ក្រុមអង្គការសង្គមស៊ីវិល សកម្មជនសិទ្ធិមនុស្ស និងយុវជន បានចាប់ផ្តើមបើកយុទ្ធនាការរួមគ្នាមួយនៅលើបណ្តាញសង្គម ចាប់ពីថ្ងៃទី៣ រហូតដល់ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ នេះ ដើម្បីរំលឹកខួប ១០ ឆ្នាំ នៃឃាតកម្មលើលោកបណ្ឌិត កែម ឡី និងដើម្បីបន្តទាមទារឱ្យមានការស៊ើបអង្កេតដោយឯករាជ្យ និងស្វែងរកយុត្តិធម៌ពិតប្រាកដ។
យុទ្ធនាការរយៈពេលមួយសប្តាហ៍នេះ នឹងរួមបញ្ចូលទាំងការបង្ហោះបដាផ្សព្វផ្សាយ ការបើកវេទិកាឱ្យសាធារណជនបញ្ចេញមតិយោបល់តាមអនឡាញ (Online Form) ការបញ្ចេញវីដេអូឯកសារស្តីពីទស្សនៈទានរបស់លោកបណ្ឌិត ក៏ដូចជាការជួបជុំសូត្រមន្តបង្សុកូលនៅថ្ងៃទី៩ និងការជួបជុំគ្នានៅស្ថានីយប្រេងឥន្ធនៈកាល់តិចបូកគោ ដែលជាកន្លែងកើតហេតុនៅថ្ងៃទី១០ខែកក្កដាខាងមុខនេះ។
លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការលីកាដូ លើកឡើងថា លោកបណ្ឌិត កែម ឡី ត្រូវបានគេប្រសិទ្ធនាមថាជា វីរជនសេរីភាពក្នុងការបញ្ចេញមតិ ដោយសារតែលោកបានបណ្តុះស្មារតីឱ្យពលរដ្ឋខ្មែរហ៊ាននិយាយការពិត និងបញ្ចេញមតិយោបល់ ដើម្បីចូលរួមអភិវឌ្ឍន៍សង្គមតាមបែបប្រជាធិបតេយ្យ។ ឥទ្ធិពល និងប្រជាប្រិយភាពទាំងនេះហើយ ដែលធ្វើឱ្យសាធារណជន និងក្រុមគ្រួសារ នៅតែបន្តរៀបចំពិធីបង្សុកូល និងរំលឹកគុណលោកជារៀងរាល់ឆ្នាំមិនដែលខាន។
លោកបន្តថា៖ «សំណុំរឿងរបស់លោក កែម ឡី នេះ តុលាការបានបំបែកជាពីរ ទីមួយ គឺលោកជួប សម្លាប់ ឬក៏អឿត អាង ហ្នឹង ត្រូវបានតុលាការផ្ដន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត ហើយសំណុំរឿងមួយទៀត ជនដែលពាក់ព័ន្ធផ្សេងទៀតហ្នឹង គឺតុលាការកំពុងតែបន្តនីតិវិធី។ អ៊ីចឹង យើងចង់ឃើញសំណុំរឿងមួយទៀតហ្នឹង អាចនឹងដំណើរការដើម្បីស្វែងរកយុត្តិធម៌ពេញលេញ សម្រាប់លោកបណ្ឌិត កែម ឡី ណា៎បាទ»។
ចំណែកឯនាយកអង្គការភាពជាដៃគូដើម្បីបរិស្ថាន និងការអភិវឌ្ឍ (PED) លោក សាន់ ម៉ាឡា លើកឡើងថា នៅក្នុងឱកាសខួប ១០ ឆ្នាំ នៃមរណភាពរបស់លោកបណ្ឌិតនេះ អង្គការសង្គមស៊ីវិល សហជីព យុវជន និងពលរដ្ឋទាំងក្នុង និងក្រៅប្រទេស តែងតែរៀបចំពិធីរំលឹកវិញ្ញាណក្ខន្ធនៅទីតាំងស្តុបបូកគោ និងនៅស្រុកកំណើតរបស់លោកក្នុងខេត្តតាកែវ នេះព្រោះតែការវិភាគព្រឹត្តិការណ៍សង្គមធំៗរបស់លោកបណ្ឌិត កែម ឡី តែងតែត្រូវបានគេស្វែងរកមកស្តាប់ឡើងវិញ និងសង្កេតឃើញថា មានភាពត្រឹមត្រូវស្ទើរតែ ១០០ ភាគរយ និងនៅតែមានតម្លៃសមស្របទៅនឹងស្ថានភាពជាក់ស្តែង។
លោក សាន ម៉ាឡា បានបញ្ជាក់ថា៖ «លោកបណ្ឌិតបានពោលថា ចូលយើងនិយាយការពិត កុំនិយាយការពារ។ នៅក្នុងន័យនេះ លោកបណ្ឌិតមិនចង់ឱ្យនៅក្នុងសង្គមយើងមានវប្បធម៌ការពារមេ ការពារស្ថាប័ន ការពារផលប្រយោជន៍បក្សពួក ឬក៏បុគ្គលនិយម ហើយនាំគ្នាបិទបាំងកំហុសទាំងអស់នោះ បណ្តោយឱ្យអ្នកធ្វើខុសនៅតែបន្តធ្វើខុសនោះទេ។ ដូច្នេះ លោកបណ្ឌិតណែនាំឱ្យទាំងអស់គ្នា ចាប់ផ្តើមរៀននិយាយការពិត»។
រីឯសកម្មជនបរិស្ថាននៃចលនាមាតាធម្មជាតិ កញ្ញា មាន លីសា លើកឡើងថា ទោះរាងកាយលោកបណ្ឌិតឃ្លាតទៅ តែដួងវិញ្ញាណក្ខន្ឌគតិបណ្ឌិតរបស់លោក តែងនៅជាប់ជាមួយប្រជាពលរដ្ឋខ្មែរជានិច្ច។ កញ្ញាបន្តថា ផ្នត់គំនិតនេះ គឺស្ដែងឡើងតាមរយៈការតាំងចិត្តរបស់សកម្មជនមាតាធម្មជាតិទាំង៥រូប ដែលរក្សាឧត្ដមគតិរបស់ខ្លួន ទោះត្រូវជាប់ពន្ធនាគារ។
កញ្ញា មាន លីសា និយាយថា៖ « អានេះគឺជាគំរូភាពមួយដែលចលនាមាតាធម្មជាតិមិនបាត់បង់ទៅណា ហើយមកដល់ពេលនេះក៏អ្នកទាំង ៥ ត្រូវបានជាប់ពន្ធនាគារ។ អ៊ីចឹងយើងមិនបាត់បង់ទៅណាទេ ការពិតនៅតែជាការពិត ហើយលោកពូមិនបាននៅឆ្ងាយពីយើងទេ លោកពូនៅជាមួយពួកយើង ដើម្បីប្រកាន់ខ្ជាប់នូវការពិត»។
ងាកទៅសង្គមស៊ីវិលខាងក្រៅប្រទេស ប្រធានអង្គការប្រជាធិបតេយ្យខ្មែរ លោក ស៊ឹង សែនករុណា លើកឡើងថា ក្នុងឱកាសខួប ១០ឆ្នាំ នៃការបាត់បង់លោកបណ្ឌិត កែម ឡី នេះ ទាំងប្រជាពលរដ្ឋ ក្រុមអង្គការសង្គមស៊ីវិល និងសកម្មជនយុវជនទាំងក្នុងនិងក្រៅប្រទេស នៅតែបន្តរក្សាការចងចាំចំពោះវីរភាពរបស់លោកមិនអាចបំភ្លេចបានឡើយ រាល់មតិយោបល់ និងការវិភាគរបស់លោកបណ្ឌិត សុទ្ធសឹងតែជាការឆ្លុះបញ្ចាំងពីការពិត និងជួយលាតត្រដាងនូវរឿងរ៉ាវលាក់កំបាំងជាច្រើនដែលកើតមាននៅក្នុងសង្គមកម្ពុជា។ លោកថា ការរៀបចំពិធីរំលឹកគុណ និងគោរពវិញ្ញាណក្ខន្ធក្នុងខួប ១០ឆ្នាំនេះ ជានិមិត្តរូបមួយយ៉ាងច្បាស់ក្នុងការផ្ញើសារទៅកាន់អ្នកដឹកនាំ ដើម្បីទាមទារឱ្យមានការបញ្ឈប់នូវអំពើឃោរឃៅ អំពើនិទណ្ឌភាព និងការសម្លាប់ក្រៅច្បាប់លើសកម្មជន ឬអ្នកវិភាគសង្គមដែលហ៊ាននិយាយការពិត។
លោកបញ្ជាក់ថា៖ «ការធ្វើសកម្មភាពនានា ការរំលឹកនូវពិធីរំលឹកវិញ្ញាណក្ខន្ធក្នុងខួប ១០ឆ្នាំនេះ គឺជាការគូសបញ្ជាក់យ៉ាងច្បាស់ទៅក្នុងការដឹកនាំនៅក្នុងសង្គមកម្ពុជា ដោយយើងផ្ញើសារឱ្យបញ្ឈប់នូវអំពើដ៏ឃោរឃៅនេះ បញ្ចប់នូវអំពើនិទណ្ឌភាព ការសម្លាប់ក្រៅច្បាប់ ទៅលើសកម្មជនទាំងឡាយ អ្នកវិភាគសង្គម ជាពិសេសអ្នកដែលហ៊ាននិយាយការពិតអំពីបញ្ហាប្រទេសជាតិហ្នឹង យើងទទូចឱ្យមានការបញ្ឈប់ជាបន្តបន្ទាប់ កុំឱ្យមានការធ្វើទុក្ខបុកម្នេញដោយប្រើប្រាស់រូបភាពកាប់សម្លាប់បន្តទៀត»។
លោកទទូចដល់ប្រជាពលរដ្ឋ យុវជន និងសង្គមស៊ីវិល ឱ្យបន្តវីរភាពលោកបណ្ឌិត កែម ឡី តាមរយៈការធ្វើការងារដើម្បីជាតិ ស្រាវជ្រាវបញ្ហាសង្គម និងហ៊ាននិយាយការពិត ដើម្បីអភិវឌ្ឍន៍ប្រទេសប្រកបដោយការទទួលខុសត្រូវខ្ពស់។
គួររំលឹកថា លោកបណ្ឌិត កែម ឡី គឺជាអ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម និងជាអ្នកវិភាគ នយោបាយដ៏លេចធ្លោ ដែលត្រូវបានពលរដ្ឋគោរពស្រឡាញ់យ៉ាងខ្លាំង។ នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ ២០១៦ លោកបណ្ឌិតត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់ នៅក្នុងហាងទំនិញនៃស្ថានីយប្រេងឥន្ធនៈកាល់តិចបូកគោ នាទីក្រុងភ្នំពេញ។ នៅខែមីនា ឆ្នាំ២០១៧ តុលាការបានកាត់ទោសបុរសម្នាក់ឈ្មោះ អឿត អាង ហៅ «ជួប សម្លាប់» ឱ្យជាប់ពន្ធនាគារអស់មួយជីវិត ក្រោមការចោទប្រកាន់ថាមានទំនាស់រឿងប្រាក់កាសចំនួន៣ពាន់ដុល្លារ។
ទោះជាយ៉ាងណាក៏ដោយ ជុំវិញការកាត់ទោសនេះ ក្រុមអង្គការសង្គមស៊ីវិល សកម្មជនសិទ្ធិមនុស្ស ក៏ដូចជាមហាជនទូទៅ នៅតែបង្ហាញការមន្ទិលសង្ស័យយ៉ាងខ្លាំង និងជឿជាក់ថា ឈ្មោះ «ជួប សម្លាប់» មិនមែនជាឃាតករពិតប្រាកដ ឬជាអ្នករៀបចំផែនការណ៍ពីក្រោយខ្នងនោះឡើយ។ ការកាត់ក្តីកន្លងមក ត្រូវបានគេមើលឃើញថា នៅមានចន្លោះប្រហោង និងមិនទាន់បានលាតត្រដាងការពិតទាំងស្រុង ដែលជាហេតុធ្វើឱ្យមានការទាមទារឱ្យមានការស៊ើបអង្កេតឯករាជ្យមួយ ផ្ទៀងផ្ទាត់ឡើងវិញ ដើម្បីស្វែងរកអ្នកពាក់ព័ន្ធពិតប្រាកដ និងផ្តល់យុត្តិធម៌ពេញលេញជូនជនរងគ្រោះ និងក្រុមគ្រួសារ៕









