ការដែលរដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត មិនកំណត់ពេលជាក់លាក់ឱ្យថៃដកថយ ឬរុះរើរបងនៅចំណុចបង្គោលព្រំដែនលេខ ៥២ និង ៥៤ នៅស្រុកកំរៀង ខេត្តបាត់ដំបង កាន់តែជំរុញឱ្យគេមើលឃើញ ពីភាពកម្សោយក្នុងការការពារទឹកដីនៃខ្សែបន្ទាត់ព្រំដែនមិនកែប្រែ តាមផែនទីដែលបានបន្សល់ទុកពីសម័យបារាំង។
ការលើកឡើងនេះ បន្ទាប់ពីក្រសួងការពារជាតិកម្ពុជាកាលពីថ្ងៃទី៦ ខែកក្កដា បានចោទថា ពលរដ្ឋថៃចូលធ្វើស្រែចម្ការក្នុងដីខ្មែរ ហើយទាហានថៃបានសង់របងជាឯកតោភាគី ធ្វើឱ្យបែកបាក់បង្គោលចាស់ជាដើម។
តំណាងរាស្ត្រគណបក្សប្រឆាំង លោក អ៊ុំ សំអាន ថ្លែងប្រាប់វីអូឌីនៅថ្ងៃទី៧ ខែកក្កដា ថា ការដែលលោក ហ៊ុន ម៉ាណែត បន្តសុំថៃចរចាដូចរាល់ថ្ងៃនេះ គឺកម្ពុជានឹងអត់មានអំណាចប្តឹងថៃទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ឡើយ ហើយចុងក្រោយរដ្ឋាភិបាលសព្វថ្ងៃនឹងទទួលស្គាល់ថា អ្វីដែលថៃធ្វើរបងនៅចន្លោះបង្គោលលេខ ៥២ ដល់ ៥៤ គឺជារបស់ថៃ និងសុខចិត្តកាត់ទឹកដីដើម្បីដូរយកអំណាច។
លោកបន្តថា កម្ពុជាពុំគួររំពឹងលើអ្នកសង្កេតការណ៍អាស៊ានខ្លាំងពេក ព្រោះកន្លងមក មិនដែលមានរបាយការណ៍ណាមួយពីក្រុមការងារនេះបង្ហាញថៃ រំលោភទឹកដីខ្មែរទេ ក្រៅតែពីចុះទៅមើលតាមព្រំដែន។ លោកជំរុញឱ្យរដ្ឋាភិបាលត្រូវពង្រឹងជំហរខ្លួនឯង ហើយប្រើយន្តការអន្តរជាតិដែលមានស្រាប់ ដើម្បីបង្ខំឱ្យភាគីថៃបញ្ឈប់ការសង់របងរំលោភក្នុងដីខ្មែរ និងបណ្ដេញពលរដ្ឋថៃកុំឱ្យធ្វើស្រែចម្ការក្នុងដីខ្មែរ។
លោក អ៊ុំ សំអាន ថ្លែងថា៖ «ដូច្នេះជាសរុបមក គឺថា រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត អត់មានជំរើសអីក្រៅពីទទួលស្គាល់ថា ការធ្វើរបងរបស់ថៃ ដែលរំលោភយកដីខ្មែរហ្នឹង ថាជាការធ្វើរបងដោយត្រឹមត្រូវ អត់បានរំលោភចូលដីខ្មែរនោះទេ ព្រោះគាត់អត់មានជំរើសអ្វី ដើម្បីទាមទារយកទឹកដីដែលថៃ ធ្វើរបងរំលោភយកដីខ្មែរយើងមកវិញហ្នឹង។ អាហ្នឹងខ្ញុំ ខ្ញុំយល់ថា ចឹងឯង ហើយថៃគ្រោងធ្វើរបងពីបង្គោលលេខ ៥៤ ដល់ ៥៩ ទៀត ហើយបន្តពីលេខ ៥៩ ទៅ ៦៦ នៅខេត្តប៉ៃលិនបន្តទៀត ដូច្នេះ អាហ្នឹងវាដូចជាព្រំដែនជាមួយវៀតណាមអ៊ីចឹងដែរ។ ពេលវៀតណាមចូលមក អត់មានជំរើសអ្វី មានតែកាត់ទឹកដីខ្មែរយើងទៅឲ្យវៀតណាម ដូច្នេះជាមួយថៃហ្នឹង ជាមួយពេលដែលថៃធ្វើរបងចូលដីខ្មែរយើង ជំរើសចុងក្រោយទាមទារទឹកដីហ្នឹងអត់បាន មានតែទទួលស្គាល់ថា ថៃធ្វើរបងហ្នឹងត្រឹមត្រូវ ហើយទទួលយកតែម្តង ដោយកាត់ទឹកដីខ្មែរយើងទៅឲ្យថៃ ដើម្បីដូរយកសន្តិភាព និងអំណាច»។
ប្រតិកម្មនេះបន្ទាប់ពីក្រសួងការពារជាតិកម្ពុជា ចេញសេចក្ដីប្រកាសព័ត៌មាន កាលពីថ្ងៃទី៦ ខែកក្កដា ថា មានពលរដ្ឋថៃបានធ្វើស្រែចម្ការហួសចូលក្នុងទឹកដីកម្ពុជានៅស្រុកកំរៀង ខេត្តបាត់ដំបង ហើយទាហានថៃបានសាងសង់របងរឹងមាំជាឯកតោភាគីនៅក្បែរបង្គោលព្រំដែនលេខ ៥២ ដល់ ៥៩ និងបានបង្កឲ្យបង្គោលព្រំដែនបណ្ដោះអាសន្នបែកបាក់ជាដើម។ ក្រសួងថា ព័ត៌មាននេះ បានពីក្រុមអ្នកសង្កេតការណ៍អាស៊ាន AOT ដឹកនាំដោយហ្វីលីពីនដែលចុះពិនិត្យស្ថានភាព និងមើលឃើញនៅទីតាំងផ្ទាល់។
យ៉ាងណា ក្រសួងមិនបានបញ្ជាក់ពីទំហំដីខ្មែរដែលពលរដ្ឋថៃធ្វើស្រែចម្ការហួសចូលដីខ្មែរនោះទេ ខណៈភាគីថៃបានសាងសង់របងសម្រេចបាន ៤៥% នៃផែនការជាង ៨គីឡូម៉ែត្រ និងមានកម្ពស់ជាង ៤ម៉ែត្រ។ ក្រសួងការពារជាតិ បញ្ជាក់ថា កម្ពុជាបានដាក់កំណត់ទូតតវ៉ាទៅភាគីថៃរួចហើយ ដោយចាត់ទុកសកម្មភាពទាំងនេះថា ប៉ះពាល់ដល់នីតិវិធីកំណត់ព្រំដែន ដែលភាគីទាំងពីរបានឯកភាពអនុវត្ត ក្រោមយន្តការគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក JBC ហើយកម្ពុជាក៏បានជំរុញឲ្យមានការរៀបចំកិច្ចប្រជុំ JBC ឲ្យបានឆាប់បំផុត ដើម្បីដោះស្រាយបញ្ហានេះតាមយន្តការទ្វេភាគី។
បន្ថែមពីនេះ ដអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា លោក ប៉ែន បូណា ថ្លែងក្នុងសន្និសីទនៅថ្ងៃទី៧ ខែកក្កដា ថា កម្ពុជាបានតវ៉ាតាមរយៈកំណត់ទូតទៅកាន់ភាគីថៃរួចហើយ ដោយកម្ពុជាចាត់ទុកសកម្មភាពនេះ ប៉ះពាល់ទៅដល់នីតិវិធីទ្វេភាគីដែលមានស្រាប់។ ទន្ទឹមនឹងនេះ កម្ពុជាក៏បន្តបង្ហាញជំហរដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី តាមរយៈអ្នកសង្កេតការណ៍អាស៊ាន AOT។
លោក ប៉ែន បូណា ថ្លែងថា៖ «ការសម្របសម្រួលឲ្យក្រុមអ្នកសង្កេតការណ៍អាស៊ាន AOT ចុះទៅកាន់ទីនោះ មានគោលបំណងឲ្យពួកគេទទួលបានព័ត៌មានទូលំទូលាយ ដោយផ្អែកលើការសង្កេតផ្ទាល់អំពីស្ថានភាពនៅតំបន់ព្រំដែន និងបានយល់ពីគោលជំហររបស់រាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែប្រកាន់ខ្ជាប់នូវការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី តាមរយៈការពិភាក្សា និងការប្រើប្រាស់យន្តការទ្វេភាគីដែលមានជាធរមាន ជាពិសេសគឺគណៈកម្មាធិការចម្រុះខណ្ឌសីមាព្រំដែនគោក JBC ដោយផ្អែកលើអនុសញ្ញា សន្ធិសញ្ញា និងច្បាប់អន្តរជាតិ»។
ជុំវិញករណីនេះដែរ ភាគីថៃមិនទាន់មានប្រតិកម្មតបនឹងសេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិកម្ពុជានោះទេ គិតត្រឹមល្ងាចថ្ងៃទី៧ ខែកក្កដានេះ។
ចំណែកប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត យល់ថា ក្នុងស្ថានភាពនេះ រដ្ឋាភិបាលកម្ពុជា អាចត្រូវគេរិះគន់យ៉ាងម៉េចក៏ត្រូវដែរ ពីព្រោះតាំងពីមានសង្គ្រាមជាមួយថៃរហូតបច្ចុប្បន្ន គឺភាគីកម្ពុជាហាក់បណ្តែតបណ្តោយ ក្នុងនោះការតវ៉ាជាមួយថៃគឺធ្វើឡើងដោយមិនខ្លាំងក្លាទេ ពិសេសនៅពេលថៃគំរាមបន្តិចក៏ស្ងាត់ទៅវិញជាដើម។ លោកហាក់គ្មានសង្ឃឹមថា រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត អាចទាមទារទឹកដីទាំងអស់ពីថៃបានវិញទេ។
លោក ម៉ែន ណាត ថ្លែងថា៖ «ព្រោះដើម្បីសង្ឃឹមបានទឹកដីត្រឡប់មកវិញ វាទាល់តែដុតដៃដុតជើង តវ៉ា ប្តឹងទៅតុលាការអន្តរជាតិ ដាក់សម្ពាធទៅស្ថាប័នអន្តរជាតិ ឲ្យសៀមដកកងទ័ពចេញពីកម្ពុជា ហើយត្រូវឲ្យសៀមផ្ដល់យុត្តិធម៌ដល់កម្ពុជាវិញ! អាហ្នឹងត្រូវតែខ្លាំងក្លា។ ចំណែកនៅលើដីជាក់ស្តែងក៏ដូចគ្នាដែរ លើដីជាក់ស្តែងមិនអនុញ្ញាតឲ្យអ្នកឯងរុលចូល ពង្រីកការឈ្លានពានបានទេ ត្រូវតែទប់ស្កាត់គ្រប់មធ្យោបាយ ស្របតាមច្បាប់អន្តរជាតិទៀត។ តែជាក់ស្តែងយើងឃើញជាក់ស្តែងក្រសួងការពារជាតិកម្ពុជាក្តី រដ្ឋាភិបាលនាយករដ្ឋមន្ត្រីខ្មែរហ្នឹងក្តី ឃើញអត់មាត់អត់កទេ យូរៗចេញលិខិតតវ៉ាម្តង។ ចំណែកឯអ្នកនាំពាក្យរដ្ឋាភិបាលនោះ មួយថ្ងៃៗអង្គុយតែសូត្រមេរៀន»។
ការរិះគន់ជាបន្តបន្ទាប់នេះ មិនមែនជាលើកទី១នោះទេ ជាក់ស្ដែងកាលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ អាជ្ញាធរថៃបានចុះឃាត់កសិករខ្មែរមិនឱ្យភ្ជួររាស់ដីស្រែក្នុងតំបន់ឃុំអូរបីជាន់ ដោយអះអាងថា ជាតំបន់មានវិវាទ។ ហេតុការណ៍នេះ បានបង្កភាពតានតឹងនៅតាមព្រំដែន ខណៈកម្ពុជាបានប្រើយន្តការការទូត រួមមានការផ្ញើកំណត់ទូតតវ៉ា និងជំរុញយន្តការគណៈកម្មការព្រំដែនរួម (JBC) និងស្នើឱ្យក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ចុះពិនិត្យស្ថានភាព។ ក្រោយមកកម្ពុជាបានយល់ព្រមតាមថៃដោយកំណត់តំបន់នោះជា «តំបន់ស» និងបានផ្អាកការបង្កបង្កើនផលរបស់ពលរដ្ឋខ្មែរ។ ការណ៍នេះ បានបង្កឱ្យមានការរិះគន់ថា បានធ្វើឱ្យប៉ះពាល់ដល់សិទ្ធិ និងជីវភាពរបស់ប្រជាកសិករកម្ពុជា។
ចំណែកមន្ត្រីបក្សប្រឆាំង និងអ្នកឃ្លាំមើលបារម្ភថា ទឹកដីខ្មែរនឹងត្រូវបាត់បង់ទៅថៃ ដូចធ្លាប់បាត់បង់ទៅវៀតណាមបន្ថែមទៀត ក្រោយការដឹកនាំដោយរដ្ឋាភិបាលគ្រួសារលោក ហ៊ុន សែន ជិត ៤ទសវត្សរ៍មកនេះ៕








