លោក​ត្រាំ ​បាន​​ពិភាក្សា​ដាច់​​ដោ​យ​​ឡែក​​​ជាមួយ​លោក ​ពូទីន និងលោក​ហ្សេឡេន​ស្គី​ ស្តីពី​ការ​​ឈាន​ទៅ​បញ្ចប់​​សង្គ្រាម​

ជំនួយការ​វិមាន​ក្រឹម​ឡាំង លោក យូរី អ៊ូសាកូវ (Yuri Ushakov) បាន​ប្រកាស​កាល​ពី​ព្រឹក​ថ្ងៃ​ទី​៥ខែ​កក្កដា​ថា ប្រធានា​​ធិបតី ដូណាល់ ត្រាំ បាន​ពិភាក្សា​តាម​ទូរស័ព្ទ​ជិត ៩០ នាទី ជាមួយ​មេដឹក​នាំ​រុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន ដើម្បី​ជួយ​ស្វែង​​រក​​ដំណោះ​​ស្រាយ​ចំពោះ​សង្រ្គាម​អ៊ុយ​ក្រែន។

លោក អ៊ូសាកូវ បាននិយាយថា លោក ត្រាំ បានផ្ដល់​ការ​ជូនដំណឹង​​នេះ​ក្នុង​អំឡុង​ពេល​ហៅ​ទូរស័ព្ទ​កាល​ពីថ្ងៃ​ទី៤ខែ​កក្កដា ដែល​ជា​ថ្ងៃ​បុណ្យ​ឯករាជ្យ​ជាតិ​សហរដ្ឋ​អាមេ​រិក នៅ​ក្នុង​បរិបទ​នៃ​ការ​ចូល​រួម​របស់​លោក​នៅក្នុង​កិច្ច​ប្រជុំ​កំពូល​​របស់​អង្គ​ការ​ណាតូ (NATO) នៅ​ក្នុង​ប្រទេស​ទួរគី​ នា​ដើម​សប្តាហ៍​ក្រោយ។

ចំណែកឯប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេឡេនស្គី (Volodymyr Zelenskyy) ក៏​បាន​ប្រកាស​ដែរ​ថា លោក​​បាន​ពិភាក្សា​ជាមួយ​លោក ត្រាំ ផង​ដែរ។

លោក អ៊ូសាកូវ បានបញ្ជាក់ថា លោក ត្រាំ បានបង្ហាញការត្រៀមខ្លួនក្នុងការបញ្ចប់ការ​ប្រយុទ្ធ​​គ្នា​​ឱ្យ​បាន​ឆាប់​រហ័ស ខណៈ​​ដែល​រុស្ស៊ីស្វែ​ង​រក​ដំណោះ​ស្រាយ​តាម​ផ្លូវ​នយោ​បាយ-ការទូត ដោយ​គិត​គូរ​ពី​វិធី​សាស្ត្រ​របស់​ខ្លួន។ លោក អ៊ូសាកូវ ក៏​បាន​ចោទប្រកាន់ទីក្រុងគីវ និងសម្ព័ន្ធមិត្តអឺរ៉ុបថាចង់បន្លាយសង្រ្គាម តាមរយៈ​ការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់អ៊ុយក្រែនលើគោលដៅឧស្សាហកម្មប្រេងរបស់រុស្ស៊ី ដែលបង្កឱ្យមានការខ្វះខាតប្រេងឥន្ធនៈនៅក្នុងតំបន់មួយ​ចំនួន។

ទាក់ទងនឹងសមរភូមិ មេបញ្ជាការរុស្ស៊ី បានប្រាប់លោក ពូទីន កាលពីថ្ងៃសុក្រថា កងទ័ពទីក្រុង​ម៉ូស្គូបានដណ្តើម​បានទីក្រុងយុទ្ធសាស្ត្រ កូស្ទីយ៉ាន់ទីនីវកា (Kostiantynivka) នៅភាគខាងកើតអ៊ុយក្រែន។ ប៉ុន្តែ​កាល​ពីថ្ងៃទី​៤ខែ​កក្កដា លោក ហ្សេឡេនស្គី និង​អគ្គសេនាធិការអ៊ុយក្រែន បានទាត់ចោលការអះអាងនោះ ដោយ​និយាយ​ថា កងកម្លាំង​ទីក្រុងគីវនៅតែគ្រប់គ្រងទីក្រុងនោះនៅឡើយ។

រុស្ស៊ីបានបញ្ជាក់ថា ដំណោះស្រាយណាមួយត្រូវតែរួមបញ្ចូលការគ្រប់គ្រងទាំងស្រុង លើតំបន់ដុនបាស (Donbas) ខណៈ​​ដែលអ៊ុយក្រែនបានបដិសេធ ហើយលោក ហ្សេឡេនស្គី បានជម្រុញឱ្យលោក ពូទីន រៀប​ចំជំនួបផ្ទាល់ជាមួយលោក​កាលពីខែមុន ប៉ុន្តែត្រូវបានបដិសេធ។

លោក អ៊ូសាកូវ បានបន្ថែមថា ប្រេសិតរបស់លោក ត្រាំ គឺលោក ស្ទីវ វីតកូហ្វ (Steve Witkoff) និងលោក ជារេដ គូស្នឺ (Jared Kushner) ត្រៀមខ្លួនធ្វើទស្សនកិច្ចនៅទីក្រុងម៉ូស្គូម្តងទៀត ទោះបីជាកិច្ចខិតខំប្រឹងប្រែងការទូតរបស់អាមេរិក​បច្ចុប្បន្ន​ស្ទើរតែគាំង ខណៈកំពុងផ្តោតលើសង្រ្គាមជាមួយអ៊ីរ៉ង់ក៏ដោយ។

លោក ពូទីន ក៏បានសម្តែងក្តីសង្ឃឹមថា កិច្ចខិតខំប្រឹងប្រែងរបស់អាមេរិកក្នុងជម្លោះ​អ៊ីរ៉ង់​នឹង​នាំ​មក​នូវ​ដំណោះ​ស្រាយ​រយៈ​ពេល​វែង។

លោក ហ្សេឡេនស្គី បានសរសេរនៅលើគណនីតេឡេក្រាម (Telegram) របស់លោកដោយពិពណ៌នាថា ការ​សន្ទនារបស់​លោកជាមួយ​ប្រធានាធិបតីអាមេរិកគឺ «ល្អណាស់» រួមទាំងការពិភាក្សាអំពីខ្សែត្រៀមជួរមុខ​ប្រវែង ៧៤៦ ម៉ាយ។ លោកបាននិយាយថា មានការរំពឹងទុកពិតប្រាកដក្នុងការបញ្ចប់សង្រ្គាមនេះ ហើយ​លោក និងលោក ត្រាំ បាន​ព្រម​ព្រៀង​គ្នាបន្តការពិភាក្សានៅក្នុងកិច្ចប្រជុំរបស់អង្គការណាតូ ព្រមទាំង​បានថ្លែងអំណរគុណដល់សហរដ្ឋ​អាមេរិក​សម្រាប់​ការជួយជ្រោមជ្រែងកន្លងមក៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ