កូនប្រុសបីនាក់របស់មេដឹកនាំអ៊ីរ៉ង់ដែលត្រូវបានគេសម្លាប់ គឺលោក អាយ៉ាតូឡោះ អាលី ខាមេនី (Ayatollah Ali Khamenei) បានបួងសួងនៅក្បែរក្ដារមឈូសរបស់លោក និងសមាជិកគ្រួសារ កាលពីថ្ងៃទី៥ខែកក្កដា ប៉ុន្តែលោក ម៉ូចតាបា (Mojtaba) ដែលជាកូនប្រុសបន្តវេនមេដឹកនាំកំពូល មិនបានបង្ហាញខ្លួននោះទេ។
ទូរទស្សន៍រដ្ឋ បានបង្ហាញរូបភាពកូនប្រុសទាំងបី គឺលោក ម៉ូស្តាហ្វា (Mostafa) លោក ម៉ីសាម (Meysam) និងលោក ម៉ាស៊ូដ (Masoud) កំពុងបួងសួងនៅក្នុងវិហារ ហ្គ្រេន ម៉ូសាឡា (Grand Mosalla) ក្នុងទីក្រុងតេហេរ៉ង់។
លោក ខាមេនី និងសមាជិកគ្រួសារ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមអាកាស នៅពេលដែលសហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានបើកធ្វើសង្រ្គាមលើប្រទេសអ៊ីរ៉ង់ កាលពីថ្ងៃទី២៨ ខែកុម្ភៈ។ ជម្លោះនេះបានបង្កឱ្យមានការស្លាប់ និងការបំផ្លិចបំផ្លាញទូទាំងតំបន់ មុនពេលភាគីទាំងសងខាងឈានដល់កិច្ចព្រមព្រៀងឈប់បាញ់។
អាជ្ញាធរអ៊ីរ៉ង់ កំពុងរៀបចំពិធីដង្ហែសពដ៏ធំរយៈពេលមួយសប្តាហ៍។ ក្ដារមឈូសរបស់ លោក ខាមេនី ត្រូវបានដាក់បង្ហាញនៅខាងក្រៅកាលពីថ្ងៃទី៤ខែកក្កដា រួមជាមួយនឹងក្ដារមឈូសរបស់កូនស្រី កូនប្រសារ និងចៅស្រី។ កាលពីថ្ងៃទី៥ខែកក្កដា ប្រជាជន និងទាហានអ៊ីរ៉ង់រាប់ម៉ឺននាក់ បានសម្រុកចូលទៅក្នុងវិហារដើម្បីគោរពវិញ្ញាណក្ខន្ធ និងទាមទារការសងសឹកប្រឆាំងនឹងអាមេរិក និងអ៊ីស្រាអែល។
រហូតមកដល់ពេលនេះ នៅតែមិនទាន់មានការឃើញមុខ លោក ម៉ូចតាបា នៅឡើយទេ ដោយមានព័ត៌មានថា លោកបានរងរបួសធ្ងន់ធ្ងរត្រង់ផ្ទៃមុខ និងជើង នៅក្នុងការវាយប្រហារកាលពីថ្ងៃទី២៨ ខែកុម្ភៈ។ អ្នកកាន់ទុក្ខម្នាក់ បានប្រាប់សារព័ត៌មាន តាសនីម (Tasnim) ពីការខកចិត្តដែលមិនបានឃើញមេដឹកនាំថ្មីរូបនេះ។
សង្រ្គាមរយៈពេលបួនខែនេះ បានសម្លាប់មនុស្សជាង ៣,០០០ នាក់ រួមទាំងមន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ជាច្រើនរូប។ ទោះជាយ៉ាងណា អ៊ីរ៉ង់បានវាយប្រហារលើមូលដ្ឋានទ័ពអាមេរិក និងគ្រប់គ្រងច្រកសមុទ្រហរមូស (Hormuz) ដែលធ្វើឱ្យតម្លៃថាមពលសកលហក់ឡើងខ្ពស់។
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បានប្រាប់សារព័ត៌មាន Axios ថា កិច្ចពិភាក្សាសន្តិភាពត្រូវបានផ្អាកមួយសប្តាហ៍សម្រាប់ពិធីបុណ្យសពនេះ។
កាលពីថ្ងៃទី៥ខែកក្កដា ថ្នាក់ដឹកនាំអ៊ីរ៉ង់ ក៏បានមកចូលរួមបួងសួងផងដែរ ខណៈដែលប្រជាជនជាច្រើនបានសម្រុកទៅកាន់វិហារពេញមួយយប់ ដោយប្រព័ន្ធរថភ្លើងក្រោមដីកត់ត្រាការធ្វើដំណើររហូតដល់ ៧ លានដង ចាប់ពីថ្ងៃទី៤ខែកក្កដា រហូតដល់ព្រឹកថ្ងៃទី៥ខែកក្កដា ។
បន្ទាប់ពីពិធីដង្ហែសពនៅទីក្រុងតេហេរ៉ង់ នៅថ្ងៃទី៦ខែកក្កដា សពនឹងត្រូវនាំយកទៅកាន់ទីក្រុងសាលាសាសនា គុម (Qom) នៅថ្ងៃ៧កក្កដា ។ ពីទីនោះ រូបកាយនឹងត្រូវដឹកតាមយន្តហោះទៅកាន់ប្រទេសអ៊ីរ៉ាក់ សម្រាប់ពិធីសាសនានៅទីក្រុង ណា ចាហ្វ (Najaf) និង ឃើបាឡា (Kerbala) នៅថ្ងៃទី៨ខែកក្កដា មុនពេលត្រលប់មកប្រទេសអ៊ីរ៉ង់វិញ នៅថ្ងៃទី៩ខែកក្កដា ដើម្បីដង្ហែ និងបញ្ចុះនៅក្នុងទីក្រុង ម៉ាសហាត (Mashhad)៕









