លោក អ៊ុំ សំអាន ថា​រដ្ឋ​អាជ្ញា​នៃ​តុលាការ​ICC​បាន​កោះ​ហៅ​តំណាង​​រដ្ឋាភិ​បាល​២៣​តុលា​សំណុំ​រឿង​ប្តឹង​ថៃ

តំណាង​រាស្ត្រ​ពី​បក្ស​ប្រឆាំង លោក អ៊ុំ សំអាន បាន​អះ​អាង​នៅ​ថ្ងៃ​ទី​២​ខែ​កក្កដា​នេះ​ថា រដ្ឋ​អាជ្ញា​នៃ​តុលាការ​​ព្រហ្ម​ទណ្ឌ​​អន្តរ​ជាតិ (ICC) បាន​កោះ​ហៅ​តំណាង​រដ្ឋាភិ​បាល​កម្ពុជា​ឯករាជ្យ​២៣​តុលា និង​មេធាវី​អន្តរ​ជាតិ​ឱ្យ​ទៅ​ជួប​នៅ​ចុង​ខែ​សីហា​ ឆ្នាំ​២០២៦ នៅ​ទីស្នាក់​ការ​តុលាការ​​ព្រហ្ម​ទណ្ឌ​​អន្តរ​ជាតិ (ICC) នៅ​ទីក្រុង​ឡាអេ ប្រទេស​ហូឡង់។

បើតាមលោក អ៊ុំ សំអាន នេះជា​ដំណឹង​ល្អ​ជំហាន​ដំបូង​សម្រាប់​ពលរដ្ឋ​ខ្មែរ ដែល​ថា​ពួក​គេ​បាន​ប្តឹង មេដឹក​នាំថៃ​និង​មេដឹក​នាំ​យោធា​ថៃ​ទៅ ICC ស្តីពី​បទ​ឧក្រិដ្ឋ​កម្ម​សង្រ្គាម​ដែល​យោធា​ថៃ​បាន​ទម្លាក់​គ្រាប់​បែក​លើ​ជន​រង​គ្រោះ​ខ្មែរ ផ្ទះ​សម្បែង ប្រាសាទ​ខ្មែរ​និង​សាលា​រៀន។

លោក​បង្ហាញ​ក្តី​សង្ឃឹម​ថា អគ្គ​រដ្ឋ​អាជ្ញា​នៃ​តុលាការ​​ព្រហ្ម​ទណ្ឌ​​អន្តរ​ជាតិ​នឹង​បើក​ការ​ស៊ើប​អង្កេត និង​​ចោទ​ប្រកាន់​​មេដឹក​នាំ​ថៃនិ​ង​មេដឹក​នាំ​យោធា​ថៃ​លើ​​ឧក្រិដ្ឋ​កម្ម​​សង្គ្រាម និង​​ឧក្រិដ្ឋ​កម្ម​​ឈ្លាន​ពាន​។

លោកថា៖ «យើងចង់ឃើញតុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ចេញ​ដីកា​ចាប់​ខ្លួន​មេដឹក​នាំ​ថៃ​ និង​មេដឹក​នាំ​យោធា​ថៃ ព្រម​ទាំង​បង្ខំ​ឱ្យ​ថៃ​សង​សំណង​ការ​ខូច​ខាត​ដល់​ជន​រង​គ្រោះ​ខ្មែរ ផ្ទះ​សម្បែង ប្រាសាទ​ខ្មែរ​ សាលា​រៀន និង​ស្ពាន»។

ក្នុងឆ្នាំ​២០២៥ ថៃ​បាន​បើក​ការ​ឈ្លាន​ពាន​កម្ពុជា ចំនួន​ពីរ​លើក គឺ​នៅ​ក្នុង​ខែ​កក្កដា និង​ខែ​ធ្នូ ឆ្នាំ​២០២៥ ​រហូត​ដណ្តើម​គ្រប់​គ្រង​ទឹក​ដី​កម្ពុជា​ជិត​៧០​ទីតាំង​ រួម​ទាំង​ប្រាសាទ​បូររាណ។

សេច​ក្តីរាយការណ៍នានា បង្ហាញថា ការ​ឈ្លាន​ពាន​របស់​ថៃ​នេះ ធ្វើ​ឱ្យជ​ន​ស៊ីវិល​ខ្មែរ​​ចំនួន ៣១ នាក់ បាន​បាត់​បង់​ជីវិត និង​ជិត ១០០ នាក់ ផ្សេង​ទៀត​បាន​រង​របួស ក្នុង​នោះ ពលរដ្ឋ​ជាង ៦៤​ម៉ឺន​នាក់ នៅ​តាម​បណ្តា​ខេត្ត​ជាប់​ព្រំដែន ក្នុង​ខេត្ត​ឧត្តរ​មាន​ជ័យ ព្រះវិហារ បន្ទាយ​មាន​ជ័យ និង​ពោធិ៍​សាត់ ត្រូវ​បាន​ជម្លៀស​ចេញ​ពី​លំនៅ​ឋាន។

ហេដ្ឋារចនាសម្ព័ន្ធជាច្រើន​ ត្រូវ​បាន​យោធា​ថៃ​បំផ្លាញ រួម​ទាំង​ផ្ទះ​ពលរដ្ឋ​ខ្មែរ​រាប់​ពាន់​ខ្នង ត្រូវ​បាន​ទាហា​នថៃ​​​បំផ្លា​ញ​ចោល​ដូច​គ្នា។ ហើយ​បច្ចុប្បន្ន អ្នក​ឃ្លាំ​មើល​ថា ថៃ​កំពុង​បន្ត​រំកិល​ព្រំដែន​រំលោ​ភ​យក​ដី​​កម្ពុ​​ជា​ទោះ​មាន​បទ​ឈប់​បាញ់ និង​​បាន​ធ្វើ​របង​ព្រំដែន​រំលោភ​យក​ដី​ខ្មែរ ដោយ​ឯកតោ​ភាគី ទាំង​គ្មាន​កា​រ​ទប់​​​ស្កាត់​លើ​ដី​ជាក់​ស្តែង​ពី​ក្រសួង​ការ​​ពារ​​ជាតិ​​កម្ពុជា​​ទៀត​ផង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ