យ៉ាង​ហោច​ណាស់​មាន​មនុស្ស​២៧​នាក់​បាន​ស្លាប់ ដោយ​សារ​ការ​វាយ​ប្រហារ​​របស់​​រុស្ស៊ី​​​លើ​ទីក្រុង​គៀវ

យ៉ាង​ហោច​ណាស់​មាន​មនុស្ស ២៧ នាក់​បាន​ស្លាប់ និង​ប្រហែល ៧០ នាក់​ទៀត​បាន​រង​របួស កាល​ពី​ព្រលឹម​ស្រាងៗ​ថ្ងៃ​ទី​២ខែ​កក្កដា នៅ​ក្នុង​ទីក្រុង​គៀវ (Kyiv) ក្នុង​អ្វី​ដែល​លោក Vitali Klitschko អភិបាល​ក្រុង បាន​ហៅ​វា​ថា ជា​ការ​វាយ​ប្រហារ​តាម​អាកាស​ដ៏​អាក្រក់​បំផុត​របស់​រុស្ស៊ី ​លើ​រដ្ឋ​ធានី​ក្នុង​រយៈ​ពេល​ជាង​បួន​ឆ្នាំ​នៃ​សង្រ្គាម។

រុស្ស៊ីបានប្រើប្រាស់ដ្រូនជិត ៥០០ គ្រឿង និង​មីស៊ីល​ជាង ៧០ ដើម ក្នុង​ការ​វាយ​ប្រហារ​រយៈ​ពេល​រាប់​ម៉ោង​នេះ។ កម្ទេច​​កំទី និង​ការ​វាយ​ប្រហារ​ចំ បាន​បង្ក​ឱ្យ​មាន​ការ​ឆាប​ឆេះ​អគារ​ស្នាក់​នៅ និង​សណ្ឋាគារ​នៅ​តាម​ទីតាំង​នានា​ទូទាំង​ទី​ក្រុង ព្រម​ទាំង​បាន​ធ្វើ​ឱ្យ​អគារ​អាផាត​មិន ៩ ជាន់​មួយ​ រង​ការ​ខូច​ខាត​យ៉ាង​ធ្ងន់​ធ្ងរ​។ អាជ្ញាធរ​ក្រុង​ បាន​ឱ្យដឹ​ង​ថា ប្រជាជន​ជាង ៥០,០០០ នាក់ បាន​ចូល​ទៅ​ជ្រក​កោន​នៅ​ក្នុង​ស្ថានីយ៍​រថ​ភ្លើង​ក្រោម​ដី​ទូទាំង​រដ្ឋ​ធានី បន្ទាប់​​ពី​មាន​ការ​ព្រមាន​ជា​មុន។

លោកប្រធានាធិបតី Volodymyr Zelenskyy បានមានប្រសាសន៍​ថា ប្រសិន​បើ​ក្រុម​សម្ព័ន្ធ​មិត្ត​បាន​អនុ​វត្ត​តាម​កិច្ច​ព្រម​ព្រៀង​ក្នុង​ការ​ផ្តល់​មីស៊ីល​ការ​ពារ​អាកាស​ដល់​អ៊ុយ​ក្រែន ការខូចខាតប្រហែលជាមិនធ្ងន់ធ្ងរដល់ថ្នាក់នេះទេ។

ការវាយប្រហារដ៏ធំនេះបានកើតឡើង បន្ទាប់ពីរុស្ស៊ីបានព្រមានកាលពីចុងខែឧសភា ឱ្យអ្នកការទូតបរទេសចាកចេញពីទីក្រុង ដោយសារខ្លួនមានផែនការបង្កើនការវាយប្រហារលើ «មជ្ឈមណ្ឌលធ្វើសេចក្តីសម្រេចចិត្ត»។ ក្នុងអំឡុង​ពេលនៃការវាយប្រហារនេះ ប្រទេសប៉ូឡូញដែលជាសមាជិកណាតូ បាន​បញ្ជូនយន្តហោះចម្បាំងឱ្យហោះហើរជាវិធាន​ការបង្ការ។

នាពេលថ្មីៗនេះ អ៊ុយក្រែនបានបង្កើនយុទ្ធនាការវាយប្រហារដោយដ្រូន ប្រឆាំងនឹងរោងចក្រចម្រាញ់ប្រេងនៅក្នុងប្រទេសរុស្ស៊ី ដែលបណ្តាលឱ្យមានការខ្វះខាតប្រេងឥន្ធនៈទូទាំងប្រទេស។ ក្រសួងការពារជាតិរុស្ស៊ី បានអះអាងថា ការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពល និងមូលដ្ឋានយោធារបស់អ៊ុយក្រែនកាលពីថ្ងៃព្រហស្បតិ៍ គឺជាការសងសឹកចំពោះទង្វើរបស់អ៊ុយក្រែន។

ទោះជាយ៉ាងណា រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Andrii Sybiha បានទាត់ចោលការអះអាងនេះ ដោយសង្កត់ធ្ងន់ថា អ៊ុយក្រែនមានសិទ្ធិគ្រប់បែបយ៉ាងក្នុងការការពារខ្លួន និងវាយប្រហារលើគោលដៅយោធាស្របច្បាប់ក្នុងប្រទេសរុស្ស៊ី។

ខណៈ​ពេលដែលដំណើរការសន្តិភាពដែលគាំទ្រដោយសហរដ្ឋអាមេរិក បានជាប់គាំងក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ លោក Zelenskyy បានបញ្ជាក់ថា មន្ត្រីអ៊ុយក្រែនបានទាក់ទងជាមួយអ្នកចរចារបស់សហរដ្ឋអាមេរិក លោក Jared Kushner ដើម្បីពិភាក្សាអំពីការចាប់ផ្តើមដំណើរការសន្តិភាពឡើងវិញ។ លោកក៏សង្ឃឹមថា នឹងបានជួបពិភាក្សាជាមួយ​ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump នៅក្រៅកិច្ចប្រជុំកំពូលណាតូ នាសប្តាហ៍ក្រោយផង​​ដែរ។

ជាលទ្ធផលនៃការវាយប្រហារដ៏ឃោរឃៅនេះ នៅ​ថ្ងៃសុក្រនេះ ​ត្រូវបានប្រកាសជា​ថ្ងៃ​កាន់​ទុក្ខ​ជា​ផ្លូវ​ការ​នៅ​ក្នុង​ទីក្រុង​គៀវ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ