ក្រសួងធនធានទឹកនិងឧតុនិយម ឱ្យប្រុងប្រយ័ត្នឥទ្ធិពលខ្យល់ពីសមុទ្រចិនខាងត្បូង ពិសេសអ្នកធ្វើដំណើរតាមផ្លូវទឹក ដោយបញ្ជាក់ថា ឥទ្ធិពលនេះ នឹងបង្កឱ្យកម្ពុជាមានភ្លៀងផ្គររន្ទះ និងខ្យល់កន្ត្រាក់ ទាំងនៅតំបន់វាលទំនាប ខ្ពង់រាប និងមាត់សមុទ្រ ដែលរលកសមុទ្រមានកម្ពស់រហូតជិតដល់ ២ម៉ែត្រ។
ក្រសួងបាននិយាយក្នុងសេចក្តីជូនដំណឹង ចុះថ្ងៃទី៣ខែកក្កដានេះថា អាកាសធាតុប្រែប្រួលនៅក្នុងប្រទេសកម្ពុជា ដែលព្យុះទី១០ ឈ្មោះ ម៉ៃស័ក (ម៉ៃសាក់) បង្កជាសម្ពាធទាប កើតមាននៅលើមហាសមុទ្រប៉ាស៊ីហ្វិកខាងលិច ហើយមានឥទ្ធិពលលើរបបខ្យល់មូសុងនិរតី ដែលបក់លើឈូងសមុទ្រមួយចំនួន រួមទាំងសមុទ្រចិនខាងត្បូង។
ស្ថានភាពបែបនេះ នឹងធ្វើឱ្យធាតុអាកាស ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៦ តំបន់វាលទំនាប មានខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង សៀមរាប កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង កណ្តាល តាកែវ ស្វាយរៀង និងរាជធានីភ្នំពេញ អាចមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះគ្របដណ្តប់លើផ្ទៃដី ៥០%។
តំបន់ខ្ពង់រាប មានខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ជួរភ្នំដងរែក និងតំបន់ជួរភ្នំក្រវាញ អាចមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះគ្របដណ្តប់លើផ្ទៃដី ៦០%។
ដោយឡែក នៅតំបន់មាត់សមុទ្រ ដូចជា ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះគ្របដណ្តប់លើផ្ទៃដី ៧០%។
ក្រសួងថា រលកសមុទ្របោកបក់ខ្លាំង មានកម្ពស់មធ្យមពី ០,៥០ម៉ែត្រ ទៅ ១,៧៥ម៉ែត្រ ដែលបញ្ហានេះសាធារណជនមេត្តាប្រុងប្រយ័ត្នខ្ពស់ ចំពោះបាតុភូតភ្លៀង ផ្គររន្ទះ និងខ្យល់កន្ត្រាក់ ជាពិសេសបងប្អូនដែលធ្វើដំណើរតាមផ្លូវទឹក។ ហើយថា ក្រសួងនឹងបន្តធ្វើការតាមដាន និងវិភាគអំពីស្ថានភាពធាតុអាកាសដើម្បីជម្រាបជូនជាបន្តបន្ទាប់ក្នុងករណីមានការប្រែប្រួល៕









