អ្នក​ជំនាញ​​ជំរុញ​​​ឱ្យ​​ពល​រដ្ឋ​​ចូល​​រួម​​ការ​ងារ​សង្គម​ដើម្បី​​តម្រង់​​ផ្លូវ​​អ្នក​​​នយោ​​បាយ

អ្នក​​ជំនាញ​​សិទ្ធិ​មនុស្ស ​និង​​អ្នក​​ជំនាញ​​វិទ្យា​​សាស្ត្រ​​នយោ​បាយ ​​ជំរុញ​​ឱ្យ​​បញ្ញ​វន្ត​​និង​​ប្រជា​ពល​រដ្ឋ​​ខ្មែរ​​នៅ​​គ្រប់​​ទិសទី ត្រូវ​​​​ចូល​​រួម​​នយោ​បាយ ​តា​ម​​ដាន​​នយោ​បាយ​​របស់​​​ប្រទេស​​ជាតិ ​និង​​ចូល​​រួម​​ក្នុង​​កិច្ច​​ការ​​ងារ​​សង្គម​ឱ្យ​បាន​​សកម្ម​​តាម​​តែ​អាច​​ធ្វើ​​ទៅ​​បាន​​ ដើម្បី​​ទប់​​អ្នក​​នយោ​បាយ​​កុំ​​​ឱ្យ​​ជិះ​​សេះ​លែង​​ដៃ​​​ធ្វើ​អ្វី​ៗ​​ទៅ​​តាម​​តែ​អំពើ​​ចិត្ត ​ប្រាស​ចាក​​ពី​រ​ដ្ឋ​​ធម្ម​នុញ្ញ ​​​ដែល​នៅ​​ទីបំផុត​​​អាច​​នឹង​កាន់​​តែ​​​ធ្វើ​​ឱ្យ​​​ប្រទេស​ជាតិ​ជួប​​វិបត្តិ​​​ចា​ក់​​ស្រេះ​​ធ្ងន់​​ធ្ងរ​។

ការ​បញ្ចេញ​​ប្រតិ​កម្ម​​ទាំង​​​នេះ ​ខណៈ​​​មជ្ឈ​ដ្ឋាន​​ជា​ច្រើន​​​លើក​ឡើង​​ថា ប្រទេស​កម្ពុជា​​ក្រោម​​ការ​​ដឹក​នាំ​​ដោយ​​លោក​​ហ៊ុន សែន ​និ​ង​​លោក​​ហ៊ុន ម៉ាណែត​ ហាក់​កំពុង​ដើរប្រាសចាក​កាន់​តែឆ្ងាយ​ពី​រដ្ឋធម្មនុញ្ញ​ដែល​ជាច្បាប់​កំពូ​ល​របស់​ជាតិ​ ត្រង់​​​ចំណុច​សិទ្ធិពល​រដ្ឋ​និង​សិទ្ធិ​នយោបាយ ចាប់​តាំង​​ពីលោក ​ហ៊ុន សែន ​បាន​ប្រើតុលាការ​កំពូល​ឱ្យ​​រំលាយគណបក្ស​សង្គ្រោះ​​ជាតិ​​​​ទាំង​បំពាន​កាល​ពីចុង​ឆ្នាំ​២០១៧ ដែល​ជាការ​បំផ្លាញចោល​ប្រព័ន្ធ​ដឹកនាំ​រដ្ឋ​តាម​បែបប្រជាធិប​តេយ្យ​​មក​។

គិត​មក​ដល់​ត្រឹម​ថ្ងៃ​ទី​៧ខែ​កក្កដា​​នេះ ​​មាន​​សកម្ម​​ជន​​នយោ​បាយ​ និង​​សកម្ម​​ជន​​សង្គម​​សរុប​ចំនួន ​១១៩​នាក់​ ត្រូវ​​បាន​​​ចាប់ឃុំខ្លួន ក្រោម​ការ​​ចោទ​ប្រកាន់​ពីបទ ញុះញង់ ​និង​រួម​គំនិតក្បត់​​ដោយ​​សារ​​តែភាពសកម្ម​និយមក្នុងការ​ប្រើ​សិទ្ធិ​​បញ្ចេញមតិ​របស់​ពួកគេ លើ​បញ្ហា​ព្រំដែន ​​និង​បញ្ហា​ជាតិ​​ផ្សេងៗ។ នេះ​បើ​យោង​តាម​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ។

លោក​ ស៊ឹង សែន​ករុណា ​ប្រធាន​អង្គការ​ប្រជាធិបតេយ្យ​ខ្មែរ​ បាន​ប្រាប់​វីអូឌីថា នៅ​តាម​បណ្តា​ប្រទេស​​ប្រជាធិប​តេយ្យ​​ជឿន​​លឿន​ គឺ​ប្រជាពល​រដ្ឋ​គេ​ មាន​ការ​យក​ចិត្ត​ទុកដាក់​ក្នុង​បញ្ហា​នយោ​​​បាយ ​និង​​សង្គម​ជាតិ​ណាស់ ​ពីព្រោះ​បើ​​​សិន​ជាប្រជាពល​រដ្ឋ​ខ្វះការចូល​រួម​វាជាឱកាស​សម្រាប់​​អ្នក​នយោបាយ​​ទាំង​នោះ ​ដឹកនាំ​ប្រទេស​ដោយ​ជិះ​សេះ​លែង​ដៃ ធ្វើ​អ្វី​ៗ​ទៅ​តាម​តែអំពើ​ចិត្ត​ ​កើប​ប្រមូល​ធនធាន​ជាតិ ​ដើម្បី​តែធ្វើ​មាន​ធ្វើបាន ​សម្រាប់​តែក្រុមគ្រួសារ​ និង​បក្ខពួក​ខ្លួន ដែល​​មិន​អាច​​ធ្វើ​ឱ្យ​ប្រទេស​ជាតិ​​រីក​ចម្រើនទៅបានទេ។

អ្នក​ឃ្លាំមើល​រូបនេះ​ លើកឡើងថា ​ការដឹកនាំប្រទេស​របស់​អ្នក​នយោបាយខ្មែរ​​បច្ចុប្បន្ន​ គឺ​បាន​ប្រាស​ចាក​ឆ្ងាយ​​ពី​រដ្ឋ​ធម្ម​នុញ្ញ ​​​​មិន​ដើរ​តាម​គន្លង​ប្រជាធិបតេយ្យ ​មិន​គោរពសិទ្ធិមនុស្ស​ ​កើត​មាន​​អំពើ​​ពុក​​រលួយ​ បក្ខ​ពួកនិយម​ ​​អំពើ​អយុត្តិធម៌​​​សង្គម​ចាក់​ស្រេះ ខុស​ពី​បំណង​​របស់​ប្រជា​ពល​រដ្ឋ​​ គឺ​​នឹង​ធ្វើ​ឱ្យ​​ប្រជា​ពល​រដ្ឋ​ក្លាយ​ទៅជា​​អ្នក​រងគ្រោះ​​តជំនាន់​​។

លោកថា៖ «​អាហ្នឹង​គឺការ​ខ្វះខាត​ការយកចិត្តទុកដាក់ ​​ក្នុងការ​ចូល​រួម​ពី​ប្រជាពល​​រដ្ឋ​ឱ្យ​បាន​ច្រើន​ហ្នឹង​​ហើយ ​​​ឱ្យ​​បាន​​​​សកម្ម​​ហ្នឹង​ហើយ។ នេះខ្ញុំ​និយាយ​ចំពោះ​ប្រជាពល​រដ្ឋ​ដែល​អសកម្ម​ ហើយ​​អ្នក​សកម្ម​​ យើង​​សូម​កោតសរសើរ​ ហើយ​សូម​គោរពនូវ​ទឹក​ចិត្ត ​​និង​ឆន្ទៈរបស់​ពួកគាត់​ដែល​ពួក​គាត់​ចូល​រួម​នៅក្នុង​បញ្ហា​សង្គមនយោបាយ​ ឈឺ​ឆ្អាល​ទៅ​​នឹង​បញ្ហា​របស់​ប្រទេស​​ជាតិ។ នេះ​​ជាពល​រដ្ឋ​គំរូ​ដែល​យើង​ចង់​ឃើញ​ប្រជាពល​រដ្ឋ​បែបនេះ ឱ្យកាន់​តែច្រើន ​ហើយ​ខ្ញុំ​​លើក​​​ទឹក​​​ចិត្ត​ឱ្យមាន​ការ​ចូល​រួម​កាន់​តែច្រើន។ បើ​សិនជាប្រជាពល​រដ្ឋ​យើង​ចូល​រួមកាន់​តែ​​ច្រើន​ អ្នក​នយោបាយ​​នឹង​មិន​ហ៊ាន​ធ្វើ​អ្វី​ផ្តេសផ្តាស​ទេ​ នឹងដឹកនាំ​ប្រទេស​ទៅ​តាម​គោល​បំណង​ទៅ​តាមការ​ចង់​បាន​របស់​ប្រជាពល​រដ្ឋ​ហ្នឹង​​ហើយ​»។

លោក ​អំ សំអាត ​​នាយក​ទទួល​បន្ទុក​កិច្ច​ការទូទៅ​នៃអង្គការ​លីកាដូ​ ក៏​បាន​​ប្រាប់​វីអូឌីដែរ​ថា នៅ​ក្នុង​​សង្គម​ប្រជា​​ធិប​​តេយ្យ​ ប្រជាពល​រដ្ឋគឺ​​ជាម្ចាស់​ប្រទេស ​​ដូច្នេះ​ប្រជាពល​រដ្ឋ​មាន​សិទ្ធិ​ចូល​រួម​ក្នុង​​កិច្ចការ​នយោ​​បាយ ​តាម​ដាន​​នយោ​បាយ​ប្រទេសជាតិ​​ និង​ចូល​រួម​កិច្ចការងារ​សង្គម ពីព្រោះ​​​​មាត្រា​​៣៥​​នៃ​រដ្ឋ​ធម្មនុញ្ញ​​ បាន​ចែងថា ប្រជាពល​រដ្ឋ​ខ្មែរ​ទាំងពីរភេទ​មាន​សិទ្ធិ​ចូល​រួម​យ៉ាង​​សកម្ម​នៅក្នុង​ជីវភាព​នយោបាយ​សេដ្ឋកិច្ច សង្គម​និង​វប្បធម៌។

​អ្នក​ជំនាញ​សិទ្ធិមនុស្ស​រូប​នេះ ​បញ្ជាក់​ថា ក្រោយ​ពីការ​បោះ​ឆ្នោត​​ជ្រើស​រើស​តំណាង​រាស្ត្រ ​និង​តំណាង​​ក្រុម​ប្រឹក្សា​ឃុំ​ សង្កាត់ ​​ប្រជាពល​រដ្ឋ​ម្ចាស់​ឆ្នោត ​ក៏នៅ​មាន​សិទ្ធិ​តាម​មើល​តំណាង​របស់​ពួក​គាត់​​ទាំង​នោះ​ផងដែរ ​​ថា​តើ​បាន​បម្រើ​​ផល​ប្រយោជន៍​របស់​ពួកគាត់​ដែរ​ឬយ៉ាងណា។

លោកថា៖ «គាត់មានសិទ្ធិក្នុងការ​តាម​ដាន ​ព្រោះគាត់ជា​ម្ចាស់ឆ្នោត​​ ​ហើយ​ដែល​ប្រគល់​ទៅ​ដល់​​តំណាង​ ​ហើយ​មាន​ការ​សំណូម​ពរ​មានការទាម​ទារ​ឱ្យ​តំណាង​របស់​គាត់ហ្នឹង ​​ដោះ​ស្រាយ​ទៅ​​លើ​បញ្ហា​ផ្សេង​ៗ ​​​ដែល​បាន​កើតឡើងនៅក្នុង​មូលដ្ឋាន​សហគមន៍​របស់គាត់​ ហើយ​នឹង​ពិនិត្យ​​​មើល​​ទៅ​លើ​គោលនយោបាយ​ផ្សេងៗ​ទៀត​ ដើម្បី​​ធ្វើ​​យ៉ាង​ណា​​ជំរុញ​​​ឱ្យមាន​ការ​គោរព​និង​​អនុវត្ត​គោល​នយោបាយ​ប្រទេសជាតិ​យើង​ហ្នឹង មាន​ភាពល្អប្រសើរ។ ការងារសង្គម​ផ្សេងៗ​​​​ទៀត ​ក៏ពល​រដ្ឋ​មាន​សិទ្ធិ​ក្នុងការ​ចូល​រួម ​ជាពិសេស​សិទ្ធិ​ក្នុងការ​បញ្ចេញមតិ ​សិទ្ធិ​ចូល​រួម​​ក្នុង​​ការ​​ងារ​​សង្គម​​ផ្សេងៗ​ទៀត ​ដែល​ស្របទៅ​តាម​គៅលការណ៍ច្បាប់​ជាតិ​និង​ច្បាប់​​អន្តរជាតិ​។​អ៊ីចឹង​បើ​សិនជា​មានការ​ហាម​ឃាត់ ​ឬក៏ដកហូត​សិទ្ធិ​ទាំងអស់ហ្នឹង ​​គឺ​ធ្វើ​ឱ្យ​ប៉ះពាល់​ទៅ​ដល់​សិទ្ធិ​​​របស់​​ពល​រដ្ឋ​​ ហើយ​មិន​សម​ស្របជាពល​រដ្ឋ​នៅក្នុង​សង្គមប្រជាធិបតេយ្យទេ»។

វីអូឌី ​មិន​អាច​ទាក់​ទង​លោក ​ប៉ែន បូណា ​អ្នក​នាំពាក្យ​រដ្ឋាភិបាល​ ​ដើម្បី​ស្នើ​សុំ​ធ្វើ​អត្ថាធិប្បាយ​លើ​​បញ្ហា​​​នេះបាន​​ទេ​ នៅថ្ងៃទី៧ខែ​កក្កដា​​នេះ។

ប៉ុន្តែ​យ៉ាងណាក្តី នៅ​ក្នុង​​ពិធី​អបអរសាទរខួបលើក​ទី៣០​ឆ្នាំ អង្គការដើម្បីភាពញញឹមនៃកុមារ (PSE) កាលពីថ្ងៃទី​២​​ខែ​​​កក្កដា លោក​នាយក​រដ្ឋ​មន្ត្រី ​​ហ៊ុន ម៉ាណែត ​បាន​ថ្លែង​ថា ​រដ្ឋាភិបាល​កម្ពុជា​​មិន​បាន​បំបិទសិទ្ធិ​សេរី​ភាព​​បញ្ចេញ​​មតិ ​ឬ​សិទ្ធិ​​បំពេញ​ការ​ងារ​របស់​អង្គការ​សមាគមនា​នា​​​នោះ​ទេ។ លោកថែម​​ទាំង​​ចោទសួរ​ថា តើ​សិទ្ធិសេរីភាព​ចង់​និយាយ​​ពីអ្វី​? មិន​មែន​តែសិទ្ធិ​ឡើង​ជេរ ​ឡើង​បាតុកម្ម​នោះ​ទេ ​តែ​សិទ្ធិទទួល​បានការអប់រំ សិទ្ធិ​ទទួលបានការថែទាំសុខភាព​ និង​​សិទ្ធិទទួលបាន​សុខមាលភាពផ្សេងៗ ​វា​ក៏​ជាសិទ្ធិរបស់​មនុស្ស​ដែរ​។

លោកនាយក​រដ្ឋ​មន្ត្រី ​​បញ្ជាក់ថា មានការ​យល់​ច្រឡំ ជាពិសេសកា​រលើ​ក​ឡើង​​ក្នុង​​បណ្តា​សារ​ព័ត៌​​មាន​​មួយ​​ចំនួន​​ចោទ​​ថា រដ្ឋាភិ​បាល​​មិន​លើក​​ទឹក​​ចិ​ត្ត​​ទៅ​​ដល់​​អង្គ​ការ​​សង្គម​​ស៊ីវិល​ ​បិទ​​សេរី​ភាព​​​ផ្សេងៗ ​ដែល​​ការ​ពិត​​មិន​​ដូច្នោះ​​ទេ ខណៈ​​បច្ចុប្បន្ន​​​មាន​​អង្គ​ការ​​សង្គម​​ស៊ីវិល និង​​សមា​គម​​​រាប់​​ពាន់​ ​បាន​​ចុះ​​បញ្ជី​ ​ហើយ​​បាន​​និង​​​កំពុង​​បំពេញ​ការ​​ងារ​​នៅ​​ទូទាំង​​​​ប្រទេស​កម្ពុជា។

យ៉ាងណាក្តី​ សម្រាប់​លោក ឯម សុវណ្ណារ៉ា សាស្រ្តាចារ្យផ្នែកវិទ្យាសាស្រ្តនយោបាយ ​បាន​ថ្លែង​នៅ​ក្នុង​​កិច្ច​​ពិភាក្សា​​មួយ​​នៅ​​មជ្ឈ​មណ្ឌល​​សិទ្ធិ​មនុស្ស​កម្ពុជា ​កាល​ពី​ថ្ងៃទី​​៣ខែ​​កក្កដា​ថា បើ​​ភាព​​អយុត្តិ​ធម៌​​សង្គម​​កើត​មាន​ ហើយ​ខ្វះការ​រួម​ចំណែក​តាម​រយៈ​ការ​បញ្ចេញមតិ​បង្ហាញ​ទស្សនៈធ្វើ​ឱ្យ​​​បញ្ហា​អយុត្តិធម៌​​ នឹង​នៅ​បន្តកើតមាន​ឡើង​ទៀត​នោះ​ មាន​ន័យ​ថា ប្រជាពល​រដ្ឋ​ជាពិសេស​បញ្ញវន្ត​ ​និង​បញ្ញាជន​ ហាក់​បីដូច​បាន​រួម​ចំណែក​​ដោយ​ប្រយោល ​​មិន​បាន​ចូល​រួម​ជួយ​កសាង​សង្គម​​​ទេ។

ក្នុង​ន័យនេះ ​លោក​ថា សង្គមកម្ពុជា​គួរ​តែបើក​ចំហរឱ្យ​បញ្ញវន្ត ​និង​បញ្ញាជន ​រួម​ទាំង​ប្រជាពល​រដ្ឋ​​​ម្ចាស់​ឆ្នោត ​បាន​ចូល​រួម​ក្នុងកិច្ចការ​នយោបាយ ​និង​សង្គមទាំងអស់​គ្នា ​ពីព្រោះ​បើ​សិន​ជា​​សង្គម​​​នេះ​​ ​​ដឹកនាំ​ធ្វើ​ឱ្យមាន​កំហុស​ឆ្គង​ទៅ​​​ថ្ងៃអនាគត ​​នោះ​ក្មេង​ៗ​ជំនាន់​ក្រោយ​មិន​មែន​បន្ទោស​​​​​តែ​​មេដឹកនាំ​ប្រទេស​នោះទេ ​គឺ​បន្ទោស​​មនុស្ស​ទាំង​អស់​ដែល​រស់​នៅក្នុង​ជំនាន់​នេះ​ផង​​ដែរ។​ ដើម្បី​ឱ្យ​សង្គម​មាន​ការ​រីក​ចម្រើន​ជឿន​លឿន​ឆាប់​រហ័ស លោក​ជំរុញ​ឱ្យ​​រដ្ឋាភិបាល​ត្រូវ​​បើក​​ចំហរ​​ឱ្យ​​បញ្ញវន្ត​ និងបញ្ញជន​ ​​បាន​បញ្ចេញ​នូវគំនិត​​ បទពិសោធ​ន៍ ​​ឬក៏ការ​ស្រាវ​ជ្រាវ​ដែល​ពួកគាត់​​រក​​ឃើញ​​។

លោកថា៖ «ការ​ចែក​រំលែក​បាន​កន្លែងនេះ ​ខ្ញុំ​មិន​បន្ទោស​ទៅ​លើ​បញ្ញាជន ​ឬក៏បញ្ញវន្ត​ទេ​ កត្តា​​​សំខាន់​​​​កត្តា​​​​សង្គម​ ​ការ​គំរាម​កំហែង ​ការ​បិទសិទ្ធិ​សេរីភាព… ចឹងអាការគិត​ជួន​កាល​គិត​មិន​ហ៊ាន​​គិតផង ​​ដោយ​សារ​តែអាការរិតត្បិត ​ការ​លាប​ពណ៌​គ្នា ​ធ្វើ​ឱ្យ​បញ្ញវន្ត​ហ្នឹង​​គាត់​​អសកម្ម​​ច្រើន​ អាហ្នឹង​​ជា​​កិច្ច​​ការ​​មួយ​​សំខាន់​។ តួនាទី​គាត់​ស្រាវ​ជ្រាវ​រៀប​ចំ​រក​ឃើញ​ការពិត ​គាត់​បង្ហាញ​​ជា​​សាធារណៈ​ឱ្យ​​សាធា​រណៈ​ជន​​យល់​​ផ្អែក​ទៅលើ​ការពិត​។ ប៉ុន្តែ​​បច្ចុប្បន្ន​បញ្ញា​ជន​អត់ហ៊ាន​​​បង្ហាញ​​ទេ​ ហើយ​មិន​បាច់​និយាយគេ ​​និយាយ​​ខ្ញុំ​ចុះ ខ្ញុំ​​ខ្លួ​ន​​ឯង​​ដូច​ករណីព្រំដែន​​ទឹក ព្រំដែនគោក​មាន​​ការ​ស្រាវ​ជ្រាវ​​​​មានការ​យល់​ដឹងខ្លះដែរ ​​តែឱ្យ​រួម​ចំណេក​កិច្ចការ​ហ្នឹង​​ ខ្ញុំ​អត់ហ៊ាន​រួម​ចំណែក​ព្រោះ​​វា​ពាក់​ព័ន្ធ​កត្តា​​សុវត្ថិភាព ​​កត្តា​​​សេដ្ឋ​កិច្ច​ គ្រាន់​តែយើង​លើក​ខ្លះ​បញ្ហា​សង្គម​ហ្នឹង គឺទាំងខ្ញុំ​ទាំង​​​វាគ្មិន​ផ្សេង ក៏រង​សម្ពាធភាគច្រើន​ដែរ​​នៅក្នុងគ្រឹះ​​ស្ថាន​​មួយ​ៗ​ ​គឺហាក់​ដូច​ជាមានការរើស​អើង​​លាបពណ៌គ្នា​»។

អ្នក​ជំនាញ​វិទ្យា​សាស្ត្រ​នយោបាយ​រូប​នេះ ថ្លែងទៀតថា ការ​រើស​អើងនិន្នាការ​នយោបាយ​គ្នា​ការ​​លាប​ពណ៌គ្នា​ ​ធ្វើ​ឱ្យ​សង្គម​កម្ពុជា​ខ្វះ​ផ្នត់គំនិត​នៃការគិតគូរ​ ការគូស​វាស​ ការរៀបចំផែនការ​ជាតិ​។ ការរៀបចំផែនការជាតិ​ គោល​នយោ​បាយ​សាធារណៈ ​នឹង​ត្រូវបាន​យុវជន​ឬក៏ប្រជាពល​រដ្ឋ​​អត់​សូវ​ចូល​រួមទេ​ ដោយ​ប្រើពាក្យ​ថា រឿង​នយោបាយ​ទុកឱ្យ​អ្នក​នយោបាយ​​គិតទៅ​ ប៉ុន្តែ​ដល់​​​ពេល​​ប្រទេសជាតិ​​​ជួប​វិបត្តិ ​មិន​មែន​អ្ន​ក​នយោបាយ​ទទួល​ម្នាក់​ឯងនោះទេ ​គឺ​ប្រជាពល​រដ្ឋ​ទាំង​​អស់​គ្នា​។ ត្រង់​ចំណុច​នេះ ​ក្នុង​នាម​ជាពល​រដ្ឋ​​នៅក្នុង​ប្រទេស​​ប្រជាធិបតេយ្យ ​​ជាពល​រដ្ឋ​សកម្ម​​គួរ​តែនាំគ្នា​ភ្ញាក់​គិត​អំពីតួនាទី​ខ្លួន​ឯង​ឡើង​វិញ។

បន្ថែមពីនេះ លោក ​សុវណ្ណារ៉ា ក៏​​បញ្ជាក់ដែរ​ថា បញ្ញាជន​មួយ​​ចំនួន ​​ជាពល​រដ្ឋ​ខ្មែរ​នៅក្រៅ​ប្រទេស​ក៏​មាន​តួនាទី​សំខាន់​ ​នៅក្នុងការ​ចូល​រួម​កសាង​សង្គមផងដែរ​ ​ដោយ​​អាច​លើ​ក​ពី​បញ្ហា​រសើបៗ​មួយ​​ចំនួន​ក្នុងសង្គមកម្ពុជា ​ខណៈ​អ្នក​នៅក្នុង​ប្រទេសកម្ពុជា​មិន​ហ៊ាន​និយាយ​​។

លោកថា៖ «ដូច​ជាបញ្ហា​ព្រំដែន ​គឺជាកិច្ចការ​សំខាន់​ណាស់​ ​ហេតុអីពល​រដ្ឋ​កម្ពុជា​ខ្វះការ​យល់​រឿង​​បញ្ហា​ព្រំដែន​​​ដោយ​​សារ​? ដោយ​​​សារ​តែអ្នក​ចែក​រំលែក​រឿងព្រំដែន​នឹង​វាតិច​។​មិន​​មែន​​ជា​​បញ្ហា​​ពិបាក​​​ដែល​ពិបាក​យល់​អីទេ ​ប៉ុន្តែ​គ្រាន់​តែយើង​ស្វែង​យល់​វា​បាន​តិច​ ​ហើយការ​មិន​ឱ្យ​យល់​​​​ដឹង​វាមាន​លក្ខណៈ​មួយ​ពាក់​ព័ន្ធ​ទៅ​នឹង​ការ​អប់រំ។ កត្តា​សំខាន់​​មួយ​ទៀត ​គឺ​​ច្បាប់​កម្ពុជា​​យើង​​អនុ​ញ្ញាត​​ ហើយ​​ប្រជា​ធិប​តេយ្យ​​សេរី​​ពហុ​បក្ស​​ ​អាច​ការ​ពារ​លើក​​ស្ទួយ​​សិទ្ធិ​​សេរី​ភាព​​ពល​រដ្ឋ​ ​ក៏​​ប៉ុន្តែ​​ការ​​អនុវត្ត​ជាក់​ស្តែង ​ពល​រដ្ឋនិយាយ ​ឬក៏សេរីភាព​អ្នក​​​សារព័ត៌មាន​ដែល​​ជា​តួអង្គ​ជួរ​មុខ​ ​ក្នុង​​ការ​​ចែក​​​រំលែក ​​​ឬ​ក៏ពាំនាំ​ព័ត៌មាន​ពីបញ្ញាជនទៅ​សាធារណៈជន គឺ​ត្រូវ​ជាប់​គាំង​​»។

ចំណែក ​​​លោក សេក សុជាតិ អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់​គំនិត និងការស្រាវ​ជ្រាវក៏​បាន​​​ថ្លែង​នៅក្នុង​កិច្ច​ពិភាក្សា​នេះ​ផង​ដែរថា ការ​លាបពណ៌គ្នា​រវាង​គណបក្ស​កាន់​អំណាច ​និង​គណបក្ស​​​ប្រឆាំង​នាពេល​បច្ចុប្បន្ន​ បាន​ក្លាយ​ទៅជារឿង​រសើប​ខ្លាំង ​ខណៈ​ដែល​អ្នក​នយោ​បាយ​​​មិន​​​មាន​ការ​យោគ​យល់អធ្យា​ស្រ័យគ្នា ​ហើយ​មិន​ព្រម​យក​ច្បាប់​មក​អនុវត្ត​ឱ្យ​ស្រប​ទៅ​នឹង​​​​​អ្វី​​ដែល​​​មាន​ចែងក្នុង​រដ្ឋធម្មនុញ្ញ ដែល​នេះជាគ្រោះថ្នាក់​របស់ជាតិ​ខ្មែរ​ទាំងមូល។

​​សម្រាប់​អ្នក​​ប្រឹក្សា​យោបល់​រូបនេះ ចង់​ឃើញប្រជាជាតិ​ខ្មែរ​​ទាំង​អស់ ​មិនថាបញ្ញវន្ត ចាស់​ឬ​​ក្មេង មិន​​ថា​អ្នក​រស់នៅក្នុងប្រទេស​​និងក្រៅ​ប្រទេសនោះ​ទេ គឺ​ត្រូវ​ចូល​រួម​ក្នុងកិច្ចការ​ងារ​សង្គម​ជាតិ​​​​ទៅ​តាម​គ្រប់​​លទ្ធភាព​ដែល​ខ្លួន​អាច​ធ្វើ​បាន ​​ទើប​ខ្មែរ​មាន​ការ​រីក​ចម្រើន​ខ្មែរខ្លាំង​​​។

លោកថា៖ «ដូច្នេះខ្ញុំចង់ឱ្យមនុស្សទាំងអស់​ជួយគ្នាទៅវិញទៅមកគោរពគ្នាទៅវិញទៅមកប្រកប​ដោយក្រមសីលធម៌ ហើយម្នាក់ៗធ្វើសកម្មភាពជួយ​​សង្គមប្រកបដោយទំនួលខុសត្រូវធ្វើ​​យ៉ាង​​ម៉េចក៏ដោយ ចេះជួយគ្នាទៅវិញទៅមក។ហើយ​មុននឹងដាក់បន្ទុក​ឬ​ក៏​ធ្វើ​ការ​ចោទ​ប្រកាន់​ទៅ​លើបុគ្គលណា​ម្នាក់​ សូមយកអ្វីៗទាំងអស់នេះមកគិតសិន ហើយពួកយើងត្រូវរៀនជាមួយ​គ្នាធ្វើការជាមួយគ្នា​ ដើម្បីប្រយោជន៍រួមរបស់យើង ហើយទាមទារឱ្យគ្រប់ភាគីពាក់ព័ន្ធទាំង​អ្នកនយោបាយ ទាំងអាជ្ញាធរមានសមត្ថកិច្ចទាំងសង្គមស៊ីវិលទាំងប្រជាពលរដ្ឋសូម​​ជួយ​​គ្នា​​លើក​​ទឹកចិត្ត​​គ្នា ផ្តល់តម្លៃឱ្យគ្នា ហើយនឹងបង្កើតនូវវប្បធម៌មួយ​ដែលអាចឱ្យទាំងអស់គ្នារស់​នៅ​​សុខដុមរមនា​ត្រជាក់​​​​​ត្រជុំជាមួយគ្នា និងកសាងខ្លួនដើម្បីភាពរីកចម្រើនសម្រាប់អនាគត​មនុស្ស​ជំនាន់​ថ្មី»

បន្ថែមពីនេះ លោក ​ស៊ឹង សែនករុណា ​លើក​ឡើង​ទៀត​​ថា ​ការចូល​រួម​របស់​ប្រជាពល​រដ្ឋ​នៅ​ក្នុង​​​នយោ​បាយ តាម​ដាន​នយោបាយ​ប្រទេសជាតិ ​​និង​កិច្ចការ​ងារ​សង្គម គឺ​មាន​សារៈ​សំខាន់​ណាស់ ​ពីព្រោះ​បើកាល​ណា​ប្រជាពល​រដ្ឋ​​មិន​​ខ្វល់​​ខ្វាយ​​ មិន​​អើ​​ពើ​ មិន​​ឈឺ​​ឆ្អាល​​​​ទៅនឹ​ង​​បញ្ហា​​​ទាំង​នេះ​ ​​​​នោះ​​​ប្រទេសជាតិ​នឹងធ្លាក់​ចុះ​ទន់​ខ្សោយ​កើតមាន​​វិបត្តិ​ ដែល​​នឹង​ធ្វើ​ឱ្យ​ប្រជាពល​រដ្ឋ​ទាំង​​​អស់​​ទទួល​រងគ្រោះ​។ ដូច​​​លោក​បណ្ឌិត​ កែម ឡី ថា នៅពេល​ដែល​សង្គម​មាន​អំពើ​អយុ​ត្តិ​ធម៌​​កេង​​ប្រវ័ញ្ច​ជិះជាន់​​​កាន់​តែច្រើន គឺ​គ្មាន​អ្នកណាម្នាក់​អាច​រស់នៅ​បាន​សុខនោះ​ទេ គ្រាន់​តែ​មិន​ទាន់​ដល់​វេន​​តែប៉ុណ្ណោះ ខណៈបច្ចុប្បន្ន​អំពើ​ពុក​រលួយ ​បក្ខ​ពួកនិយម​​បាន​កើតឡើង​ជា​ប្រព័​ន្ធ​ ​អំពើ​​​អយុត្តិធម៌​សង្គមប​ន្ត​រីក​​រាល​ដាល​កាន់​តែធំ​ ធ្វើ​ឱ្យ​​ជន​ស្លូតត្រង់​​ដែល​គ្មាន​ខ្នង​បង្អែក​និង​ប្រជា​​ពល​រដ្ឋ​ក្រីក្រ​កាន់​តែ​ច្រើន​​ទទួល​រងគ្រោះ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ