ក្រុមអង្គការសមាគមជិត ៣០ស្ថាប័ន ដែលសកម្មលើកកម្ពស់សិទ្ធិមនុស្ស និងសិទ្ធិការងារ បានជំរុញឱ្យតុលាការបញ្ឈប់ការធ្វើទុក្ខបុកម្នេញលើក្រុមកូដករណាហ្គាវើលដ៍ ហើយផ្តល់សេរីភាពពេញលេញដល់ថ្នាក់ដឹកនាំសហជីព និងសមាជិកទាំងអស់ដោយគ្មានលក្ខខណ្ឌ។
ការជំរុញនេះ បន្ទាប់ពីតុលាការក្រុងភ្នំពេញ បានកោះហៅកូដករណាហ្គាវើលដ៍ ទៅសាកសួរជាបន្តបន្ទាប់មួយរយៈចុងក្រោយនេះ ខណៈពួកគេបន្តតវ៉ាជំរុញលក្ខខណ្ឌការងារជិត ៥ឆ្នាំមកនេះ ប្រឆាំងនឹងការរើសអើងសហជីពពីសំណាក់ថៅកែក្រុមហ៊ុន ។
បើតាមសេចក្តីថ្លែងការណ៍រួម ចុះថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦ របស់ក្រុមអង្គការ សមាគមចំនួន២៥ បានលើកឡើងថា ពួកបានស្នើឱ្យតុលាការលើកលែងបទចោទប្រកាន់ និងផ្តល់សេរីភាពពេញលេញដល់ថ្នាក់ដឹកនាំ និងសមាជិកសហជីពណាហ្គាវើលដ៍ទាំងអស់ ដោយឥតលក្ខខណ្ឌ ដើម្បីអាចឱ្យពួកគេរស់នៅបានដោយមិនមានការភ័យខ្លាចជាប់ពន្ធនាគារ ឬការធ្វើទុក្ខបុកម្នេញណាមួយ ហើយងាកមកខិតខំប្រឹងប្រែងរកដំណោះស្រាយយុត្តិធម៌ដែលគ្រប់ភាគីអាចទទួលយកបាន ដោយថា ព្រោះនេះជាមធ្យោបាយតែមួយគត់ ដើម្បីបិទបញ្ចប់វិវាទការងារមួយនេះ។
ពួកគេគូសបញ្ជាក់ថា អាជ្ញាធរត្រូវគោរពសិទ្ធិ និងសេរីភាពជាមូលដ្ឋានរបស់កម្មករនិយោជិត និងឈប់ចាត់ទុកសកម្មភាពអហិង្សារបស់សហជីពជាបទល្មើសព្រហ្មទណ្ឌ។
អង្គការសមាគមទាំងនោះ មាន អង្គការការពារសិទ្ធិមនុស្សលីកាដូ សមាគមការពារសិទ្ធិមនុស្សអាដហុក មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា និងមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (CENTRAL)ជាដើម។
ទាក់ទងករណីនេះ សម្រាប់អ្នកនាំពាក្យគណបក្សប្រជាធិបតេយ្យជឿនលឿន លោក ប៉ោ មករា វិញយល់ថា ទាំងរដ្ឋាភិបាលនិងតុលាការ គួរបើកការដោះស្រាយវិវាទនេះឱ្យបានលឿន និងយុត្តិធម៌ ដែលវាធ្វើឱ្យប្រសិទ្ធិភាពនៃប្រព័ន្ធច្បាប់នៅកម្ពុជាកាន់តែរឹងមាំ និងធ្វើឱ្យប្រព័ន្ធនីតិរដ្ឋប្រសើរឡើង ដែលជាការបង្កើនទំនុកចិត្តដល់ប្រជាពលរដ្ឋនៅក្នុងប្រទេសកម្ពុជាផ្ទាល់ រួមទាំងក្រុមអ្នកវិនិយោគ និងអាចទាក់ទាញភ្ញៀវទេសចរផងដែរ។
លោកថា៖ «ពីព្រោះយើងដឹងហើយថា សង្គមប្រជាធិបតេយ្យជាសង្គមមួយដែលត្រូវការប្រព័ន្ធច្បាប់ជាសំខាន់ ប្រព័ន្ធច្បាប់មួយដែលធានាទៅសុខមាលភាពរបស់បងប្អូនប្រជាពលរដ្ឋដែលត្រូវការ ហើយត្រូវបានធានាថាពួកគាត់ហ្នឹងទទួលបានយុត្តិធម៌ទាំងអស់គ្នា»។
ប៉ុន្តែផ្ទុយទៅវិញ លោកថា បើការដោះស្រាយតាមប្រព័ន្ធតុលាការ នៅតែគ្មានប្រសិទ្ធភាពក្នុងការធានាយុត្តិធម៌ ហើយអូសបន្លាយពេលយូរទៀតនោះ វាជាអយុត្តិធម៌សម្រាប់អ្នកដែលមានបញ្ហា រងការរំលោភបំពានជុំវិញវិវាទនេះ ដែលធ្វើឱ្យប្រសិទ្ធភាពនៃប្រព័ន្ធយុត្តិធម៌មានការធ្លាក់ចុះ។
ជុំវិញការលើកឡើងនេះ វីអូឌី មិនអាចរកការពន្យល់ពីអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក អ៊ី រិន្ទ បានទេគិតត្រឹមម៉ោងផ្សាយនេះ ដោយព្យាយាមហៅទូរស័ព្ទចូលច្រើនដង តែលោកមិនទទួល ខណៈលោកក៏បានពិនិត្យមើលសំណួរតាមប្រព័ន្ធតេឡេក្រាមផងដែរ តែមិនមានការឆ្លើយតប។
យ៉ាងណាបើតាមសេចក្តីថ្លែងការណ៍រួមដដែល ក្រុមអង្គការទាំងនោះ បង្ហាញការសោកស្តាយយ៉ាងខ្លាំងចំពោះចំណាត់ការរបស់សាលាដំបូងរាជធានីភ្នំពេញ នាពេលថ្មីៗនេះ ដែលបានកោះហៅសមាជិកសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៏ ហៅកាត់ថា (LRSU) សាកសួរពីដំណើររឿង “ធ្វើឱ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស” ប្រព្រឹត្តនៅចំនុចក្រុមហ៊ុនណាហ្គាវើលដ៏ បន្ទាប់ពីពួកគេបានចូលរួមធ្វើកូដកម្ម ដោយអហិង្សា និងសន្តិវិធី។
ពួកគេបានគូសបញ្ជាក់ថា រយៈពេលជាង ៤ឆ្នាំមកនេះ អាជ្ញាធរ និងតុលាការ នៅតែមិនទាន់អាចផ្តល់នូវយុត្តិធម៌ជូនដល់សកម្មជនសហជីពណាហ្គាវើលដ៏នៅឡើយទេ។ តុលាការត្រូវលើកលែងបទចោទប្រកាន់ មកលើថ្នាក់ដឹកនាំ សមាជិកសហជីពណាហ្គាវើលដ៏ទាំងអស់ និងផ្តល់សេរីភាពពេញលេញដល់ពួកគាត់ឡើងវិញ។ ស្ថាប័នពាក់ព័ន្ធ គួរងាកមកដោះស្រាយវិវាទការងារដ៏រ៉ាំរ៉ៃនេះ ជាជាងបន្តអូសបន្លាយពេលវេលា ដោយរំពឹងថា កម្មករនឹងអស់លទ្ធភាពតវ៉ារួចបោះបង់ចោលការទាមទារយុត្តិធម៌ និងបន្តខិតខំប្រឹងប្រែងធ្វើទុក្ខបុកម្នេញដល់ជនរងគ្រោះ។
ចាប់តាំងពីខែឧសភា ដល់ខែសីហា ឆ្នាំ២០២២ រាល់ការចេញតវ៉ារបស់កូដករណាហ្គាវើលដ៏ តែងជួបនូវការរារាំងពីសំណាក់កងសន្តិសុខ និងអាជ្ញាធរ ដោយចាប់បង្ខំកូដករដែលភាគច្រើនជាស្ត្រីឡើងឡានក្រុងដឹកទៅទម្លាក់ចោលនៅជាយក្រុង និងការដាក់ប៉ារ៉ាសបិទផ្លូវមិនឲ្យកូដករអាចទៅឈរតវ៉ានៅមុខក្រុមហ៊ុនណាហ្គាវើលដ៏ជាដើម។ លើសពីនេះ ក្រុមកូដករតែងរងនូវអំពើហិង្សា វាយដំ ទាត់ធាក់ រហូតមានករណីខ្លះធ្វើឲ្យកូដករស្ត្រីម្នាក់បាត់បង់កូនក្នុងផ្ទៃថែមទៀតផង។
លើសពីនេះ កាលពីថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៤ តុលាការកំពូលបានប្រកាសសាលដីការបស់ខ្លួន ដោយតម្កល់សេចក្តីសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញ ដែលផ្តន្ទាទោសដាក់ពន្ធនាគារលើជនជាប់ចោទចំនួន ០៨រូប ដែលជាថ្នាក់ដឹកនាំ និងសកម្មជនសហជីពណាហ្គាវើលដ៏។ អ្នកទាំងនោះត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល ពី ១ ឆ្នាំ ដល់ ២ ឆ្នាំ។ កញ្ញា ឈឹម ស៊ីថរ ជាជនជាប់ចោទម្នាក់ប៉ុណ្ណោះ ក្នុងចំណោមជនជាប់ចោទទាំងនោះ ដែលត្រូវបង្ខំឲ្យអនុវត្តទោសរយៈពេល ២ ឆ្នាំ ក្នុងពន្ធនាគារ និងទើបទទួលបានសេរីភាពឡើងវិញ ក្រោយអនុវត្តទោសចប់កាលពីខែកញ្ញា ឆ្នាំ២០២៤។
សម្រាប់ក្រុមអង្គការសង្គមស៊ីវិល ក្រុមអ្នកជំរុញលក្ខខណ្ឌការងារទាំងនោះ ក្រៅពីទទួលរងការរំលោភបំពានតាមរយៈប្រព័ន្ធតុលាការ សមាជិកថ្នាក់ដឹកនាំសហជីពណាហ្គាវើលដ៏ ក៏ទទួលរងការរំលោភបំពានតាមគ្រប់រូបភាពពីសំណាក់កងសន្តិសុខ និងអាជ្ញាធររាជធានីភ្នំពេញ ដែលរួមមានការរំលោភបំពានលើរូបរាងកាយ ផ្លូវចិត្ត និងផ្លូវភេទ។
អាជ្ញាធរកន្លងមក ធ្លាប់បានឃាត់ខ្លួនកូដករ និងដាក់អ្នកទាំងនោះនៅក្នុងទីតាំងមួយចំនួន ក្រោមហេតុផលអនុវត្តច្បាប់ស្តីពី វិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត នៅខណៈពេលដែលវិធានការទាំងនេះ មិនត្រូវបានអនុវត្តលើសកម្មភាពសង្គម ដែលមានការជួបជុំមនុស្សច្រើនជាងការជួបជុំតវ៉ារបស់កម្មករ ដូចជាការប្រកួតបាល់ទាត់ឡើយ។ សកម្មភាពទាំងនេះ បានបង្ហាញថា អាជ្ញាធរព្យាយាមបំភិតបំភ័យ គំរាមកំហែង រំលោភបំពាន និងធ្វើទុក្ខបុកម្នេញកូដករដែលធ្វើកូដកម្មដោយអហិង្សា ជាជាងជួយដោះស្រាយបញ្ហាដែលសហជីពកំពុងជួបប្រទះ ដើម្បីធ្វើឲ្យប្រសើរឡើងនូវលក្ខខណ្ឌការងារល្អប្រសើរ។
តាមសេចក្តីរាយការណ៍នានា បង្ហាញថា ការជាប់គាំងមិនអាចដោះស្រាយបញ្ចប់វិវាទការងារដ៏រ៉ាំរ៉ៃនៅក្រុមហ៊ុនណាហ្គាវើលដ៍ (NagaWorld) ដែលបានអូសបន្លាយពេលជាង ៤ ឆ្នាំមកនេះ (តាំងពីចុងឆ្នាំ២០២១ រហូតមកដល់ឆ្នាំ២០២៦) គឺបណ្តាលមកពីមូលហេតុចម្បងៗ និងការខ្វែងគំនិតគ្នាយ៉ាងខ្លាំងរវាងភាគីពាក់ព័ន្ធ។
ភាគីកម្មករ និងសហជីព (LRSU) នៅតែរក្សាជំហររឹងមាំទាមទារឱ្យក្រុមហ៊ុនទទួលយកថ្នាក់ដឹកនាំសហជីព និងកម្មករដែលនៅសេសសល់ (ប្រហែលជិត ១០០ នាក់) ឱ្យចូលបម្រើការងារវិញ ព្រោះពួកគាត់យល់ថាការបញ្ឈប់ពីការងារនោះ គឺជាការរើសអើង និងមានចេតនាបំផ្លាញសហជីពឯករាជ្យ។
រីឯភាគីក្រុមហ៊ុនណាហ្គាវើលដ៍ ប្រកាសបដិសេធដាច់ខាតមិនទទួលយកក្រុមកម្មករទាំងនោះឱ្យចូលធ្វើការវិញឡើយ ដោយសំអាងលើផែនការកាត់បន្ថយបុគ្គលិកដោយសារវិបត្តិកូវីដ-១៩។ ក្រុមហ៊ុនយល់ព្រមត្រឹមតែការទូទាត់ប្រាក់សំណងបញ្ចប់កិច្ចសន្យាប៉ុណ្ណោះ។
ការណ៍នេះ ធ្វើឱ្យវិវាទការងារនេះអូសបន្លាយយូរជាងគេនៅកម្ពុជាន ក្លាយជាសំណុំរឿងព្រហ្មទណ្ឌដែលគេមើលឃើញថា មានភាពស្មុគស្មាញខ្លាំង បន្ទាប់ពីមានការប្រើប្រាស់វិធានការច្បាប់ ដោយតុលាការបានចោទប្រកាន់ និងចាប់ខ្លួនថ្នាក់ដឹកនាំសហជីព ព្រមទាំងសកម្មជនជាច្រើនរូប រួមទាំងប្រធានសហជីព កញ្ញា ឈឹម ស៊ីថរ ចោទពីបទ «ញុះញង់»។
ទោះបីជាមេដឹកនាំសហជីពត្រូវបានដោះលែង ក្រោយអនុវត្តទោសចប់ក្ដី ប៉ុន្តែសំណុំរឿងព្រហ្មទណ្ឌ និងដីកាកោះហៅពីតុលាការនៅតែបន្តមាន ដែលធ្វើឱ្យភាគីសហជីពទាមទារឱ្យទម្លាក់រាល់ការចោទប្រកាន់ទាំងឡាយជាមុនសិន ទើបអាចមានបរិយាកាសចរចា៕









