សហព័ន្ធសហជីពពិភពលោក (ITUC) និងអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ បានចេញលិខិតដាច់ដោយឡែកពីគ្នា ជំរុញឱ្យរដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត ផ្តល់សេរីភាពពេញលេញដល់ លោក រ៉ុង ឈុន និងស្នើឱ្យដោះលែងយុវជនចលនាមាតាធម្មជាតិ ៥រូប ដែលតុលាការកម្ពុជាផ្តន្ទាទោសឱ្យជាប់ពន្ធនាគារ ដោយសារតែភាពសកម្មការពារបរិស្ថាននិងសង្គម។
ស្ថាប័នអន្តរជាតិទាំងនោះ បានលើកឡើងថា ទង្វើនេះបង្កឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំង អំពីសេរីភាពក្នុងការបង្កើតសមាគម និងសេរីភាពនៃការបញ្ចេញមតិនៅកម្ពុជា។
លិខិតចុះថ្ងៃទី២ ខែកក្កដា របស់សហព័ន្ធសហជីពពិភពលោក ដែលតំណាងឱ្យកម្មករជិត ២០០លាននាក់ មកពីប្រទេស និងដែនដីចំនួន ១៦៩ បានផ្ញើជូនលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត តាមរយៈឯកអគ្គរដ្ឋទូតខ្មែរប្រចាំនៅប្រទេសបែលហ្សិក។ លិខិតនោះសង្កត់ធ្ងន់ថា ពួកគេព្រួយបារម្ភយ៉ាងខ្លាំងចំពោះសេចក្តីសម្រេចរបស់តុលាការកំពូល ដែលតម្កល់ការផ្ដន្ទាទោសលោក រ៉ុង ឈុន ព្រមទាំងដាក់ឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ និងហាមឃាត់ការធ្វើដំណើរជាដើម។
ស្ថាប័ននេះចាត់ទុកការប្រើប្រាស់បទញុះញង់លើសកម្មជនសហជីព សកម្មជនសង្គម និងអ្នករិះគន់ គឺជាការរឹតត្បិតសកម្មភាពសហជីពស្របច្បាប់ និងការបញ្ចេញមតិដោយសន្តិវិធី និងដើរផ្ទុយពីអនុសញ្ញាអង្គការអន្តរជាតិខាងការងារ (ILO) លេខ ៨៧ និង ១០៥ ដែលកម្ពុជាបានផ្តល់សច្ចាប័នរួចហើយ។
ទីប្រឹក្សាគណបក្សកម្លាំងជាតិ និងជាប្រធានសហភាពសហជីពកម្ពុជា (CCU) លោក រ៉ុង ឈុន យល់ថា រដ្ឋាភិបាលគួរពិចារណាសំណើរបស់ស្ថាប័នអន្តរជាតិ ដែលមានឥទ្ធិពលលើអ្នកបញ្ជាទិញនៅកម្ពុជា តាមរយៈការផ្ដល់យុត្តិធម៌ដល់លោក។ លោកបន្តថា សមាជិកសហព័ន្ធសហជីព ITUC ពិតជាមានឥទ្ធិពលលើរដ្ឋាភិបាល មិនមែនតែទៅលើអ្នកបញ្ជាទិញទេ។ លើសពីនេះ បើសិនជាមានការអំពាវនាវឲ្យធ្វើពហិការនាំទំនិញពីកម្ពុជានោះ គឺកម្ពុជានឹងមិនមានផលចំណេញឡើយ។
លោក រ៉ុង ឈុន ថ្លែងថា៖ «សហជីពហ្នឹងមានឥទ្ធិពលខ្លាំងនៅលើពិភពលោក ហើយសហភាពសហជីពអន្តរជាតិ ITUC ហ្នឹងក៏មានឥទ្ធិពលទៅលើអ្នកបញ្ជាទិញនៅកម្ពុជាផងដែរ។ អ៊ីចឹងអ្វីដែលសហភាពសហជីពអន្តរជាតិ ITUC លើកឡើងជុំវិញករណីខ្ញុំ ដោយសារពួកគាត់មើលឃើញថា វាជាការរឹតត្បិត ហើយជាការដកសិទ្ធិទៅដល់គេហៅថា អ្នកដែលសកម្មជន ក៏ដូចជាអ្នកសហជីពហ្នឹង អ្នកការពារសិទ្ធិមនុស្ស»។
ឆ្លើយតបនឹងសំណើនេះ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក ជា ធីរិទ្ធ ថ្លែងប្រាប់វីអូឌីនៅថ្ងៃទី៣ ខែកក្កដា ថា ការស្នើរបស់សហភាពសហជីពអន្តរជាតិករណីលោក រ៉ុង ឈុន គឺជាសិទ្ធិ ហើយការសម្រេចស្ថិតលើតុលាការ។
លោក ជា ធីរិទ្ធ ថ្លែងថា៖ «ការស្នើបែបណាគឺជារបស់ពួកគេទេ ជាសិទ្ធិសេរីភាពរបស់ពួកគេ។ ប៉ុន្តែការសម្រេចបែបណានោះ ក៏ជាសិទ្ធិរបស់តុលាការដែរ ជាឆន្ទានុសិទ្ធិរបស់តុលាការ ដែលយើងម្នាក់ៗតែងតែលើកឡើងថា តុលាការមានឆន្ទានុសិទ្ធិ តុលាការជាអំណាចឯករាជ្យ។ អញ្ចឹងជាសិទ្ធិរបស់តុលាការ អាណោះយើងមិនពាក់ព័ន្ធទេ។ អញ្ចឹងទុកឲ្យតុលាការគេធ្វើការចុះ»។
ចំណែក អង្គការអន្តរជាតិផ្នែកសិទ្ធិមនុស្សនិងការងារ នៅថ្ងៃដដែលនេះ ក៏ស្នើយ៉ាងទទូចដល់រដ្ឋាភិបាលឱ្យដោះលែងសកម្មជនចលនាមាតាធម្មជាតិ ទាំង ៥នាក់ផងដែរ។
អតីតនាយករងប្រចាំតំបន់អាស៊ីនៃអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ (HRW) និងជានាយកនៃស្ថាប័នអ្នកតស៊ូមតិសិទ្ធិមនុស្ស និងសិទ្ធិការងារអាស៊ី (Asia Human Rights and Labour Advocates – AHRLA) លោក ហ្វីល រ៉ូប៊ឺតសុន (Phil Robertson) នៅថ្ងៃទី៣ ខែកក្កដា ក៏បានចេញសេចក្ដីថ្លែងការណ៍មួយ ដោយរំលេចពីសកម្មជនដ៏ក្លាហានចំនួន ៥រូប របស់ចលនាមាតាធម្មជាតិកម្ពុជា គឺកញ្ញា ភួន កែវរស្មី លោក លី ចាន់ដារ៉ាវុត លោក ថុន រដ្ឋា លោក យីម លាងហ៊ី និងកញ្ញា ឡុង គន្ធា ដែលកំពុងរងភាពអយុត្តិធម៌ ដោយសារតុលាការក្រុងភ្នំពេញ។
មន្ត្រីសិទ្ធិមនុស្សអន្តរជាតិរូបនេះ ចាត់ទុកការផ្ដន្ទាទោសសកម្មជនទាំង ៥នាក់ ប្រៀបបាននឹងការបំភិតបំភ័យអ្នកដទៃឱ្យនៅស្ងៀម ទោះមន្ត្រីរដ្ឋាភិបាលប្រព្រឹត្តអំពើពុករលួយ បក្ខពួកនិយម និងកំពុងបំផ្លិចបំផ្លាញធនធានបរិស្ថានកម្ពុជាយ៉ាងណាក្ដី។ លើសពីនេះ លោកក៏ក្រើនរំលឹកដល់លោក ហ៊ុន ម៉ាណែត ឱ្យយល់ថា ការគោរពសិទ្ធិមនុស្ស គឺជាចំណែកស្នូលមួយនៃចលនាហ្វ្រង់កូហ្វូនី (Francophonie) និងរំពឹងថា អាជ្ញាធរកម្ពុជានឹងដោះលែងសកម្មជនបរិស្ថានទាំង ៥រូប និងអ្នកទោសនយោបាយដទៃទៀត។
សារក្រើនរំលឹកជាថ្មីនេះ ធ្វើឡើងនៅមុនសន្និសីទអន្តរជាតិនៃបណ្តាប្រទេសនិយាយភាសាបារាំង (Francophonie) ដែលគ្រោងនឹងប្រព្រឹត្តទៅនៅទីក្រុងភ្នំពេញ នៅពាក់កណ្ដាលខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខ។
ជុំវិញករណីនេះ ប្រធានអង្គការប្រជាធិបតេយ្យខ្មែរប្រចាំនៅប្រទេសអូស្ត្រាលី លោក ស៊ឹង សែនករុណា យល់ថា ការទាមទាររបស់សហគមន៍អន្តរជាតិ គឺជារឿងមួយដែលត្រឹមត្រូវ ដោយអាជ្ញាធរកម្ពុជាគប្បីផ្ដល់សិទ្ធិសេរីភាពផ្នែកនយោបាយជូនលោក រ៉ុង ឈុន ក៏ដូចជាសកម្មជនមាតាធម្មជាតិ ឲ្យមានសិទ្ធិសេរីភាពឡើងវិញ ព្រមទាំងអ្នកទោសមនសិការជាដើម។
លោកបន្តថា ការឆ្លើយតបជាវិជ្ជមានរបស់រដ្ឋាភិបាល គឺជាអ្វីដែលសហគមន៍អន្តរជាតិចង់ឃើញ ហើយលោកជឿជាក់ថា ពេលនោះនឹងមានការសម្របសម្រួល បន្ធូរបន្ថយរាល់កិច្ចសហការ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងនយោបាយការបរទេស ជាមួយបណ្ដាប្រទេសប្រសើរឡើងវិញ ហើយផលចំណេញនឹងទទួលបានមកដល់ពលរដ្ឋកម្ពុជាទាំងមូល។ ទោះជាយ៉ាងណា លោកហាក់គ្មានសង្ឃឹមថា លោក ហ៊ុន ម៉ាណែត ទទួលយកសំណើដោះលែងពួកគេទេ ប៉ុន្តែអាចបន្តធ្វើទុក្ខបុកម្នេញថែមទៀតផង។
លោក ស៊ឹង សែនករុណា ថ្លែងថា៖ «អ៊ីចឹងយើងមិនមានរំពឹងថា ការទទូចទាមទាររបស់ខាងសហគមន៍អន្តរជាតិ អង្គការអន្តរជាតិនានាហ្នឹង នឹងមានដំណោះស្រាយទេ ប៉ុន្តែយ៉ាងណា គឺជារបស់សកម្មភាពមួយដ៏ល្អប្រសើរដែលខាងអង្គការសង្គម រួមទាំងប្រជាពលរដ្ឋទាំងក្នុង និងក្រៅប្រទេសអីហ្នឹង យើងចង់ឃើញកម្ពុជាយើង ឲ្យមានការបើកនូវលំហលទ្ធិប្រជាធិបតេយ្យ ផ្តល់សិទ្ធិសេរីភាពពេញលេញទៅដល់សកម្មជនសង្គម នយោបាយ ឬក៏សកម្មជន យុវជនបរិស្ថានអីហ្នឹង ឲ្យមានសេរីភាពពេញលេញ ស្របតាមគោលការណ៍ដឹកនាំប្រទេស ដែលស្របតាមរដ្ឋធម្មនុញ្ញដែលជាប្រទេសដឹកនាំតាមបែបលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្សអីហ្នឹង បាទ»។
អ្នកឃ្លាំមើលសង្គមរូបនេះ ចាត់ទុកថា លោក រ៉ុង ឈុន ជាសកម្មជនសហជីព និងជានយោបាយរូបដ៏លេចធ្លោមួយ រូបនៅកម្ពុជា ដែលតែងតែហ៊ានចេញមុខតស៊ូមតិដើម្បីសិទ្ធិកម្មករ គ្រូបង្រៀន និងបញ្ហាសង្គមនានា។ ដោយសារតែសកម្មភាពសង្គម និងការរិះគន់រដ្ឋាភិបាលជាបន្តបន្ទាប់ ជាពិសេសពាក់ព័ន្ធនឹងបញ្ហាព្រំដែន និងការ តវ៉ាផ្សេងៗ លោកត្រូវបានអាជ្ញាធរចាប់ខ្លួន និងកាត់ទោសដាក់ពន្ធនាគារជាច្រើនលើកច្រើនសា។
ចំណែកសកម្មជនមាតាធម្មជាតិទាំង ៥រូប គឺជានិមិត្តរូបនៃភាពក្លាហានក្នុងការការពារបរិស្ថាន និងហ៊ានប្រឈមមុខចំពោះតុលាការ ទោះពួកគេត្រូវជាប់ពន្ធនាគារយ៉ាងអយុត្តិធម៌យ៉ាងណាក្ដី៕








