រុស្ស៊ី​បាន​អនុ​ម័ត​កម្ម​វិធី​ហ្វឹក​ហ្វឺន​យោធា​សម្ងាត់​ជាមួយ​ចិន​​ក្នុង​​កម្រិត​កំពូល​ទាក់​ទង​សង្គ្រាម​នៅ​អ៊ុយ​ក្រែន​

ការ​ហ្វឹក​ហ្វឺន​យោធា​សម្ងាត់​របស់​ប្រទេស​ចិន​ដល់​កង​កម្លាំង​រុស្ស៊ី​ កាល​ពី​ឆ្នាំ​មុន ត្រូវ​បាន​អនុ​ម័ត​ផ្ទាល់​ដោយ​រដ្ឋ​មន្ត្រី​ការ​ពារ​ជាតិ​នៃ​ប្រធានា​ធិបតី វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) ហើយ​មាន​ការ​ចូល​រួម​ដោយ​ផ្ទាល់​ពី​ឧត្តម​សេនីយ៍​រុស្ស៊ី និង​​ចិន​​យ៉ាង​ហោច​ណាស់ ៤រូប។ នេះ​បើ​យោង​តាម​មន្ត្រី​អឺរ៉ុ​ប​ពីរ​រូប និង​ឯកសារ​ដែល​ទី​ភ្នាក់​ងារ​សារ​ព័ត៌​មាន Reuters បាន​​ឃើញ។

មន្ត្រី​​ទាំង​នោះ បាន​និយាយ​ថា ការ​ចូល​រួម​របស់​បុគ្គល​ជាន់​ខ្ពស់​បែប​នេះ នៅ​ក្នុង​ការ​ហ្វឹក​ហ្វឺន​ដែល​ទាក់​ទង​នឹង​សង្គ្រាម​​​អ៊ុយ​​ក្រែន បាន​បង្ហាញ​ពីសា​រៈ​សំខាន់​សម្រាប់​រុស្ស៊ី និង​ចិន​ចំពោះ​កិច្ច​សហ​ប្រតិ​បត្តិ​ការ​នេះ ដែល​វា​បាន​បង្ក​ឱ្យ​​មាន​​ការ​ព្រួយ​បារម្ភ​នៅ​ក្នុង​តំបន់​អឺរ៉ុប ទោះ​បី​ជា​ទីក្រុង​ប៉េកាំង​បាន​បដិសេធ​ក៏​ដោយ។

ឯកសារ​សម្ងាត់របស់រុស្ស៊ីមួយ បានយោង​ទៅ​លើ​ក្រឹត្យ​ផ្ទៃ​ក្នុង​ចេញ​ដោយ​រដ្ឋ​មន្ត្រី​ការ​ពារ​ជាតិ លោក​ Andrei Belousov កាល​ពី​ខែសី​ហា ឆ្នាំ​២០២៥ ដោយ​អនុ​ញ្ញាត​ឱ្យ​គណៈ​ប្រតិ​ភូ​យោធា​រុស្ស៊ី​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ចិន ដើម្បី​ចូល​​រួម​ក្នុង​លំហាត់​ហ្វឹក​ហ្វឺន​នៅ​តាម​ទីតាំង​នានា​របស់​កង​ទ័ព​រំដោះ​ប្រជា​ជន​ចិន​ (PLA)។ វគ្គ​សិក្សា​រយៈ​ពេល ៣​សប្តាហ៍​​នោះ ផ្តោត​លើ​ការ​ការ​ពារ​ផ្នែក​វិទ្យុ​សកម្ម គីមី និង​ជីវ​សាស្ត្រ នៅ​ឯទីតាំង​យោធា​មួយ​ក្នុង​ទីក្រុង​ប៉េកាំង កាល​​ពី​​ខែ​​វិច្ឆិកា ដោយ​​មាន​​ការ​​បង្រៀន​​អំពី «ការ​ស៊ើប​ការណ៍​សម្ងាត់​ផ្នែក​គីមី និង​វិទ្យុ​សកម្ម»។

ក្រសួងការបរទេសចិន បានបដិសេធការចោទប្រកាន់នេះ ដោយលើកឡើងថាវា «ទាំង​ស្រុង​គ្មាន​មូល​ដ្ឋាន» ហើយ​អះ​អាង​ថា ខ្លួន​មាន​ភាព​អព្យា​ក្រឹត​នៅ​ក្នុង​សង្គ្រាម​របស់​រុស្ស៊ី​ជាមួយ​អ៊ុយ​ក្រែន។

យ៉ាង​ណា​មិញ ប្រធានគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុប លោក​ស្រី Kaja Kallas បាន​និយាយ​ថា ទីក្រុង​​ព្រុច​​សែល​បាន​បញ្ជាក់​តាម​រយៈ​បណ្តាញ​ផ្ទាល់​ខ្លួន​ថា ការ​ហ្វឹក​ហ្វឺន​នោះ​ពិ​ត​ជា​បាន​កើត​ឡើង​មែន ហើយ​ឥឡូវ​នេះ​​កំពុង​វាយ​តម្លៃ​លើ​ផល​ប៉ះ​ពាល់។

ទាក់ទិននឹងប្រសិទ្ធភាពនៃការហ្វឹកហ្វឺននេះ លោក Andrei Kartapolov ប្រធានគណៈកម្មាធិការការពារជាតិនៃ​សភា​រុស្ស៊ី បានច្រានចោលរបាយការណ៍នេះថាជា «រឿងមិនសមហេតុផល» ដោយសាររុស្ស៊ីមានបទពិសោធន៍ប្រយុទ្ធច្រើនឆ្នាំទៅហើយ។ ស្របគ្នានេះ របាយការណ៍យោធាផ្ទៃក្នុងរបស់រុស្ស៊ីក៏បានកត់សម្គាល់​ដែរថា ទោះបីជាចិនមានបរិក្ខារ និងទ្រឹស្តីកម្រិតខ្ពស់ក៏ដោយ ប៉ុន្តែប្រទេសនេះនៅខ្វះខាតបទពិសោធន៍​ប្រយុទ្ធជាក់ស្តែងនៅលើសមរភូមិនៅ​ឡើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ