ការ​តស៊ូ​មតិ​ជិត​​៥ឆ្នាំ​​ដើម្បី​សិទ្ធិ​ការ​ងារ​កូដ​ករ​​ណា​ហ្គា​វើលដ៍​បែរ​​ជា​រង​ការ​ចោទ​ជា​ជន​ល្មើស

វិវាទ​ការ​ងារ​ដ៏​រ៉ាំរ៉ៃ​រវាង​ក្រុម​កូដ​ករ​ សហជីព និង​ក្រុម​ហ៊ុន​ណាហ្គា​វើលដ៍ (NAGA WORLD) បាន​ឈាន​មក​ដល់​របត់​ថ្មី​មួយ​ទៀត​ នៅ​ពាក់​កណ្តាល​ឆ្នាំ​២០២៦​នេះ។ គិតត្រឹមថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦ នេះ ការតស៊ូម​តិ​ដោយ​សន្តិ​វិធី​របស់​ក្រុម​កូដ​ករ បាន​អូស​បន្លាយ​​អស់​​រយៈ​ពេល​យ៉ាង​យូរ​រហូត​ដល់​ទៅ ៤ឆ្នាំ​៦ខែ និង ១៩​ថ្ងៃ (សរុប ១៦៦៣ ថ្ងៃ) មក​ហើយ។

ផ្ទុយពីការទទួលបានយន្តការដោះស្រាយបញ្ចប់វិវាទ ក្រុម​កូដ​ករ​ជា​ច្រើន​នាក់​ បែរ​ជា​ត្រូវ​ប្រឈម​​មុខ​​នឹង​ការ​សើរើ​សំណុំ​រឿង​ក្តី​ចាស់​តាំង​ពី​ឆ្នាំ​២០២២ យក​មក​ជម្រះ​ឡើង​វិញ​នៅ​ក្នុង​តុលាការ បង្ក​ឱ្យ​មាន​ការ​ជជែក​ដេញ​​ដោល​ជុំវិញ​ទិដ្ឋ​ភាព​ច្បាប់​ការ​ងារ និង​នីតិ​វិធី​តុលាការ។

ជុំវិញចំណាត់ការផ្លូវច្បាប់ចុងក្រោយនេះ អ្នកនាង ម៉ម សុវឌ្ឍិន ដែល​ជា​កូដករ​ម្នាក់​ក្នុង​ចំណោម​​អ្នក​រង​ការ​ចោទ​ប្រកាន់ បាន​ឱ្យ​ដឹង​ថា ក្នុង​ចំណោម​កូដករ​ដែល​ត្រូវ​បាន​ក្រុម​ហ៊ុន​ប្ដឹង​ទាំង ១៨ គឺ​មាន​កូដករ​ចំនួន​ ១០ នាក់​ហើយ ដែល​ត្រូវ​បាន​តុលាការ​ធ្វើ​ការ​កោះ​ហៅ​ឱ្យ​ចូល​ខ្លួន​បំភ្លឺ​ឡើង​វិញ នូវ​សំណុំ​រឿង​តាំង​ពី​ឆ្នាំ​ ២០២២។ តំណាង​កូដ​ករ​រូប​នេះ បញ្ជាក់​ថា ភាគី​ក្រុម​ហ៊ុន​បាន​រំលោភ​បំពាន​យ៉ាង​ធ្ងន់​ធ្ងរ លើ​ច្បាប់​របស់​កម្ពុជា ទាំង​ច្បាប់​ជាតិ និង​ច្បាប់​អន្តរ​ជាតិ។

អ្នកនាង ម៉ម សុវឌ្ឍិន និយាយថា៖«សម្រាប់​បង​ៗ​យល់​ថា ក្រុម​ហ៊ុន​គាត់​ផ្គើនៗ ច្បាប់​ស្រុក​ខ្មែរ ដោយ​សារ​គាត់​បាន​រំលោភ​ច្បាប់​ស្រុក​ខ្មែរ ទាំង​ច្បាប់​ជាតិ និង​ច្បាប់​អន្តរ​ជាតិ។ បើ​និយាយ​ពី​ច្បាប់​ខ្មែរ​វិញ គាត់​រំលោភ​ច្រើន​មាត្រា​មែន​ទែន មាន​មាត្រា​២៧៩, មាត្រា​១២, មាត្រា៣៣៣, ច្បាប់​ស្តី​ពី​ការ​ធ្វើ​កូដ​កម្ម និង​អនុ​សញ្ញា​ស្នូល​របស់​អង្គ​ការ​ពលកម្ម​អន្តរ​ជាតិ (ILO) គឺ​ស៊ី​៨៧ និង​ស៊ី​៨៨ អីហ្នឹង»

អ្នកនាង ម៉ម សុវឌ្ឍិន បន្តថា ក្រុមកូដករគ្មានជម្រើសអ្វីក្រៅពីការ​បន្ត​សកម្ម​ភាព​តវ៉ា​ តាម​លទ្ធ​ភាព​នោះ​ឡើយ។ ជាមួយ​គ្នា​នេះ អ្នក​នាង​បាន​អំពាវ​នាវ​ដល់​ភាគី​ពាក់​ព័ន្ធ ជា​ពិសេស​ក្រសួង​ការ​ងារ និង​ប្រមុខ​រាជ​រដ្ឋាភិ​បាល ឱ្យ​ជួយ​អន្តរា​គមន៍​ដោះ​ស្រាយ ព្រោះ​វា​ជា​ទំនួល​ខុស​ត្រូវ​របស់​អ្នក​គ្រប់​គ្រង​ប្រទេស​ដែល​កម្មករ​ផ្ញើ​ក្តី​សង្ឃឹម និង​ទំនុក​ចិត្ត។

ផ្អែកលើដីកាកោះហៅ ក្រុមកូដករទាំង ១០ នាក់ ត្រូវបានបង្គាប់ឱ្យចូលខ្លួនបំភ្លឺនៅ​តុលាការ​បន្ត​បន្ទាប់​ពី​នៅ​ចុង​ខែមិ​ថុនា ឆ្នាំ​២០២៦​នេះ ក្រោម​បទ​ចោទ​ប្រកាន់​ពាក់​ព័ន្ធ​នឹង​សំណុំ​រឿង​ចាស់​ពី​បទ​រំលោភ​​​លើ​លំ​​នៅ​ដ្ឋាន។ ក្រៅ​ពីសំ​ណុំ​រឿង​នេះ ថ្នាក់​ដឹក​នាំ​សហជីព កញ្ញា ឈឹម ស៊ីថរ ក៏ធ្លាប់​ត្រូវ​បាន​កាត់​ទោស​ឱ្យ​អនុ​វត្ត​ទោស​ជាប់​ពន្ធនា​គារ​រយៈ​ពេល ២ ឆ្នាំ​រួច​មក​ដែរ។

ប្រធានសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៍ (LRSU) កញ្ញា ឈឹម ស៊ីថរ បាន​បង្ហាញ​​ជំហរ និង​ការ​យល់​ឃើញ​ជុំវិញ​ទិស​ដៅទៅ​មុខ​នៃ​វិវាទ​ការ​ងារ​ដ៏​រ៉ាំរ៉ៃ ក៏​ដូច​ជា​សម្ពាធ​ផ្លូវ​ច្បាប់​ចុង​ក្រោយ​នេះ។ កញ្ញា​លើក​ឡើង​ថា វិវាទ​ការ​ងារ​កាល​ពី​ឆ្នាំ​២០២១ នៅ​ក្រុម​ហ៊ុន​ណាហ្គា​វើលដ៍ មិន​មែន​ជា​ការ​កាត់​បន្ថយ​​បុគ្គលិក​ដោយ​សារ​វិបត្តិ​កូវីដ-១៩ ធម្មតា​នោះ​ទេ ប៉ុន្តែ​ជា​ចេតនា​ពិត​ប្រាកដ​របស់​ក្រុម​ហ៊ុន​ ក្នុង​ការ​រំលាយ​សហជីព​ចោល​ បន្ទា​ប់​ពី​ថៅកែ​បាន​ឃើញ​ពី​ឥទ្ធិ​ពល និង​សំឡេង​របស់​សហជីព​ ក្នុង​ការ​ទាម​ទារ​ប្រាក់​ឈ្នួល​សម​រម្យ​ជូន​កម្មករ។

កញ្ញាថា មូលហេតុដែលកម្មករមិនទៅរកការងារថ្មីនៅកន្លែងផ្សេង ព្រោះបើ​សិន​ជា​រដ្ឋ​បណ្តោយ​ឱ្យ​ថៅកែ​មិ​ន​គោរ​ព​ច្បាប់ នោះ​កម្មក​រ​ទៅ​ធ្វើ​ការ​ងារ​នៅ​ទី​ណា ក៏​នៅ​តែរ​ង​ការ​រើស​អើង និង​ការ​រំលោភ​បំពាន​សិទ្ធិ​ការ​ងារ​ដដែល ហេតុ​នេះ​កម្មករ​តស៊ូ​ទាម​ទារ​ឱ្យ​មាន​ការ​គោរព​ច្បាប់​។

កញ្ញា ឈឹម ស៊ីថរ ថ្លែង​ថា៖«អ៊ីចឹងសំណួរសួរថា នៅពេលដែលភាគីថៅ​កែមិ​ន​គោរព​ច្បាប់ កម្ម​ករ​តវ៉ា​ឱ្យ​ក្រុម​ហ៊ុន​គោរព​ច្បាប់ ហេតុ​អី​បាន​យើង​ត្រូវ​សួរ​ថា​មិន​ព្រម​ទៅ​ធ្វើការ​កន្លែង​ផ្សេង​ទៅ?​ម៉េច​ក៏​នៅ​តែ​ចង់ធ្វើការកន្លែងហ្នឹង? ហេតុអី​បាន​​យើង​មិន​សួរ​ថា ហេតុ​អី​ថៅ​កែ​មិន​ព្រម​គោរព​ច្បាប់ ទទួល​ពួក​គាត់​ចូល​ធ្វើការ​វិញ​ទៅ? [ …] បើសិ​ន​ជា​គ្រប់​ថៅកែ​ទាំង​អស់​អត់​បាច់​គោរព​ច្បាប់ ទៅ​ធ្វើ​ការ​ងារ​កន្លែង​ផ្សេង​ក៏​ទទួល​រង​ការ​រើស​អើង ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ និង​ការ​រំលោភ​បំពាន​សិទ្ធិ​ការ​ងារ​ដដែល​ដូច​គ្នា​ទេ»

កញ្ញា​បន្ថែម​ថា ប្រសិន​បើ​រដ្ឋាភិ​បាល​នៅ​តែ​មិន​អាច​ដោះ​ស្រាយ​វិវាទ​ការ​ងារ​មួយ​នេះ​ឱ្យ​បាន​ត្រឹម​ត្រូវ​តាម​ច្បាប់​ទេ វា​នឹង​ធ្វើ​ឱ្យ​កម្ពុជា​បាត់​បង់​ប្រព័ន្ធ​អនុ​គ្រោះ​ពន្ធ និង​ការ​វិនិយោគ​ពី​បរទេស​ ដែល​នាំ​ឱ្យ​ប្រទេស​ជាតិ​ធ្លាក់​ក្នុង​វិបត្តិ​អត់​​ការ​​ងារ​ធ្វើ​កាន់​តែ​ធ្ងន់​ធ្ងរ។ លើស​ពី​នេះ​ កម្ពុជានឹង​មិន​អាច​លាង​ខ្លួន​ស្អាត​ចេញ​ពី​បញ្ជី​ខ្មៅ​នៃ​ការ​រំលោភ​សិទ្ធិ​ការ​ងារ​ធ្ងន់​ធ្ងរ និង​ការ​រ​ក​ឃើញ​របស់​សហគមន៍​អន្តរ​ជាតិ​បាន​ឡើយ បើ​សិន​ជា​វិវាទ​មួយ​នេះ​នៅ​តែ​មិន​មាន​ដំណោះ​ស្រាយ​ពិត​ប្រាកដ។

កញ្ញា ឈឹម ស៊ីថរ បញ្ជាក់ថា៖ «កម្មករយើងអត់មានចង់​បានអីទេ គឺ​យើង​ចង់​អំពាវ​នាវ​ឲ្យ​រដ្ឋាភិ​បាល​ដោះ​ស្រាយ​រឿង​​វិវាទ​ណាហ្គា​វើលដ៍​ហ្នឹង​មួយ​ឲ្យ​បាន បើ​សិន​ជា​មិន​អាច​ដោះ​ស្រាយ​វិវាទ​ហ្នឹង​បាន​ទេ យើង​មិន​អាច​លាង​ខ្លួន​យើង​​ចេញ​​ពី​ប្រទេស​ ដែល​ជាប់​ឈ្មោះ​នៅ​​​ក្នុង​ការ​រំលោភ​សិទ្ធិ​ការ​ងារ​ធ្ងន់​ធ្ងរ ហើយ​និង​ការ​រក​ឃើញ​របស់​សភា​ពាណិជ្ជ​កម្ម​​អាមេរិក ពាក់​ព័ន្ធ​ជា​មួយ​ការ​ងារ​ដោយ​បង្ខំ​ហ្នឹង​ទេ»។

វិវាទការងារដ៏រ៉ាំរ៉ៃនៅក្រុមហ៊ុនកាស៊ីណូណាហ្គាវើលដ៍ បាន​ផ្ទុះ​ឡើង​ដំបូង​កាល​ពី​អំឡុង​ចុង​ឆ្នាំ​២០២១ នៅ​​ពេល​ដែល​ក្រុម​ហ៊ុន​បាន​ប្រកាស​កាត់​បន្ថយ​បុគ្គ​លិក​ទ្រង់​ទ្រាយ​ធំ​ជាង ១៣០០ នាក់ ក្រោម​​ហេ​តុ​ផ​ល​​រង​​ផល​​ប៉ះ​ពាល់​ផ្នែក​សេដ្ឋ​កិច្ច​ពី​វិបត្តិ​ជំងឺ​កូវីដ-១៩។

ភ្លាមៗនោះ ភាគីសហជីពតំណាងកម្មករនិយោជិតនៃក្រុមហ៊ុន​ណាហ្គា​វើលដ៍ (LRSU) បាន​ជំ​ទា​ស់​​នឹង​​ចំ​ណា​ត់​ការ​នេះ ដោយ​សំអាង​ថា ការ​បញ្ឈប់​នោះ​មាន​ភាព​មិន​ប្រក្រតី​ និង​ដៅ​ចំៗ​ទៅ​លើ​ថ្នាក់​ដឹក​នាំ និង​សកម្ម​ជន​សហជីព ដែល​នាំ​ឱ្យ​មាន​ការ​ចោទ​ប្រកាន់​ថា​ជា​ «ការ​រើស​អើង​សហជីព»។

ក្រុមបុគ្គលិកបាននាំគ្នាធ្វើកូដកម្មអហិង្សា​នៅ​មុខ​ក្រុម​ហ៊ុន​ល្បែង​មួយ​នេះ រហូត​មក​ដល់​ពេល​បច្ចុប្បន្ន។ ប៉ុន្តែ​​ស្ថា​ន​ភាព​កាន់​តែ​អាក្រក់​ទៅៗ ក្នុង​ពេល​ពួក​គេ​ទាម​ទារ​សិទ្ធិ​ និង​ភាព​ស្រប​ច្បាប់​របស់​ខ្លួន។ មិន​ត្រឹម​​​តែ​មិន​ទទួល​បាន​ដំណោះ​ស្រាយ​សមរម្យ​ពី​ក្រសួង​ការ​ងារ​ ក៏​ដូច​ជា​រាជ​រដ្ឋាភិ​បាល អំឡុង​​ពេល​នៃ​​​ការ​ធ្វើ​កូដ​កម្ម ក្រុម​កូដករ​ដែល​ភាគ​ច្រើន​សុទ្ធ​សឹង​ជា​ស្ត្រី ​តែង​តែ​រង​នូវ​ការបង្ក្រាប​​ដោយ​អំពើ​ហិង្សា​ និង​ការ​បៀត​បៀន​ពី​សំណាក់​កង​កម្លាំង​អាជ្ញាធរ​មាន​សមត្ថ​កិច្ច​ ដែល​បណ្តាល​ឲ្យ​កូដ​​ក​រ​ជា​ច្រើន​​នាក់​ បាន​​រ​ង​របួស​ស្នាម​លើ​រាង​កាយ​ ព្រម​ទាំង​ធ្វើ​ឲ្យ​កូដ​ករ​ស្រ្តី​ម្នាក់​រលូត​កូន ដោយ​សារ​​ការ​រុញ​ច្រា​​ន​ដ៏​ហិង្សា​​ពី​កង​​កម្លាំង​​របស់​អាជ្ញា​ធរ​ នៅ​ពេល​ដែល​បង្ខំ​ឱ្យ​កូដ​ករ​ចូ​​លឡាន​ក្រុង​របស់​រដ្ឋ ដើម្បី​​ដឹក​យក​ទៅ​ចាក់​ចោល​​​នៅ​​ជា​យ​​ក្រុង។​

មុនពេលរឿងក្តីឈានដល់ប្រព័ន្ធតុលាការ វិវាទការងារដ៏ធំធេងនេះ ធ្លាប់​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​​យន្ត​ការ​​​ដោះ​​ស្រា​យ​វិវាទ​​ការងារ​រួម គឺ​ក្រុម​ប្រឹក្សា​អាជ្ញា​កណ្តាល (Arbitration Council) និង​ឈាន​ដល់​​ការ​សម្រេច​​មួយ ប៉ុន្តែ​ភាគី​ក្រុម​ហ៊ុន​មិន​ទទួល​យក និង​អនុ​វត្ត​តាម​ឡើយ​ ដែល​នាំ​ឱ្យ​ក្រុម​​កូដករ​ចាប់​ផ្តើ​​ម​ធ្វើ​​កូ​ដ​ក​ម្ម​អូស​​បន្លាយ​​រហូត​មក​ដល់​បច្ចុប្បន្ន។

វីអូឌី បាន​ស្វែង​រក​ការ​អត្ថា​ធិប្បាយ​បន្ថែម ពី​អ្នក​នាំ​ពាក្យ​ក្រសួង​ការ​ងារ​ និង​បណ្ដុះ​បណ្ដាល​វិជ្ជា​ជីវៈ លោក ស៊ុន មេសា នៅ​ថ្ងៃ​ទី​៦ ខែ​កក្កដា ប៉ុន្តែ​លោក​ពុំ​ឆ្លើយ​តប។

ទាក់ទិនរឿងនេះ មន្ត្រីកម្មវិធីការងារនៃមជ្ឈមណ្ឌលសម្ព័ន្ធ​ភាពកា​រ​ងារ និង​សិទ្ធិ​មនុស្ស ហៅ​កាត់​ថា​សង់​ត្រាល់ លោក ឃុន ថារ៉ូ លើក​ឡើង​ថា យន្ត​ការ​ចម្បង​ក្នុង​ការ​បញ្ចប់​វិវាទ​ការ​ងារ​ដ៏​រ៉ាំរ៉ៃ​នេះ គឺ​ស្ថិត​នៅ​លើ​អាជ្ញាធរ​រដ្ឋ និង​ក្រសួង​ការ​ងារ ក្នុង​ការ​ស្វែង​រក​ដំណោះ​ស្រាយ​សម្រុះ​សម្រួល​មួយ​ ដែល​ភាគីទាំ​ង​សង​ខាង​អាច​ទទួល​យក​បាន។ លោក​ថា នេះ​ជា​ឱកាស​ល្អ​ដែល​រដ្ឋ​គួរ​ពិនិត្យ​លទ្ធ​ភាព​ជំរុញ​ឱ្យ​មាន​ការ​ទម្លាក់​ចោល​នូវ​រាល់​បទ​ប្រកាន់​ទាំង​ឡាយ​ប្រឆាំង​នឹង​ថ្នាក់​ដឹក​នាំ និង​សកម្ម​ជន​សហជីព ដើម្បី​បង្ហាញ​ពី​ឆន្ទៈ​ពិត​ប្រាកដ​ក្នុង​ការ​ស្តារ និង​លើក​កម្ពស់​សេរី​ភាព​សហជីព​នៅ​កម្ពុជា។

លោកមានប្រសាសន៍ថា៖ «យើងយល់ឃើញថា ជាពេលវេលាសមរម្យមួយ​សម្រាប់​តួ​អង្គ​រដ្ឋ ពិនិត្យ​ពិចារណា​ជំរុ​ញ​ឱ្យ​មាន​នូវ​ការ​ទម្លាក់​ចោល​នូវ​បទ​​ទាំង​ឡាយ​ទាំង​ពួង​ ប្រឆាំង​ទៅ​នឹង​ថ្នាក់​ដឹក​នាំ​សហជីព និង​សកម្ម​ជន​សហជីព​នៅ​ក្រុម​ហ៊ុន​ណាហ្គា​​វើលដ៍​ […] ចង់​មិន​ចង់ នា​ពេល​បច្ចុប្បន្ន​នេះសូ​ម្បី​តែ​សហរដ្ឋ​អាមេ​រិក សហភាព​អឺរ៉ុប​​ជា​ដើម ក៏​កំពុង​តែ​តាម​ដាន​ត្រួត​ពិនិត្យ​ទៅ​លើ​បញ្ហា​នៃ​ការ​អនុ​វត្ត​សិទ្ធិ​សេរីភាព​ផ្នែក​សហជីព ដែល​ជា​ផ្នែក​មួយ​នៃកា​តាព្វ​កិច្ច ក្នុង​កិច្ច​ព្រម​ព្រាង​ពាណិជ្ជ​កម្ម​ ក៏​ដូ​ច​ជា​ការ​អនុ​លោម​ទៅ​តាម​គោល​ការណ៍ យន្ត​ការ​របស់​សហភាព​អឺរ៉ុប​ពាក់​ព័ន្ធ​ទៅនឹ​ង​ការ​លើក​កម្ពស់​សិទ្ធ​ការ​ងារ​ដែរ»។

កិច្ចព្រមព្រៀងពាណិជ្ជកម្ម រវាងកម្ពុជាជាមួយសហរដ្ឋអាមេរិកនៅចុងឆ្នាំ២០២៥ បាន​បញ្ជាក់​យ៉ាង​ច្បាស់​​អំ​ពី​លក្ខ​ខណ្ឌ​ក្នុង​ការ​គោរព​សិទ្ធិ​ការ​ងារ ព្រម​ទាំង​ដោះ​ស្រាយ​ករណី​រំ​លោភ​សិទ្ធិ​ការ​ងារ​កន្លង​មក​ដែ​​ល​មិន​​ទាន់​​បាន​​ដោះ​ស្រាយ។ ចំណែក​ឯស​ហគមន៍​អឺរ៉ុប​ ក៏​នៅ​តែ​បន្ត​ការ​អនុះ​គ្រោះ​ពន្ធ​នាំ​ចូល​ដល់​កម្ពុជា តាម​រយៈ​ប្រព័ន្ធ​អនុ​គ្រោះ​ពន្ធ​(EBA) ទោះ​បី​ជា​សហគមន៍​នេះ​បាន​ដាក់​ពន្ធ ២០% ដោយ​មូ​ល​​ហេ​តុ​​នៃ​​ការ​បន្ត​រំលោភ​សិទិ្ធ​មនុស្ស សិទិ្ធ​ការ​ងារ​ ដោយ​រាជ​រដ្ឋាភិ​បាល​កម្ពុជា​ក៏​ដោយ ។

បើតាមសេចក្ដីថ្លែងការណ៍រួមគ្នានៅខែមករា ឆ្នាំ២០២៦ អង្គការ​សង្គម​ស៊ីវិល​នៅ​កម្ពុជា​ យល់​ឃើញ​ថា ការ​​បន្ត​​អូស​បន្លាយ ដោយ​មិន​ដោះ​ស្រាយ​វិវាទ​មួយ​នេះ​ នឹង​ប៉ះ​ពាល់​ដល់​មុខ​មាត់​កម្ពុជា ក៏​ដូច​​​ជា​ការ​​វិនិ​យោ​គ​​នា​នា​​​ពី​ប្រទេស​ដែល​គោរព​សិទ្ធិ​មនុស្ស និង​លទ្ធិ​ប្រជា​ធិប​តេយ្យ ​ដូច​ជា​សហរដ្ឋ​អាមេ​រិក និង​ស​ហគ​មន៍​​អឺរ៉ុប​ ។

ជុំវិញវិវាទការងារបុគ្គលិកជាមួយក្រុមហ៊ុនណាហ្គាវើលដ៍នេះដែរ គណៈកម្មការផ្នែក​សេរី​ភាព​សហជីព​នៃ​អង្គ​ការ​អន្តរ​ជាតិ​ខាង​ការ​ងារ (ILO) ធ្លាប់​បាន​ចេញ​អនុ​សាសន៍​រហូត​ដល់​ទៅ ៤ ដង រួម​ផ្សំ​ជាមួយ​នឹង​ការ​ទាម​ទារ​ពី​ក្រុម​ប្រឹក្សា​សិទ្ធិ​​មនុស្ស​ប្រចាំ​អង្គ​ការ​សហ​ប្រជា​ជាតិ (UN) និង​រដ្ឋាភិ​បាល​នៃ​ប្រទេស​ប្រជា​ធិប​តេយ្យ​នានា ដោយ​បាន​ដាស់​តឿន​ឱ្យ​​អាជ្ញាធរ​​កម្ពុជា​ទម្លាក់​ចោល​រាល់​បទ​ចោទ​ប្រកាន់​ប្រឆាំង​នឹង​ថ្នាក់​ដឹក​នាំ​សហជីព ព្រម​ទាំង​ជំរុញ​ឱ្យ​មាន​ការ​គោរព​​សិទ្ធិ​សេរី​ភាព​សហជីព ស្រប​តាម​អនុ​សញ្ញា​ស្នូល​ដែល​កម្ពុជា​បាន​ផ្តល់​សច្ចា​ប័ន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ