កាណាដា​សម្រេច​បាន​​​កិច្ច​ព្រម​ព្រៀង​​លទ្ធ​កម្ម​​ការ​​ពារ​ជាតិ​​​​ធំ​បំផុត​​​គឺ​​ផលិត​នាវា​មុជ​ទឹក​​១២​​គ្រឿង​

កាណាដា បាន​ប្រកាស​ពីកា​រ​​ជ្រើស​រើស​ក្រុម​ហ៊ុន​ការ​ពារ​ជាតិ​អាល្លឺ​ម៉ង់ TKMS ដើម្បី​សាង​សង់​កង​នាវា​មុជ​ទឹក​ថ្មី​ចំនួន ១២ គ្រឿង នៅ​ក្នុង​កិច្ច​ព្រម​ព្រៀង​លទ្ធ​កម្ម​យោធា​ដ៏​ធំ​បំផុត​ នៅ​ក្នុង​ប្រវត្តិ​សាស្ត្រ​របស់​ខ្លួន។

ការប្រកាស​នេះ ធ្វើឡើង​ដោយ​នាយក​រដ្ឋ​មន្ត្រី ម៉ាក ខានី (Mark Carney) ភ្លាមៗ​មុន​ពេល​លោក​ចាក​ចេញ​ទៅ​ចូល​រួម​សន្និ​សីទ​កំពូល​ណាតូ (NATO) នៅ​ក្នុង​ប្រទេស​ទួរគី ដែល​ជា​ទីក​ន្លែង​រំពឹង​ថា​នឹង​មាន​សម្ពាធ​ឱ្យ​សមាជិក​បង្កើន​ការ​វិនិយោគ​លើ​វិស័យ​ការ​ពារ​ជាតិ។

ចាប់តាំងពីចូលកាន់តំណែង លោក ខានី បានដំឡើងការចំណាយលើវិស័យការ​ពារ​ជាតិ​របស់​កាណា​ដា​ដល់ ២% នៃ GDP ហើយ​បាន​ប្តេជ្ញា​ចិត្ត​ថា​នឹង​ឈាន​ឱ្យ​ដល់ ៥% នៅ​ត្រឹម​ឆ្នាំ​២០៣៥។

យោងតាមរដ្ឋាភិបាល បច្ចុប្បន្នមាននាវាមុជទឹករបស់កាណាដាតែមួយ​គ្រឿង​ប៉ុណ្ណោះ ក្នុង​ចំណោម​បួន​គ្រឿង ដែល​អាច​ប្រើ​ប្រាស់​បាន។ ប្រទេស​ដែល​មាន​ឆ្នេរ​សមុទ្រ​វែង​ជាង​គេ​បំផុត​នៅ​លើ​ពិភព​លោក​មួយ​នេះ កំពុង​ព្រួយ​បារម្ភ​កាន់​​តែខ្លាំ​ង​អំពី​ការ​ប្រែ​ប្រួល​អាកាស​ធាតុ​ដែល​ធ្វើ​ឱ្យ​ទឹក​សមុទ្រ​នៅ​តំបន់​អាក​ទិក​ (Arctic) ​កាន់​តែ​ក្តៅ និង​បើក​ផ្លូវ​​ថ្មី​សម្រាប់​ឱ្យ​គូប្រ​ជែង​ធ្វើ​ការ​វាយ​ប្រហារ។

លោក ខានី បានមានប្រសាសន៍ថា៖ «នៅក្នុងពិភពលោកដ៏គ្រោះថ្នា​ក់ និង​បែក​បាក់​កាន់​តែ​ខ្លាំង កាណាដា​ចាំបាច់​​ត្រូវ​តែ​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ ដើម្បី​ការ​ពារ​ផល​ប្រយោជន៍ និង​ប្រជា​ពលរដ្ឋ​របស់​យើង។ យើងកំ​ពុង​ធ្វើ​លទ្ធ​កម្ម​​ការ​ពារ​ជាតិ​ដ៏​ធំ​បំផុត នៅ​ក្នុង​ប្រវត្តិ​សាស្ត្រ​ជាតិ​របស់​យើង ប្រកប​ដោយ​ល្បឿន លេច​ធ្លោ និង​វិន័យ»។ រដ្ឋាភិ​បាល​​មិន​​ទាន់​​បាន​បញ្ចេញ​ការ​ប៉ាន់​ស្មាន​តម្លៃ​សម្រាប់​កិច្ច​ព្រម​ព្រៀង​នេះ​នៅ​ឡើយ​ទេ។

ក្រុមហ៊ុន TKMS ដែលជាក្រុមហ៊ុនផលិតនាវាមុជទឹកមិនមែននុយក្លេអ៊ែរធំបំផុតនៅលើពិភពលោក បានដេញ​ថ្លៃឈ្នះ​ក្រុមហ៊ុន Hanwha Ocean របស់ប្រទេសកូរ៉េខាងត្បូង។ កងនាវាថ្មីនេះ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់​លោក ខានី ក្នុងការបង្កើនការចំណាយលើយោធា ដើម្បីពង្រឹងអធិបតេយ្យភាពដែនសមុទ្រ ជាពិសេសនៅក្នុងតំបន់​អាកទិក ខណៈដែលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ក៏បានដាក់សម្ពាធលើសមាជិកណាតូឱ្យបង្កើន​ការចំណាយផងដែរ។

លោក ដេវីដ ភែរី (David Perry) ប្រធានវិទ្យាស្ថានកិច្ចការសកលកាណាដា បានមានប្រសាសន៍ថា កិច្ចសន្យានេះផ្តល់​ឱ្យ​លោក ខានី នូវភាពជឿជាក់យ៉ាងខ្លាំង។ លោកបានបន្ថែមថា រដ្ឋាភិបាលកាណាដាក៏បាន​ផ្តោតលើការបង្កើត​ភាព​ជាដៃគូយុទ្ធសាស្ត្រជាមួយអឺរ៉ុប ស្របពេលដែលកាណាដាកំពុងប្រឈមមុខនឹងភាពតានតឹងផ្នែក​ពាណិជ្ជ​កម្ម​ជាមួយ​​សហរដ្ឋ​​អាមេ​រិក។

ក្រុមហ៊ុន TKMS បានបញ្ជាក់ថា ភាពជាដៃគូរួមគ្នាជាមួយប្រទេសន័រវែសនេះ នឹងផ្តល់ជូនកាណាដានូវដំណោះ​ស្រាយដែលមានហានិភ័យទាប និងស្របតាមស្តង់ដារណាតូ ទាំងលើការថែទាំ ការបណ្តុះបណ្តាល និងប្រតិបត្តិការ។

លោក ភែរី បានបន្ថែមថា នាវាថ្មីទាំងនេះនឹងផ្តល់ឱ្យកាណាដានូវការកើនឡើងយ៉ាងខ្លាំងនៃសមត្ថភាពដែន​សមុទ្រ ដោយ​ធានាឱ្យមាននាវាមុជទឹកចំនួនបីគ្រឿងអាចដំណើរការបានយ៉ាងគួរឱ្យទុកចិត្តនៅពេលណា​ក៏​បាន ដែលខុស​ពី​តថ​ភាព​រាល់ដងដែលមាននាវាមុជទឹកតែមួយគ្រឿងដំណើរការម្តងម្កាល។

រដ្ឋាភិ​បាល​កាណាដា បានសង្កត់ធ្ងន់ថា នាវាមុជទឹកថ្មីទាំងនេះ ដែលប្រើប្រាស់ថាមពលធម្មតា និងមានសមត្ថ​ភាពដើរ​តួនា​ទីនៅក្រោមផ្ទាំងទឹកកក គឺមានសារៈសំខាន់ខ្លាំងណាស់សម្រាប់សន្តិសុខ និងអធិប​តេយ្យ​ភាព​ជាតិ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ