អ្នកឃ្លាំមើលមួយចំនួន លើកឡើងថា ការបន្តបំបិទមាត់ និងចាប់ដាក់គុកឥតស្រាកស្រានទៅលើអ្នកបញ្ចេញមតិពីបញ្ហាព្រំដែនដែលថៃកំពុងឈ្លានពាន និងបញ្ហាដែលជាអាយុជីវិតរបស់ជាតិផ្សេងៗទៀត ដែលប្រាសចាកពីរដ្ឋធម្មនុញ្ញ មិនត្រឹមតែធ្វើឱ្យសង្គមជាតិកាន់តែធ្លាក់ចុះអន់ថយ ជាឱកាសសម្រាប់បរទេសអាចឈ្លានពានទឹកដីបានតាមអំពើចិត្តប៉ុណ្ណោះទេ ថែមទាំងក៏ជាការបំបាក់ស្មារតីស្រឡាញ់ជាតិរបស់ប្រជាពលរដ្ឋនៅគ្រប់ទិសទីថែមទៀតផង។
ការបញ្ចេញប្រតិកម្មទាំងនេះ ខណៈមជ្ឈដ្ឋានជាច្រើនលើកឡើងថា ប្រទេសកម្ពុជាក្រោមការដឹកនាំដោយលោកហ៊ុន សែន និងលោកហ៊ុន ម៉ាណែត ហាក់កំពុងដើរប្រាសចាកកាន់តែឆ្ងាយពីរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលរបស់ជាតិ ត្រង់ចំណុចសិទ្ធិពលរដ្ឋនិងសិទ្ធិនយោបាយ ចាប់តាំងពីលោកហ៊ុន សែន បានប្រើតុលាការកំពូលឱ្យរំលាយគណបក្សសង្គ្រោះជាតិ ទាំងបំពានកាលពីចុងឆ្នាំ២០១៧ ដែលជាការបំផ្លាញចោលប្រព័ន្ធដឹកនាំរដ្ឋតាមបែបប្រជាធិបតេយ្យមក។
មាត្រា៤១នៃរដ្ឋធម្មនុញ្ញ ចែងថា ប្រជាពលរដ្ឋខ្មែរមានសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិរបស់ខ្លួន សេរីភាពខាងសារព័ត៌មាន សេរីភាពខាងការាបោះពុម្ពផ្សាយ សេរីភាពខាងជួបប្រជុំ។ ជនណាក៏ដោយ មិនអាចប្រើសិទ្ធិនេះ ដោយរំលោភនាំឱ្យប៉ះពាល់ដល់កិត្តិយសរបស់អ្នកដទៃ ដល់ទំនៀមទម្លាប់ល្អរបស់សង្គម ដល់សណ្តាប់ធ្នាប់សាធារណៈ និងដល់សន្តិសុខជាតិបានឡើយ។ របបសារព័ត៌មានត្រូវបានរៀបចំឡើងដោយច្បាប់។
ប៉ុន្តែយ៉ាងណាក្តី គិតមកដល់ត្រឹមថ្ងៃទី៣ខែកក្កដានេះ មានសកម្មជននយោបាយ និងសកម្មជនសង្គមសរុបចំនួន ១១៧នាក់ ត្រូវបានចាប់ឃុំខ្លួនក្នុងពន្ធនាគារ។ ពួកគេស្ទើតែទាំងអស់ត្រូវបានចោទប្រកាន់ពីបទញុះញង់ និងរួមគំនិតក្បត់ ដោយសារតែភាពសកម្មនិយមក្នុងការប្រើសិទ្ធិបញ្ចេញមតិរបស់ពួកគេ លើបញ្ហាព្រំដែន និងបញ្ហាជាតិផ្សេងៗ។ នេះបើយោងតាមអង្គការសិទ្ធិមនុស្សលីកាដូ។
លោក អ៊ុំ សំអាន អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ បានថ្លែងថា ការនៅតែបន្តចាប់ឃុំខ្លួនចោទប្រកាន់ទៅលើអ្នកបញ្ចេញមតិ ពីការបាត់បង់ទឹកដី នៅតាមព្រំដែន និងអំពើអយុត្តិធម៌សង្គមផ្សេងៗ ដែលជាអាយុជីវិតរបស់ជាតិ ក្រោមការចោទប្រកាន់ពីបទញុះញង់ជាបន្តបន្ទាប់ គឺបានប្រាសចាកពីរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលរបស់ជាតិ។ សកម្មភាពនេះ ឆ្លុះបញ្ចាំងថា ក្រោមការដឹកនាំរបស់លោកហ៊ុន សែន និងលោកហ៊ុន ម៉ាណែត មិនមានចេតនាពិតប្រាកដក្នុងការការពារទឹកដី ឬទាមទារទឹកដីដែលប្រទេសជិតខាងដណ្តើមកាន់កាប់មកវិញនោះទេ។
អ្នកជំនាញកិច្ចការព្រំដែនពីបក្សប្រឆាំងរូបនេះ បញ្ជាក់ថា ការនៅតែបន្តចាប់ពលរដ្ឋដែលរិះគន់លើការបាត់បង់ទឹកដីដាក់គុកឥតស្រាកស្រាននេះ គឺវាក៏ឆ្លុះបញ្ចាំងពីការដឹកនាំអសមត្ថភាព ក្នុងការការពារទឹកដីនិងក៏បញ្ជាក់ឱ្យឃើញថា លោកហ៊ុន សែន និងលោកហ៊ុន ម៉ាណែត មិនមែនជាត្រកូលអ្នកស្នេហារជាតិនោះទេ ពីព្រោះបើជាត្រកូលអ្នកស្នេហាជាតិ នោះប្រាកដជាមិនចាប់អ្នកដែលខ្វល់ខ្វាយពីការបាត់បង់ទឹកដីដាក់គុកបែបនេះឡើយ។
លោកថា៖ «សកម្មភាពបំបិទមាត់អ្នករិះគន់បញ្ហាព្រំដែន ដែលហ៊ានរិះគន់ជុំវិញការបាត់បង់ទឹកដីបែបនេះបន្តទៀត ខ្ញុំយល់ថា វានឹងធ្វើឱ្យការបាត់បង់ទឹកដីនឹងកាន់តែច្រើនឡើងៗ ពីព្រោះកាលណារដ្ឋាភិបាលលោកហ៊ុន ម៉ាណែត ជិះសេះលែងដៃអត់មានអ្នករិះគន់គាត់ហ្នឹង បណ្តោយឱ្យថៃឈ្លានពានតាមចិត្តដល់ចុងក្រោយមិនអាចទាមទារទឹកដីហ្នឹងបានមកវិញ មានតែកាត់ទឹកដីហ្នឹងទៅឱ្យ ដើម្បីដូរយកសន្តិភាព និងអំណាច។ ដូច្នេះហើយបានជាត្រូវការសំឡេងរិះគន់ ដើម្បីឱ្យរដ្ឋាភិបាលលោកហ៊ុន ម៉ាណែត ហ្នឹងកែលម្អការដឹកនាំរបស់ខ្លួន ដើម្បីទប់ស្កាត់ ឬក៏រារាំងការឈ្លានពានរបស់ថៃ កុំឱ្យថៃរុលយកទឹកដីយើងបន្ថែមទៀត»។
វីអូឌី មិនអាចទាក់ទង លោកប៉ែន បូណា អ្នកនាំពាក្យរដ្ឋាភិបាល និងលោកជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ ដើម្បីស្នើសុំធ្វើអត្ថាធិប្បាយលើបញ្ហានេះបានទេ នៅថ្ងៃទី៣ខែកក្កដានេះ។
ប៉ុន្តែយ៉ាងណាក្តី នៅក្នុងពិធីអបអរសាទរខួបលើកទី៣០ឆ្នាំ អង្គការដើម្បីភាពញញឹមនៃកុមារ (PSE) កាលពីថ្ងៃទី២ខែកក្កដា លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានថ្លែងថា រដ្ឋាភិបាលកម្ពុជាមិនបានបំបិទសិទ្ធិសេរីភាពបញ្ចេញមតិ ឬសិទ្ធិបំពេញការងាររបស់អង្គការសមាគមនានានោះទេ។
លោកថា៖ «មានការយល់ច្រឡំ ជាពិសេសការលើកឡើងក្នុងបណ្តាសារព័ត៌មានមួយចំនួន ចោទថា រដ្ឋាភិបាលមិនលើកទឹកចិត្តទៅដល់អង្គការសង្គមស៊ីវិល បិទសេរីភាពបិទស្អីៗ មិនឱ្យគេធ្វើការ អត់ទេ! រឿងអង្គការប្រមាណមួយក្តាប់តូច រឿងស្អីណាបញ្ចេញមតិ រឿងរបស់គេ មួយធ្វើសកម្មភាពនៅក្នុងច្បាប់ ប៉ុន្តែយើងមាន៣ពាន់សមាគម ៣៥០០ NGO ៦ពាន់ជាង ដែលបានធ្វើការទូទាំងប្រទេសដែលបានចុះឈ្មោះម៉ាចំនួនបានបិទរាប់ពាន់ NGOសង្គមស៊ីវិលដែលជាដៃគូដ៏ល្អរបស់រដ្ឋាភិបាល ដៃគូបែបនេះ រដ្ឋាភិបាលមានទៅបិទសិទ្ធិអី មានតែសុំជួយឱ្យរីកចម្រើនថែមទៀត ព្រោះធ្វើពិតប្រាកដ»។
លោកចោទសួរថា តើសិទ្ធិសេរីភាពចង់និយាយពីអ្វី? មិនមែនតែសិទ្ធិឡើងជេរ ឡើងបាតុកម្មនោះទេ តែសិទ្ធិទទួលបានការអប់រំ សិទ្ធិទទួលបានការថែទាំសុខភាព សិទ្ធិទទួលបានការថែទាំសុខមាលភាពផ្សេងៗវាក៏ជាសិទ្ធិរបស់មនុស្សដែរ។
ប៉ុន្តែនៅថ្ងៃទី៣ខែកក្កដានេះ តុលាការកំពូល បានសម្រេចតម្កល់សាលដីកាផ្តន្ទាទោស លោក កើត សារ៉ាយ ប្រធានសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ ឱ្យជាប់ពន្ធនាគារចំនួន ៤ឆ្នាំ ដដែល ពីបទ ញុះញង់បង្កឱ្យមានការវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម និងបទ មិនរាងចាល ពាក់ព័ន្ធនឹងការចុះទៅជួបជាមួយអ្នកភូមិដែលរងផលប៉ះពាល់ដោយជម្លោះដីធ្លីដ៏យូរអង្វែងមួយ នៅក្នុងឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ កាលពីខែមេសា ឆ្នាំ២០២៤។
លោក អែម ចន្ថា មេធាវីរបស់លោក កើត សារ៉ាយ បានថ្លែងថា លោកមានការសោកស្តាយយ៉ាងខ្លាំង ដោយសារតុលាការកំពូលមិនបានពិចារណាលើអង្គច្បាប់ ដែលថាកូនក្តីលោកជាប់ពាក់ព័ន្ធនឹងបទញុះញង់ និងបទមិនរាងចាល ព្រោះអ្វីដែលកូនក្តីរបស់លោកធ្វើ ក្នុងនាមគាត់ជាមន្ត្រីសង្គមស៊ីវិល និងក្នុងនាមជាសមាគម ដែលទាមទារឱ្យមានដំណោះស្រាយពីអាជ្ញាធរ ក៏ដូចជាការផ្តល់ព័ត៌មាន ឬការផ្តល់ជាជម្រើសក្នុងការស្វែងរកដំណោះស្រាយសម្រាប់ពលរដ្ឋ ប៉ុន្តែផ្ទុយទៅវិញ បែរជាតុលាការកំពូលតម្កល់សាលដីកា។
លោក ស៊ឹង សែនករុណា ប្រធានអង្គការប្រជាធិបតេយ្យខ្មែរដែលមានមូលដ្ឋាននៅប្រទេសអូស្ត្រាលី បានថ្លែងថា បើមើលទៅលើសសិទ្ធិសេរីភាពបញ្ចេញមតិរបស់ប្រជាពលរដ្ឋ គឺត្រូវបានការពារដោយច្បាប់រដ្ឋធម្មនុញ្ញ ដោយបើកទូលាយឱ្យប្រជាពលរដ្ឋមានភាពសកម្ម ទៅលើបញ្ហាជាតិបញ្ហារឿងនយោបាយ និងរឿងសង្គមជាដើម។ ក៏ប៉ុន្តែការបន្តចាប់ដាក់ពន្ធនាគារជាបន្តបន្ទាប់ទៅលើអ្នកបញ្ចេញមតិ របស់រដ្ឋាភិបាលលោកហ៊ុន ម៉ាណែត បច្ចុប្បន្ន គឺជាការដើរប្រាសចាកពីរដ្ឋធម្មនុញ្ញ និងច្បាប់អន្តរជាតិនានា ស្តីពី សិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ ទាំងដែលរដ្ឋាភិបាលកម្ពុជាបានផ្តល់សច្ចាប័នទៅលើច្បាប់ កក្តិការសញ្ញា និងអនុសញ្ញាទាំងនោះ។
លោកថា៖ «អ៊ីចឹងអ្វីៗទាំងអស់នេះ ខ្ញុំយល់ថា វាមិនមែនជាការគោរព និងអនុវត្តទៅតាមច្បាប់ទេ នាពេលកន្លងមក ក៏ដូចជាបច្ចុប្បន្ន គឺមេដឹកនាំក៏ដូចជាអាជ្ញាធរដែលមានសមត្ថកិច្ចរបស់កម្ពុជាហ្នឹង គឺអនុវត្តទៅតាមអារម្មណ៍ ទៅតាមបទបញ្ជា មិនមែនអនុវត្តទៅតាមច្បាប់នោះទេ ដូច្នេះហើយបានជាចេះតែប្រើប្រាស់វិធានការផ្លូវច្បាប់ ប្រើប្រាស់តុលាការជាឧបករណ៍ ជាអាវុធក្នុងការដាក់សម្ពាធ ក្នុងការគំរាមកំហែងចាប់ចងចោទប្រកាន់ ដែលផ្ទុយអំពីផ្លូវច្បាប់ដែលមានចែងជាធរមាននេះ។ អ៊ីចឹងអ្វីដែលជាផលប៉ះពាល់បញ្ហាដែលកំពុងកើតមានហើយបិទសិទ្ធិពលរដ្ឋមិនឱ្យមានការបញ្ចេញមតិវាជាអំពើផ្ទុយទៅហើយ ហើយទាំងអស់នោះ ក៏មិនអាចបិទសិទ្ធិសេរីភាពបានដែរ ពីព្រោះបញ្ហាទាំងអស់នោះ បានកើតឡើងជាការពិតនៅក្នុងសង្គមកម្ពុជា»។
ចំណែក លោក ម៉ែន ណាត ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ក៏បានថ្លែងដែរថា ក្នុងសម័យដឹកនាំដោយលោកហ៊ុន សែន និងលោកហ៊ុន ម៉ាណែត នាពេលបច្ចុប្បន្ន បានធ្វើឱ្យខ្មែរមានការឈឺចាប់ទុក្ខជាន់លើទុក្ខលើសពីទ្វេដង គឺឈឺចាប់ដោយសារសៀមឈ្លានពានទឹកដី ឈឺចាប់ដោយសារសៀមរាយបន្លាលួស ដាក់ទូរកុងតឺន័រព័ទ្ធយកផ្ទះសំបែង ឈូសបំផ្លាញផ្ទះ និងឈឺចាប់ដោយសារការបំបិទមាត់ ការចាប់ដាក់គុកតាមអំពើចិត្ត ពីសំណាក់អាជ្ញាធរ និងតុលាការដែលជាឧបករណ៍នយោបាយរបស់ លោកហ៊ុន សែន និងលោកហ៊ុន ម៉ាណែត ថែមទៀត។
អ្នកឃ្លាំមើលរូបនេះ លើកឡើងថា បច្ចុប្បន្នសៀមទន្ទ្រានឈ្លានពានទឹកដីខ្មែរស្ទើរាល់ថ្ងៃ តាមអំពើចិត្តនៅតាមព្រំដែន ជាពិសេសនៅតាមតំបន់ព្រះវិហារ និងតំបន់មុំបី។ ប៉ុន្តែមិនថាទាហានជួរមុខ អ្នកកាសែត ឬពលរដ្ឋនោះទេ គឺមិនហ៊ានថតបង្ហោះឡើយ ដោយសារខ្លាចរដ្ឋាភិបាលចាប់ដាក់គុក។ លោកលើកឡើងថា វីដេអូមួយចំនួនដែលសៀមថតហើយ ត្រូវបានលោកយកមកផ្សាយបន្ត ត្រូវបានពួកមន្ត្រីរដ្ឋាភិបាលមួយចំនួនចោទថា ពួកប្រឆាំងជួយផ្សាយពាណិជ្ជកម្មឱ្យសៀមទៅវិញ។
លោកថា៖ «ម៉េចទៅជាជួយផ្សាយពាណិជ្ជកម្មឱ្យសៀម? អាហ្នឹងមិនមែនជាពាណិជ្ជកម្មទេ អាហ្នឹងជាដីខ្មែរ សៀមកំពុងធ្វើលេណដ្ឋានលើដីខ្មែរ សៀមកំពុងអូសបន្លាលួសព័ទ្ធយកដីខ្មែរ សៀមកំពុងធ្វើសំណង់រឹងលើដីខ្មែរ សៀមកំពុងធ្វើរបងព្រំដែនលើដីខ្មែរ អត់មានខ្មែរឯណាជួយផ្សាយពាណិជ្ជឱ្យសៀមទេ គឺខ្មែរផ្សាយដំណឹងនឹងឱ្យបងប្អូនខ្មែរបានដឹងថា សៀមកំពុងឈ្លានពានខ្មែរ។ ដូច្នេះសូមបងប្អូនខ្មែរដែលជាមន្ត្រីងងឹតងងល់ឈប់យល់ខុស។ រឿងផ្សាយព័ត៌មានសៀមឈ្លានពានដីខ្មែរ គឺជារឿងដែលយើងគួរផ្សាយបំផុត អត់មានបិទបាំងទេ ហើយរដ្ឋាភិបាលលោកហ៊ុន ម៉ាណែត ក៏ឈប់យល់ខុសទៅ ត្រូវតែបើកលំហសេរីភាពព័ត៌មានហ្នឹង ឱ្យបានទូលំទូលាយ ផ្សាយឱ្យអន្តរជាតិបានដឹងឮ ទើបអាចជួយទប់ស្កាត់ការឈ្លានពានបានខ្លះ»។
អ្នកឃ្លាំមើលរូបនេះ បន្តថា ការគំរាមកំហែង ការចាប់អ្នកបញ្ចេញមតិដាក់គុកនេះ ធ្វើឱ្យប៉ះពាល់ធំណាស់សម្រាប់ប្រជាជាតិខ្មែរ គឺទឹកដីផ្ទះសំបែងពលរដ្ឋខ្មែរ ប្រាសាទបុរាណខ្មែរ និងទឹកដីនៅតាមព្រំដែនដែលសៀមប្លន់យកប្រមាណជា៧០ទីតាំង នឹងមិនអាចទាមទារត្រឡប់មកវិញបានទេ បើនៅតែបិទព័ត៌មាន និងមិនប្តឹងថៃទៅគ្រប់យន្តការច្បាប់អន្តរជាតិ។ ក្រៅពីនេះ ក៏ធ្វើឱ្យប៉ះពាល់ដល់ទឹកចិត្តរបស់ប្រជាជាតិខ្មែរដែលឈឺចាប់ ដោយសារការឈ្លានពានរបស់សៀមហើយ មកឈឺចាប់នឹងរដ្ឋាភិបាលខ្លួនឯងដែលចាប់ខ្មែរដាក់គុកយ៉ាងអយុត្តិធម៌ថែមទៀត។
លោកថា៖ «ហើយផលប៉ះពាល់មួយទៀត គឺប៉ះពាល់រដ្ឋាភិបាលកម្ពុជារិតត្បឹតសេរីភាពព័ត៌មាន រិតត្បិតសិទ្ធិសេរីភាពបញ្ចេញមតិ រិតត្បិតសិទ្ធិមនុស្ស បំផ្លាញប្រជាធិបតេយ្យ ដើរបញ្ច្រាសរដ្ឋធម្មនុញ្ញ ដឹកនាំធ្វើឱ្យសង្គមបែកបាក់ ធ្វើឱ្យសង្គមនឹងទន់ខ្សោយ ធ្វើឱ្យសង្គមនឹងប្រឈមហានិភ័យគ្រប់បែបយ៉ាង អាហ្នឹងជាការប៉ះពាល់ធំណាស់។ ដូច្នេះហើយដើម្បីស្តារផលប៉ះពាល់នេះឱ្យវាល្អប្រសើរមកវិញ ត្រូវតែដ្ឋាភិបាលលោកហ៊ុន សែន លោកហ៊ុន ម៉ាណែត ភ្ញាក់រឭក ពីមុនមានផលប៉ះពាល់កន្លែងណា ដោះស្រាយផលប៉ះពាល់នៅកន្លែងហ្នឹង សម្រួលនៅកន្លែងហ្នឹង ធ្វើឱ្យខ្មែររស់នៅសុខសាន្ត អាហ្នឹងទើបអាកសាងសង្គមមួយរីកលូតលាស់ទៅមុខបាន»។
បន្ថែមពីនេះ លោក ស៊ឹង សែនករុណា ជំរុញឱ្យរដ្ឋាភិបាលបើកទូលាយឱ្យប្រជាពលរដ្ឋ ធ្វើការបញ្ចេញមតិរិះគន់ ហើយមន្ត្រីជំនាញដែលមានសមត្ថកិច្ច ជាពិសេសលោកហ៊ុន ម៉ាណែត ត្រូវបញ្ឈប់នូវសកម្មភាពប្រើដៃតុលាការឱ្យធ្វើទុក្ខបុកម្នេញទៅលើប្រជាពលរដ្ឋ ហើយងាកមកដោះស្រាយបញ្ហាដែលប្រជាពលរដ្ឋបានលើកឡើង គឺលើកឡើងមួយដោះស្រាយជូនមួយ មិនមែនលើកឡើងមួយ ឬក៏ងើបមួយ ត្រូវវាយ មួយដូចទ្រឹស្តីរបស់លោកហ៊ុន សែន នោះទេ៕









