកែដែល​រក​​​​ស៊ី​បណ្តាក់ទុន​នៅក្នុង​ស្រុក​ខ្មែរ​នេះ ឱ្យគាត់គោរព​ច្បាប់​ប្រទេស​កម្ពុជា​ផង​ ហើយ​យើង​សង្ឃឹម​ថា តំណាងរាស្ត្រ​និមួយ​ៗ​គ្រប់គណបក្ស​ទាំង​អស់ ​នឹង​មិនទុ​ក​​កូដករណាហ្គា​វើលដ៍​ចោល​ដោយ​អយុត្តិ​ធម៌​ចឹង​ទៀត​ទេ​។​ យើង​សង្ឃឹង​ថា​ ពួកគាត់​​នឹង​មើលឃើញពីទុក្ខលំបាករបស់​​កម្មករ ហើយ​​ស្វែង​រក​ចំណុច​រួម​មួយ​ ​ដែល​កម្មករ​អាច​ទទួលយក​បាន រវាង​ថៅកែណាហ្គាវើលដ៍ និង​កម្មករ​»។

វិវាទនៅក្រុមហ៊ុនណាហ្គាវើលដ៏ ផ្តើមចេញពី​ក្រុមហ៊ុន​​​​​បាន​​បញ្ឈប់​​បុគ្គលិក​​ប្រមាណ ១ ៣០០​នាក់ កាល​​​​​​ពី​ខែ​មេសា ឆ្នាំ​២០២១ ដែល​ភាគច្រើនជាប្រធាន​និង​សមាជិក​សហជីព អំឡុង​ពេល​ផ្ទុះជំងឺ​​កូវីត-១៩ ដែលថៅកែ​អះអា​ង​ពី​មូលហេតុ​​ជួប​វិបត្តិហិរញ្ញវត្ថុ។

ប៉ុន្តែភាគីបុគ្គលិកដែលបានបញ្ឈប់ ​អះអាង​ថា ជា​ចេតនា​របស់​ថៅកែ ដើម្បី​បំបាត់​​សហជីព​​ឯករាជ្យ ​ក្នុង​ក្រុម​ហ៊ុន​ដែល​តែង​តែ​ជំរុញ​លក្ខខណ្ឌ​ការ​ងារ ការ​ពារ​សិទ្ធិ​បុគ្គលិក។

វីអូឌី មិនអាចសុំការ​អត្ថាធិប្បាយ​ជុំវិញ​ករណីនេះ ពីអ្នកនាំ​ពាក្យ​ក្រសួង​ការងារ និង​បណ្តុះ​បណ្តាល​​វិជ្ជាជីវៈ លោក ស៊ុន មេសា បានទេ នៅរសៀល​​​ថ្ងៃទី​២ ខែកក្កដានេះ។

ប៉ុន្តែ​កន្លងមក អតីត​​អ្នកនាំពាក្យក្រសួងការងារ លោក កត្តា អ៊ន ធ្លាប់ការ​ពារ​​ថា ករ​​ណី​​វិវាទ​​ការ​ងារ​​​​នៅ​ក្រុម​ហ៊ុន​ណា​ហ្គា ​ក្រសួង​​​បាន​​​​ដោះ​​​ស្រាយ​​មក​​ជា​​ហូរហែ​​។ មួយវិញទៀត លោកថា ក្រុម​​​ហ៊ុ​ន​​​​​ក៏​បាន​​ផ្ទេរ​ប្រាក់​បំណាច់ និង​សំណង​​បញ្ចប់​​កិច្ច​សន្យា​ការ​ងារ ចូល​គណនី​ធនាគារ​​អ​តីត​​បុ​គ្គលិក​​ ដែល​ក្រុម​ហ៊ុន​​បាន​បញ្ចប់​​កិច្ច​សន្យា​ការ​​​ងារ​​ចំនួន ៣៧៣​នាក់​ ​រួច​​មក​​ហើយ​​ដែរ។

យ៉ាងណា អ្នកគ្រប់គ្រង​កម្មវិធីកា​រងារ​​​នៃ​អង្គការ​សង់ត្រាល់ លោក ឃុន ថារ៉ា មានប្រសាសន៍ថា ក្នុង​ស្ថាន​ភាព​នេះ មានតែ​រាជរដ្ឋាភិបាល​ ជា​ពិសេស​ក្រសួងការ​ងារ ដែលជា​កូនសោរ​គន្លឹះក្នុងកា​រ​ដោះ​ស្រាយ​​​បញ្ចប់​​​វិវាទ​​ការ​ងារ​នៅ​ក្រុម​ហ៊ុន​​ណាហ្គា​វើលដ៍នេះ ដើម្បី​បង្ហាញ​ទៅអន្តរជាតិ​ ពីការ​ធ្វើកំណែ​ទម្រង់​លក្ខខណ្ឌ​ការ​ងារ​មួយចំនួន និងការ​​លើកកម្ពស់​សិទ្ធិ​ការ​ងារ​​​ ព្រោះ​ករណីកូដកម្ម​នៅ​ណាហ្គា​វើលដ៍នេះ ក៏ស្ថិត​ក្នុងយន្តកា​រ​តាម​ដាន​ពី​អន្តរជាតិ ជាពិសេស​​​អង្គការ​​អន្តរជាតិ​ផ្នែក​ការ​ងារ​ (ILO)។

លោកថា៖ «​ជា​ពេល​វេលា​សមរម្យ​មួយ​សម្រាប់​​តួអង្គ​រដ្ឋ ពិនិត្យ​ពិចារណា​ជំរុញ​ឱ្យ​មាននូវ​​ការ​ទម្លាក់​​ចោល​នូវ​​បទប្រឆាំង​​ទាំង​ឡាយទាំងពួងប្រឆាំង​ទៅ​នឹង​ថ្នាក់​ដឹកនាំ​សហជីព ហើយនិង​សកម្មជន​​សហជីព​នៅ​ក្រុមហ៊ុន​ណា​ហ្គា​វើលដ៍​ ចឹងបើសិនជា​យើងដោះស្រាយ​ករណីណា​ហ្គានេះ​បាន ខ្ញុំគិត​ថាជារឿង​ដែល​មានការ​អប​អរ​សាទរ​ពី​អន្តរ​ជាតិ ហើយ​​ចង់មិនចង់​ នៅពេល​បច្ចុប្បន្ន​នេះ សូម្បី​តែ​សហ​រដ្ឋ​អាមេរិក​​ សហភាពអឺរ៉ុប​ជា​ដើម ក៏កំពុ​ងតែ​តាម​ដាន​ត្រួត​ពិនិត្យ​​ទៅលើ​បញ្ហានៃ​ការ​អនុវត្ត​​សិទ្ធិ​សេរីភាព ​ផ្នែក​សហជីព ដែល​ជាផ្នែក​មួយ​នៃ​កាតព្វកិច្ច​ក្នុងកិច្ច​ព្រមព្រៀង​ពាណិជ្ជ​​កម្ម​ ក៏ដូច​ជា​​កា​រ​អនុ​លោម​​ទៅតាម​គោល​ការណ៍​យន្តការរបស់​សហភាពអឺរ៉ុប ពាក់ព័ន្ធ​ទៅ​នឹងការ​លើក​កម្ពស់​​សិទ្ធិ​ការ​ងារដែរ ចឹង​ប្រសិន​បើយើងមានចេតនាក្នុង​​ដោះស្រាយបញ្ហានេះ ខ្ញុំ​យល់ឃើញថា អាជ្ញាធរ​រដ្ឋ ជា​ពិសេស​ក្រសួងការ​ងារ​ហ្នឹង ​គឺមានអំណាចគ្រប់គ្រាន់​នៅក្នុងការ​ដោះស្រាយ​ ហើយ​តម្កល់នូវ​​ផលប្រយោជន៍​ភាគី​ទាំង​សង្ខាង»។

ស្រដៀងគ្នានេះ​ដែរ នាយក​ទទួល​បន្ទុក​កិច្ច​ការ​ទូទៅនៃអង្គការ​លីកាដូ លោក អំ សំអាត យល់​ថា ការ​​បន្តអូសបន្លាយ​​​ពេល​ដោះស្រាយសម្រាប់​វិវាទការ​ងា​រនៅ​ក្រុមហ៊ុនណាហ្គានេះ នឹង​ជះឥទ្ធិ​ពល​​​មិន​ល្អ​ដល់មុខមាត់របស់កម្ពុជា​ក្នុង​​ឆាក​​អន្តរជាតិ លើការ​លើក​​កម្ពស់សិទ្ធិ​ការ​ងារ ហើយ​​​ក៏ប៉ះ​ពាល់​​ដល់​ជីវភាព​របស់​កូដករ​​ផង​ដែរ។ ការណ៍​នេះ លោក​ជំរុញដល់រដ្ឋាភិបាល ពន្លឿន​​ការ​ដោះស្រាយ និង​ស្នើដល់តុលាការ​ទម្លាក់បទចោទ​ទៅលើ​​សហជីព​ និង​កូដ​ករ​ផងដែរ។

លោកថា៖ «វាល្មមដល់ពេលដែលស្ថាប័នពាក់ព័ន្ធ ក៏ដូចជា​ភាគី​ដែល​ពាក់ព័ន្ធ​ហ្នឹង​ រួមគ្នា​ពន្លឿន​​​​នៅ​ក្នុងការ​​ដោះស្រាយ​វិវាទការងារ​​នេះឱ្យបានចប់ កាន់​តែ​លឿន កាន់​តែល្អ តែ​កាលណា​បណ្តែត​បណ្តោយ​ គឺ​វា​ជះ​ឥទ្ធិពល​មិនល្អ​ទេ​​សម្រាប់​សិទ្ធិការ​ងារ​ ក៏ដូចជា​ជីវភាព​របស់​កូដករ​ដែល​មិនទាន់ទទួលបានដំណោះស្រាយនោះ»។

កាលពី​ដើម​ខែ​មករា ឆ្នាំ​​២០២៦ សហជីព និង​អង្គការ​សង្គមស៊ីវិល​ចំនួន​​២៣ បាន​ចេញ​សេច​ក្តី​​ថ្លែង​ការណ៍​រួម​ ដោយ​ទាមទារឱ្យ​រដ្ឋាភិបាល​ផ្តល់​ដំណោះ​ស្រាយ​​ ៣ចំណុច សម្រាប់​ករណី​វិវាទ​​ការ​ងារ​នៅក្រុមហ៊ុន​ណាហ្គាវើលដ៍នេះ​ ក្នុងនោះ ពួក​គេ​​ទាមទារឱ្យ​ទម្លាក់​ចោល​​រាល់ការ​ចោទ​ប្រកាន់​ និងទទួល​យក​ថ្នាក់​ដឹកនាំ​សហជីព​ សកម្ម​ជន និង​សមាជិក​សហជីព​​​ទាំង​អស់ ​​ដែល​ក្រុមហ៊ុន​បញ្ឈប់ពីការ​ងារ​ដោយ​ខុសច្បាប់ ហើយ​ទូទាត់​ប្រាក់រំលឹក​​ចាប់ពីថ្ងៃ​​បញ្ឈប់រហូត​​ដល់​​ថ្ងៃ​ចូល​ធ្វើការ​វិញ។ ដាក់​កំហិត​ឱ្យ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​ គោរព​​ច្បាប់​ការងារ សេរីភាព​សហជីព និង​ចរចា​ជាមួយ​តំណាង​​សហជីព​លើ​រាល់​បញ្ហា​របស់​កម្មករ ព្រមទាំង​បញ្ឈប់ការ​​ជ្រៀត​​​ជ្រែក​កិច្ច​ការ​ផ្ទៃ​ក្នុង​របស់​សហជីព ការ​គំរាម​កំហែង​​​​រាល់​​គ្រប់ទម្រង់​មក​លើ​កម្មករ​និយោ​ជិត​ដែល​កំពុង​បម្រើ​ការងារ​នៅ​ក្នុង​ក្រុម​ហ៊ុនកាស៊ីណូ​មួយ​នេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ