វិភាគ៖ បណ្តាញ​ឆបោក​និង​លាង​លុយ​កខ្វក់​ឆ្លុះប​ញ្ចាំង​ដូច​​​ម្តេច​​លើ​​រដ្ឋាភិ​បាល​លោក ហ៊ុន ម៉ាណែត?

គិត​ត្រឹម​ពាក់​កណ្តាល​ឆ្នាំ២​០២៦​នេះ សំណុំ​រឿង​បោក​ប្រាស់​ជា​សាធារណៈ និង​ការ​លាង​លុយ​កខ្វក់​ទ្រង់​ទ្រាយ​ធំ​មួយ ត្រូវ​​បាន​​លាត​​ត្រដាង​ជា​សាធារណៈ​ ដោយ​ការិយា​ល័យ​ប្រឆាំង​ការ​លាង​លុយ​កខ្វក់​នៃ​ថៃ ហៅ​កាត់​ថា AMLO (Anti-Money Laundering Office) ដោយ​មាន​ការ​បង្កក​ទ្រព្យ​សម្បត្តិ​បន្ថែម​ចំនួន​ ៨,១៦៥ ប៊ីលាន​បាត (ប្រហែល ២៣០ ទៅ ២៤០ លាន​ដុល្លារ​អាមេ​រិក) ដែល​ធ្វើ​ឱ្យ​ទំហំ​ទ្រព្យ​សម្បត្តិ​សរុប​ដែល​ត្រូវ​បាន​ដក​ហូត និង​បង្កក​កើន​ឡើង​ដល់ ២០,២៨៨ ប៊ីលាន​បាត (ប្រហែល ៥៧០ ទៅ ៥៩០ លាន​ដុល្លារ​អាមេ​រិក)។

បណ្តាញឧក្រិដ្ឋកម្មដ៏​ធំសម្បើម​នេះ មាន​ការ​ចូល​រួម​ពាក់​ព័ន្ធ​ពី​បុគ្គល​សំខាន់ៗ​បី​រូប គឺ​ជន​ជាតិ​ថៃ​ឈ្មោះ តាំង​ថៃ បាន​​ម៉ាហ៊ីង (Tangthai Banmahing) អាជីវករ​ជន​ជាតិ​កម្ពុជា​ឈ្មោះ យឹម លក្ខណ៍ (Yim Leak) និង​អាជីវករ​ជន​ជាតិ​អាហ្វ្រិក​ខាង​ត្បូង កាន់​លិខិត​ឆ្លង​ដែន​ការ​ទូត​សញ្ជាតិ​ខ្មែរ​ឈ្មោះ បេន​ចាមីន ម៉ៅអឺ​ប៊ឺហ្គ័រ (Benjamin Mauerberger) ដែល​គេ​ស្គាល់​ជា​ទូទៅ​ថា បេន ស្មីត (Ben Smith) រួម​ទាំង​បក្ស​ពួក​ជា​ច្រើន​នាក់​ទៀត។

ទំនាក់​ទំនង​រវាង បេន ស្មីត ជាមួយ​លោក យឹម លក្ខណ៍ ដែល​ជា​កូន​ប្រុស​របស់​ លោក យឹម ឆៃលី ឧត្តម​ប្រឹក្សា​ផ្ទាល់​ព្រះ​មហា​ក្សត្រ និង​ជា​ឥស្សរ​ជន​ជាន់​ខ្ពស់​ដ៏​មាន​ឥទ្ធិ​ពល​ម្នាក់​នៅ​ក្នុង​ជួរ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ក្លាយ​ជា​ចំណុច​​ស្នូល​នៃ​រឿង​រ៉ាវ​នេះ ជាពិសេស របៀប​ដែល​បណ្តាញ​អំណាច​នយោ​បាយ និងជំ​នួញ​ត្រូវ​បាន​ប្រើប្រា​ស់​ដើម្បី​បិទ​បាំង សម​គំនិត និង​លាង​ជម្រះ​សាច់​ប្រាក់​រាប់​ពាន់​លាន​ដុល្លារ​ ដែល​បាន​មក​ពី​ការ​ឆបោក​តាម​ប្រព័ន្ធ​អន​ឡាញ​ឆ្លង​ដែន។

ការ​លាត​ត្រដាងជាផ្លូវ​ការ​ដោយ​អាជ្ញាធរ​ថៃ​តាម​រយៈ​សេច​ក្តី​ប្រកាស​របស់ AMLO នា​ពេល​ថ្មីៗ​នេះ បាន​បង្ហាញ​ថា តុលាការ​​ថៃ​បាន​ចេញ​ដីកាប​ង្ក​កទ្រព្យ​សម្បត្តិ​បណ្តោះ​អាសន្ន​បន្ថែម​ចំនួន ៣៥ មុខ រួម​មាន យាន​យន្ត ទូក​កម្សាន្ត ប្រាក់​​បញ្ញើ​ក្នុង​ធនាគារ មូល​បត្រ និង​សិទ្ធិ​ទាម​ទារ​បំណុល​ផ្សេងៗ។

យោងតាមលទ្ធផលនៃការស៊ើបអង្កេតរបស់អាជ្ញាធរថៃ បានឱ្យដឹងថា លោក តាំងថៃ បានម៉ា ហ៊ីង បានដើរ​តួ​ជា​អ្នក​តំណាង​ស្រប​ច្បាប់ ឬ​ហៅ​ថា Nominee ឱ្យ​លោក យឹម លក្ខណ៍ និង​លោក បេន ស្មីត ដោយ​ធ្វើ​ការ​កាន់​កាប់ និង​ផ្ទេរ​ទ្រព្យ​សម្បត្តិ​ជំនួស​មុខ​ឱ្យ​ពួក​គេ​ទាំង​ពីរ​នាក់។

ក្រុមអ្នកស៊ើបអង្កេត បានរកឃើញថា បណ្តាញមួយនេះ បានដំណើរការឧស្សាហកម្មឆបោកតាមប្រព័ន្ធអនឡាញ​ឆ្លង​ដែន​យ៉ាងសកម្ម ហើយបានធ្វើការលាងលុយកខ្វក់ដែលបានមកពីសកម្មភាពឧក្រិដ្ឋកម្មទាំងនោះ តាម​រយៈ​ការ​វិនិយោគ និងការប្រើប្រាស់អ្នកតំណាងស្របច្បាប់នៅថៃ។

មកទល់ពេលនេះ លោក បេន ស្មីត កំពុងត្រូវបានតាមប្រមាញ់ក្រោមដីកាចាប់ខ្លួនរបស់អាជ្ញាធរថៃ នៅក្នុងការ​ស៊ើប​​អង្កេតពាក់ព័ន្ធនឹងករណីឆបោកនេះ ខណៈដែលលោក យឹម លក្ខណ៍ ត្រូវបានដៅឈ្មោះចំៗនៅក្នុងនីតិវិធី​រឹប​អូស​ទ្រព្យសម្បត្តិរបស់ AMLO ទោះបីជាមិនទាន់មានការប្រកាសជាសាធារណៈអំពីដីកាចាប់ខ្លួនផ្លូវការពីខាងអាជ្ញាធរ​ថៃប្រឆាំងនឹងរូបលោកក៏ដោយ។

ទោះបីជាបុគ្គលទាំងពីរ បានបដិសេធរាល់ការចោទប្រកាន់នានា តាមរយៈតំណាងច្បាប់របស់ពួកគេ​ក៏ដោយ ក៏ទំហំនៃភស្តុតាង និងទិន្នន័យហិរញ្ញវត្ថុដែល AMLO បានប្រមូល បានបង្ហាញយ៉ាងច្បាស់ពីទម្រង់នៃការផ្សារភ្ជាប់គ្នារវាងបណ្តាញឧក្រិដ្ឋជនអន្តរជាតិ និងឥស្សរជនមានអំណាចនៅកម្ពុជា។

ការផ្សារភ្ជាប់គ្នារវាង បេន ស្មីត និងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា មិនមែនជារឿងចៃដន្យនោះទេ ប៉ុន្តែ​វាគឺ​ជា​​យុទ្ធ​សាស្ត្រ​មួយដែលឧក្រិដ្ឋជនបច្ចេកវិទ្យា និងអ្នកលាងលុយកខ្វក់អន្តរជាតិជានិច្ចកាលតែងតែស្វែងរក ដើម្បីទទួល​បាននូវខែលការពារផ្លូវច្បាប់ និងឥទ្ធិពលនយោបាយ។

លោក យឹម លក្ខណ៍ ក្រៅពីនាមជាអាជីវករលេចធ្លោមួយរូប រូបលោកក៏ជាសមាជិកគ្រួសារ​ដែល​មាន​ឥទ្ធិពល​បំផុតមួយ​នៅក្នុងជួរគណបក្សកាន់អំណាច ដោយសារតែលោកជាកូនប្រុសរបស់លោក យឹម ឆៃលី ដែលជាអតីតឧបនា​យក​រដ្ឋ​មន្ត្រី និងបច្ចុប្បន្នជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ។

តាមរយៈ​ទំនាក់ទំនងគ្រួសារ និងឋានានុក្រមនយោបាយនេះ លោក យឹម លក្ខណ៍ មានលទ្ធភាពទទួលបាននូវបណ្តាញ​ទំនាក់ទំនងយ៉ាងទូលំទូលាយ ជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់ដទៃទៀត​នៅក្នុងគណបក្សប្រជាជន​កម្ពុជា។

ការណ៍ដែល បេន ស្មីត អាចបង្កើតភាពជាដៃគូអាជីវកម្មយ៉ាងជិតស្និទ្ធជាមួយលោក យឹម លក្ខណ៍ បានអនុ​ញ្ញាត​ឱ្យរូបគេអាចជ្រៀតជ្រែក និងប្រើប្រាស់ឥទ្ធិពលនយោបាយរបស់ថ្នាក់ដឹកនាំគណបក្សកាន់អំណាច ដើម្បី​សម្របសម្រួល​ដល់ប្រតិ​បត្តិការហិរញ្ញវត្ថុខុសច្បាប់ ក៏ដូចជាការបង្កើតអាជីវកម្មស្របច្បាប់ជាច្រើននៅ​​កម្ពុជា និងថៃ ក្នុងគោល​​បំណង​​​បិទ​បាំង​ប្រភពដើមនៃថវិកាដែលបានមកពីការឆបោក។

យន្តការនៃការឆបោក និងលាងលុយកខ្វក់របស់បណ្តាញមួយនេះ ត្រូវបានរៀបចំ​ឡើង​យ៉ាង​មាន​ប្រព័ន្ធ​ និង​មាន​លក្ខណៈ​វិទ្យា​សាស្ត្រ​ហិរញ្ញ​វត្ថុ​ខ្ពស់។

ប្រភព​ចំណូល​ចម្បង​ដែល​អាជ្ញាធរ​ថៃ​បាន​រក​ឃើញ គឺ​បាន​មក​ពីកា​រ​ឆបោក​តាម​ប្រព័ន្ធ​អន​ឡាញ​ឆ្លង​ដែន​ ដែល​អាច​​ជា​ការ​បោក​ប្រាស់​តាម​រយៈ​ការ​វិនិយោគ​សិប្ប​និម្មិត ការ​បោក​ប្រាស់​តាម​ទូរស័ព្ទ ឬ​មជ្ឈ​មណ្ឌល​ហៅ​ចូល​ដែល​គេ​ស្គាល់​​ថា Call Center ដែល​មាន​មូល​ដ្ឋាន​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ រួម​ទាំង កម្ពុជា​ផង​ដែរ។

នៅ​ពេល​ដែលលុយដែលបានមកពីការបោកប្រាស់ជនរងគ្រោះត្រូវបានប្រមូលប្រភពដើម សារពើភ័ណ្ឌ​ហិរញ្ញ​​​វត្ថុ​​ទាំងនោះត្រូ​​វបានបង្វែរចូលទៅក្នុងប្រព័ន្ធលាងលុយកខ្វក់តាមរយៈគណនី Nominee ឬអ្នកតំណាងនៅ​ក្នុង​ប្រទេស​ថៃ ដូចជា លោក តាំងថៃ បានម៉ាហ៊ីង ជាដើម។

លុយទាំងនោះ ត្រូវបានបំប្លែងទៅជាទ្រព្យសម្បត្តិរូបវន្តដែលមានតម្លៃខ្ពស់ ដូចជា រថយន្តទំនើបៗ ទូកកម្សាន្ត មូល​បត្រ និងការទិញអចលនទ្រព្យ ឬការបង្កើតអាជីវកម្មរួមគ្នារវាងលោក បេន ស្មីត និងលោក យឹម លក្ខណ៍។

ការប្រើប្រាស់ឈ្មោះអ្នកតំណាងជនជាតិថៃ គឺជាយុទ្ធសាស្ត្រដើម្បីគេចវេះពីការពិនិត្យតាមដានរបស់អាជ្ញាធ​រហិរញ្ញ​វត្ថុ​ថៃ និងដើម្បីបង្កើតស្រទាប់ការពារជាច្រើនជាន់ ធ្វើឱ្យការស៊ើបអង្កេតរកប្រភពដើមនៃលុយកខ្វក់​​មាន​ការលំបាកជា​ខ្លាំង។

វត្តមានរបស់ថ្នាក់ដឹកនាំ ឬសមាជិកជាន់ខ្ពស់នៃគណបក្សប្រជាជនកម្ពុជា​នៅក្នុងខ្សែសង្វាក់នេះ បានផ្តល់​នូ​វអ្វីដែល​​ហៅ​ថា ស្ថិរ​ភាព​ប្រតិបត្តិការ ដល់បណ្តាញរបស់លោក បេន ស្មីត។

នៅកម្ពុជា អំណាចនយោបាយ និងសេដ្ឋកិច្ចមានការប្រទាក់ក្រឡាគ្នាយ៉ាងស្អិតល្មួត ការមានទំនាក់ទំ​នង​​​ជា​មួយ​កូនប្រុស​​របស់ឥស្សរ​ជន​​ជាន់ខ្ពស់គណបក្សកាន់អំណាច បានផ្តល់នូវការការពារយ៉ាងរឹងមាំប្រឆាំង​នឹងការ​​ស៊ើបអង្កេតក្នុងស្រុក ឬការជ្រៀតជ្រែកពីអាជ្ញាធរមានសមត្ថកិច្ចរបស់កម្ពុជា។

វាក៏បានបង្កើតជាឱកាសសម្រាប់លោក បេន ស្មីត ក្នុងការប្រើប្រាស់ទឹកដីកម្ពុជាជាទីតាំងសុវត្ថិភាពសម្រាប់​​​ការបញ្ជានិងគ្រប់គ្រងប្រតិបត្តិការឆបោក ដោយដឹងថា លទ្ធភាពនៃការអនុវត្តច្បាប់ឆ្លងដែនពីសំ​ណាក់​​ប្រទេសជិត​ខាង ដូចជា ថៃ នឹងត្រូវជួបឧបសគ្គខាងការទូត និងនយោបាយ។

ទំនា​ក់ទំនងនេះ បានធ្វើឱ្យការិយាល័យ AMLO របស់ថៃ ត្រូវប្រើប្រាស់វិធានការយ៉ាងម៉ឺងម៉ាត់ក្នុងការបង្កកទ្រព្យសម្បត្តិនៅក្នុងទឹកដីថៃជំនួសវិញ ដោយសារតែការស្វែងរកកិច្ចសហការផ្នែកព្រហ្មទណ្ឌឆ្លងដែនជាមួយ​កម្ពុជា ក្នុងករណី​ដែលមានការពាក់ព័ន្ធនឹងសាច់ញាតិថ្នាក់ដឹកនាំជាន់ខ្ពស់ អាចនឹងមានភាពស្មុគស្មាញ និងយឺតយ៉ាវ។

ផល​ប៉ះពាល់នៃទំនាក់ទំនងឧក្រិដ្ឋកម្មនេះ បានជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់កេរ្តិ៍ឈ្មោះ​អន្តរ​ជាតិ​របស់​កម្ពុជា​ទាំង​មូល ដោយ​សារ​តែ​ការ​គប់គិត​​គ្នា​ពី​សំណាក់សមាជិកជាន់ខ្ពស់នៃគណបក្សប្រជាជនកម្ពុជា។

ទោះបីជារដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា តែងតែប្រកាសពីការប្តេជ្ញាចិត្តក្នុងការប្រយុទ្ធប្រឆាំងនឹងការ​លាង​លុយ​កខ្វក់ និងបទល្មើសបច្ចេកវិទ្យាក៏ដោយ ក៏ការដែលឈ្មោះរបស់សមាជិកគ្រួសារថ្នាក់ដឹកនាំជាន់ខ្ពស់ ដូចជា លោក យឹម លក្ខណ៍ ត្រូវបានភ្ជាប់ទៅនឹងបណ្តាញឆបោកទំហំជាង ២០ ប៊ីលានបាតនៅក្នុងប្រទេសថៃ បានបង្កើតជា​សំណួរ​យ៉ាង​ធំ​ជុំវិញ​ឆន្ទៈ​ពិត​ប្រាកដក្នុងការអនុវត្តច្បាប់។

វាក៏បានបង្ហាញពីចំណុចខ្សោយនៃប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុ និងយុទ្ធនាការប្រឆាំងការលាងលុយកខ្វក់របស់លោក ហ៊ុន ម៉ាណែត ដែលជារឿយៗត្រូវបានមើលរំលងនៅពេលដែលបុគ្គលពាក់ព័ន្ធមានខ្នងបង្អែកនយោបាយរឹងមាំ។

សម្រាប់សហគមន៍អន្តរជាតិ និងស្ថាប័នឃ្លាំមើលហិរញ្ញវត្ថុពិភពលោក ករណីរបស់លោក បេន ស្មីត និងលោក យឹម លក្ខណ៍ គឺជាភស្តុតាងជាក់ស្តែងដែលបង្ហាញថា កម្ពុជានៅតែជាតំបន់ដែលមានហានិភ័យខ្ពស់សម្រាប់ការ​លាង​លុយ​កខ្វក់​ដែល​កើតចេញពីបទល្មើសបច្ចេកវិទ្យា និងការបោកប្រាស់ឆ្លងដែនដែលមានការការពារពីឥស្សរជនគណបក្ស​កាន់​អំណាច។

ជារួម ករណីបណ្តាញឧក្រិដ្ឋកម្មរបស់​​លោក បេន ស្មីត លោក យឹម លក្ខណ៍ និង លោក តាំងថៃ បានម៉ាហ៊ីង ដែល​ត្រូវ​បាន​​លាត​ត្រដាង​ដោយ​ការិយា​ល័យ AMLO របស់ថៃ បានគូសបញ្ជាក់យ៉ាងច្បាស់ពីគ្រោះថ្នាក់នៃការ​រួមផ្សំគ្នារវាងឧក្រិដ្ឋ​ជនបច្ចេកវិទ្យាអន្តរជាតិ និងឥទ្ធិពលនៃថ្នាក់ដឹកនាំនយោបាយរបស់គណបក្សប្រជាជនកម្ពុជា។

ទំនាក់ទំនងរវាងលោក បេន ស្មីត ជាមួយសាច់ញាតិរបស់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា បានក្លាយជា​កាតា​លីករ​ដ៏​សំខាន់ក្នុងការជួយសម្រួលដល់ការឆបោក និងការលាងលុយកខ្វក់ក្នុងកម្រិតមួយដ៏ធំសម្បើម ដែលមិនត្រឹម​តែបំផ្លិចបំផ្លាញដល់ជនរងគ្រោះរាប់ពាន់នាក់នោះទេ ប៉ុន្តែថែមទាំងបានធ្វើឱ្យប៉ះពាល់​​ដល់​ប្រព័ន្ធហិរញ្ញវត្ថុតំបន់​ទាំងមូលផងដែរ។

ខណៈអាជ្ញាធរថៃ កំពុងបន្តនីតិវិធីច្បាប់យ៉ាងតឹងរ៉ឹង រួមទាំងការរៀបចំប្រកាសនៅក្នុងរាជកិច្ចដើម្បីឱ្យជនរង​​គ្រោះ​អាចដាក់ពាក្យទាមទារសំណង ការឆ្លើយតបផ្នែកនយោបាយ និងច្បាប់ពីសំណាក់រដ្ឋាភិបាល​​លោក ហ៊ុន ម៉ាណែត ហាក់ជ្រើសរើសការការពារបុគ្គលមានអំណាច និងសមាជិកគ្រួសារឥស្សរជនរបស់​គណបក្ស​ប្រជាជនកម្ពុជា​ទៅ​វិញ។

ដូច្នេះ លោក ហ៊ុន ម៉ាណែត ត្រូវតែបង្ហាញឆន្ទៈនយោបាយដ៏ម៉ឺងម៉ាត់ និងដាច់ខាត ដោយបើកការស៊ើបអង្កេត​ស៊ីជម្រៅជាបន្ទាន់ទៅលើបុគ្គល និងសាច់ញាតិមន្ត្រីជាន់ខ្ពស់ទាំងឡាយណាដែលមានឈ្មោះពាក់ព័ន្ធ​ក្នុងបណ្តាញឆបោក និងលាងលុយកខ្វក់ឆ្លងដែននេះ ដោយត្រូវបញ្ឈប់ជាដាច់ខាតនូវរាល់វប្បធម៌ការ​ពារ ឬ​​បិទបាំង​បុគ្គល​​ខិល​ខូច​ក្រោមស្លាកឥទ្ធិពលនយោបាយ និងបក្សពួកនិយម។

ការ​ផ្ដន្ទាទោសជនល្មើសតាមផ្លូវច្បាប់ដោយគ្មានការលើកលែង និងការសហការដោយតម្លាភាពជាមួយអាជ្ញាធរ​អន្តរ​​​ជាតិ គឺជាវិធានការដោះស្រាយដ៏មានប្រសិទ្ធភាពតែមួយគត់ ដើម្បីជម្រះសេចក្តីសង្ស័យ ព្រមទាំង​ការពារកេរ្តិ៍ឈ្មោះ ស្ថិរភាពសេដ្ឋកិច្ច និងភាពស្អាតស្អំរបស់កម្ពុជានៅលើឆាកអន្តរជាតិ មុនពេលដែលប្រព័ន្ធហិរញ្ញវត្ថុជាតិត្រូវធ្លាក់ចូលទៅក្នុងវិបត្តិទំនុកចិត្ត និងការដាក់ទណ្ឌកម្មកាន់តែធ្ងន់ធ្ងរពីសហគមន៍សកល​លោក។

ជាងនេះទៅទៀត ការម្ចាស់ការក្នុងការកាត់ផ្តាច់ខ្សែភ្ជាប់រវាងឧក្រិដ្ឋជនបច្ចេកវិទ្យា និងរចនាសម្ព័ន្ធអំណាចក្នុង​ស្រុក​ឱ្យបានរហ័សបំផុត គឺជាយុទ្ធសាស្ត្រដ៏ចាំបាច់ដើម្បីបង្ការកុំឱ្យភាគីថៃយកបញ្ហានេះ ធ្វើជាលេស​ន​យោ​បាយ ឬជាឧបករណ៍គាបសង្កត់ក្នុងទំនាក់ទំនងទ្វេរភាគី។

ការណ៍​ដែលកម្ពុជាហ៊ានចាត់វិធានការច្បាប់ដោយខ្លួនឯងទៅលើបុគ្គលខិលខូច នឹងក្លាយ​ជា​ខែល​ការ​ពារ​ការ​​ទូ​ត​ដ៏​រឹង​មាំ ដែល​បន្សាប​រាល់​ការ​ចោទ​ប្រកាន់ ឬ​ការ​ប្រើ​ប្រាស់​ជា​លេស​ពី​សំណាក់​ភាគី​ថៃ ដើម្បី​ឈ្លាន​​ពាន​មក​លើ​កម្ពុជា​បន្ត​​ទៀត៕

ដោយ លោក សុក្រឹត ពុទ្ធិ

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ