មេដឹកនាំ​​បក្ស​​កាន់​អំណាច​​រង​​ការ​​រិះ​គន់​​ថា បាន​​បរា​ជ័យ​​ត​ជំនាន់​​ក្នុង​​ការ​​ទប់​ស្កាត់​​អាហារ​​គីមី

ការ​​ដែល​​លោក ហ៊ុន ម៉ាណែត ចេញ​​បញ្ជា​​ផ្ទា​ល់​មាត់​​​ថ្មី​​ទៀត ឱ្យ​​ទប់​ស្កាត់​​អាហារ​​គី​មី​​ក្នុង​​ប្រទេស​​កម្ពុជា ត្រូវ​​បាន​​ក្រុម​​អ្នក​​តាម​ដាន​​ចាត់​ទុក​ថា ជា​​ការ​​បរា​ជ័យ​​ត​ជំនាន់​​របស់​​មេដឹក​នាំ​​បក្ស​​កាន់​អំណាច​​​ជុំវិញ​​វិធាន​ការ​​នេះ និង​​ក្លាយ​​ជា​​​​ក្តី​​បារម្ភ​​​ពី​​ការ​​រីក​​រាល​ដាល​​កាន់​តែ​ខ្លាំង​​នៃ​​ជំងឺ​មហា​រីក បើ​​រដ្ឋាភិ​បាល​​​នៅតែ​​​មិន​អាច​​បោស​សម្អាត​​អំពើ​ពុក​រលួយ​​បែប​​​ប្រទាក់​ក្រឡា​​គ្នា ​ដោយ​​គ្រួសារ​និយម​​​ឱ្យ​​បាន​​ទាន់​​ពេល​​ទេ​​នោះ។

ប្រធាន​​អង្គការ​ប្រជាធិបតេយ្យ​ខ្មែរ​ប្រចាំ​នៅ​ប្រទេស​អូស្ត្រាលី​ លោក ស៊ឹង សែន​ករុណា ថ្លែង​​ប្រាប់​​វីអូឌី​​នៅ​​ថ្ងៃ​​ទី២ ខែ​កក្កដា​ ដោយ​​ចាត់​​ទុក​​ការ​​មិន​​អាច​​ទប់​​ស្កាត់​​ការ​​ចរាចរ​​​ចំណី​អាហារ​មាន​សារធាតុ​គីមី​ខ្ពស់​នៅ​ក្នុង​ប្រទេស គឺ​ជា​ការ​បរាជ័យ​​របស់​មេដឹក​នាំ និង​បង្ហាញ​ពី​អ​សមត្ថភាព​របស់​រដ្ឋាភិបាល ​​ដែល​មិន​អាច​ចាត់​វិធានការ​លើ​មន្ត្រី​អនុវត្ត​ច្បាប់​​នៅ​​តាម​ព្រំដែន ដែល​ជា​កន្លែង​​ចរាចរ​ណ៍​ទំនិញ​គ្រប់​បែប​យ៉ាង​ចូល​កម្ពុជា។ លោក​បន្ត​ថា បើ​អំពើពុករលួយ និង​សែស្រឡាយ​មន្ត្រី​ធំៗ​បន្ត​ធ្មេច​ភ្នែក​ឱ្យ​ចរាចរណ៍​​ចំណី​អាហារ​ប៉ះពាល់​ដល់​សុខភាព​ពលរដ្ឋ គឺ​វា​កំពុង​រំលោភ​រដ្ឋធម្ម​នុញ្ញ​​របស់​​កម្ពុជា​​ ដែល​ចែង​ថា សុវត្ថិភាព​ចំណីអាហារ គឺ​​ជា​ផ្នែក​មួយ​នៃ “សុខភាព​សាធារណៈ” ដែល​រដ្ឋ​ត្រូវ​ទទួល​ខុសត្រូវ។ ទោះជា​យ៉ាង​ណា ​មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ​ហាក់​​​​សង្ស័យ​​​ថា នេះ​ជា​ការ​ប្រឌិត​របស់​លោក ហ៊ុន ម៉ាណែត ព្រោះ​លោក​ជឿ​ថា គ្មាន​អ្នក​ណា​ហ៊ាន​មក​ជួប និង​និយាយ​ប្រាប់​លោក​​ដូច្នេះ​ទេ។

​លោក ស៊ឹង សែនករុណា ថ្លែង​ថា៖ «បើ​យើង​ពិនិត្យ​អំពី​រឿង​ដែល​ទៅ​គាត់​ទៅ​ហូប​គុយទាវ​អី មាន​អ្នក​មក​ខ្សឹប​ប្រាប់ អី​នេះ ខ្ញុំ​គិត​​ថា ដូចជា ​កម្រ​អ្នកណា​ហ៊ាន​ទៅ​ក្បែរ ចំពោះ​ថ្នាក់ដឹកនាំ​អី​ទាំង​អស់ហ្នឹង​។ ហើយក៏​វា​ថ្លើម​ពាសមេឃ​ដែរ ពីព្រោះ​ការ​ទៅ​រាយការណ៍​អញ្ចឹង ហើយ​ខ្លួនឯង​លក់ដូរ​អញ្ចឹង វា​ដូចជា​អត់​សម​ហេតុផល ស្រប​ទៅ​អត់​សម​ហេតុផល​ក្នុង​រឿង​នឹង ខ្ញុំ​ហាក់ដូច​គិតថា​វា​ជា​រឿងប្រឌិត​ច្រើនជាង»

លោក ស៊ឹង សែនករុណា សង្កត់​​ធ្ងន់​​ថា បើ​រដ្ឋាភិបាល​ចង់​រក​ដំណោះស្រាយ​​បញ្ហា​សារធាតុ​គីមី ​ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សុខភាព​ពលរដ្ឋ​​មែន​នោះ កុំ​ចាំបាច់​យក​​ព័ត៌មាន​​ខ្សឹបខ្សៀវ​​មក​ធ្វើ​រឿង​ធំ ព្រោះ​ពលរដ្ឋ អ្នក​ឃ្លាំមើល និង​​បញ្ញវ័ន្ត​​​ជា​ច្រើន​ សុទ្ធ​តែ​ធ្លាប់​​លើ​​យក​​បញ្ហា​នេះ​មក​និយាយ ប៉ុន្តែ​ការ​អនុវត្ត​ជាក់ស្ដែង​​​ពុំ​ត្រូវ​​រដ្ឋាភិបាល​ធ្វើ​ដោយ​មាន​ប្រសិទ្ធ​ភាព​​ទេ។

ការ​រិះគន់​នេះ ​ធ្វើ​ឡើង​បន្ទាប់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ថ្លែង​ក្នុង​ជំនួប​ជាមួយ​នឹង​​ម្ចាស់​សហគ្រាស​ធុន​តូច និង​មធ្យម កាល​ពី​ថ្ងៃទី២៧ ខែមិថុនា ថា​ មាន​អ្នក​រត់​តុ​នៅ​ហាង​គុយទាវ​មួយ​កន្លែង ដែល​ខ្សឹប​ប្រាប់​លោក​កុំ​ឱ្យ​ហូប​ប្រហិត​សាច់​គោ ក្នុង​​ហាង​ដែល​ខ្លួន​កំពុង​បម្រើ​ការ ជៀសវាង​បញ្ហា​សុខភាព។ លោក ហ៊ុន ម៉ាណែត បង្ហាញ​ការ​ហួស​ចិត្ត​នឹង​ទង្វើ​នេះ ហើយ​​​លោក​បាន​បញ្ជា​ដល់​​មន្ត្រី​ពាក់ព័ន្ធ​ពិនិត្យ​បញ្ហា​នេះ ដោយ​ត្រូវ​រួមគ្នា​​ទទួលខុសត្រូវ ខណៈ​ស្ថាប័ន​រដ្ឋ​​ត្រូវ​​ជួយ​សម្រួល​នីតិវិធី​ ហើយ​វិស័យ​ឯកជន​ត្រូវ​ដើរ​តួនាទី​​ត្រួត​ពិនិត្យ​ខ្លួនឯង ​ចំពោះ​អាហារ​មាន​សារធាតុ​គីមី​ទាំង​នោះ។ ប៉ុន្តែ​លោក​បែរ​ជា​លើក​ទឹកចិត្ត​​ថា រដ្ឋ​មិន​បាច់​ចាំ​ដាក់​វិធានការ​ច្រើន​ជាន់ ​​តាម​ចាប់​​ការ​ចរាចរ​​​អាហារ​ទាំង​នោះ​ទេ តែ​ត្រូវ​បង្កើន​ភាព​ជឿជាក់​សម្រាប់​អ្នក​​ប្រើប្រាស់ ដោយ​ជៀសវាង​​កេរ្តិ៍​ឈ្មោះ​មិន​ល្អ ដែល​បង្ក​​ការ​មិន​ទុក​ចិត្ត​ដូច​ករណី​ត្រី​សាម៉ុន និង​ត្រី​ត្រោត​ជាដើម។ លោក ហ៊ុន ម៉ាណែត គូស​បញ្ជាក់​ថា បើ​ពលរដ្ឋ​ដឹង​ថា ផលិតផល​មាន​​សារធាតុ​គីមី​បង្ក​ជា​មហារីក​ទៅ​ថ្ងៃ​ក្រោយ​​នោះ គឺ​ពុំ​គប្បី​ធ្វើបាប​​អ្នកដទៃ​​ឡើយ។

​លោក ហ៊ុន ម៉ាណែត ថ្លែង​ថា៖ «ខ្ញុំ​ទៅ​គុយទាវ​នៅ​ខេត្ត​មួយ មុននឹង​កម្មវិធី។ ចូល​ទៅ​ដល់ ខ្ញុំ​កុម្ម៉ង់​គុយទាវ​ប្រ​ហិត​សាច់គោ​។ អ្នក​រត់​តុ​ក គាត់​ជា​ហ្វេន​របស់ខ្ញុំ​តាម​​ហ្វេ​ស​ប៊ុ​ក គាត់​អត់​ដែល​ជួប គាត់​ខ្សឹប​ប្រាប់​ខ្ញុំ​ថា បង ខ្ញុំ​សុំ​ជូន​យោបល់​​បង កុំ​ហូប​ប្រហិត​សាច់​​គោ​។ ខ្ញុំ​ថា ម៉េច​បាន​ប្អូន​ឯង​និយាយ​អញ្ចឹង លក់​ម៉េច​ដាច់ បើ​ប្រាប់​គេ​ចឹង​។ បង ខ្ញុំ​ស្រឡាញ់​បង​ឯង ខ្ញុំ​ហ្វេន​បង​ឯង ខ្ញុំ​ប្រាប់​ថា​បង​ឯង​កុំ​ហូប កម្ម៉​ង់ ស្អី​ផ្សេង​ទៅ។ ឥឡូវ​សួរ​ថា បើសិនជា​អ្នកលក់​ខ្លួនឯង​ដឹង​ហើយ ខ្លួនឯង​មិន​ហូប​ផង តើ​លក់​ឱ្យ​គេ​ទេ​? សុំ​ឱ្យ​គិត​ពី​រឿង​នឹង​ផង​។ បើ​អត់​ដឹង​រឿង​មួយ តែបើ​ដឹង​ហើយ សុំ​កុំ​ធ្វើ​បែបនេះ​។ រដ្ឋ​មិន​ចង់​ជា​តួអង្គ​ដើរ​ចាប់ ដើរ​អី​ទេ យើង​​ត្រូវ​សហការ ព្រោះ​អតិថិជន​របស់​យើង ក៏​ជា​មនុស្ស​ម្នាក់​ដែល​ស្រឡាញ់​កូន ស្រឡាញ់​ប្រពន្ធ ស្រឡាញ់​សុខភាព ដូច​យើង​ដែរ»។

ការ​លើក​ឡើង​របស់​លោក ហ៊ុន ម៉ាណែត នេះ​មិន​មែន​ជា​លើក​ទីមួយ​ទេ បន្ទាប់​ពី​លោក​ឡើង​កាន់​ជា​នាយករដ្ឋមន្ត្រី​បន្ត​ពី​ឪពុក​​គឺ​​លោក ហ៊ុន សែន។ កាល​ពី​ថ្ងៃទី២២ ខែ​ធ្នូ ឆ្នាំ​២០២៣ លោក ហ៊ុន ម៉ាណែត ថ្លែង​ក្នុង​ពិធី​បិទ​សន្និបាត​ក្រសួង​ពាណិជ្ជកម្ម ជំរុញ​ឱ្យ​​អាជ្ញាធរ​ពាក់ព័ន្ធ​ត្រូវ​រក្សា​គុណភាព​ទំនិញ និង​ភាព​ជឿជាក់ ដើម្បី​ការពារ​ទីផ្សារ និង​ទំនុកចិត្ត​របស់​អ្នកប្រើប្រាស់ ប៉ុន្តែ​លោក​ពុំ​ផ្ដោត​លើ​សុវត្ថិភាព​ម្ហូប​អាហារ​ដោយ​ផ្ទាល់​ទេ។

ទោះ​យ៉ាងណា ប្រធាន​អង្គការ​សម្ព័ន្ធភាព​ការពារ​សិទ្ធិមនុស្ស​កម្ពុជា ហៅ​កាត់ CHRAC លោក រស់ សុដ្ឋា យល់​ថា បញ្ហា​ចំណី​អាហារ​​មាន​សារធាតុ​គីមី​នេះ​បាន​កើត​យូរ​មក​ហើយ បើ​តាម​​ការ​សង្កេត​​របស់​លោក ជា​ពិសេស​វា​បាន​បង្ក​​ជា​ជំងឺ​មហា​រីក​​ដែល​បណ្ដាល​ឱ្យ​​ពលរដ្ឋ​ខ្មែរ​ជា​ច្រើន​នាក់​​​បាន​ស្លាប់​​ថែម​​ទៀត​ផង។

ទន្ទឹម​នឹង​នេះ​ លោក​កោតសរសើរ​​ប្រមុខ​រដ្ឋាភិបាល​ ​ដែល​ហ៊ាន​ទម្លាយ​បញ្ហា​នេះ​ជា​សាធារណៈ។ ប៉ុន្តែ​​លោក​ចង់​ឱ្យ​រដ្ឋាភិ​បាល​​មាន​វិធានការ​​ដាក់ទោស ​ចំពោះ​អ្នក​ប្រើប្រាស់​សារធាតុ​គីមី​លើស​​កម្រិត​លើ​បន្លែ ត្រី​សាច់ ព្រម​ទាំង​ធានា​ឱ្យ​បាន​នូវ​ការ​ចរាចរ​​តាម​​ច្រក​ព្រំដែន​ឱ្យ​មាន​បទដ្ឋាន​ស្តង់ដារ។

លោក រស់ សុដ្ឋា ថ្លែង​ថា៖ «រាជរដ្ឋាភិបាល​ត្រូវ​មាន​ទស្សនៈ ឬ​គោលនយោបាយ​សុវត្ថិភាព​ចំណីអាហារ​ឱ្យ​បាន​ច្បាស់លាស់។ ទី​ពីរ យើង​​ត្រូវ​មាន​ការ​ប្តេជ្ញាចិត្ត​ទៅលើ​ការអនុវត្ត​ ទៅលើ​ការ​ឱ្យ​សម្រេច​បាន​នូវ​គោលនយោបាយ​ហ្នឹង។ ទី​បី គឺថា យើង​ត្រូវ​អនុ​វត្ត​​​នូវ​វិធានការ​ការ​ទប់​ពិនិត្យ និង​វិធានការ​ដោះស្រាយ ចំពោះ​បទល្មើស​ទាំងអស់​នឹង​ឱ្យ​មាន​ប្រសិទ្ធភាព ដោយ​គ្មាន​អំពើពុក​រលួយ»

កម្ពុជា​មាន​អ្នក​កើត​ជំងឺ​មហារីកថ្មីប្រមាណ ២ម៉ឺន​ករណី​ក្នុង​មួយ​ឆ្នាំ និង​មាន​អ្នក​ស្លាប់​ដោយសារ​ជំងឺ​នេះ​​ប្រមាណ ១ម៉ឺន​នាក់​ក្នុង​​មួយ​​ឆ្នាំ ឬ​ជិត ៣០​នាក់​ក្នុង​១​ថ្ងៃ។ នេះ​បើ​យោង​តាម​ការ​ប៉ាន់ស្មាន​របស់ អង្គការ​អន្តរជាតិ​ស្រាវជ្រាវ​ជំងឺមហារីក (IARC) នៃ​អង្គការ​សុខភាពពិភពលោក (WHO)។

ក្នុងចំណោមប្រភេទមហារីកដែលបណ្តាលឱ្យមានការស្លាប់ច្រើនជាងគេនៅកម្ពុជា រួមមាន មហា​រីក​ថ្លើម មហារីក​សួត មហា​រីក​សុដន់ មហា​​រីកមាត់​​ស្បូន និងមហារីកពោះវៀនធំ​ជាដើម។ អ្នកជំនាញសុខាភិបាល លើកឡើងថា អ្នកជំងឺជាច្រើនត្រូវបានរក​ឃើញ​នៅដំណាក់កាលចុងក្រោយ ដែលធ្វើឱ្យឱកាសព្យាបាលជោគជ័យមានកម្រិតទាប។

ក្រសួងសុខាភិបាលកម្ពុជា បានដាក់ចេញការព្រមានជាផ្លូវការ និងបង្ហាញក្តីបារម្ភយ៉ាងខ្លាំងជុំវិញការកើនឡើងនៃជំងឺមហារីក ដែល​មានការទាក់ទងយ៉ាងជិតស្និទ្ធទៅនឹងការប្រើប្រាស់សារធាតុគីមីពុលក្នុងចំណីអាហារ គ្រឿងបរិភោគ​នាំចូល និងការរស់នៅ​មិនមានសុខភាពល្អ។

តាមរបាយការណ៍របស់ ក្រសួងសុខាភិបាល ក្រោមការដឹកនាំរបស់លោក​ឈាង រ៉ា បានគូសបញ្ជាក់ថា បច្ចុប្បន្នមានពលរដ្ឋកម្ពុជា​ប្រមាណ ២ម៉ឺនករណី កើតជំងឺមហារីកថ្មីក្នុងមួយឆ្នាំ និងមានអ្នកស្លាប់ជិត ១៤០០០នាក់​ក្នុងមួយឆ្នាំ ស្មើ​នឹង​ម្នាក់ស្លាប់​រៀង​រាល់ ៤០ នាទីម្តង។

ដើម្បីឆ្លើយតបនឹងវិបត្តិនេះ រាជរដ្ឋាភិបាលកម្ពុជាបាន​ដាក់ចេញនូវ «ផែនការជាតិប្រយុទ្ធនឹងជំងឺមហារីក ឆ្នាំ​​២០២៥-​២០៣០»​ ដើម្បី​ពង្រឹងសុវត្ថិភាពចំណីអាហារ និងសុខភាពសាធារណៈ។ ប៉ុន្តែច្រើនឆ្នាំមកនេះ អាហារគីមី ក្នុងចំណីអាហារ នៅ​តែ​ត្រូវបានគេរកឃើញថា នៅបន្តគំរាមកំហែងសុខភាពពលរដ្ឋក្នុងកម្រិតគួរឱ្យព្រួយ​បារម្ភដដែល៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ