បទ​យក​ការណ៍៖ កូន​ស្រី​អ្នក​នេសាទ​ម្នាក់​​នៅ​ភូមិ​បាក់​ព្រា​ប្តេជ្ញា​រៀន​ដើម្បី​ជួយ​សហគមន៍​ងើប​ពី​ភាព​ក្រី​ក្រ

កូន​ស្រីអ្ន​ក​នេសាទ​ម្នាក់​នៅ​ភូមិ​បា​ក់​ព្រា ខេត្ត​បាត់​ដំបង ដែល​ជា​ខេត្ត​មួយ​ជាប់​បឹង​ទន្លេ​សាប បាន​ឱ្យដឹង​​ថ្មីៗ​នេះ​ថា ​នាង​​នឹង​​ប្តេជ្ញា​​​ខំ​​រៀន ដើម្បី​​ជួយ​​គ្រួសារ និង​​អភិវឌ្ឍន៍​​សហគមន៍ ឱ្យ​ងើប​ផុត​ពី​ភាព​ក្រីក្រ ដោយ​មិន​ចង់​ឃើញ​អ្នក​ភូមិ​ផ្ញើ​វាសនា​លើ​មុខ​របរ​នេសាទ​តែ​ម្យ៉ាង​អស់​មួយ​ជីវិត ដូច​បច្ចុប្ប​ន្ន​នេះ​ឡើយ។

តែ​យ៉ាង​ណា មាន​ឧបសគ្គ​ខ្លះ កំពុង​រារាំ​ង​ក្តី​ស្រមៃ​របស់​យុវ​តី​រូប​នេះ ដោយ​សារ​ជីវ​ភាព​ខ្វះ​ខាត ហើយ​ឪពុក​ម្តាយ​ទី​ទ័ល​​ក្រ។ ទាំង​អស់​នេះ​បង្កើត​ជា​មន្ទិល​ថា តើ​មាន​កត្តា​អ្វី​ខ្លះ ទើប​ធ្វើ​ឱ្យ​យុវតី​រូប​នេះ​ ប្តេជ្ញា​មិន​បោះ​បង់​ការ​សិក្សា​ដូច​កូន​អ្នក​នេសាទ​គេ​ដទៃ​ទៀត ហើយ​ប្តេជ្ញា​ស្វែង​រក​ចំណេះ​ ដើម្បី​ជួយ​គ្រួសារ​និង​សហគមន៍​បែប​នេះ?។

តាម​​ការ​សង្កេត​ផ្ទាល់​ភ្នែក ផ្ទះ​ឈើ​ចាស់ៗ ដែល​មាន​សសរ​ខ្ពស់ៗ​សង់​ខ្ពស់​ពី​ដី ដើម្បី​គេច​ពី​ទឹក​ជំន​ន់​នៅ​រដូវ​វស្សា​ ហើយ​​នៅ​​រដូវ​​ប្រាំង​​វិញ ផ្ទះ​ទាំង​នោះ មើល​ទៅ​ហាក់​មាន​រង្គើរ​ញ័រ​ពេល​មាន​ខ្យល់​ខ្លាំង។

 រីឯខាងក្រោមផ្ទះពោរ​ពេញ​ដោយ​ភក់ ដី​ប្រេះ​បែក​និង​មាន​ក្លិន​ឆ្អាប​ជាប់​នឹង​ឧបករណ៍​នេសាទ ដែល​ជា​កន្លែង​ស្នាក់​នៅ​របស់​កូន​ស្រី​អ្នក​នេសាទ​ម្នាក់ គឺ​កញ្ញា លី លាង​មាន។

តំបន់នោះជាផ្ទៃបឹងទន្លេសាប ឬហៅ​ថា ភូមិ​បា​ក់​ព្រា ឃុំព្រៃ​ចាស់ ស្រុក​ឯកភ្នំ ​ដែ​លមា​ន​ពលរដ្ឋ​រស់​នៅ​ជាង ៥០០​គ្រួសារ ដែល​មាន​ជីវភាព​ពឹង​ផ្អែក​លើ​ផល​នេសាទ​តែ​ម្យ៉ាង។

មុនពេល​ពន្លឺ​ព្រះអាទិត្យ​ចាំង​ឆ្លុះ​លើ​ផ្ទៃ​បឹង​ទន្លេសាប និង​ដង​ស្ទឹង​សង្កែ ស្រី​មាន តែង​តែ​ក្រោក​ពី​ដំណេក​ជួយ​ធ្វើ​កិច្ច​ការ​ងារ​ផ្ទះ និង​បេះ​ត្រី​ចេញ​ពី​មង  រួច​ប្រញាប់​រៀប​ចំ​ស្លៀក​ពាក់ ទៅ​រៀន​នៅ​អនុ​វិទ្យា​ល័យ​ព្រៃ​ចាស់។ បរិយា​កាស​នៅ​ទី​នោះ ប្រែ​ប្រួល​តាម​រដូវ​កាល​ទឹក​ឡើង និង​ស្រក ខែ​ប្រាំង​ទឹក​ស្រក នាង​តែង​តែ​ដើរ​ទៅ​រៀន ហើយ​នៅ​រដូវ​ទឹក​ឡើង​ចាប់​ពី​ខែ​សីហា ដល់​ខែ​វិច្ឆិកា ​នា​ង​តែង​តែ​ចែវ​ទូក​ទៅ​រៀន។

កំពុង​អង្គុយរៀន​នៅ​លើកន្ទេល​ចាស់​មួយ ក្រោម​ពន្លឺ​ភ្លើង​ស្រអាប់ ដោយ​គ្មាន​តុរៀន​ត្រឹម​ត្រូវ នៅ​លើ​ផ្ទះ​ចាស់​ខ្ពស់​មួយ​ខ្នង ដែល​ជា​ដី​របស់​រដ្ឋ តែ​ពេល​ខ្លះ​នាង​អង្គុយ​រៀន​ក្រោម​ផ្ទះ​យក​គ្រែ​អង្គុយ​ធ្វើ​ជា​តុ​រៀន…។ បរិយា​កាស​ស្ងាត់​ និង​ស្អុះស្អា​ប់​នេះ ហាក់​ស៊ាំ​ទៅ​ហើយ​សម្រាប់​កញ្ញា លី លាង​មាន ដែល​ជា​កូន​ស្រី​អ្នក​នេសាទ។ មាន​ថ្ងៃ​ខ្លះ​ក្លិន​ឆ្អាប​ត្រី​ភាយ​តាម​រលក​ខ្យល់ ចេញ​ពី​មង និង​សំណាញ់​នេសាទ ក្បែរ​កន្ទេល​នាង​អង្គុយ​រៀន។

ឆ្នាំនេះ កញ្ញា លី លាងមាន មាន​វ័យ ១៦ ឆ្នាំ។ នាង​រៀន​ថ្នាក់​ទី​០៩ នៃ​វិទ្យា​ល័យ​ព្រៃ​ចាស់ ឋិត​នៅ​ភូមិ​បាក់​ព្រា នឹង​បន្ត​សិក្សា​នៅ​ថ្នាក់​វិទ្យា​ល័យ នៅ​ទីរួម​ស្រុក​ឯកភ្នំ ខេត្ត​បាត់​ដំបង ឆ្ងាយ​ពី​ផ្ទះ​នាង ៤០ គីឡូ​ម៉ែត្រ។

នាង​ប្រាប់វីអូឌី នៅថ្ងៃទី​០៣ ខែ​កក្កដា​ថា អ្នក​ភូមិ​បាក់​ព្រា​ភាគ​ច្រើន​មាន​ជីវភា​ព​ខ្វះ​ខាត គ្មាន​ដី​ធ្វើ​កសិ​កម្ម និង​គ្មាន​ផ្ទះ​សម្បែង​ត្រឹម​ត្រូវ ហើយ​កុមារ​បោះ​បង់​ការ​សិក្សា​ច្រើន។

ប្រការ​នេះ​ហើយ ជាមូលហេតុធ្វើឱ្យនាងប្តេជ្ញាចិត្តនឹង ប្រឹងរៀន ដើម្បី​យក​ចំណេះ​ដឹង​ជួយ​សហគមន៍ និង​ជីវ​ភាព​អ្នក​ភូមិ​នៅ​ពេល​អនាគត។

កញ្ញា លី លាងមាន និយាយថា៖ «នៅភូ​មិ​បាក់​ព្រា ខ្ញុំ​ចង់​ឱ្យមា​ន​ការ​អភិវឌ្ឍ​លូត​លាស់​ទៅ​មុខ ព្រោះ​ប្រជា​ជន​នៅ​ទី​នេះ​ខ្វះ​ខាត​ខ្លាំង ហើយ​ត្រូវ​ការ​ជំនួយ។ នៅ​ទី​នេះ បទ​ល្មើស​មាន​តែ​មួយ​មុខ​ទេ ការ​រក​មុខ​របរ​តាម​គ្រួសារ​ការ​នេសាទ​​ខុស​ច្បាប់ ព្រោះ​ហើយ​ហើយ​នៅ​ពេល​គេ​ គេ​បិទ​បទ​​នេសាទ បទ​ល្មើស ប្រជាជន​នៅ​បាក់​ព្រា​អត់​មាន​ការ​ងារ​អី​ធ្វើ ខ្វះ​ខាត​ខ្លាំង»។

ទិដ្ឋភាពផ្ទះ​អ្នកភូមិបាក់ព្រា នៅរដូវទឹកស្រក មានផ្ទះបណ្តែតទឹកអែប​ជាប់​ស្ទឹង​សង្កែ ផ្ទះ​ខ្លះ​ជា​ក្បូន​បណ្តែត​ទឹក និង​ផ្ទះខ្លះ​ទៀ​ត មា​ន​សសរ​ខ្ពស់ៗ ដោយ​មាន​ជណ្តើរ​ឡើង​ចោត​ខ្លាំង។ សម្ភារៈ​សំខាន់ៗ​របស់​អ្នក​ភូមិ មាន​មង​ សំណាញ់ លប និង​ទូក​ម៉ាស៊ីន គឺ​ជា​ឆ្នាំង​បាយ​របស់​គ្រួសារ ស្រីមាន ដែល​ផ្ញើ​ជីវិ​ត​នឹង​ទន្លេ​សាប​ជា​ច្រើន​ជំនាន់​មក​ហើយ។

ស្រី​មាន មានបងប្អូន ២នាក់ ស្រីទាំងពីរ នាងជាកូនពៅ ហើយ​ឪពុក​របស់​នាង​ជា​អ្នក​នេសាទ ឯ​ម្តាយ​ជា​ស្ត្រី​មេ​ផ្ទះ។ នាង​មាន​ស្រុក​កំណើត​ក្នុង​ភូមិ​បាក់​ព្រា ស្រមៃ​ថា នឹង​រៀន​ឱ្យ​បាន​ខ្ពស់​យ៉ាង​ហោច​ណាស់ ត្រឹម​ថ្នាក់​បរិ​ញ្ញា​​បត្រ ដើម្បី​យក​ចំណេះ​ដឹង​ជួយ​អភិវឌ្ឍន៍​សហគមន៍។

កញ្ញា​បន្ថែ​ម​ថា ជីវិ​តអ្ន​ក​នេសាទ​ហាក់​ចង​ភ្ជាប់​ទៅ​នឹង​វាសនា​ជាមួ​យ​ទឹក​ទន្លេ ឬ​មុខ​របរ​នេសាទ​តែ​ម្យ៉ាង ដោយ​អ្នក​ភូមិ​ភាគ​ច្រើន គ្មាន​ដី​ធ្វើ​កសិកម្ម​សូម្បី​តែ​មួយ​ចំអាម​សម្រាប់​ដាំ​ដំណាំ។

កញ្ញា​បន្ត​ថា ក្រៅពី​​របរ​នេសាទ​ត្រីកាន់​តែ​ខ្សត់​ទៅ​ៗ​ជា​រៀង​រាល់​ឆ្នាំ តំប​ន់​ព្រៃ​លិច​ទឹក​ដែល​ជា​ជម្រក​ត្រី​ពង ក៏​កាន់​តែ​​ថយ​​ចុះ ហើយ​ទឹក​ស្ទឹង​សង្កែ​ជា​សរសៃ​ឈាម​សេដ្ឋ​កិច្ច កាន់​តែ​គោក​រាក់​ផ្នែក​ខ្លះ ធ្វើ​ឱ្យ​អ្នក​ភូមិ​កាន់​តែ​លំបាក​លំបិន រាំង​ខ្ទប់​ការ​ធ្វើ​ដំណើរ ឬ​ត្រូវ​ចាយ​ប្រាក់​ច្រើន​ពេល​ធ្វើ​ដំណើរ​ម្តងៗ។

ថ្ងៃអនាគត កញ្ញាស្រមៃ​ថា នឹង​អភិវឌ្ឍន៍​ជីវភាព​សហគម​ន៍់​អ្នក​នេសាទ ឱ្យ​ក្លាយ​ជាតំ​បន់​ទេស​ចរណ៍​មាន​សក្កា​នុ​ពល ត្រី​សម្បូរ​ឡើង​វិញ និង​បង្កើន​មុខ​រប​រ​ឱ្យ​អ្នក​ភូមិ​មាន​ជីវភាព​ប្រសើរ។

កញ្ញា ស្រីមាន និយាយថា៖ «សម្រាប់​ខ្ញុំផ្ទាល់ ចង់​អភិវឌ្ឍន៍​ភូមិ​ឃុំ​នោះ​ឱ្យ​រីក​ចម្រើន​លូត​លាស់​ទៅ​មុខ​ទៀត​ ដោយ​សារ​តែ​នៅ​ទី​នេះ​ឥឡូវ​វា​ពិបាក​ខ្លាំង ហើយ​កូន​ក្មេង​អត់​សូវ​បាន​សិក្សា​ដល់​ចប់​ទី​១២​ទេ ហើយ​អត់​មាន​ការ​ងារ​ធ្វើ​ទេ​ ភាគ​ច្រើន​កើត​មក​ក្នុង​គ្រួសារ​អ្នក​ក្រ ថា​ណា​ក៏​គាត់​បាន​រៀន​ដល់​ចប់​ទី​៩​ហើយ ក៏​ឈប់​រៀន ដោយ​សារ​អត់​មាន​លុយ​បន្ត​ការ​សិក្សា​នៅ​លើ»

ក្រោយពីទំនេរពីការសិក្សា ស្រីមាន ឆ្លៀ​ត​ដើរ​ស៊ី​ឈ្នួល​បេះ​ផ្លែ​ម្ទេស​ឱ្យ​គេ ដែល​គេ​ដាំ​តាម​ដី​ទំនេរ​អែប​ស្ទឹង​សង្កែ និងតាមច​ន្លោះដី​​ព្រៃ​លិច​ទឹក។ នាង​ប្រាប់​ថា ថ្លៃ​ឈ្នួល​បេះ​ផ្លែ​ម្ទេស​ទុំ​ទទួល​បាន​ប្រាក់ ២០០​រៀល ក្នុង​មួយ​គីឡូ​ក្រាម​ ដោយ​​ក្នុង​មួយ​ថ្ងៃ​អាច​រក​ប្រាក់​បាន​ចម្លោះ ៣០០០​រៀល ដល់ ៤០០០រៀល​។ ថ្ងៃ​ខ្លះ​នាង​ស៊ី​ឈ្នួល​កាត់​ក្បាល​ត្រី​ឱ្យ​គេ ដើម្បី​​ធ្វើ​​ប្រហុក ឬ​ផ្អក ក្នុង​មួយ​គីឡូ​ក្រាម​ ទទួល​បាន​ប្រាក់​កម្រៃ​ចន្លោះ ២៥០ រៀល ដល់ ៣០០​រៀល ដោយ​ក្នុង​មួយ​ថ្ងៃ​​អាច​​រក​ប្រាក់​បាន ៦ពាន់​រៀល​(៦០០០) ដល់ ៨ពាន់ (៨០០០)​រៀល។

​កញ្ញា​​រំលឹក​ថា មាន​ថ្ងៃ​ខ្លះ​ស៊យ ធ្វើការ​ហាវ​ហត់​ និង​ឃ្លាន​បាយ កាត់​ក្បាល​ត្រី​ភ្លាត់​ត្រូវ​ម្រាម​ដៃ បិះ​នឹ​ងដាច់​ម្រាម​មួយ។

កញ្ញា ស្រីមាន និយាយថា៖ «ការ​រស់​នៅ​របស់​ខ្ញុំ​ហ្នឹង ជួប​ការ​លំបាក​ខ្លាំង។ បញ្ហា​ចម្បង​របស់​ខ្ញុំ​គ្មាន​ផ្ទះ​​សម្បែង​ ស្នាក់​នៅ​គ្មាន​ចំណូល​មាន​តែ​ចំណាយ។ លុយ​ដែល​ខ្ញុំបា​ន​ចាយ​រាល់​ថ្ងៃ​ហ្នឹង បាន​មក​ពី​ម្តាយ​របស់​ខ្ញុំ ដែល​គាត់​ ចង​ការ​លុយ​រាប់​គេ​យក​មក​ឱ្យ​ខ្ញុំ​ចាយ​ទៅ​រៀន និង​ចាយ​វាយ​នៅ​ក្នុង​ផ្ទះ។ ហើយ​គ្រួសារ​ខ្ញុំ​អត់​មាន​ដី​ផ្ទះ​ផ្ទាល់​ខ្លួន​ នៅ​ត្រឹម​ត្រូវ​ទេ គឺ​សុំ​ដី​ទាហាន​ស្នាក់​នៅ ប្រសិន​បើ​គេ​ត្រូវ​ការ​វិញ​​ថ្ងៃ​ណា គឺ​គេ​ដេញ​ពួក​ខ្ញុំ​ចេញ​ថ្ងៃ​ហ្នឹង។

ថ្ងៃជ្រេ​វេលាម៉ោង ៣ រសៀល ទិដ្ឋ​ភាព​បឹង​ទន្លេ​សាប​តំបន់​នោះ ជាប់​នឹង​ព្រៃ​លិច​ទឹក ឬ​ព្រៃ​រនាម​មេឃ​ក្តៅ​បែក​ផ្សែង​ ស្រី​មាន សម្លឹង​មើល​ទៅ​ផ្ទៃ​ស្ទឹង​សង្កែ​ប្រែ​ជា​ពណ៌​ល្អក់​កករ​នៅ​រដូវ​វស្សា​នាដើ​ម​ខែក​ក្កដា​នេះ ហើយ​ផ្ទៃ​ទឹក​ស្ទឹង​សង្កែ​​ដៃ​ទន្លេ​សាប ក៏​គោក​រាក់​រហូត​មើល​ឃើញ​ភក់​ជ្រាំ​នៅ​បាត​ស្ទឹង។

ចំណែកឯទូកម៉ាស៊ីនសម្ភារសំខាន់ៗរបស់គ្រួសារនាង ត្រូវ​ចត​ចោល​ស្ងៀម​នៅ​លើដីភ​ក់​ប្របមា​ត់​ច្រាំង ព្រោះ​មិន​អាច​បើក​ប​រ​ទៅ​ណា​បាន។ នាង​ដក​ដង្ហើម​ធំៗ​ហាក់​ជា​សញ្ញា​បង្ហាញ​ពី​ក្តី​បារម្ភ  ពេល​ឮ​សំឡេង​ឪពុក​ម្តាយ​រអ៊ូរ​ទាំ​ពី​បញ្ហា​​ធ្លាក់​​​ចុះ​​ប្រាក់​​ចំណូល​​រក​មិន​បាន​មាន​ថ្ងៃ​ខ្លះ សូម្បី​តែ​ទិញ​អង្ករ​ច្រក​ឆ្នាំង ព្រោះ​ផល​នេសាទ​កាន់​តែ​ធ្លាក់​ចុះ ក៏​ប៉ុន្តែ​ទំនិញ និង​ប្រេង​សាំង បែរ​ជា​ឡើង​ថ្លៃ។

សម្លឹងទៅផ្ទះរបស់ខ្លួនដែលចាស់ទ្រុឌទ្រោម​ ស​ង់​នៅ​លើដី​របស់​រដ្ឋ​គ្រប់​គ្រង​ដោយ​យោធា បើ​យោធា​បណ្តេញ​ពួក​គេ​ចេញ​គ្រួសារ​នាង​មិន​ដឹង​រស់​នៅ​ទី​ណា​នោះ​ឡើយ។ យុវ​តី​រូប​នេះ ដឹង​ច្បាស់​ថា គ្រួសារ​នាង និង​អ្នក​ភូមិ​ផ្សេង​ទៀត គ្មាន​​ដី​កសិ​កម្ម និង​ផ្ទះ​រស់​នៅ​ផ្ទាល់​ខ្លួន​នោះ​ឡើយ។ ភាព​ទាល់​ច្រក និង​ភាព​ក្រីក្រ​ដែល​កំពុង​ឡោម​ព័ទ្ធ​ភូមិ​ឋាន​នេះ​មួយ​ភាគ​ធំ ហាក់​ជា​កម្លាំង​ជំរុញ​ទឹក​ចិ​ត្ត​ឱ្យ​យុវតី​រូប​នេះ ស្រមៃ​ថា ការ​លំបាក​នេះ នឹង​ជា​កម្លាំង​ចិត្ត​ធ្វើ​ឱ្យ​នាង​តស៊ូ ក្រេប​យក​ចំណេះ​ដឹង​ ដើម្បី​ប្រែ​ប្រួល​វាសនា​ស្រុក​កំណើត​របស់​នាង ឱ្យ​ស្រស់​បំព្រង​នា​ពេល​ខាង​មុខ។

ឪពុកបង្កើត កញ្ញា ស្រីមាន គឺលោក គឹម លាង គាំទ្រ​កូន​ស្រី​ឱ្យ​រៀន​បាន​ខ្ពស់ ក៏​ប៉ុន្តែ​លោក​បារម្ភ​ថា បច្ចុប្បន្ន​ជីវភាព​​គ្រួសារ​គាត់​ខ្វះ​ខាត មិន​អាច​ឧបត្ថម្ភ​កូន​រៀន​គ្រប់​គ្រាន់​ឡើយ។ លោក​ថា កូន​ស្រី​ច្បង​របស់​លោក​ម្នាក់​បាន​ឈប់​​រៀន ដោយ​សារ​ជីវភាព​ខ្វះ​ខាត មិន​ចង់​ឃើញ​កូន​ពៅ​ម្នាក់​ទៀត​ឈប់​រៀន​ទៀត​ឡើយ។

លោក គឹម លាង និយាយថា៖ «គាំទ្រ​ចំពោះ​កូន​ដែល​បាន​ខំ​រៀន​សូត្រ​កន្លង​មក ហើយ​ខ្ញុំ​នឹង​ព្យាយាម​ខិត​ខំ​រក​លុយ ដើម្បី​ឧបត្ថម្ភ​កូន​បន្ថែម តែ​ខ្ញុំ​មិន​បាន​ឧបត្ថម្ភ​កូន​ឲ្យ​បាន ១០០% ទេ ព្រោះ​អី​គ្រួសារ​ខ្ញុំ​វា​ក្រ»

គ្រូ​បង្រៀនអនុវិទ្យាល័យព្រៃចាស់ លោក ជឿន សុជាតិ មាន​ប្រសាសន៍​ថា យុវតី​រូប​នេះ​មាន​ចរិត​ស្លូត​បូត​ ស្រឡាញ់​ការ​​សិក្សា ហើយ​តែង​តែ​មក​រៀន​ទៀង​ទាត់។ លើស​ពី​នេះ​ទៀត នាង​តែង​តែគោ​រព​ពេល​វេលា​សិក្សា និង​គោរព​ឪពុក​ម្តាយ ប្រសិន​មាន​ការ​គាំទ្រ​ពី​ឪពុក​ម្តាយ​ ស្រីមាន នឹង​សម្រេច​ក្តី​ស្រមៃរ​បស់​ខ្លួន​ដោយ​ជោគ​ជ័យ។

គ្រូបង្រៀនរូបនេះ លើកទឹកចិត្តឱ្យ ស្រីមាន បន្ត​ការ​សិក្សា​នៅ​វិទ្យា​ល័យ រហូត​ដល់​ឧត្តម​សិក្សា ខណៈ​ដែល​យុវជន​នៅ​តំបន់​បឹង​ទន្លេ​សាប​​មិ​ន​សូវ​រៀន​បាន​ខ្ពស់​ឡើយ ដោយ​សារ​កត្តា​ជីវភាព។

លោក ជឿន សុជាតិ និយាយថា៖ «ការសិក្សារបស់ ស្រីមាន រៀន​ឆ្លាត។ បើសិ​ន​ជា ​ស្រី​មាន ​ខំប្រឹង​ជាង​​ហ្នឹង​​បន្តិច​ គឺ​កាន់​តែ​ឆ្លាត​ទៀត​ហើយ។ អត់​អី​ទេ ការ​សិក្សា​មធ្យម ក៏​យក​ចិត្ត​ទុក​ដាក់​ឱ្យ​រៀន អត់​ញ៉េ​ញ៉ៃ​អី​ច្រើន​ទេ តាម​ដែល​ខ្ញុំ​សង្កេត​មើល។ សីលធម៌​ក្នុង​ការ​សិក្សា​រៀន​សូត្រ ឥរិយាបថ​ល្អ មក​រៀន​ហ្នឹង​ទៀង​ទាត់»

តំបន់បឹងទន្លេសាប ក្នុងឃុំព្រៃចាស់ ស្រុកឯកភ្នំមាន ៥ភូមិ រួម​មាន ភូមិ​បាក់​ព្រា ភូមិ​ពាម​សីមា ភូមិ​អន្លង់​សណ្តាន់ ភូមិ​ព្រៃ​ចាស់ និង​កោះ​ជីវាំ​ង។ ពលរដ្ឋ​រស់​នៅ​តំបន់​នោះ​ជា​ង ១​ ៣០០​​​គ្រួសារ សឹង​តែ​ទាំង​អស់ មាន​ជីវភាព​ពឹង​ផ្អែក​លើ​ផល​នេសាទ។

មេឃុំ​ព្រៃចា​ស់​ស្តីទី លោក វ៉ាន់ សារុំ មាន​ប្រសាសន៍​ថា ​ក្នុ​ងនា​ម​អាជ្ញាធរ​គាំទ្រ​យុវជន​ស្រឡាញ់​ការ​សិក្សា ដើម្បី​យក​ចំណេះ​​ដឹង​ជួយ​អភិវឌ្ឍន៍​សហគមន៍។​ លោក​ផ្តល់​តម្លៃ​ខ្ពស់លើ​កិច្ច​ខិតខំ​ប្រឹ​ង​ប្រែង​របស់​យុវតី​រូប​នេះ។ លោកបន្ថែម​ថា អាជ្ញាធរ​​ពា​ក់​ព័ន្ធ​​បាន​​អភិវឌ្ឍន៍​​តំបន់​​នេះ​ជា​បណ្តើរៗ ដោយ​ភ្ជាប់​ប​ណ្តាញ​អគ្គិសនី ការ​ពារ​ព្រៃ​លិច​ទឹក​ សាង​សង់​សាលា​រៀន និង​គ្រោង​បង្កើត​តំបន់​ទេស​ចរ​ធម្មជាតិ ជា​គម្រោង​របស់​ក្រសួង​ទេស​ចរណ៍។

លោក វ៉ាន់ សារុំ ថ្លែង​ថា៖ «ខ្ញុំ​ត្រេក​អរ បើ​បាន​បណ្តុះ​បណ្តាល​គាត់​រៀន​សូត្រ​ខ្ពស់ កាន់​តែ​ប្រសើរ»

ជុំវិញ​រឿង​នេះ​ មន្ត្រី​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស និង​ជា​​អ្ន​ក​​គ្រប់​គ្រង​​ប្រចាំ​​ការិយា​ល័យ​​អង្គ​ការ​​លីកាដូ​ (LICADHO) ប្រចាំ​​ទិស​​ខេត្ត​​ភាគ​​ពាយ័ព្យ​ លោក អ៊ិន គង់ជិត សង្កេត​ឃើញ​ថា ពលរដ្ឋ​រស់​នៅ​តំបន់​បឹង​ទន្លេ​សាប នៅ​តំបន់​ដាច់​ស្រយាល​ឆ្ងាយ​ពី​ទី​ប្រជុំ​ជន គ្មាន​ផ្លូវ​ទៅ​ដល់​ ជា​ឧបសគ្គ​ស​ម្រាប់​សិស្សានុ​សិស្ស​ត្រូវ​បង្ខំ​ចិត្ត​ជួល​បន្ទប់ និង​ស្នាក់​នៅ​អ៊ិ​ន​តេ(NT) ដើម្បី​រៀន​បន្ត​នៅ​ថ្នាក់​វិទ្យា​ល័យ។ លោក​ជំរុញ​ឱ្យ​អាជ្ញាធរ​រក​មធ្យោ​បាយជួយ​​ជ្រោម​ជ្រែង និង​ឧបត្ថម្ភ​ដល់​យុវតី​រូប​នេះ​សម្រេច​ក្តីស្រមៃ។

លោក អ៊ិន គង់ជិត ថ្លែង​ថា៖ «គាត់​មាន​គំនិត​ចង់​អភិ​វឌ្ឍន៍​សហគមន៍​​គាត់​ឱ្យ​មាន​ការ​ផ្លាស់​ប្តូរ វា​ជា​​គំនិត​មួយ​ដ៏​ល្អ​ប្រសើរ​ដែល​យើង​ត្រូវ​គាំទ្រ ហើយ​អាជ្ញាធរ និង​សហគមន៍​ត្រូវ​ជួយ​ទំនុក​បម្រុង»

គ្រូ​បង្រៀន ឱ្យដឹងថា ឆ្នាំសិក្សា​២០២៦-២០២៧ ​សិស្ស​​រៀន​​​នៅ​​អនុវិ​ទ្យាល័​យ​​ព្រៃ​​ចាស់​មាន​​ចំនួន ១២៩ នាក់ ឈប់​​រៀន​​​ជា​​​បន្ត​​​បន្ទាប់ រហូត​​​​បច្ចុប្បន្ន​​នៅ​​សល់​​​តែ ៩៨ នាក់​​ប៉ុណ្ណោះ ដោយ​​សារ​​​កត្តា​​​ជីវភាព និង​បញ្ហា​ធ្វើ​ដំណើរ។ ឯ​​សិស្ស ៩៨ នាក់ ​កំពុង​​សិក្សា​ ក៏​​មាន​​សិស្ស​​ខ្លះ​​មក​​រៀន​​មិន​​ទៀង​​​ទាត់​​​ដែរ។

កញ្ញា លី ស្រីមាន រំពឹង​ថា នៅថ្ងៃខាងមុខប្រសិននាងបញ្ចប់សិក្សាថ្នាក់បរិញ្ញបត្រ នាង​នឹងស្វះស្វែងរកការងារល្អមួយ ដើម្បី​រកមធ្យោបាយពន្លឿន​អភិវឌ្ឍន៍​ភូមិ​អ្នក​​នេសាទ ​ក្នុង​តំបន់​បឹង​ទន្លេសាប ​ជា​តំបន់​ទេសចរ​ធម្មជាតិ​គ្រប់​​រដូវ​​កាល ដោយ​ត្រូវ​ជីក​ស្ដារ​ស្ទឹង​សង្កែ​អាច​ធ្វើ​នាវាចរណ៍​​បាន​​​គ្រប់​រដូវ​ ទាក់​​ទាញ​​ភ្ញៀវ​ទេសចរ និង​​លើក​​កម្ពស់​ជីវភាព​​​​សហគមន៍​អ្នកនេសាទ។ បន្ថែម​ពី​នេះ នាងចង់អប់រំចំណេះដឹងអ្នកភូមិ ឱ្យស្រឡាញ់បរិស្ថាន និងចូលរួមទុក​ដាក់​សំរាម​ឱ្យ​មាន​សណ្ដាប់​ធ្នាប់​ មាន​បរិស្ថាន​ស្អាត​ រក្សា​ព្រៃ​លិច​ទឹក ​និង​ផ្តល់​ដី​សម្បទាន​សង្គម​កិច្ច​ជូន​ពលរដ្ឋ​ក្រីក្រ​ ធ្វើ​កសិកម្ម​​ចិញ្ចឹម​ជីវិត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ