ពលរដ្ឋ​នៅ​ព្រៃវែង​បារម្ភ​ខ្លាច​របូត​ភូមិ១​ចូល​ទន្លេ​មេគង្គ​ទើប​តវ៉ា​បញ្ឈប់​ក្រុម​ហ៊ុន​វៀត​ណាម​បូម​ខ្សាច់

ច្រាំង​​ទន្លេ​​មេគង្គ​​នៅ​​​ចំណុច​​អ្នក​​លឿង ក្នុង​​ស្រុក​​ពាមរក៍​ ខេត្ត​​ព្រៃវែង ​បន្ត​​បាក់​​ស្រុត​​នៅ​​រដូវ​​ភ្លៀង​​ដើម​​ខែ​​កក្កដា​​នេះ ធ្វើ​​ឱ្យ​​អ្នក​ភូមិ​​ខ្លះ​ ដេក​​ភ័យ​​ខ្លាច​​ក្រែង​​របូត​​ភូមិ​​កំណើត​របស់​​ពួក​គាត់ ​ចូល​ផ្ទៃ​​អាង​​ទន្លេ​​មេគង្គ​ ក្លាយ​​ជា​​​ចំណី​​របស់​​ត្រីនៅ​​​ថ្ងៃ​​ខាង​​មុខ។

ប្រការ​នេះ អ្នក​ភូមិ​​បង្ខំ​​ចិត្ត​​​លើក​​គ្នា​​តវ៉ា ដោយ​​ជិះ​​ទូក​​ទៅ​រារាំង​សកម្មភាព​សាឡង់​បូមខ្សាច់​ នៅ​កណ្ដាល​ទន្លេ​មេគង្គ​ នៅ​ដើម​ខែ​កក្កដា​នេះ។

ពលរដ្ឋបាន​និយាយ​ថា៖ «គេនៅត្រង់ហ្នឹងគេ មិនហ៊ាន​បូម​ផង លោក​ឯង​មក​ពីណា? ម​ក​ដោះ​ស្រាយ​គ្នា ឬ​ក៏​មក​គំរាម អត់​មាន​មក​គំរាម​ទេ ប្រាប់​ថា មិន​ឱ្យបូម​ទេ»

ពលរដ្ឋ ​អះអាង​ថា ចាប់​តាំង​ពី​មាន​វត្តមាន​សាឡង់​បូមខ្សាច់នៅ​តំបន់​ពួកគាត់​រស់​នៅ​ជាង ៥ឆ្នាំកន្លង​ទៅនេះ ជីវិត​​រស់​​នៅ​របស់​អ្នកភូមិ​តាម​​ដង​ទន្លេ​មេគង្គ បាត់​បង់​ភាព​​សុខសាន្ត ព្រោះ​មាន​សំឡេង​រំខាន​ជាប់​ជា​ប្រចាំ​ ទាំង​យប់​ថ្ងៃ​ ផល​​នេសាទ​ក៏​ថយ​ចុះ និងបាក់​ច្រាំង​ទន្លេ​ជា​បន្ត​បន្ទាប់។ បាតុភាព​នេះ បាន​លង​បន្លាច​ស្មារតី​ពលរដ្ឋ ដែល​មាន​លំនៅ​ឋាន តាម​បណ្តោយ​មាត់ទន្លេ​មេគង្គឱ្យនៅតំបន់​អ្នក​លឿង។

ពលរដ្ឋ​រស់​នៅ​តាម​ដង​ទន្លេ​មេគង្គ​ថ្លែង​សុំ​លាក់​ឈ្មោះ ព្រោះ​​បារម្ភ​​​ពី​​សុវត្ថិ​ភាព​ប្រាប់​​វីអូឌី​​នៅ​​​ថ្ងៃ​​ទី​​០៧ ខែ​កក្កដា​​ថា​ ពលរដ្ឋ​អស់​​ជំនឿ​លើ​អាជ្ញាធរ​ពាក់ព័ន្ធ​ ទើប​​ពួក​គាត់​​ចេញ​​តវ៉ា​ ដើម្បី​​ការពារ​សុវត្ថិភាពផ្ទះ​សម្បែង​របស់​ពួកគាត់ ​ព្រោះ​​​​កន្លង​​​មក​ ផ្ទះ​អ្នកភូមិ​ជា​ច្រើន​ខ្នង​បាន​ធ្លាក់​ចូល​ទឹក​ទន្លេ។ លោក​ថា អាជ្ញាធរ​ពាក់ព័ន្ធ​ការពារប្រយោជន៍​ក្រុមហ៊ុន​ ហើយ​ទម្លាក់កំហុសលើពលរដ្ឋរងគ្រោះទៅវិញ។

ពលរដ្ឋរូបនោះ​ និយាយ​ថា៖ «ខ្ញុំឃើញមន្ត្រីពាក់ព័ន្ធតែងតែលើកឡើងយកត្រូ​វ ​ហើយ​ការ​ពារ​តែ​ខាង​ក្រុម​ហ៊ុន​ ការ​ពារ​តែ​ខាង​អ្នក​មាន​លុយ​មាន​អំណាច​ទេ ប្រជាពលរដ្ឋ​ចេញ​តវ៉ា​បែរ​ជា​ចោទ​ប្រជា​ពលរដ្ឋ​ថា​មាន​ទោស​មាន​អី​អញ្ចឹង​ទៅ​វិញ អាហ្នឹង​វា​ដូច​ជា​អត់​ត្រូវ​ទេ»

កាល​ពី​ដើម​ខែ​កក្កដា អ្នកភូមិ​មួយ​ក្រុម បាន​លើក​គ្នា​តវ៉ា​ដោយ​យក​ដុំ​ថ្ម​ គប់​សាឡង់​បូម​ខ្សាច់​ជា​ច្រើន​គ្រឿង កំពុង​ទាញ​​ខ្សាច់​ធម្មជាតិ​នៅ​ចំណុច​កណ្ដាល​ទន្លេ​អ្នក​លឿង ក្នុង​ស្រុក​ពាម​រក៍​។ ពេល​តវ៉ា​អ្នកភូមិ​ និង​មេការ​ក្រុមហ៊ុន​​ចតុ​​មុខ ដែល​មាន​ថៅ​កែ​ជា​ជនជាតិ​វៀតណាម​​គំរាម​ពលរដ្ឋ​ ដោយ​កម្លាំង​នគរបាល ប្រសិន​បើ​ពលរដ្ឋ​មិន​បញ្ឈប់​តវ៉ា​ទេ។

លោកថា៖«ពួក​អាយួន ពិបាក​និយាយ​គ្នា! ចង់​និយាយ​គ្នា​ថា បង​ឯង​រក​នេសាទ មិន​ពាក់​ព័ន្ធ​នេសាទ​ទេ ពាក់​ព័ន្ធ​នឹង​បាក់​ច្រាំង»

វីអូឌីមិនទាន់អាចទាក់ទងសុំការបំភ្លឺរឿងនេះ ពីតំណាងក្រុមហ៊ុន​ចតុមុខ បាននៅឡើយទេ គិតត្រឹមម៉ោងផ្សាយនេះ។

តែយ៉ាងណា រដ្ឋ​លេខាធិការ​ក្រសួងរ៉ែ​ លោក អ៊ឹង អៀង ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ថ្មីៗ​នេះ​​ថា​ ទីតាំង​ក្រុមហ៊ុន​ចតុមុខ​​​ធ្វើ​អាជីវកម្ម​បូម​ខ្សាច់​ ក្រសួងរ៉ែ​បាន​ផ្តល់​អាជ្ញាប័ណ្ណ​​ជាង​ ៥​ ឆ្នាំ​​មក​ហើយ។ លោក​បញ្ជាក់​ថា ទីតាំង​ដែល​ក្រសួង​​ផ្ដល់​អាជ្ញាប័ណ្ណ ​ក្រុម​ហ៊ុន​អនុវត្ត​ត្រឹមត្រូវ​ ស្រប​តាម​អាជ្ញាប័ណ្ណ​។

លោក​ថា៖«រឿង​ព្រឹត្តិ​ការណ៍​ដែល​បង​ប្អូន​ប្រជា​ពលរដ្ឋ​ប្រើ​ប្រាស់​អំពើ​ហិង្សា ​ទៅ​លើប​ង​ប្អូន​ដែល​ជា​អ្នក​អនុ​វត្ត​ប្រតិ​​បត្តិ​ការ​ធន​ធាន​រ៉ែរ​បស់​គាត់ វា​ជា​អំពើ​មួ​យដែ​ល​ពិបាក​នឹង​ទទួល​យក​បាន​តាម​ក្រប​ខណ្ឌ​ច្បាប់»

ពលរដ្ឋ ​ឱ្យ​ដឹង​ថា ច្រាំង​ទន្លេ​​មេគង្គ​​បាក់​​ស្រុត​ ដោយ​សារ​សកម្មភាព​បូមខ្សាច់ ពុំ​មែន​មាន​តែ​​ក្នុង​​ខេ​ត្ត​​ព្រៃ​វែង​​ប៉ុណ្ណោះ​​ទេ​ នៅ​​ខេត្ត​កំពង់ចាម​ ចំណុច​ថ្មដា​ ភូមិជ័យ ឃុំមានជ័យ ប្រវែង​ជាង ៣​គីឡូម៉ែត្រ​ រហូត​ទាល់​នឹង​ភូមិ​ត្រាំង​​លើ ស្រុក​ខ្សាច់កណ្ដាល និង​ឃុំ​រកា​កោង ស្រុក​មុខកំពូល ខេត្ត​កណ្តាល ​បន្ត​បាក់​ស្រុត​ជា​រៀងរាល់​ឆ្នាំ​បណ្តាល​ឱ្យ​ផ្ទះ​សម្បែង​​ពលរដ្ឋ​ជាច្រើន​ខ្នង​ផុង​ចូល​ទន្លេ។

ឆ្លើយ​បត​រឿង​នេះ នាយក​ប្រតិបត្តិ​អង្គការ​បណ្តាញ​ការពារ​ទន្លេបី លោក លាង ប៊ុនលាភ ពន្យល់​ថា ​ការ​​បូម​ខ្សាច់​​ចេញ​​ពី​​​បាត​​ទន្លេ​​ហួស​កម្រិត​ នឹង​ប៉ះពាល់​ដល់​លំនឹង​ធម្មជាតិ​ទឹក​ទន្លេ​ អាច​បណ្ដាល​ឱ្យ​បាក់​ច្រាំង​ ដែល​អាជ្ញាធរ​ពាក់​​ព័ន្ធ​​គួរតែ​សិក្សា​ពី​ផល​ប៉ះពាល់​បន្ថែមទៀត ដើម្បី​កែ​លម្អ​​ចំណុច​​ខ្វះ​​ចន្លោះ ​​រុ​ញ​​​ឱ្យ​​ទទួល​ខុស​ត្រូវ​តាម​ច្បាប់។

លោក លាង ប៊ុនលាភ ថ្លែង​ថា៖ «ដើម្បីជាដំណោះស្រាយល្អ គឺមាន​តែ​រឿង​ដែល​យើង​ធ្វើ​ការ​រួម​គ្នា ពិនិត្យ​មើល​ របាយ​ការណ៍​វាយ​តម្លៃហេ​តុ​ប៉ះពា​ល់ប​រិស្ថាន​នោះ តើគួ​រតែ​គិ​តគូ​រ​ធ្វើកា​រ​យ៉ាង​ណា​វិញ ដើម្បី​ដោះ​ស្រាយ​បញ្ហា​ដែល​វាកំ​ពុង​តែ​កើត​មាន​ហ្នឹង​បាទ!»

ទោះយ៉ាងណា អនុ​ប្រធាន​គណបក្ស​ប្រជាធិបតេយ្យ​ជឿនលឿន លោក សួន សូរីដា បាន​​បង្ហោះ​​សារ​​តាម​​បណ្ដាញ​​សង្គម​​​ថា ការ​បូម​ខ្សាច់​ដើម្បី​កុំ​ឱ្យ​បាក់​ច្រាំង​, ស្រូវ​​ចុះ​​ថោក​​ដោយ​​សារ​ដាំ​ច្រើន​ពេក​, នាំ​កង្កែប​ចេញ​ពី​អណ្ដូង។  ហេតុ​​​​អ្វី​​​​មន្ត្រី​​ធំ​​ៗ​ ​និយាយ​បែប​ហ្នឹង? ព្រោះ​គេ​យល់​ថា ទោះ​និយាយ​បែប​ណា ​ក៏​រាស្ត្រ​នៅ​តែ​បោះឆ្នោត​ឱ្យ​ដដែល។

ចំណែក​អតីត​​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះជាតិ លោក អ៊ុំ សំអាន យល់​ថា អំពើ​ពុករលួយ​ គឺ​​​ជា​​​ដើម​ចម​​ធ្វើ​ឱ្យ​​បាក់​​ច្រាំង​​ទន្លេ ដោយសារ​បូមខ្សាច់​មិន​ត្រឹមត្រូវ​តាម​ស្តង់ដារ​បច្ចេកទេស​ រំខាន​​សុភមង្គល​របស់​ពលរដ្ឋ​ជាច្រើន​ឆ្នាំ​មក​​ហើយ។ លោក​ស្នើ​ឱ្យ​ក្រសួង​រ៉ែ​ពិនិត្យ​ឡើង​វិញ និង​ដោះស្រាយ​ការ​តវ៉ា​របស់​ពលរដ្ឋ​ឱ្យ​ត្រឹមត្រូវ។

លោក អ៊ុំ សំអាន ថ្លែង​ថា៖ «ត្រូវ​ពិនិត្យមើលចំណុចហ្នឹង​ជាពិសេស កុំ​ចង់​បាន​លុយ​ពេក​ ដោយ​មិន​គិត​ពី​ការ​ប៉ះ​ពាល់​​ប្រជា​ពលរដ្ឋ និង​ប៉ះពា​ល់​ទៅ​ដល់​បរិស្ថាន​ដែរ​ណា»។

លោក អ៊ុំ សំអាន ​បារម្ភ​ថា ផល​ប៉ះពាល់ ដោយ​បាតុភូត​បាក់​ច្រាំងទន្លេ បង្ក​ឱ្យ​បាត់បង់​ចំនួន​ត្រី​ក្នុង​អាង​ទន្លេ​មេគង្គ ប៉ះ​ពាល់​ដល់​ជីវភាព​សហគមន៍​ដែល​មាន​មុខ​របរ​ពី​ការ​នេសាទ។ រីឯ​ពលរដ្ឋ​បន្ត​រងគ្រោះ​កាន់តែ​រាល​ធំ​ឡើយ ពី​មួយ​​​ឆ្នាំ​​ទៅ​​​មួយ​​ឆ្នាំ ហើយ​​អ្នក​ដែល​ទទួល​ផល​ប្រយោជន៍​ពី​សម្បត្តិ​ជាតិ​ទាំងនេះ គឺ​ក្រុមហ៊ុន​ឯកជន អាជ្ញាធរ​ខិល​ខូច និង​​ក្រុម​អ្នក​មាន​អំណាច។

មក​ទល់​ពេល​នេះ មន្ត្រី​ជំនាញ​បាន​សម្រេច​ផ្អាក​សកម្មភាព​បូម​ខ្សាច់​របស់​ក្រុមហ៊ុន​​ចតុមុខ​ (Chaktomuk Resources Supply Import Export Co., Ltd) រង់​​ចាំ​​​ការ​​ដោះ​ស្រាយ និង​​ពិនិត្យ​​បន្ថែម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ