អ្នករងគ្រោះនៅក្រុមហ៊ុន ហួយវ័ន ទាំងជនបរទេស និងជនជាតិខ្មែរប្រមាណជិត ១០០នាក់ បន្តការប្រមូលផ្តុំតវ៉ានៅមុខស្ថានទូតចិន និងក្រសួងយុត្តិធម៌ នៅថ្ងៃចន្ទនេះ ដើម្បីជំរុញឱ្យមានដំណោះស្រាយបញ្ហាបង្កកលុយរបស់ពួកគេ ក្រោយក្រុមហ៊ុនបិទដំណើរការដកប្រាក់ទាំងស្រុង ហើយលោក ហ៊ុន តូ ដោះខ្លួនថាមិនជាប់ពាក់ព័ន្ធ។
អំឡុងពេលប្រមូលផ្តុំតវ៉ានោះ គេសង្កេតឃើញអ្នករងគ្រោះនៅក្រុមហ៊ុនហួយវ័ន ដែលភាពច្រើនជាជនជាតិចិន បានផ្តិតមេដៃលើញត្តិ និងភ្ជាប់ជាមួយឯកសារមួយចំនួន ដាក់ទៅកាន់ក្រសួងយុត្តិធម៌ ខណៈអ្នករងគ្រោះខ្លះទៀត ប្រមូលផ្តុំស្រែកតវ៉ា និងកាន់បដាជាអក្សរទាំងភាសាចិន និងភាសាខ្មែរ ទង់ជាតិចិន និងរូបថតរបស់លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា រូបថតសហប្រធានក្រុមហ៊ុនហួយវ័ន លោក ហ៊ុន តូ និងរូបថតរបស់លោកស្រី ជា សិរី អគ្គទេសាភិបាលនៃធនាគារជាតិនៃកម្ពុជា ជាដើម នៅមុខស្ថានទូតចិនប្រចាំនៅកម្ពុជា។
បដាទាំងនោះមានសរសេរអក្សរដូចជា «សងលុយញើសឈាមយើងវិញ», «ហ៊ុន តូ សងលុយ», «តើលោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត អាចមានភាពក្លាហានក្នុងការស្វែងរកជំនួយពីប្រទេសចិនដោយរបៀបណា នៅពេលដែលពួកគេមិនបានប្រគល់ប្រាក់របស់អ្នកប្រើប្រាស់ Huione H-Pay ជនជាតិចិនវិញ?», « Huione/H-Pay សូមសងប្រាក់ភ្លាមៗ! កេរ្តិ៍ឈ្មោះកម្ពុជាបាត់បង់ដោយសារអ្នក!» និង «ការដឹកនាំបែបកូនក្មេងធ្វើឱ្យប៉ះពាល់មុខមាត់ជាតិ ប៉ះពាល់ធនធានមនុស្ស…» ជាដើម។
អ្នករងគ្រោះដែលអះអាងថាជាប់លុយនៅក្នុងក្រុមហ៊ុនហួយវ័នចំនួន ៣៦០០០ដុល្លារ ថ្លែងក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះថា ការដែលពួកគាត់បន្តទៅដាក់ញត្តិនៅក្រសួងយុត្តិធម៌ និងស្ថានទូតចិនប្រចាំនៅកម្ពុជា នៅថ្ងៃទី០៦ខែកក្កដានេះ គឺដើម្បីស្នើទៅរដ្ឋាភិបាលកម្ពុជា ជួយដោះស្រាយធ្វើយ៉ាងណាឱ្យក្រុមហ៊ុនហួយវ័ន សងលុយត្រឡប់ទៅពួកគាត់វិញឱ្យបានឆាប់ ដោយសារលុយនោះជាកម្លាំងញើសឈាមរបស់គាត់ ខណៈបច្ចុប្បន្នគាត់កំពុងជួបការលំបាកក្នុងជីវភាពរស់នៅ។
ស្ត្រីរងគ្រោះរូបនោះ និយាយថា៖ «អត់មានចំណូលទេឥលូវលក់ក៏អត់ដាច់ ហើយលុយជាប់ក្នុងនោះទៀត ម៉ូយវាលែងមានទៀត ចិនក៏ទៅផ្ទះអស់ទៀត ដល់ពេលចឹងយើងរំពឹងតែលុយហ្នឹងមកចិញ្ចឹមកូន ប្រើលុយចាស់ប្រើជិតអស់ហើយឥលូវ ចង់រកពុទ្ធោ! លូវមកសុំថាដើម្បីមានសង្ឃឹមដោះស្រាយហ្នឹងឱ្យប្រជាពលរដ្ឋស្លូតត្រង់ដូចពួកខ្ញុំមក ពួកខ្ញុំបានលុយហ្នឹងទៅចិញ្ចឹមកូនចិញ្ចឹមចៅទៅមុខទៀតចឹងណា ថារដ្ឋាភិបាល ឬក៏អ្នកមានសមត្ថកិច្ចដោះស្រាយរឿងហ្នឹង ទាំងចិនទាំងខ្មែរ គ្នាសុទ្ធតែរកស៊ីស្លូតត្រង់ ហើយបានបានលុយហ្នឹងមក»។
បើតាមអ្នករងគ្រោះរូបនេះ គាត់ក៏បានលឺពីជនរងគ្រោះជាជនជាតិចិនមួយចំនួន រអ៊ូរទាំពីការគ្មានប្រាក់ធ្វើដំណើរត្រឡប់ទៅប្រទេសកំណើតវិញ ខណៈអ្នកខ្លះអត់លុយជួលផ្ទះ សំរាកតាមចិញ្ចើមផ្លូវ និងអ្នកខ្លះទៀតបានដើរសុំទានគេជាដើម។
ពលរដ្ឋរងគ្រោះម្នាក់ទៀតដែលសុំលាក់ឈ្មោះដែរ បានឱ្យដឹងថា ពួកគាត់រងចាំដំណោះស្រាយតាំងពីខែមេសា ប៉ុន្តែមកដល់ខែកក្កដានេះ នៅពុំទាន់ទទួលដំណឹងណាមួយនៅឡើយ ដែលការណ៍នេះ ធ្វើឱ្យពួកគាត់នៅបន្តការតវ៉ាទទូចស្នើសុំឱ្យរដ្ឋាភិបាល និងក្រសួងស្ថាប័នពាក់ព័ន្ធ ជួយអន្តរាគមន៍ជំរុញឱ្យក្រុមហ៊ុនដោះស្រាយប្រគល់លុយសងពួកគាត់វិញឆាប់ៗ។
ពលរដ្ឋរងគ្រោះរូបនោះនិយាយថា៖ «ខ្ញុំមានតែស្នើសុំឱ្យរាជរដ្ឋាភិបាលនិងក្រសួងពាក់ព័ន្ធនានាគឺជួយដោះស្រាយ ខាងធនាគារហួយវ័នហ្នឹង ដើម្បី Pay[សង]លុយ ឱ្យពួកខ្ញុំដែលជាជនរងគ្រោះវិញតែប៉ុណ្ណឹង»។
កន្លងមក ជនជាតិចិនជាអ្នករងគ្រោះដោយសារក្រុមហ៊ុនហួយវ័ន ដែលថ្លែងលាក់ឈ្មោះដែរ ធ្លាប់បានលើកឡើងថា បញ្ហាដែលបង្កឡើងដោយក្រុមហ៊ុន ហួយវ័ន ដែលមានលោក ហ៊ុន តូ ជាសហប្រធាន បានធ្វើឱ្យលោកជាប់បំណុលយ៉ាងច្រើនមិនអាចដោះស្រាយបាន។ លោកបន្តថា ទោះបីជាលោកមិនទាន់ទទួលបានប្រាក់ពីធនាគារវិញក៏ដោយ ក៏លោកចាំបាច់ត្រូវតែបើកប្រាក់ខែឲ្យបុគ្គលិកកម្ពុជារបស់លោកដែរ បើពុំនោះទេ បុគ្គលិកទាំងនោះ នឹងត្រូវគ្មានការងារធ្វើ។
វីអូឌី មិនអាចសុំការឆ្លើយតបនឹងបញ្ហានេះ ពីអ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក សេង ឌីណា និងតំណាងស្ថានទូតចិនប្រចាំនៅកម្ពុជា បានទេ នៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៦នេះ។
យ៉ាងណា អគ្គទេសាភិបាលនៃធនាគារជាតិនៃកម្ពុជា លោកស្រី ជា សិរី ធ្លាប់បានរុញឱ្យអតិថិជនដែលតវ៉ាទាំង ១៣០០នាក់ ប្ដឹងទៅតុលាការដោយខ្លួនឯង។
តំណាងអតិថិជនរងគ្រោះ ១៣០០នាក់ ដោយសារក្រុមហ៊ុន ហួយ វ័ន ដែលមាន លោក ហ៊ុន តូ ជាសហប្រធាន បានចេញតវ៉ាជាច្រើនលើកមកហើយ ទាំងនៅធនាគារជាតិនៃកម្ពុជា និងស្ថានទូតចិន។ ប៉ុន្តែ ការតវ៉ាទាមទាររបស់ពួកគេ ពុំត្រូវបានដោះស្រាយឡើយ ក្រៅពីការប្រើហិង្សាបង្ក្រាបលើជនជាតិចិនឱ្យរបួសធ្ងន់ និងចាប់ពលរដ្ឋដែលជាជនរងគ្រោះ ២នាក់ដាក់ពន្ធនាគារ និងបន្តគំរាមចាត់ការលើពលរដ្ឋរងគ្រោះណា ដែលហ៊ានចេញតវ៉ាបិទផ្លូវសាធារណៈជាដើម។
អ្នកនាំពាក្យគណបក្សប្រជាធិបតេយ្យជឿនលឿន លោក ប៉ោ មករា សង្កេតឃើញថា ទម្រង់នៃការដោះស្រាយបញ្ហាក្រុមហ៊ុន ហួយ វ័ន ផេ ក៏ដូចជាបញ្ហាឆបោកផ្សេងៗ របស់រដ្ឋាភិបាល និងភាគីពាក់ព័ន្ធ ហាក់នៅតែមានភាពយឺតយ៉ាវដដែល ដែលបង្កឱ្យមានភាពអយុត្តិធម៌សង្គម និងការបាត់បង់ទំនុកចិត្តទៅលើការដឹកនាំរបស់ស្ថាប័នពាក់ព័ន្ធ ពីសំណាក់ជនរងគ្រោះ។ លោកបន្តថា ការអូសបន្លាយពេលដោះស្រាយនេះដែរ ក៏អាចបណ្តាលឱ្យការតវ៉ាដោយសន្តិវិធី ឈានទៅដល់ផ្ទុះហិង្សាកើតឡើងផងដែរ។
លោកថា៖ «ដូច្នេះបញ្ហាទាំងអស់នេះ វាជាបញ្ហាមួយបង្កឱ្យសង្គមយើងមិនប្រក្រតី វាមានបញ្ហាពាក់ព័ន្ធទៅនឹងផ្នែកណាមួយដែលយើងអត់អាចទប់ជាមុន។ ខ្ញុំទទូចឱ្យរដ្ឋាភិបាលគួរតែរកវិធីសាស្ត្រធ្វើម៉េចដោះស្រាយឱ្យពួកកាត់ ឱ្យមានប្រសិទ្ធភាព ឱ្យមានការជឿជាក់ ឱ្យជាសេចក្តីទីពឹងរបស់គាត់បាន»។
ចំណែក នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត មានប្រសាសន៍ដែរថា ជាធម្មតា នៅពេលជួបបញ្ហាណាមួយ ដូចករណីក្រុមហ៊ុនហួយវ័ននេះជាដើម អ្នករងគ្រោះតែងតែព្យាយាមស្វែងរកកិច្ចអន្តរាគមន៍ពីក្រសួងស្ថាប័ននានា ក៏ដូចជាស្ថានទូត ដើម្បីទាមទារលុយដែលជាកម្លាំងញើសឈាមរបស់ពួកគាត់មកវិញ ឬឱ្យមានដំណោះស្រាយសមស្របសម្រាប់ពួកគាត់។
លោកបន្តថា តាមការសង្កេតពីគោលជំហររបស់អ្នករងគ្រោះនៅក្រុមហ៊ុនហួយវ័ននេះ គឺពួកគាត់ហាក់មិនចង់ជ្រើសរើសយកផ្លូវតុលាការ មកដោះស្រាយនោះទេ ដោយសារតែពួកគេថាមានភាពស្មុគស្មាញ និងនីតិវិធីវែងឆ្ងាយ ខណៈដែលពួកគេចង់បានដំណោះស្រាយឆាប់ៗ។ ដូច្នេះបើសិនជាមិនមានកិច្ចអន្តរាគមន៍ ឬក៏ដំណោះស្រាយណាមួយក្រៅពីប្រព័ន្ធតុលាការនោះទេ លោកគិតថា ពួកគេនឹងមិនបញ្ចប់ការតវ៉ាស្វែងរកកិច្ចអន្តរាគមន៍ពីស្ថាប័នពាក់ព័ន្ធនោះទេ។
លោក អំ សំអាត បានគូសបញ្ជាក់ថា៖ «ចឹងបើបន្តអូសបន្លាយកាន់តែយូរ វាមិនសូវជាល្អដែរទេសម្រាប់មុខមាត់[កម្ពុជា] ជាពិសេសគឺទាក់ទងនឹងបញ្ហាវិនិយោគទុនអីផ្សេងៗ ដោយសារគេមើលបញ្ហាគំរូទាំងអស់ហ្នឹង ចឹងវាជះឥទ្ធិពលមិនសូវល្អ ខ្ញុំគិតថា ដំណោះស្រាយល្អ ក្រៅពីជំរុញទៅតាមផ្លូវតុលាការ បើអាចជ្រើសរើសការដោះស្រាយតាមក្រៅប្រព័ន្ធតុលាការណាមួយបាន វាជារឿងល្អ ដែលមើលទៅពួកគាត់ហាក់បីដូចជាមិនចង់ទៅតាមផ្លូវតុលាការដែលមាននីតិវិធីស្មុគស្មាញ ហើយនិងអូសបន្លាយពេលយូរនោះ»។
រឿងអាស្រូវរបស់ក្រុមហ៊ុន ហួយវ័ន ផេ (Huione Pay) ដែលពាក់ព័ន្ធនឹងលោក ហ៊ុន តូ គឺជាករណីលាងលុយកខ្វក់កម្រិតអន្តរជាតិ។ អ្នករងគ្រោះទាំងខ្មែរ ចិន និងវៀតណាម បានចេញតវ៉ាយ៉ាងខ្លាំងក្លា បន្ទាប់ពីក្រុមហ៊ុនបានផ្អាកសេវាដកប្រាក់ បន្ទាប់ពីក្រសួងរតនាគារសហរដ្ឋអាមេរិក បានដាក់ក្រុមហ៊ុន Huione Group ចូលក្នុងបញ្ជីខ្មៅ និងកាត់ផ្តាច់ចេញពីប្រព័ន្ធហិរញ្ញវត្ថុ។
ចំណែក ធនាគារជាតិ ក៏បានប្រកាសដកអាជ្ញាប័ណ្ណ និងធ្វើការជម្រះបញ្ជីក្រុមហ៊ុននេះ។ យ៉ាងណា ក្រុមហ៊ុននេះ បានលួចប្តូរឈ្មោះទៅជា H-Pay មុនពេលប្រឈមមុខនឹងការដកប្រាក់យ៉ាងគំហុក។
ទន្ទឹមនឹងនេះ លោក ហ៊ុន តូ ក៏ចេញមុខបដិសេធលែងពាក់ព័ន្ធថែមទៀត ទោះលោកទទួលស្គាល់ថា មានភាគហ៊ុន ៣០ភាគរយ ក្នុងក្រុមហ៊ុន Huione Pay តាំងពីឆ្នាំ២០២០ ក៏ដោយ។
ចំណែក មន្ត្រីបក្សប្រឆាំង និងអ្នកឃ្លាំមើល ធ្លាប់អះអាងថា អតិថិជនហួយវ័ន នឹងមិនទទួលបានលុយរបស់ខ្លួនវិញ តាមរយៈប្រព័ន្ធច្បាប់នៅកម្ពុជាឡើយ បើគ្មានសម្ពាធពីអន្តរជាតិ និងការស៊ើបអង្កេតពីស្ថាប័នឃ្លាំមើលហិរញ្ញវត្ថុពិភពលោក ឬចាប់ខ្លួនលោក ហ៊ុន តូ ឱ្យមកទទួលខុសត្រូវទេនោះ៕









