ករណី​​​ថៃ​បោក​គ្រាប់​បែក​បង្ក​ឱ្យ​​ទាហាន​​ខ្មែរ​៤នាក់​​របួស​​ រង​​​ការ​​​​រិះ​គន់​​​ថា​ជា​​ភាព​​អាម៉ាស់​​របស់​លោក ហ៊ុន ម៉ាណែត

ការ​ដែល​ទាហាន​ថៃ​បោក​គ្រាប់​បែក​ដាក់​ទាហាន​ខ្មែរ​ជួរ​មុខ​ឱ្យ​រង​របួស ៤នាក់ កាល​ពី​ថ្ងៃ​អាទិត្យ ទាំង​គ្មាន​ការ​ថ្កោល​ទោស​ និង​ទប់​ស្កាត់​ទង្វើ​ឈ្លាន​ពាន​យ៉ាង​គឃ្លើន​របស់​ថៃ​​ឱ្យ​មាន​ប្រសិទ្ធ​ភាព​ជា​ថ្មី​ទៀត​នេះ ជំរុញ​ឱ្យ​មាន​ការ​ស្តី​បន្ទោស​​ថា​​នេះ​ជា​​ភាព​​​​អាម៉ា​ស​មួយ​ទៀត​របស់​រដ្ឋាភិ​បាល​លោក ហ៊ុន ម៉ាណែត ក្នុង​បុព្វ​ហេតុ​ការ​ពារ​ទឹក​ដី បណ្តោយ​ឱ្យ​​សត្រូវ​ឈ្លា​ន​ពា​ន​​​ប្រមា​ថ​​ជាតិ​​សាសន៍​​ខ្មែរ​តាម​ទំ​នើង​ចិត្ត ជាង​សម័យ​ណាៗ​ទាំង​អស់។

បញ្ហា​នេះ ​ពួក​គេ​បារម្ភ​​ថា នៅ​​​ថ្ងៃ​​ខាង​មុខ ​បូរណ​ភាព​​ទឹក​ដី​​ខ្មែ​រ​​នឹង​​​ត្រូវ​បរទេស​ឈ្លាន​ពាន​គ្មាន​ទី​បញ្ចប់ បើ​​ពលរដ្ឋ​​មិន​​នាំ​គ្នា​​ជំរុញ​​ឱ្យ​​មាន​​ការ​​ផ្លាស់​ប្ដូរ​​មេដឹក​នាំដែ​ល​​អសមត្ថ​ភាព​​ចេញ ហើយ​​ជ្រើស​រើស​​មេដឹក​នាំ​ថ្មី ​ដែល​​មាន​​សមត្ថ​ភាព​​ទប់​ស្កាត់​សត្រូវ​​ឈ្លាន​ពាន​​​ឱ្យ​មាន​ប្រសិទ្ធ​ភាព​ទេ​​នោះ។

តំណាងរាស្ត្រពី​បក្ស​​ប្រឆាំង លោក អ៊ុំ សំអាន ប្រាប់​​វីអូឌី​​​នៅ​​ថ្ងៃ​ទី​៦ ខែក​ក្កដា​នេះ​ថា​ សកម្ម​ភាព​​ទាហាន​​​ថៃ​​បោះ​​គ្រាប់​​បែក​​មក​​លើ​​ទាហាន​​​ខ្មែរ​​​​ឱ្យរ​ង​​របួស​៤នាក់ ដែល​​២​នាក់​រង​របួស​ធ្ងន់ ដែល​ហេតុ​ការណ៍​នេះកើ​ត​ឡើង​នៅ​​ចំណុច​​ចូក​គ្រួស តំបន់​​​ថ្ម​ដូន​ ស្រុក​​បន្ទាយ​អំពិល ខេត្ត​ឧត្តរមានជ័យ កាល​ពី​ថ្ងៃទី៥ ខែ​កក្កដា ឆ្នាំ២០២៦ ដែល​ថាគឺ​ជា​ការ​មើល​​ងាយ​មក​លើ​ជាតិសាសន៍​​ខ្មែរ ក្រោម​​ការ​ដឹកនាំ​របស់​លោក ហ៊ុន ម៉ាណែត ។

លោក​សង្កត់ធ្ងន់ថា មូលដែលថៃប្រមាថកងទ័ពខ្មែរឥតឈប់ឈរជាង​កន្លះឆ្នាំមកនេះ ដោយសារ​តែមេដឹកនាំ​ខ្សោយ មិន​​ហ៊ាន​​​ប្រើ​សិទ្ធិ​​ស្វ័​យការពារទឹកដី និងមិនព្រមប្តឹង​ថៃ​ទៅកា​ន់​តុលាការ​យុត្តិ​ធម៌​អន្តរ​ជាតិ ដើម្បី​ដាក់​​សម្ពាធ​​ឱ្យ​ថៃ​​​ដក​​កង​ទ័ព​ចេញ​​​ពី​ដី​ខ្មែរ ដែល​ថៃ​ដណ្តើម​គ្រប់​គ្រង​ដី​ខ្មែរ​ដោយ​ខុស​ច្បាប់​​ចំនួន ៧០​​ទីតាំង ក្រោយ​មាន​​​បទ​ឈប់​បា​ញ់​ចុះ​​ថ្ងៃ​ទី​២៧​ ខែ​ធ្នូ  ឆ្នាំ​២០២៥​មក​នេះ។

​លោក អ៊ុំ សំអាន ថ្លែង​ថា៖ «ដោយ​សារ លោក​​ហ៊ុន សែន លោក ហ៊ុន ម៉ាណែត អត់​​មា​ន​​ចំណាត់​ការ​​​ណា​មួយ​​​ឲ្យ​​ថៃ ក្នុង​​​ការ​​​ប្រព្រឹត្ត​​បទ​ល្មើស ឬ​ក៏​​​បោះ​​គ្រា​ប់​បែក​​ម​ក​​លើ​​ទាហាន​​យើង ឈ្លាន​ពាន​​ទឹ​ក​ដី​​យើង​​ស្រេច​​ចិត្ត​​ហើយ ដោយ​សារ​តែ​​កម្សោយ​​ក្នុង​​ការ​​ដោះ​ស្រាយ​​បញ្ហា​​ព្រំដែន​ ហើយ​​មិន​​ព្រម​​ប្ដឹង​​ថៃ​​ទៅ​កាន់​​តុលាការ​​ព្រហ្ម​ទណ្ឌ​​អន្តរ​ជាតិ ICC មិន​​ព្រម​​​ប្ដឹង​​ថៃ​​ទៅ​កាន់​​សហ​ប្រធាន​​​នៃ​​កិច្ច​ព្រម​ព្រៀង​​ទីក្រុង​​ប៉ារីស​​ឆ្នាំ​១៩៩១ មិន​​ព្រម​​ប្ដឹង​​​ថៃ​​ទៅ​កាន់​​តុលាការ​​យុត្តិ​ធម៌​​​អន្តរ​ជាតិ ICJ នៅ​តែ​​ចង់​​ចរចា​​ទ្វេ​ភាគី ដល់​​ចឹង​​​ថៃ​​​វា​​បាន​​ចិត្ត»។

អ្នក​ជំនាញ​កិច្ចការ​ព្រំដែន​រូប​នេះ​ ​បន្ត​ថា ភាព​គឃ្លើន​របស់​ភាគី​ថៃ គឺ​ជា​ការ​ដាក់​សម្ពាធ​បន្ថែម​ទៀត​មក​លើ​​កម្ពុជា ដែល​អាច​ឱ្យ​ថៃ​​​បន្ត​រាយ​​​បន្លា​លួស ដាក់​​ទូ​កុងតឺន័រ ធ្វើ​របង​បេតុង និង​បាញ់​គំរាម​ទាហាន​ខ្មែរ​បាន​ស្រេច​ចិត្ត។ លោក​​​​​សង្កត់​​ធ្ងន់​​ថា ទង្វើ​របស់​​ថៃ មានន័យថា​​ ថៃ​មិន​គោរព​​ច្បាប់​អន្ត​រជា​តិ ឬ​​កិច្ច​ព្រម​ព្រៀង​​បទ​​ឈប់​​បាញ់ ឬ​​អនុ​សញ្ញា​​នៃ​​ការ​យោគ​យល់​​គ្នា​ឆ្នាំ​២០០១​​នោះ​​ទេ ហើយ​កំពុង​មើលងាយ​ការដឹកនាំ​របស់​លោក ហ៊ុន ម៉ាណែត និង​ឪពុក​លោក ដែល​ហាក់​​គ្មាន​វិធានការ​ទប់ស្កាត់​​ការ​រំលោភបំពាន និង​ប្រើប្រាស់​ហិង្សា​មក​លើ​ទាហាន​ខ្មែរ​​​ជាដើម។

ជុំវិញ​ករណី​នេះ រដ្ឋាភិបាល​កម្ពុជា ​បាន​រក្សា​ស្ងៀមស្ងាត់ និង​​បាន​ត្រឹម​ថ្លែង​រំលឹក​ពី​ខ្លឹម​សារ​បទ​​ឈប់​កាល​ពី​ខែ​ធ្នូ ឆ្នាំ​២០២៥ ប៉ុណ្ណោះ។ ចំណែក​ ​ភាគី​ថៃ​តាមរយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​ខ្លួន​ បាន​ចោទ​ថា ទាហាន​ខ្មែរ​របួស​នៅ​ជាប់​​ព្រំដែន​ កាល​ពីថ្ងៃ​​​ម្សិលមិញ ដោយសារ​តែ​ទាហាន​ខ្មែរ​​ជាន់​​មីន។

យ៉ាងណា អ្នកនាំពាក្យ​រដ្ឋាភិបាល​កម្ពុជា លោក ប៉ែន បូណា ថ្លែង​នៅថ្ងៃ​ទី​៦​ខែក​ក្កដា​នេះ ពុំ​​បាន​និយាយ​ដល់​ការ​ថ្កោល​ទោស​ ឬ​វិធាន​ការ​ទប់​ស្កាត់​ទង្វើ​ឈ្លាន​ពាន​របស់​ថៃ​នេះទេ​ ​ដោយ​​​គ្រាន់​​តែ​​​រំលឹក​​ឡើង​វិញ​​នូវ​​ចំណុច​​សំខាន់ៗ ស្ដីពី​ ​វិធាន​ការ​​កាត់​បន្ថយ​​តា​ន​តឹង​​​នៃ​​សេចក្ដី​​ប្រកាស​​រួម​ ​ដែល​​កម្ពុជា​​និង​​ថៃ​​បាន​​ឯកភាព​​គ្នា កាល​​​ពី​​ថ្ងៃទី​២៧ ខែ​ធ្នូ ឆ្នាំ​​២០២៥។

​លោក ប៉ែន បូណា ថ្លែង​ថា៖ «ពាក់ព័ន្ធ​ទៅ​នឹង​ការប្រើប្រាស់​អាវុធ​គ្រប់​ប្រភេទ ក្នុង​គ្រប់​ករណី និង​នៅ​គ្រប់​តំបន់ ដោយ​រាប់បញ្ចូល​​ទាំង​ការវាយប្រហារ​លើ​ជន​ស៊ីវិល គោលដៅ​និង​ហេដ្ឋារចនាសម្ព័ន្ធ​ស៊ីវិល និង​កម្មវត្ថុ​ខាង​យោធា​របស់​​ភាគី​ម្ខាង​ទៀត​។ ភាគី​ទាំងពីរ​ត្រូវ​ជៀសវាង​ការ​ផ្ទុះអាវុធ​ដោយ​គ្មាន​មូលហេតុ ឬ​ធ្វើ​សកម្មភាព​រុលទៅមុខ ឬ​ចល័ត​​កម្លាំង​នៅ​លើ​ទីតាំង ឬ​កងកម្លាំង​​របស់​ភាគី​ម្ខាង​ទៀត​។ ទោះ​ស្ថិត​ក្នុង​កាលៈទេសៈ​ណាក៏ដោយ ភាគី​ទាំងពីរ​មិន​ត្រូវ​បំពាន​កិច្ចព្រមព្រៀង​នេះ​ជាដាច់ខាត»។

គិតត្រឹមម៉ោងផ្សាយនេះ ក្រសួងការពារជាតិ ក៏ដូចជា នាយករដ្ឋមន្ត្រីកម្ពុជា​ លោក ហ៊ុន ម៉ាណែត មិន​បង្ហាញវិធាន​​​ទប់​ស្កាត់ ដើម្បី​ឱ្យ​ថៃ​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​បង្ក​ហេតុ​លើ​ទឹក​ដី​ខ្មែរ​នេះ​ទេ។ តែ​កន្លង​មក លោក​ធ្លាប់​អះ​អាង​ថា រដ្ឋាភិ​​​​បាល​​លោក​​នៅ​​​តែទ​ន្ទឹង​​រង់​ចាំ​​ការ​​ចរ​ចា​​ទ្វេ​​ភាគី​ជាមួយ​​ថៃ ដើម្បី​ដោះ​ស្រាយ​បញ្ហា​នេះ​ដោយ​សន្តិ​វិធី ​ទោះ​​មាន​​​សង្ឃឹម​​​ត្រឹម​​១​ភាគ​រយ​​ក្តី​ បើ​គេ​ដឹង​ជា​ទូទៅ​ថា ក្រោយ​មាន​ប​ទ​ឈប់​បាញ់ ​​ថៃ​​បន្ត​​បង្កើន​​ការ​​ឈ្លាន​ពាន គំរាម​​ផ្ទុះ​​​អាវុធ​​​គ្រប់​​​ពេល និង​​សង់​​សំណង់​​រឹង​មាំ​​​លើ​​ដី​​កម្ពុជា​​ដោយ​​ខុស​​ច្បាប់​​រាប់​សិបទី​តាំង​ក្តី។

ជ្រុងមួយនៃបញ្ហានេះ ​ប្រធាន​ក្រុម​ប្រឹក្សា​ឃ្លាំមើល​កម្ពុជា ​លោក ម៉ែន ណាត ចាត់​ទុក​ទង្វើ​របស់​ទាហាន​ថៃ មិន​ត្រឹម​តែ​​​ប្រមាថ​​​កម្ពុជា​​ប៉ុណ្ណោះ​​ទេ គឺ​​ថែម​ទាំង​​បង្ក​​របួស​​ស្នាម​​លើ​​កង​ទ័ព​​កម្ពុជា ព្រមទាំង​ពង្រីក​ការ​ឈ្លានពាន​មិន​ឈប់​ឈរ ចូល​ក្នុង​ទឹកដី​ខ្មែរ​​។ លោក​​បន្ត​ជំរុញ​យ៉ាង​ទទូច​​ឱ្យ​រដ្ឋាភិបាល​កម្ពុជា ​ប្តឹង​ថៃ​​ទៅ​តុលាការ​អន្តរជាតិ និង​ប្រើ​យុទ្ធសាស្ត្រ​មាន​ប្រសិទ្ធភាព តាម​​រយៈ​ការ​​ដាក់​​សម្ពាធ​ជា​អន្តរជាតិ​ទៅ​ភាគី​ថៃ ឲ្យ​ទទួលខុសត្រូវ​ចំពោះ​ការ​បង្ក​របួស​ស្នាម​មក​​​​លើ​​ទាហាន​​ខ្មែរ និង​​ត្រូវ​តែ​​ដក​​កង​ទ័ព​​ចេញ​​ពី​ទឹកដី​កម្ពុជា។

លោក ម៉ែន ណាត ថ្លែង​ថា៖«ខ្ញុំ​យល់​ដូច​តែ​លោក​ អ៊ុំ សំអាន ដែរ ព្រោះ​​បន្ទាប់​ពី​មាន​បទ​ឈប់​បាញ់​ចុងឆ្នាំ​២០២៥​មក ថៃ​​មិន​​ដែល​​ឈប់​​​ឈ្លាន​ពាន​​កម្ពុជា​​ទេ​ គឺ​​ថៃ​​ទៅ​ជា​​ធ្វើ​​​លេណដ្ឋាន ដាក់​បន្លា​លួស ធ្វើ​សំណង់​រឹង ហើយ​​ធ្វើ​របង​ព្រំដែន​ជា​ឯកតោភាគី​​ចឹង។ បើ​យើង​និយាយ​ទៅ​វា​ជា​រឿង​រំលោភច្បាប់​អន្តរជាតិ ហើយ​មកដល់​ពេល​បច្ចុប្បន្ន​ហ្នឹង ​ស្ថានភាព​ធ្ងន់​​ទាហាន​ជួរមុខ​ខ្មែរ​​​របួស​​ហើយ រដ្ឋាភិបាល​​កម្ពុជា​​មាន​បំណង​ចង់​បិទ​ព័ត៌មាន​ហ្នឹង​មិន​ផ្សព្វផ្សាយ​​ទៀត​។ និយាយ​ទៅ ​វា​ជា​ក្តី​អាម៉ាស់​មួយ​របស់​​​រដ្ឋាភិបាល»

សម្រាប់​អ្នក​ឃ្លាំមើល​រូប​នេះ ​បន្ត​ថា ការ​ដែល​រដ្ឋាភិបាល​បិទ​ព័ត៌មាន​​​ករណី​ទាហាន​ខ្មែរ​របួស ​​​ដោយសារ​ថៃ​គប់​គ្រាប់​បែក​​នេះ គឺ​អាច​​​មក​​ពី​លោក ហ៊ុន ម៉ាណែត ខ្លាច​​ថៃ​បើក​ការ​វាយ​ប្រហារ ពី​ព្រោះ​ពេល​ខ្លះ​ទាហាន​ថៃ​​បាញ់​កាំភ្លើង​​​គម្រាម​កំហែង​កងទ័ព​ខ្មែរ និង​​ពលរដ្ឋ​ខ្មែរ​នៅ​តាម​ព្រំដែន ជា​ពិសេស​ថៃ​បន្ត​អុកឡុក​គ្រប់​​រូបភាព ដូចជា​បើក​ឧទ្ធម្ភាគ​​ចក្រ​​លើ​ដី​ខ្មែរ បង្ហោះ​ដ្រូន​​ឈ្លប​យក​​ការណ៍​​ជាដើម។ ​លោក​បន្ត​ថា កម្ពុជា​​មិន​គួរ​​ឱ្យ​ថៃ​ឈ្លានពាន​​បាន​ស្រេច​ចិត្ត​បែប​នេះ​ទេ ព្រោះ​អាច​ធ្វើ​ឲ្យ​ទាហាន​ជួរមុខ​បាក់​ទឹក​ចិត្ត ហើយ​​ពលរដ្ឋ​ខ្មែរ​​អស់ជំនឿ​ទៅ​លើ​ក្រុម​គ្រួសារ​មេដឹកនាំ​សព្វថ្ងៃ​កាន់តែ​ខ្លាំង​​ទៅ​វិញ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ