រុស្ស៊ី​​វាយ​បក​ទៅ​លើ​​អ៊ុ​យ​ក្រែន​​ក្រោយ​​រង​ការ​​វាយ​​ប្រហារ​​ទីតាំង​​យោធា​​និង​រោង​ចក្រ​ថាម​ពល​នៅ​មូស្គូ

កង​កម្លាំង​រុស្ស៊ី បាន​បើក​ការ​វាយ​ប្រហារ​ទ្រង់​ទ្រាយ​ធំ​មួយ​ លើ​រដ្ឋ​ធានី​របស់​ប្រទេស​អ៊ុយ​ក្រែន ដោយ​ប្រើ​ប្រាស់​មីស៊ីល និង​ដ្រូន​ពេញ​មួយ​យប់​រហូត​ដល់​ថ្ងៃ​ទី​២ខែ​កក្កដា​នេះ​ បណ្តាល​ឱ្យ​មាន​សំឡេង​ផ្ទុះ​យ៉ាង​ខ្លាំង​ និង​ញាប់​ញ័រ​ទីក្រុង​គៀវ (Kyiv) អស់​រយៈ​ពេល​ជា​ច្រើន​ម៉ោង។

អភិបាលក្រុងគៀវ លោក Vitali Klitschko បានឱ្យដឹងថា ការវាយប្រហារ​នេះ បាន​ចំ​អគារ​ស្នាក់​នៅ​សហ​គមន៍ និង​បង្ក​ជា​អគ្គិ​ភ័យ​ឆាប​ឆេះ​សណ្ឋាគារ​មួយ​កន្លែង ដោយ​បណ្តាល​ឱ្យ​មនុស្ស​យ៉ាង​ហោច​ណាស់ ១១នាក់​រង​របួស។ លោក​បាន​​បន្ថែម​ថា ប្រជាជន​បាន​ជាប់​គាំង​នៅ​ក្នុង​អគារ​កម្ពស់ ៩ជាន់​មួយ​ខ្នង ហើយ​ដំបូល​អគារ​ស្នាក់​នៅ​ខ្ពស់​មួយ​ខ្នង​​ទៀត ក៏​កំពុង​ឆេះ​ផង​ដែរ។ លោក​អភិបាល​ក្រុង​បាន​ជំរុញ​ឱ្យ​ប្រជា​ពលរដ្ឋ​បន្ត​ស្ថិត​នៅក្នុង​ជម្រក ដោ​យ​ហៅ​វាថា​ជា «ការ​វាយ​ប្រហារយ៉ាង​សាហាវ​ឃោរ​ឃៅ​ពី​សំណាក់​សត្រូវ»។

ការវាយ​ប្រហារ​ដោយ​មីស៊ីល និង​ដ្រូន​នេះ​ បានជះ​ឥទ្ធិពល​ដល់​ខណ្ឌ​ទាំង ១០ របស់​ទីក្រុង នៅ​សង​ខាង​ទន្លេ​ដ្នីប្រូ (Dnipro River)។ រូប​ភាព​នៅ​លើ​បណ្តាញ​តេឡេ​ក្រាម (Telegram) បាន​បង្ហាញ​ពី​ប្រជាពលរដ្ឋ​យ៉ាង​ច្រើន​កុះក​រ​កំពុង​ជ្រក​កោន​នៅ​ក្នុង​ស្ថានីយ៍​ក្រោម​ដី បន្ទាប់​ពី​មាន​ការ​ព្រមាន​អំពី​ការ​វាយ​ប្រហារ​។

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បានព្រមានមុននេះ​បន្តិច អំពីលទ្ធភាពនៃការវាយ​​ប្រហារ​នេះ ហើយ​លោកបានកាត់បន្ថយរយៈពេលស្នាក់នៅរបស់លោកនៅទីក្រុងឌុប្លីន (Dublin) ដែលលោកបានទៅបំពេញ​ទស្សនកិច្ច សម្រាប់អាណត្តិប្រធានាធិបតីប្តូរវេនរបស់ប្រទេសអៀរឡង់ ក្នុងការដឹក​នាំ​សហភាពអឺរ៉ុប (EU)។

ការ​បង្កើតការ​វាយ​ប្រហារ​របស់​ប្រទេសរុស្ស៊ីលើទីក្រុងគៀវ ក្នុងសប្តាហ៍ថ្មីៗនេះ បន្ទាប់ពី អ៊ុយ​ក្រែន​​បាន​បើក​​​យុទ្ធនា​ការ​​​​វាយ​ប្រហារ​ដោយ​ដ្រូន​ ក្នុង​ចម្ងាយ​ឆ្ងាយ​ប្រឆាំងនឹងទីតាំងយោធា និងរោងចក្រថាមពលរបស់​រុស្ស៊ីកាលពីពេល​ថ្មីៗ​នេះ​ បានបណ្តាលឱ្យមានការខ្វះខាតប្រេងឥន្ធនៈ និងរំខានដល់ខ្សែសង្វាក់ផ្គត់ផ្គង់​នៅក្នុងប្រទេសរុស្ស៊ី។

ជាវិធានការបង្ការជាមុន ប្រទេសប៉ូឡូញដែលជាសមាជិកណាតូ (NATO) បានបញ្ជូនយន្តហោះចម្បាំងឱ្យហោះហើរ​ជាបន្ទាន់ ដើម្បីធានាសុវត្ថិភាព និងការពារលំហអាកាសនៅក្នុងតំបន់ដែលនៅជាប់នឹងតំបន់កំពុង​​រងការ​គំរាម​កំហែង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ