ជនជាតិដើមភាគតិចកួយជាង ១០០នាក់ ក្នុងចំណោមពលរដ្ឋ ៣១៨ នាក់ រស់នៅភូមិដងផ្លិត ឃុំឆែបពីរ ស្រុកឆែប រកឃើញថា ដីព្រៃទំហំកន្លះហិកតា ឋិតក្នុងតំបន់អភិរក្សនៃឧទ្យានជាតិឫស្សីត្រឹប ដែលលោក សុខ ទូច ប្តឹងអ្នកភូមិម្នាក់ គឺលោក រ៉ុន រៀង ថា ឈូសឆាយ និងកាប់ព្រៃបំពានច្បាប់ គឺពុំមែនជាការពិតនោះឡើយ។
ការរកឃើញរបស់ជនជាតិដើមភាគតិចធ្វើឡើង ក្រោយពីលោក សុខ ទូច ប្រធានរាជបណ្ឌិតសភាកម្ពុជា បានបង្ហោះវីដេអូបង្ហាញពីការគ្រៀវដើមឈើ ដើម្បីសម្លាប់ រួចដុតបំផ្លាញចោល និងបង្ហាញពីដើមឈើធំៗ មានអាយុកាលរាប់រយឆ្នាំ ត្រូវគេកាប់បំផ្លាញធ្វើអាជីវកម្ម ឋិតក្នុងតំបន់ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប។ លោកចោទប្រកាន់អ្នកភូមិនៅតំបន់នោះថា ជាជនបំផ្លាញព្រៃអភិរក្សនេះ។
លោក សុខ ទូច បាននិយាយនៅក្នុងវីដេអូនោះថា៖«របៀបនេះ គេហៅថា គ្រៀវដើមឈើ ដើម្បីសម្លាប់វា។ គ្រៀវគ្រប់ដើមទាំងអស់។ អ្នកណាបំផ្លាញ? អ្នកស្រុកហ្នឹងអ្នកបំផ្លាញ។ ឲ្យដីទៅនៅដល់ឯណោះ មានទឹក មានសាលារៀន អត់ទេ? មកនៅហ្នឹង យប់ឡើងលួចកាប់»។
ជនជាតិដើមភាគតិចកួយម្នាក់ ដែលធ្វើដំណើរទៅពិនិត្យមើលដីមានជម្លោះ ថ្លែងសុំលាក់ឈ្មោះ ព្រោះបារម្ភពីសុវត្ថិភាព ប្រាប់វីអូឌីនៅថ្ងៃទី០៦ ខែកក្កដាថា អ្នកភូមិ ៣១៨ នាក់ បានផ្ដិតមេដៃធ្វើជាសាក្សី ដោយអះអាងថា បុរសម្នាក់ឈ្មោះ រ៉ុន រៀង ដែលលោក សុខ ទូច ប្តឹងទៅតុលាការ មិនបានប្រព្រឹត្តកំហុសដូចការចោទប្រកាន់ឡើយ។
លោកបានចុះដល់ទីតាំងដីជាក់ស្តែងរកឃើញថា ដីចម្ការទំហំកន្លះហិកតានៅចំណុចទួលឈើភ្លើង ក្នុងភូមិដងផ្លិត ជាដីកេរឪពុកម្តាយ ធ្វើស្រែវិលជុំ ពុំមែនជាដីឈូសឆាយកាប់ទន្ទ្រានថ្មីៗ ដូចការចោទប្រកាន់ឡើយ។ លោកបារម្ភថា ការប្តឹងផ្តល់ខុសការពិតដូច្នេះ ជាការលងបន្លាចស្មារតីជនជាតិដើមភាគតិចឱ្យខ្លាចរអា មិនហ៊ានធ្វើចម្ការវិលជុំ ក្នុងព្រៃអភិរក្សតាមប្រពៃណី ប៉ះពាល់ជីវភាព។
ពលរដ្ឋរូបនោះនិយាយថា៖ «ឈូសព្រៃ វ៉ៃព្រៃ ទៅ… មិនខុសទៅខុស អាគ្នាធ្វើ រុញចន្ទី ហើយនិងរុញកញ្ជ្រាំងខែតហ្នឹង វាខុសច្បាស់ យ៉ាប់តែម្តង។ យើងរាល់ថ្ងៃ ពិបាកថាពិបាកនិយាយណាស់។ ការចោទប្រកាន់ខុសទាំងស្រុងសុទ្ធដាក់ទម្ងន់ៗ ដីកាឡើងតុលាការ ហើយដីកាចាប់ឃុំ… ហ្នឹងវាដូចអយុត្តិធម៌ពេកហើយសម្រាប់ប្រជាពលរដ្ឋ។ អាងតែធំ ហើយមានអំណាច មានសិទ្ធិចង់វ៉ៃមួយឲ្យដួលមួយរយ»។
ថ្មីៗនេះ សហគមន៍ជនជាតិដើមភាគតិចកួយខេត្តព្រះវិហារជាង ១០០នាក់ បានធ្វើដំណើរចូលក្នុងព្រៃអភិរក្សក្នុងតំបន់ឧទ្យានជាតិឫស្សីត្រឹប ដែលលោក សុខ ទូច ប្តឹងចោទប្រកាន់ ដោយរកឃើញថា ទីតាំងដីនោះ ជាដីចម្ការចាស់ គ្មានគល់ឈើទើបកាប់ និងឈូសឆាយថ្មីៗនោះឡើយ។ ពួកគេបានថតវីដេអូ និងប្តឹងទៅអាជ្ញាធរស្រុក ឱ្យធ្វើសាក្សីដឹងឮ ព្រោះការចោទប្រកាន់ របស់លោក សុខ ទូច ខុសការពិត។
សំឡេងពលរដ្ឋ៖ «លោកបណ្ឌិត លោកមកចួបបងប្អូនសិន ព្រោះបងប្អូនជនជាតិដើមកួយទាំងអស់»។
វីអូឌី មិនទាន់អាចទាក់ទងសុំការអធិប្បាយជុំវិញរឿងនេះ ពីប្រធានរាជបណ្ឌិតសភាកម្ពុជា លោក សុខ ទូច បាននៅឡើយទេ គិតត្រឹមម៉ោងផ្សាយនេះ។
តែយ៉ាងណា លោក សុខ ទូច បានបញ្ជាក់ក្នុងវីដេអូថា ជនដែលកាប់បំផ្លាញព្រៃអភិរក្ស ក្នុងឧទ្យានជាតិតេជោឫស្សីត្រឹប គឺមានតែពលរដ្ឋរស់នៅជុំវិញព្រៃនោះប៉ុណ្ណោះ។
លោក សុខ ទូច ថ្លែងថា៖ «៣ ឆ្នាំមុន ឥឡូវមកបំផ្លាញអស់ហើយ បំផ្លាញទាំងលុយរដ្ឋ ហើយមានអីហើយ អ្នកណាអ្នកបំផ្លាញ? គឺអ្នកស្រុកហ្នឹងតែម្តង។ ខ្ញុំវាជាប់ឈឺដៃហ្នឹង មិនបានចុះ ឥឡូវដល់ពេលចុះមកអ៊ីចឹង វាមានអី តែ ២ ខែសោះ ខ្ទិចអស់រលីង»។
ជុំវិញរឿងនេះ សកម្មជនសិទ្ធិមនុស្ស និងធនធានធម្មជាតិ លោក ប៊ី វ៉ាន់នី យល់ថា លោក សុខ ទូច បានចុះពិនិត្យទីតាំងដីមានជម្លោះនោះ គួរតែអនុញ្ញាតឱ្យសហគមន៍ជនជាតិដើមភាគតិចចូលរួមជាមួយអាជ្ញាធរ ដើម្បីស្វែងការពិត ចៀសវាងចោទប្រកាន់ទាំងប្រយោល និងគ្មានភស្តុតាង។
លោកថា តុលាការ និងអាជ្ញាធរគួរតែដោះស្រាយរឿងនេះតាមច្បាប់ ដើម្បីធានាសិទ្ធិជនជាតិដើមភាគតិចកួយដែលមានទម្លាប់ធ្វើចម្ការវិលជុំក្នុងព្រៃ បែបប្រពៃណីតាំងពីបុរាណកាលមក។
លោក ប៊ី វ៉ាន់នី ថ្លែងថា៖ «ការបង្ហាញនូវយុត្តិធម៌ទៅពលរដ្ឋក៏ដូចជាសាធារណជន ដើម្បីបង្ហាញការពិត ជាជាងយើងធ្វើការងារតែម្ខាង ហើយធ្វើឱ្យពលរដ្ឋ មិនទទួលបានមិនទទួលបានទំនុកចិត្ត ឬក៏មិនទទួលបាន។ ការទទួលយកដំណោះស្រាយហ្នឹង ដោយសារតែមានការគាបសង្កត់អ៊ីចឹងទៅ»។
ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប មានផ្ទៃជាង ១ម៉ឺន ៤ពាន់ហិកតា (១១ ៤៣៥ហិកតា) ឋិតនៅឃុំឆែប១ និងឃុំឆែប២ ស្រុកឆែប ខេត្តព្រះវិហារ។
ឧទ្យានជាតិនេះ មានទីតាំងផ្នែកបុរាណវិទ្យា ប្រវត្តិសាស្ត្រ វប្បធម៌ និងធម្មជាតិ ដែលអ្នកសិក្សាស្រាវជ្រាវរកឃើញថា ជាតំបន់ការពារបេតិកភណ្ឌជាតិ បរិស្ថាន និងធនធានជីវៈចម្រុះបម្រើជាប្រយោជន៍ពលរដ្ឋក្នុងតំបន់ និងអាចទាក់ទាញភ្ញៀវទេសចរ។ របាយការណ៍សិក្សាស្រាវជ្រាវរបស់រាជបណ្ឌិត្យសភាកម្ពុជាឆ្នាំ២០១៨ រកឃើញថា ឧទ្យានជាតិនេះមានស្ថានីយបុរាណ និងវត្ថុបុរាណ រួមមាន ទួលសន្លុង ឬទួលឡស្លដែក ដែលជាកន្លែងផលិតដែកកាលពីសម័យបុរាណមានចំនួន ៥៤ ត្រពាំង និងបុរាណវត្ថុមួយចំនួនផ្សេងៗទៀត៕









